35 C
Phnom Penh

មនុស្ស​ប្រាំពីរ​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរា​ចរណ៍​បីលើកបង្កឡើង​ដោយ​រថយន្ត​ដឹក​ប្រេង​ឥន្ធនៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​កាលពីម្សិលមិញ​ថា មនុស្ស​ប្រាំពីរ​នាក់​បាន​ស្លាប់​ និង​២៤​នាក់​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដាច់​ដោយ​​​​ឡែ​ក​ពីគ្នា​បីលើក​ពាក់​ព័ន្ធ​នឹង​រថយន្ត​ដឹក​សាំង​របស​់​ក្រុម​ហ៊ុនមួយ​ចំនួន​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​ប្រេង​ឥន្ធនៈធំៗ​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​បី​លើក​នោះ នគរ​បា​ល​បានឲ្យ​ដឹង​ថា អ្នក​បើក​​​បរ​រថ​យន្ត​​ធុន​ធំ​ជា​អ្នក​​ទទួល​ខុស​ត្រូវ​។

លោក សឿន សារឿន អនុ​ប្រធាន​នគរ​បាល​ចរាចរ​រាជ​ធានីភ្នំពេញ​​​​ផ្នែក​​ស្ថិតិ​បាន​មាន​ប្រសាសន៍​ថា គ្រោះ​​​ថ្នាក់​ចរាចរណ៍​​​ចុង​ក្រោយ​​បាន​​កើត​ឡើង​កាលពីរសៀល​ថ្ងៃ​ច័ន្ទ នៅ​ម៉ោង​ប្រហែល​៤​រសៀល​តា​ម​ផ្លូវ​ជាតិ​លេខ​៥​ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញនៅ​ពេល​ដែលរថយន្ត​របស់​ក្រុម​ហ៊ុន​សូគីម៉ិច​មួយគ្រឿង​បាន​កិន​ក្មេង​ប្រុស​អាយុ​​២​ឆ្នាំ និង​ម្ដាយ​របស​់​​វា​​ស្លាប់ ​ហើយ​មនុស្ស​បីនាក់​ទៀត​រង​របួស​ ​ពេលដែល​អ្នក​ទាំង​នេះ​កំពុង​អង្គុយ​នៅលើ​ចិញ្ចើម​ផ្លូវ​។
នគរ​បាល​ចាប់​ខ្លួន​អ្នក​បើក​បរ​រថយន្ត​​នោះ ដែល​គេ​​មិនទាន់​បង្ហាញឈ្មោះ និង​អាយុ​​ ប៉ុន្តែ​​លោក​ សារឿន បាន​​និយាយថា អ្នក​បើក​បរ​នោះ​​ស្រវឹង​ស្រា​នៅ​ពេល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​។ ​លោក​បាន​មាន​ប្រសាសន៍​ថា “ អ្នក​បើក​បរ​រថយន្ត​របស់​ក្រុម​ហ៊ុន​សូគីម៉ិច​ស្រវឹង​ស្រា”។លោក​បន្ថែម​ថា ជន​នេះ​នឹង​​ត្រូវ​បញ្ជូន​ទៅ​តុលាការ​​នៅ​ពេល​ឆាប់ៗ​នេះ។

លោក ម៉ៅ សាម៉េត ប្រធាន​ការិយា​ល័យ​​នគរ​​បាល​ចរាចរ​ខេត្ត​ព្រៃ​វែង​​មាន​ប្រសាសន៍​ថា កាលពីយប់​ថ្ងៃ​ច័ន្ទ នៅ​ម៉ោង​​​​​​​​ប្រហែល​១២​និង​៣០​នាទី​រំលង​អធ្រា​ត្រ​​​​​​​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៨ ស្ថិត​ក្នុង​ស្រុក​​​ពារាំង​ ខេត្ត​ព្រៃ​វែង រថយន្ត​របស់​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​តេលា​ ​បាន​បុក​រថ​យន្ត​​​វ៉ែន​មួយគ្រឿង​ បណ្ដាល​ឲ្យ​មនុស្ស​បី​នាក់​ស្លាប់​និង​អ្នក​ដំណើរ​១៦​នាក់​ទៀត​រង​របួស​។ លោក សាម៉េត បាន​មាន​ប្រសាសន៍​ថា បុរស​អាយុ​២៤​ឆ្នាំ​ម្នាក់ និង​ស្ត្រី​អាយុ​១៧​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​​ ចំណែកឯ​ស្ត្រី​អាយុ​​៥០​ឆ្នាំ​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​​។ក្រោយ​មក ​​នគរ​បាល​បានចាប់​ខ្លួន​អ្នក​បើក​បរ​​ដែល​បាន​បាក់​ជើងទាំង​ពី​រ​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ ។លោក​ សាម៉េត បាន​មាន​ប្រសាសន៍​ថា   “ វា​ជា​កំហុស​​របស់​អ្ន​ក​បើក​បរ​រថ​យន្ត​​ធុនធំ​ ដែល​​បាន​បត់​​ឆ្វេង​ ហើយ​បុក​រថយន្តវ៉ែន​​តែ​ម្ដង​”។ លោក​​បាន​បន្ថែម​ថា អ្នក​រង​របួស​​ត្រូវ​បាន​​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បង្អែ​ក​ខេត្ត​។
គ្រោះ​ថ្នាក់​ចរាចរណ៍ទី៣ បាន​កើត​ឡើង​កាលពីថ្ងៃ​អាទិត្យ នៅ​ក្នុងក្រុង​​កំពង់​ចាម ខេត្ត​កំពង់​ចាម។

លោក ឡុង ម៉េងសែ ប្រធាន​ការិយា​ល័យ​នគរ​បា​ល​ចរាចរ​ខេត្ត​បាន​មាន​ប្រសា​សន៍​​ថា អ្នក​បើក​បររថយន្ត​ដឹក​សាំង​ឲ្យ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ឈ្មោះ ថារី បាន​បើ​ក​បរ​ក្នុង​ល្បឿន​លឿន​តាម​ផ្លូវ​ជាតិ​លេខ​៧ ហើយ​បាន​បុក​ជាមួយ​ម៉ូតូ​​មួយ​គ្រឿង និង​រថយន្ត​មួយគ្រឿង​ទៀត​។ លោក ម៉េងសែ បានមាន​ប្រសាសន៍​ថា បុរស​អាយុ​៥៥​ឆ្នាំ​ម្នាក់​ និង​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ ចំណែក​មនុស្ស​ប្រាំនាក់​ទៀត​ដែល​ជិះ​ក្នុង​រថយន្ត​បាន​រង​របួស​។ លោក​បាន​បន្ថែម​ថា អ្នក​បើក​បរ​រថយន្ត​ដឹក​ប្រេង​ឥន្ធនៈ​បាន​គេច​​ខ្លួនពីកន្លែង​កើត​ហេតុ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ អ្នក​បើក​បរ​រថយន្ត​ធុនធំ​បាន​រំលោភ​ច្បាប់​ចរា​ចរណ៍​ ពីព្រោះ​បើក​ប​រ​ក្នុង​ល្បឿន​លឿន។ ឥឡូវ​នេះ យើង​កំពុង​រៀប​ចំ​ឯក​សារ​ដើម្បី​បញ្ជូន​ទៅ​តុលាការ​”។

ស្ត្រីឈ្មោះ សេង ចន្ធូ លេខាផ្ទាល់​របស់​លោក សុខ គង់ ដែល​​ជា​ម្ចាស់​ក្រុម​ហ៊ុន​សូគី​ម៉ិច បាន​បដិសេធ​មិ​ន​ធ្វើ​អត្ថា​ធិប្បាយ​ទេ។ បុគ្គលិ​ក​​ជាស្ត្រីម្នាក់​នៅ​​ក្រុម​ហ៊ុន​ប្រេង​​ឥន្ធនៈ​តេលា​ដែល​​បដិសេធមិន​ប្រាប់​ឈ្មោះ​ដែរនោះ​​ក៏បា​ន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ ហើយ​​បាន​​និយាយ​ថា ប្រធាន​របស់​គាត់​ជាប់​រវល់​។

យោង​តា​ម​គេ​ហទំព័រ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ច័ន្ទ​​​ មួយ​ប៉ុណ្ណោះ មនុស្ស​១១​នាក់​បា​ន​​ស្លាប់ និង​៣៧​នាក់​​​បាន​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ដាច់​ដោយ​ឡែក​ពីគ្នា​​១៤​ករណី​ រួម​ទាំង​គ្រោះ​​​​ថ្នាក់​ចរា​ចរណ៍ពីរ​លើក​ពាក់​ព័ន្ធ​រថយន្ត​របស់​ក្រុម​ហ៊ុន​សូគីម៉ិច និង​ក្រុម​ហ៊ុន​​តេលា​ផង​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស