TAG
paywall
នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែម មេបញ្ជាការកងកម្លាំងប្រដាប់អាវុធឲ្យដោះស្រាយបាតុកម្ម
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងអគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការយោធាឲ្យធ្វើជាសមាជិកគណៈកម្មាធិការដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់រូបភាពទាំងអស់។
សេចក្តីសម្រេចដែលធ្វើឡើងនៅថ្ងៃតែមួយដែលទេសរដ្ឋមន្ត្រីបានជួបជាមួយក្រុមហ៊ុនសម្លៀកបំពាក់ H&M ក្រុមហ៊ុន Gap និងក្រុមហ៊ុន Puma អំពីការបង្ក្រាបដែលបណ្តាលឲ្យមានមនុស្សស្លាប់លើកូដកម្មរបស់កម្មករកាលពីខែមុននោះ នឹងធ្វើឲ្យគណៈកម្មាធិការនេះមានសមាជិករហូតដល់៤៩នាក់។
ក្នុងចំណោមសមាជិកថ្មីនៅក្នុងគណៈកម្មាធិការដោះស្រាយបាតុកម្មនេះ ដែលពីមុនមានតែតំណាងមន្ត្រីយោធាថ្នាក់ក្រោមនោះ គឺមានលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក សៅ សុខា មេបញ្ ការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន និងជាប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងការពារជាតិ លោក អែល វ៉ាន់សារ៉ាត់ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក ហីុង ប៊ុនហៀង ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអង្គភាពកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះក៏ជាសមាជិកគណៈកម្មាធិការនេះដែរ។
ឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានបដិសេធមិនធ្វើការអត្ថាធិប្បាយអំពីតួនាទីរបស់លោកនៅក្នុងគណៈកម្មាធិការនេះទេ។ លោកបានមានប្រសាសន៍មុនពេលដាក់ទូរស័ព្ទចុះថា “ខ្ញុំបានប្រាប់លោកឲ្យទៅមើលបញ្ជីឈ្មោះថ្មី។ ហេតុអ្វីបានជាលោកនៅតែសួរខ្ញុំទៀត?”។
ឧត្តមសេនីយ៍ ហីុង ប៊ុនហៀង មេបញ្ជាការអង្គភាពកងអង្គរក្សផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។
ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានប្រសាសន៍ ថា លោកមិនដឹងច្បាស់ថាលោកមានតួនាទីថ្មីជាអ្វីនៅក្នុងគណៈកម្មាធិការនេះទេ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនទាន់ទទួលបានលិខិតតែងតាំងនៅឡើយទេ ដូច្នេះខ្ញុំមិនដឹងថា លិខិតនោះនិយាយអំពីអ្វីឡើយ។ ខ្ញុំអាចនិយាយបានបន្ទាប់ពីខ្ញុំបានឃើញលិខិតនោះ”។
កងរាជអាវុធហត្ថប្រដាប់ដោយកាំភ្លើង អាកា-៤៧ត្រូវបានដាក់ឲ្យបង្ក្រាបការតវ៉ារបស់កម្មកររោងចក្រកាត់ដេរដែលធ្វើកូដកម្មកាលពីថ្ងៃទី៣ ខែមករា។ កងកម្លាំងទាំងនោះបានបាញ់សម្លាប់កម្មករប្រាំនាក់ និងបាញ់ឲ្យរងរបួសជាង៤០នាក់ទៀត ដោយបានធ្វើឲ្យកម្មករចូលធ្វើការវិញ។
មួយថ្ងៃមុននោះ ទាហានមកពីអង្គភាពឆត្រយោងបានបង្ក្រាបការតវា៉របស់កម្មករធ្វើកូដកម្មនៅកន្លែងផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ។
លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលនៅកាន់តំណែងរបស់លោកដដែលនៅក្នុងគណៈកម្មាធិការនេះបានមានប្រសាសន៍ថា ការផ្លាស់ប្តូររបស់លោក ហ៊ុន សែន មិនមែនជារឿងកង្វល់នោះទេ។
លោក អ៊ុំ មានបានមានប្រសាសន៍ថា “គណៈកម្មាធិការនេះមានតួនាទីអនុវត្តការងារឲ្យមានប្រសិទ្ធភាពដើម្បីែកលម្អសង្គមជាតិយើងឲ្យបានត្រឹមត្រូវ”។ លោកមានប្រសាសន៍ទៀតថា “ យើងមិនប្រើកងកម្លាំងប្រដាប់អាវុធប្រឆាំងអ្នកតវ៉ាទេ ថ្វីបើរដ្ឋាភិបាលដាក់បញ្ចូលនគរបាល និងកងរាជអាវុធហត្ថនៅក្នុងគណៈកម្មាធិការនេះក៏ដោយ ប៉ុន្តែ យើងនឹងខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាដើម្បីទប់ស្កាត់រឿងនេះ កុំឲ្យកូដកម្មក្លាយទៅជាអំពើហិង្សា”។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដែលជាសមាជិកមួយរូបក្នុងចំណោមសមាជិកសីុវិលថ្មីនៅក្នុងគណៈកម្មាធិការនេះរួមជាមួយនឹងលោក ស្វាយ សីុថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គោលបំណងថែរក្សាសណ្តាប់ធ្នាប់បានជំរុញឲ្យមានការផ្លាស់ប្តូរនេះ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ ថា “ រដ្ឋាភិបាលរុះរើ និងដាក់បញ្ចូលសមាជិកថ្មីមួយចំនួនដើម្បីដោះស្រាយបញ្ហានៅពេលមានកូដកម្ម និងបាតុកម្ម ហើយយើងក៏រក្សាសន្តិសុខផងដែរ”។ លោក ជួន មុំថុល ដែលជាសមាជិកគណៈកម្មាធិការនេះ និងជាប្រធានសហព័ន្ធសហជីពកម្ពុជាដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាបានស្វាគមន៍សមាជិកថ្មីនៃគណៈកម្មាធិការនេះ។
លោក ជួន មុំថុល បានមានប្រសាសន៍ថា “ រដ្ឋាភិបាលដោះដូរសមាជិក និងបង្កើតគណៈកម្មាធិការថ្មីនេះ ពីព្រោះរដ្ឋាភិបាលចង់ពង្រឹងការងាររបស់ខ្លួន និងចាត់វិធានការចំពោះអ្នកតវ៉ា”។ “យើងត្រូវតែអនុវត្តច្បាប់ឲ្យបានតឹងរឹុង ចំពោះកូដកម្ម និងបាតុកម្មខុសច្បាប់ ហើយយើងនឹងនាំអ្នកញុះញង់ឡើងតុលាការឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើពួកគេដឹកនាំកូដកម្ម និងបាតុកម្មខុសច្បាប់”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានមានប្រសាសន៍ ផងដែរថា ទង្វើនេះគឺជាសញ្ញាវិជ្ជមានពីរដ្ឋាភិបាល។ លោកមានប្រសាសន៍ថា “ វាគឺជាសញ្ញាល្អមួយដែលមានមេបញ្ជាការកងកម្លាំងប្រដាប់អាវុធផ្សេងៗជាសមាជិកផ្ទាល់នៃគណៈកម្មាធិការនេះ។
ក្រសួងការងារមានយុត្តាធិការតែលើច្បាប់ការងារតែប៉ុណ្ណោះ។ នគរបាល និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀតទទួលខុសត្រូវចំពោះការរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយនៅពេលដែលកូដកម្មផ្ទុះចេញក្រៅរោងចក្រមកលើទីសាធារណៈ យើងត្រូវការពួកគេឲ្យអនុវត្តច្បាប់ និងសណ្តាប់ធ្នាប់”។
អ្នកតវ៉ា២១នាក់កំពុងជាប់ពន្ធនាគារដែលមានសន្តិសុខតឹងរឹុងនៅក្នុងខេត្តកំពង់ចាមបន្ទាប់ពីពួកគេត្រូវបានកងរាជអាវុធហត្ថ និងទាហានវាយដំ និងចាប់ខ្លួនពេលចូលរួមធ្វើកូដកម្មរបស់កម្មកររោងចក្រកាត់ដេរកាលពីខែមុន។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលបានចូលរួមនៅក្នុងការដឹកនាំធ្វើកូដកម្មទូទាំងប្រទេសកាលពីខែមុន និងបានអំពាវនាវធ្វើកូដកម្មម្តងទៀតនៅខែក្រោយនេះ បានមានប្រសាសន៍ ថា ទង្វើនេះគឺជាផ្នែកមួយនៃកម្មវិធីបំភិតបំភ័យកម្មកររោងចក្រកាត់ដេរ។
លោកបានមានប្រសាសន៍ថា “នេះគឺជាវិធានការថ្មីរបស់រដ្ឋាភិបាលដើម្បីបំបាក់ស្មារតីកម្មករ។ គណៈកម្មាធិការនេះ គឺជាឧបសគ្គដ៏ធំរបស់កម្មករ ពីព្រោះឥទ្ធិពលរបស់កងកម្លាំងប្រដាប់អាវុធនឹងធ្វើឲ្យពួកគេមិនហ៊ានតវ៉ាទាមទារដំឡើងប្រាក់ខែ”។
សហជីពកម្មករបានច្រានចោលសេចក្តីសម្រេចមួយកាលពីចុងឆ្នាំមុនក្នុងការដំឡើងប្រាក់ខែគោលរបស់កម្មករពី៨០ដុល្លារដល់៩៥ដុល្លារ ហើយក្រោយមកដំឡើងដល់១០០ដុល្លារ ដោយបានចេញតវ៉ានៅតាមផ្លូវទាមទារប្រាក់ខែគោល១៦០ដុល្លារ។
ការតវ៉ានេះស្របពេលនឹងការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅក្នុងទីក្រុងភ្នំពេញ ដែលមានមនុស្សរាប់មឺុននាក់ហែក្បួនតាមផ្លូវមុនពេលរដ្ឋាភិបាលបង្ក្រាបអ្នកប្រឆាំងទាំងនោះ និងបានដាក់បម្រាមមិនឲ្យជួបជុំគ្នាជាសាធារណៈ៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ Alex Willemyns)
តុលាការចោទអតីតមន្ត្រីនគរបាលដែលបានបាញ់ស្ត្រីម្នាក់ចំជើងពេលមានគ្រោះថ្នាក់ចរាចរណ៍
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះរឿងក្តីអតីតមន្ត្រីនគរបាលម្នាក់ដែលជាប់ចោទពីបទបាញ់ស្ត្រីអ្នកបើកបរយានយន្តម្នាក់ចំជើង បន្ទាប់ពីស្ត្រីរូបនេះបានជិះប៉ះគ្នាជាមួយប្រពន្ធមន្ត្រីនគរបាលរូបនេះ។
លោក លុយ វុទ្ធី អាយុ៣៥ឆ្នាំជាអតីតមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈឆ្នាំមុន។
អ្នកស្រី អេង លីហ៊ាង អាយុ៣១ឆ្នាំជាប្រពន្ធរបស់គាត់ត្រូវបានចោទប្រកាន់ពីបទសមគំនិត។ លោក សឿ វ៉ានី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា “ ករណីនេះបានកើតឡើងបន្ទាប់ពីស្ត្រីជាប្រពន្ធបុរសរូបនេះមានគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវក្នុងខណ្ឌចំការមន ហើយបានទូរស័ព្ទទៅប្តីរបស់ខ្លួនឲ្យមកចរចា។ ប៉ុន្តែ បុរសរូបនោះបានបាញ់ជនរងគ្រោះពីរគ្រាប់ ហើយមួយគ្រាប់ត្រូវចំជើង”។
នៅក្នុងតុលាការកាលពីម្សិលមិញ លោក វុទ្ធី បានអះអាងថា លោកគ្មានកំហុសទេ ដោយ និយាយថា លោកមិនមានបំណងបាញ់ជនរងគ្រោះឈ្មោះ ហម ចន្ទ្រា ទេ នៅពេលលោក បាញ់កំាភ្លើងរបស់លោកនោះ។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានបាញ់បីគ្រាប់មែន ប៉ុន្តែ ខ្ញុំមិនដឹងថា គ្រាប់កាំភ្លើងត្រូវជនរងគ្រោះចំជើងទេ”។
លោកក៏បានស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់ចំពោះប្រពន្ធរបស់លោកដោយលោកលើកឡើងថា ប្រពន្ធរបស់លោកមិនបាននៅទីនោះទេ នៅពេលមានការបាញ់នោះ។ លោកបាននិយាយថា “ខ្ញុំស្នើឲ្យតុលាការរកយុត្តិធម៌ឲ្យខ្ញុំ”។ លោកចៅក្រម សួស សំអាត បានមានប្រសាសន៍ថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី៥ខែមីនា៕សារុន
ក្រុមគ្រួសាររបស់ស្ត្រីរស់នៅក្នុងខេត្តរតនគិរីដែលត្រូវគេជួញដូរទៅប្រទេសចិនដើម្បីរៀបការកំពុងសុំជំនួយ
សាច់ញាតិរបស់ស្ត្រីរស់នៅក្នុងខេត្តរតនគិរី អាយុ២៥ឆ្នាំម្នាក់ដែលរៀបការជាមួយប្តីចិត្តអប្រិយនៅក្នុងប្រទេសចិន បានដាក់ពាក្យប្តឹងទៅអង្គការសិទ្ធិមនុស្សអាដហុក ដើម្បីសុំឲ្យជួយនាំនាងមកប្រទេសកម្ពុជាវិញ នេះបើតាមការឲ្យដឹងកាលពីម្សិលមិញពីអង្គ ការសិទ្ធិមនុស្សអាដហុកនិងក្រុមគ្រួសាររបស់ជនរងគ្រោះ។
ជនរងគ្រោះឈ្មោះ ឈាន់ ណារី បានទៅរស់នៅក្នុងប្រទេសចិនអស់រយៈពេលជិតបួនខែមកហើយ មុនពេលហៅទូរស័ព្ទមកប្អូនស្រីរបស់នាងឈ្មោះ ឈាន់ ណាវី កាលពីខែមករា ហើយបានសុំឲ្យប្អូនស្រីរបស់នាងជួយព្រោះប្តីជនជាតិចិនរបស់នាងបានរំលោភបំពានផ្លូវភេទនិងធ្វើបាបរាងកាយនាង។
កញ្ញា ណាវី បាននិយាយថា បងស្រីរបស់នាងបានធ្វើដំណើរចេញពីផ្ទះនៅក្នុងឃុំកិះចុង ស្រុកបរកែវ កាលពីខែតុលា ហើយចាប់តាំងពីពេលនោះមកក្រុមគ្រួសារមិនបានទទួលដំណឹងពីជនរងគ្រោះទេ ហើយទើបតែទទួលបានការហៅទូរស័ព្ទមកកាលពីខែមុនប៉ុណ្ណោះ។
កញ្ញា ណាវី បាននិយាយថា “ខ្ញុំទទួលបានការហៅទូរស័ព្ទពីបងស្រីរបស់ខ្ញុំ ហើយអ្វីដែលគាត់បាននិយាយដំបូងគឺ មានតែការយំប៉ុណ្ណោះ ហើយបន្ទាប់មកគាត់បាននិយាយថា គាត់ត្រូវប្តីជនជាតិចិនវាយដំនិងរំលោភបំពានផ្លូវភេទ”។ កញ្ញា ណាវី បានបន្តថា បងស្រីរបស់នាងមិនដឹងជារស់នៅទីណាឲ្យពិតប្រាកដទេនៅក្នុងប្រទេសចិន ព្រោះនាងចិនក៏មិនចេះ អង់គ្លេសក៏មិនចេះ។
ហើយក្រោយៗមកទៀត កញ្ញា ណាវី និងបងស្រីរបស់នាងគឺ នាង ណារី បាននិយាយគ្នាតាមទូរស័ព្ទជាញឹកញាប់ ប៉ុន្តែនិយាយក្នុងលក្ខណៈលួចលាក់ព្រោះនាង ណារី ខ្លាចប្តីចិត្តអប្រិយរបស់ខ្លួនដឹង។
កញ្ញា ណាវី បាននិយាយថា “គាត់បានសុំឲ្យខ្ញុំជួយ ពីព្រោះប្តីជនជាតិចិនរបស់គាត់បានវាយដំ និងបង្ខំឲ្យគាត់រួមភេទសូម្បីតែនៅពេលគាត់ឈឺក៏ដោយ ហើយប្តីរបស់គាត់តែងតែចាក់សោគាត់នៅក្នុងបន្ទប់ជាប់ជានិច្ច”។
យោងតាមពាក្យបណ្តឹងបានឲ្យដឹងថា ជនជួញដូរមនុស្សដែលត្រូវបានគេស្គាល់ត្រឹមតែឈ្មោះថា អ៊ែល បានលួងលោម នាង ណារី ឲ្យទៅប្រទេសចិន។ ហើយមិនយូរប៉ុន្មានជនជួញដូរមនុស្សឈ្មោះ អ៊ែល នេះបានលក់អ្នកស្រីណារី ទៅឲ្យបុរសជនជាតិម្នាក់ក្នុងតម្លៃមួយដែលគេសង្ស័យថាប្រហែល១៥.០០០ដុល្លារ។
ហើយនៅក្នុងពេលថ្មីៗនេះ កញ្ញា ណាវីមិនអាចទាក់ទងបងស្រីរបស់នាងតាមរយៈលេខទូរស័ព្ទដែលនាងបានប្រើនៅក្នុង ប្រទេសចិនបានឡើយ។ ដោយសារតែព្រួយបារម្ភពីសុវត្ថិភាពរបស់បងស្រីនាង កញ្ញា ណារី និងគ្រួសាររបស់នាងបានដាក់ពាក្យប្តឹងទៅអង្គការសិទ្ធិមនុស្សអាដហុក កាលពីថ្ងៃអង្គារ។
កញ្ញា ណាវី បាននិយាយថា “ខ្ញុំពិតជាព្រួយបារម្ភពីសុវត្ថិភាពរបស់គាត់ខ្លាំងណាស់ ហើយខ្ញុំចង់ឲ្យរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលជួយនាំយកបងស្រីរបស់ខ្ញុំមកវិញ”។
លោក ឆាយ ធី អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា នេះគឺជាករណីលើកដំបូងហើយនៅក្នុងខេត្តរតនគិរីដែលស្ត្រីត្រូវបានគេជួញដូរយកទៅរៀបការនៅក្នុងប្រទេសចិន ហើយគាត់បានដាក់ពាក្យប្តឹងទៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរួចហើយ។
លោកបានមានប្រសាសន៍ថា “អ្នកភូមិភាគច្រើននៅតាមតំបន់ដាច់ស្រយាលមិនដែលទទួលបានព័ត៌មានអំពីបញ្ហាជួញដូរមនុស្សឡើយ ដែលជាមូលហេតុធ្វើឲ្យពួកគេក្លាយជាជនរងគ្រោះដោយសារការជួញដូរនេះ”។
សេចក្តីរាយការណ៍អំពីការជួញដូរស្ត្រីខ្មែរទៅប្រទេសចិនមានជាញឹកញាប់ក្នុងពេលថ្មីៗនេះ។ ស្ត្រីខ្មែរខ្លះត្រូវបានជួញដូរទៅរៀបការជាមួយបុរសជនជាតិចិន រីឯស្ត្រីខ្លះទៀតត្រូវបានគេនាំទៅធ្វើការនៅក្នុងបនស្រី។ កាលពីថ្ងៃអាទិត្យ នគរបាលបានចាប់ខ្លួនមនុស្សចំនួនប្រាំនាក់ ក្នុងនោះមានពីរនាក់ជាបុរសជនជាតិចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពីបទជួញដូរស្ត្រីចំនួនពីរនាក់ទៅប្រទេសចិនដើម្បីធ្វើជាស្រីពេស្យា៕ ស៊ុយឈាង
មហោស្រពវប្បធម៌កម្ពុជា-ជប៉ុនចាប់ផ្តើមនៅយប់នេះដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ
អំឡុងមហោស្រពវប្បធម៌កម្ពុជា-ជប៉ុនប្រចាំឆ្នាំលើកទី១០ ការផ្តោតយ៉ាងសំខាន់នោះគឺពាក្យថា “ kizuna” ដែលមានន័យថាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
ការបើកមហោស្រពនេះនឹងចាប់ផ្តើមនៅម៉ោង៦ល្ងាចយប់នេះ ហើយនឹងបន្តរហូតដល់ល្ងាចថ្ងៃអាទិត្យ។ ការចូលរួមនៅក្នុងមហោ ស្រពវប្បធម៌នេះគឺគេអាចចូលរួមបានដោយសេរី ហើយគេរំពឹងថា នឹងមានមនុស្សចូលរួមជាង១០.០០០នាក់នៅចុងសប្តាហ៍ដើម្បីមកប្រកួតប្រជែងធ្វើម្ហូប ទស្សនាការប្រគំតន្ត្រីដែលប្រគំដោយឧបករណ៍តន្ត្រីបុរាណជប៉ុន និងចូលរួមសិក្ខាសាលា ព្រមទាំងទស្សនាការសម្តែងផ្សេងៗផងដែរ។
ក្រៅពីមានការចាក់បញ្ចាំងខ្សែភាពយន្តជប៉ុននិងសិក្ខាសាលាស្តីអំពីសិល្បៈរៀបចំផ្កានិងវប្បធម៌បត់ក្រដាសធ្វើជារូបផ្សេងនោះ ក៏នៅមានស្តង់ផ្សព្វផ្សាយអំពីព័ត៌មានសម្រាប់សិស្សានុសិស្ស ឬក៏និស្សិតដែលចាប់អារម្មណ៍លើការទៅសិក្សានៅក្នុងប្រទេសជប៉ុននិងអំពីក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសកម្ពុជា។
លោក កឹម អឿន ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះជាមួយស្ថានទូតជប៉ុនបានមានប្រសាសន៍ថា “ វាគឺជាការឈ្នះឈ្នះនៅពេលក្រុមហ៊ុនជប៉ុនកាន់តែច្រើនមកប្រទេសកម្ពុជា។វាគឺជារឿងល្អសម្រាប់ពលរដ្ឋខ្មែរ”។
CJCC ក៏បានបើកសាលាបង្រៀនភាសាជប៉ុនដោយមានសិស្សប្រហែល៥០០នាក់សិក្សាជារៀងរាល់ឆ្នាំរួមទាំងកញ្ញា ភីរម្យ កន្និកា អាយុ២០ឆ្នាំដែលជាអ្នករាំនៅក្នុងពិធីបើកមហោស្រពយប់នេះផងដែរ។
កញ្ញា កន្និកា បាននិយាយថា “ការសិក្សាភាសាជប៉ុនគឺគួរឲ្យចាប់អារម្មណ៍ណាស់។ ខ្ញុំស្រឡាញ់វប្បធម៌នេះ”។ ទោះបីជាវប្បធម៌ជប៉ុននិងវប្បធម៌ខ្មែរខុសគ្នាក៏ដោយ ក៏លោក កឹម អឿន បានលើកឡើងថា លោកជឿជាក់ថា ពលរដ្ឋខ្មែរអាចបត់បែនដោយចេះចាប់យកចំណុចល្អៗពីវប្បធម៌ដទៃ។ លោកបញ្ជាក់ថា ព្រឹត្តិការណ៍ខ្លះនៅក្នុងមហោស្រពនេះមានដូចជា សិល្បៈសម្តែងក្បាច់គុន និងសិក្ខាសាលាស្តីអំពីបាល់ទាត់សម្រាប់អ្នកចាប់ផ្តើមលេងបាល់ទាត់ដំបូង គឺមានទាំងកម្ពុជានិងជប៉ុន។
លោកបានគូសបញ្ជាក់បន្ថែមទៀតថា នៅសម័យសង្គ្រាមលោកលើកទី២ ប្រទេសជប៉ុនត្រូវបានកម្ទេចឲ្យក្លាយជាផេះ ប៉ុន្តែឥឡូវបានក្លាយជាមហាអំណាចសេដ្ឋកិច្ច។ អ្នកខ្លះគិតថា កម្ពុជានិងជប៉ុនមានភាពស្រដៀងគ្នាពោលគឺចាប់ផ្តើមពីចំណុចសូន្យដូចគ្នា។ ហេតុដូច្នេះហើយទើបប្រទេសជប៉ុនអាចយល់ច្បាស់ពីស្ថានភាពប្រទេសកម្ពុជា”៕ ស៊ុយឈាង
ច្បាប់យុត្តិធម៌អនីតិជនកំពុងមានវឌ្ឍនភាពឆ្ពោះទៅរកដំណាក់កាលអនុម័តសម្រាប់ប្រកាសឲ្យអនុវត្ត
មន្ត្រីក្រសួងសង្គមកិច្ចបានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីមកពីក្រសួងមហាផ្ទៃក្រសួងសង្គមកិច្ច និងក្រសួងយុត្តិធម៌ បានជួបប្រជុំគ្នាជាមួយអង្គការក្រៅរដ្ឋាភិបាល កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីពិភាក្សាគ្នាអំពីសេចក្តីព្រាងច្បាប់ចុងក្រោយទាក់ទងទៅនឹងបញ្ហាយុត្តិធម៌សម្រាប់អនីតិជន។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយច្បាប់នេះឆ្លុះបញ្ចាំងឲ្យឃើញថា សិទ្ធិជនល្មើសវ័យក្មេងទំនងជាត្រូវបានការពារបានប្រសើរជាងមុន។
សេចក្តីព្រាងច្បាប់នេះត្រូវបានបង្កើតឡើងដើម្បីជួយការពារ និងថែរក្សាសិទ្ធិកុមារដែលល្មើសច្បាប់ និងកុមារដែលបច្ចុប្បន្នត្រូវបានចែងនៅក្នុងមាត្រានានានៃក្រមព្រហ្មទណ្ឌទូទៅ។ តាមទ្រឹស្តី ច្បាប់នេះក៏ទំនងជាការពារអនីតិជនដែលត្រូវបានផ្តន្ទាទោសពីបទល្មើសមជ្ឈឹមឲ្យនៅក្រៅពន្ធនាគារក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានទណ្ឌិតច្រើនជ្រុលស្រាប់។
លោក គង់ ឆន អគ្គនាយករងអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងសង្គមកិច្ចបានមានប្រសាសន៍ថា “យើងបានជួបជុំគ្នាកាលពីថ្ងៃទី១៤ ដើម្បីពិភាក្សាគ្នាអំពីមតិរបស់ប្រជាជន ក្នុងពេលដែលច្បាប់នេះនៅជាមួយយើងនៅឡើយ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “យោងតាមសេចក្តីព្រាងច្បាប់នេះ កុមារដែលប្រព្រឹត្តបទល្មើសទ្រង់ទ្រាយតូច នឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងសហគមន៍របស់ពួកគេ ក្រោមលក្ខខណ្ឌកំណត់ដោយតុលាការ ហើយអ្នកឃ្លាំមើល នឹងត្រូវបានចាត់តាំងដោយតុលាការ ដើម្បីតាមដានឥរិយាបថរបស់កុមារនោះ” ។
អាយុដែលតម្រូវឲ្យមានការទទួលខុសត្រូវចំពោះបទល្មើសនៅក្នុងប្រទេសកម្ពុជា គឺ១៤ឆ្នាំ ក៏ប៉ុន្តែ ប្រសិនបើគ្មានច្បាប់យុត្តិធម៌អនីតិជន និងទណ្ឌិតអនីតិជនដាច់ដោយ ឡែកទេ ជារឿយៗជនល្មើសវ័យក្មេងត្រូវបានដាក់ក្នុងពន្ធនាគារជាមួយនីតិជន។ យោងតាមអង្គការសិទ្ធិមនុស្សលីកាដូ ដែលធ្វើប្រតិបត្តិការផ្នែកពិនិត្យតាមដានពន្ធនាគារចំនួន១៨ក្នុងចំណោមពន្ធនាគារក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា មានអនីតិជនចំនួន២៧៦នាក់បច្ចុប្បន្នកំពុងជាប់ពន្ធនាគារនៅទូទាំងប្រទេស ហើយចំណោមពួកគេ មាន១៧នាក់ជាក្មេងស្រី។
លោក ឆន បានមានប្រសាសន៍បន្តទៀតថា “យើងមិនចង់ដាក់កុមារក្នុងពន្ធនាគារទេ។ ការដាក់កុមារក្នុងពន្ធនាគារធ្វើឡើងតែក្នុងជម្រើសចុងក្រោយប៉ុ ណ្ណោះ”។
ក្នុងខែសីហា ឆ្នាំ២០១៣ សាលាឧទ្ធរណ៍បានចេញគោលការណ៍ណែនាំថ្មីអំពីរបៀបរបបដែលព្រះ រាជអាជ្ញាត្រូវអនុវត្តតាមក្នុងការកាន់សំណុំរឿងរបស់អនីតិជនដោយផ្តោតលើការដាក់ទោសផ្សេងពីការដាក់ពន្ធនាគារនៅក្នុងចំណោមនីតិជន។
លោក អ៊ីត រ៉ាឌី រដ្ឋលេខាធិការនៅក្រសួងយុត្តិធម៌ បានលើកឡើងថា ច្បាប់នេះទំនងជាត្រូវបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីក្នុងពេលប្រាំមួយខែខាងមុខ។ លោកបានមានប្រសាសន៍ថា “យើងនៅតែគិតអំពីទីកន្លែងដាក់អនីតិជន ព្រោះយើងមិនចង់ដាក់កុមារក្នុងពន្ធនាគារ ដូចនីតិជនទេ។ យើងកំពុងពិចារណាថាតើយើងគួរតែបង្កើតទីកន្លែងថ្មីមួយដើម្បីដាក់កុមារឬយ៉ាងណា”។
លោក សុខ សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បាននិងកំពុងអំវនាវឲ្យមានការបង្កើតប្រព័ន្ធអនីតិជនដ៏ច្បាស់លាស់មួយ។ អ្នកជំនាញផ្នែកច្បាប់រូបនេះ បានលើកឡើងថា ខណៈដែលគុណភាពនៃសេចក្តីព្រាងច្បាប់គឺជាក្តីកង្វល់មួយ “គួរតែមានច្បាប់ប្រសើរជាងឥតច្បាប់”៕ ប៊ុននី
គណបក្សប្រជាជនកម្ពុជាឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំ-សង្កាត់
គណបក្សប្រជាជនកម្ពុជានឹងឧបត្ថម្ភថវិកាចំនួន៥០០.០០០រៀលដល់ក្រុមប្រឹក្សាឃុំសង្កាត់នីមួយៗរបស់ខ្លួននៅមុនពេលពួកគេទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅខែឧសភា។
យោងតាមច្បាប់ចម្លងនៃសេចក្តីជូនដំណឹងដែលចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ ដោយលោក សាយ ឈុំ ប្រធានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីខេត្តនឹងត្រូវជួយសម្រួលដល់ការឧបត្ថម្ភនេះ។ សេចក្តីជូនដំណឹងនេះ ណែនាំដល់ប្រធានគណៈកម្មាធិការនោះថា “កំណត់ឲ្យឧបត្ថម្ភជូនក្នុងម្នាក់ ៥០០.០០០រៀលស្មើៗគ្នានៅទូទាំងប្រទេស។ ពេលវេលាដែលត្រូវឧបត្ថម្ភគឺត្រូវជូនឲ្យបានព្រមៗគ្នាទាំងអស់នៅពេលជិតបុណ្យចូលឆ្នាំថ្មី”។
សេចក្តីជូនដំណឹងនេះលើកឡើងថា ប្រសិនបើក្រុមការងារ និងគណបក្សរាជធានី ឬខេត្តណាមានលទ្ធភាព គឺសូមម្ចាស់ការចំណាយ។ តែបើក្រុមការងារ និងគណបក្សរាជធានី ឬខេត្តណាមានលទ្ធភាពប៉ុន្មាន ហើយខ្វះប៉ុន្មានទៀត នោះថ្នាក់កណ្តាលនឹងជួយដោះស្រាយ។
គេមិនអាចទាក់ទងលោក សាយ ឈុំ ដើម្បីសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែ លោក ជាម យៀប សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា លោកមិនឃើញ មានអ្វីខុសឆ្គងចំពោះការឧបត្ថម្ភលុយដល់ក្រុមប្រឹក្សាឃុំសង្កាត់គណបក្ស នេះទាំង៨.២៩២នាក់ រួមទាំងមេឃុំចៅសង្កាត់ផងនោះទេ និងមិនចាត់ទុកថា ការឧបត្ថម្ភនេះជាការទិញសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតនៅថ្ងៃទី១៨ខែឧសភាខាងមុខនេះទេ។
លោកបានមានប្រសាសន៍មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមថា “វាមិនមែនជារឿងចម្លែកទេ ពីព្រោះសមាជិកគណបក្សមានលទ្ធភាពជួយឧបត្ថម្ភថវិកានេះ”។
លោក សួស ស៊ីផៃ មេឃុំតាជេស នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា លោកស្វាគមន៍ការសម្រេចឧបត្ថម្ភប្រាក់ដល់លោក។លោកបានមានប្រសាសន៍ថា នេះគឺជាលើកទី១ហើយដែលគណបក្សប្រជាជនកម្ពុជាឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំសង្កាត់។
លោកបានមានប្រសាសន៍ថា “ទោះបីជាខ្ញុំមិនទាន់បានទទួលព័ត៌មានអំពីការឧបត្ថម្ភថវិកានេះក៏ដោយ ក៏ខ្ញុំមិនគិតថា វាជាបញ្ហាដែរនៅពេលដែលគណបក្សនយោបាយជួយថវិកាដល់សមាជិករបស់ខ្លួន”។ លោកបានបដិសេធមិននិយាយទេនៅពេលសួរថា តើលុយនោះនឹងមានឥទ្ធិពលដល់សេចក្តីសម្រេចរបស់លោកនៅពេលទៅបោះឆ្នោត ឬអត់នោះ។
មន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ នឹងបោះឆ្នោតគាំទ្រគណបក្សរបស់ខ្លួន ប៉ុន្តែ ការបោះឆ្នោតជាតិកាលពីឆ្នាំមុនបង្ហាញថា សូម្បីតែសមាជិកកាន់កាតសមាជិកគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតឲ្យគណបក្សផ្សេងនៅពេលទៅបោះឆ្នោតនៅក្នុងបន្ទប់សម្ងាត់។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា មិនមានអ្វីចម្លែកទេក្នុងការចែកអំណោយ និងឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំសង្កាត់។ លោកបានមានប្រសាសន៍ថា “ តាមពិតមិនមានច្បាប់ហាមឃាត់គណបក្សនយោបាយ និងប្រជាពលរដ្ឋធម្មតាមិនឲ្យផ្តល់លុយដល់នរណាម្នាក់នោះទេ”។
លោកបានមានប្រសាសន៍ទៀតថា “មានច្បាប់ហាមឃាត់មិនឲ្យចែកអំណោយ លុយកាក់ និងទ្រព្យសម្បត្តិ ឬគំរាមកំហែងនរណាម្នាក់ឲ្យបោះឆ្នោតគាំទ្រគណបក្សណាមួយ។ បម្រាមបែបនេះអនុវត្តតែអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី២ខែឧសភា ដល់ថ្ងៃទី១៦ខែឧសភា។ថ្ងៃចូលឆ្នាំខ្មែរនឹងចាប់ផ្តើមនៅថ្ងៃទី១៤ខែមេសាឆ្នាំនេះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាបានមានប្រសាសន៍ថា វាហាក់ដូចជាគណបក្សប្រជាជនកម្ពុជាខ្វះទំនុកចិត្តខ្លាចក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនមិនបោះឆ្នោតឲ្យ។ លោកបានមានប្រសាសន៍ថា “នៅកម្ពុជាប្រសិនបើការចែកអំណោយមិនធ្វើអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទេ វាមិនមែនជាការទិញសន្លឹកឆ្នោតឡើយ ប៉ុន្តែ ប្រទេសជាច្រើនចាត់ទុកការចែកអំណោយជាការទិញសន្លឹកឆ្នោត។ ប៉ុន្តែ នេះជា គោលបំណងធ្វើឲ្យមានឥទ្ធិពលដល់ការបោះឆ្នោតពួកគេមិនមានទំនុកចិត្តទេ ប្រហែលជាពួកគេមិនសប្បាយចិត្តនឹងស្ថានភាពបច្ចុប្បន្ន”៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ Lauren Crothers)
ស្ថានទូតវៀតណាមលើកឡើងថាខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីព្រួតវាយសម្លាប់
កាលពីម្សិលមិញស្ថានទូតវៀតណាមបានលើកឡើងថា ខ្លួនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការស៊ើបអង្កេតលើករណីព្រួតវាយសម្លាប់បុរសជនជាតិវៀតណាមម្នាក់ឈ្មោះ ង្វៀន វ៉ាន់ជៀន កាលពីថ្ងៃសៅរ៍ ហើយឥឡូវនេះតំណាងស្ថានទូតកំពុងតែ ជួបពិភាក្សាជាមួយនគរបាលកម្ពុជាដើម្បីឃ្លាំមើលការវិវឌ្ឍនៅក្នុងការកំណត់អត្ត សញ្ញាណឃាតករ។
លោក ត្រាន វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមបានមានប្រសាសន៍ថា “យើងកំពុងតែជួបជាមួយមនុស្សនៅក្នុងសហគមន៍ដើម្បីស្វែងរកឲ្យឃើញមូលហេតុពិត។ ហើយ យើងក៏កំពុងជួបពិភាក្សាជាមួយនគរបាលកម្ពុជាដែលកំពុងស៊ើបអង្កេតករណីនេះផងដែរ”។
បុរសជនជាតិវៀតណាម ង្វៀន វ៉ាន់ជៀន ហៅ ង៉ុក ត្រូវមនុស្សពោរពេញដោយកំហឹងមួយក្រុមព្រួតវាយសម្លាប់ បន្ទាប់ពីមានគ្រោះ ថ្នាក់ចរាចរណ៍តូចតាចមួយ នៅក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញកាលពីយប់ថ្ងៃសៅរ៍។ ការព្រួតវាយនេះត្រូវបានគេជឿជាក់ថា បានកើតឡើងនៅពេលបុរសម្នាក់ដែលឈរក្បែរជម្លោះរវាងជនជាតិវៀតណាមមួយក្រុមដែលបាននាំគ្នាមកជួយអន្តរាគមន៍នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ និងជនជាតិខ្មែរមួយក្រុមដែលរស់នៅក្នុងតំបន់នោះបានស្រែកថា “យួនវ៉ៃខ្មែរ” ។
លោក វ៉ាន់ថុង ឲ្យដឹងថា ស្ថានទូតវៀតណាមថ្កោលទោសចំពោះការរើសអើងពូជសាសន៍និងការប្រើអំពើហិង្សា ហើយទាមទារឲ្យការស៊ើបអង្កេតហ្មត់ចត់មួយ ដើម្បីស្វែងរកជនដែលត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់ជនរងគ្រោះឈ្មោះ ង្វៀន វ៉ាន់ជៀន នេះ។ សាក្សីបានឲ្យដឹងថា ក្រុមមនុស្សដែលនាំគ្នាព្រួតវាយជនរងគ្រោះមានគ្នាប្រហែល២០នាក់។
លោក វ៉ាន់ថុង បានមានប្រសាសន៍ថា “ មិនអាចបណ្តោយឲ្យអំពើហិង្សាបែបនេះកើតឡើងម្តងទៀតឡើយ។ នគរបាលកម្ពុជាត្រូវតែស្វែងរកជនដែលទទួលខុសត្រូវចំពោះករណីនេះ”។
កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានលើកឡើងថា គួរតែបន្ទោសគណបក្សសង្គ្រោះជាតិចំពោះការស្លាប់នេះ ព្រោះជាញឹកញាប់គណបក្សនេះតែងតែប្រើវោហាសាសន៍ប្រឆាំងវៀតណាម។ នៅពេលសាកសួរកាលពីម្សិលមិញថា តើគួរតែមានភាគីទី៣ណាមួយត្រូវស្តីបន្ទោសចំពោះការស្លាប់នេះដែរឬទេ លោក វ៉ាន់ថុង បានឆ្លើយតាមលក្ខណៈការទូត។
លោកបានមានប្រសាសន៍ថា “មានក្រុមជ្រុលនិយមមួយក្រុម ហើយពលរដ្ឋខ្មែរដឹងហើយថាក្រុមនោះគឺជានរណា។ ខ្ញុំមិនចាំបាច់និយាយឲ្យចំឈ្មោះក្រុមនយោបាយទាំងនោះឡើយ”។ លោក វ៉ុន ចាន់វុត្ថា អាយុ៥០ឆ្នាំដែលគេនិយាយថា ជាអ្នកញុះញង់ឲ្យមានការសម្លាប់យ៉ាងព្រៃផ្សៃលើជនរងគ្រោះជនជាតិវៀតណាម ង្វៀន វ៉ាន់ជៀន ដែលកើតនៅក្នុងប្រទេសកម្ពុជានេះ គឺជាបុរសតែម្នាក់គត់ដែលត្រូវចោទប្រកាន់ចំពោះហេតុការណ៍នេះ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្នហើយ។
លោក គង់ សាម៉ន នាយនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានឲ្យដឹងកាលពីម្សិលមិញថា ឥឡូវនេះមានសាក្សីចំនួនប្រាំនាក់ហើយដែលឃើញហេតុការណ៍ព្រួតវាយសម្លាប់នេះ ប៉ុន្តែពួកគេបានបដិសេធមិនផ្តល់ព័ត៌មានបន្ថែមឡើយ៕ ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ អ៊ាង ម៉េងឡេង)
ក្រសួងសុខាភិបាលលើកឡើងថា មានករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីទី៣លើក្មេងប្រុសម្នាក់ទៀត
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានឲ្យដឹងកាលពីម្សិលមិញថា ករណីជំងឺគ្រុនផ្ដាសាយបក្សីឆ្លងមកមនុស្សទី៣នៅក្នុងឆ្នាំនេះត្រូវបានបញ្ជាក់ថា កើតលើក្មេងប្រុសអាយុ៤ឆ្នាំម្នាក់នៅក្នុងភូមិតែមួយក្នុងខេត្តក្រចេះ ជាខេត្តដែលបងប្អូនបង្កើតពីរនាក់បានស្លាប់ដោយសារមេរោគនេះកាលពីដើមខែមុន។
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមថា ក្មេងប្រុសអាយុ៤ឆ្នាំរូបនេះមកពីឃុំស្រែចា ស្រុកស្នួល ត្រូវបានរកឃើញថា បានឆ្លងមេរោគ H5N1 បន្ទាប់ពីក្រុមឆ្លើយតបរហ័សរបស់ក្រសួងសុខាភិបាលបានសង្កេតឃើញថា ក្មេងប្រុសរូបនេះបានកើតជំងឺគ្រុនក្ដៅ ក្អក ឈឺបំពង់ក ហៀរសំបោរ និងក្អួតកាលពីថ្ងៃទី១២ ខែកុម្ភៈ។
លោកស្រី Vicky Houssiere មន្ត្រីគ្រប់គ្រងជំងឺឆ្លងនៅអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា ដំបូងយើងមានករណីទី២នៅភូមិនេះក្នុងឆ្នាំ២០១៤នេះហើយបន្ទាប់មកក្រុមឆ្លើយតបរហ័សបានធ្វើការឃ្លាំមើល ហើយនោះជាមូលហេតុដែលយើងរកឃើញថា ក្មេងប្រុសរូបនេះបានឆ្លងមេរោគគ្រុនផ្ដាសាយបក្សី។
លោកស្រី Houssiere បានមានប្រសាសន៍ថា ក្មេងប្រុសរូបនេះត្រូវបានព្យាបាលប្រើថ្នាំតាមីហ្លូ៊ ជាថ្នាំសម្រាប់ព្យាបាលមេរោគគ្រុនផ្ដាសាយបក្សី H5N1 ហើយបច្ចុប្បន្ន ក្មេងប្រុសនេះបានធូរស្រាលវិញហើយនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
លោកស្រីបានមានប្រសាសន៍ថា “ នេះជាលើកទី១ហើយ ដែលយើងបានរកឃើញករណីថ្មីតាមរយៈក្រុមឆ្លើយតបរហ័ស និងការឃ្លាំមើលរបស់ពួកគេ ដូច្នេះនេះពិតជាដំណឹងល្អ”។ លោកស្រីបានមានប្រសាសន៍បន្ថែមថា តាមធម្មតាក្រុមនេះបានស្នាក់នៅក្នុងតំបន់ដែលមានផ្ទុះជំងឺគ្រុនផ្ដាសាយបក្សីដើម្បីអប់រំប្រជាពលរដ្ឋកុំឲ្យបរិភោគ ឬប៉ះពាល់មាន់ទាដែលងាប់ឬឈឺ និងធ្វើតេស្តប្រ ជាពលរដ្ឋដែលមានរោគសញ្ញា H5N1 ដែលវាស្រដៀងទៅនឹងជំងឺគ្រុនផ្ដាសាយធម្មតា។
លោកស្រី Houssiere បានមានប្រសាសន៍ថា មាន់ ក្ងាន និងទា ប្រហែល៣៥០ក្បាល ដែល កសិករចិញ្ចឹមនៅកសិដ្ឋានក្រោយផ្ទះនៅក្នុងភូមិក្បាលត្រាច បានងាប់ចាប់តាំងពីពាក់កណ្ដាលខែមករា។ កាលពីដើមខែនេះ ក្មេងប្រុសអាយុ៧ឆ្នាំ ម្នាក់និងក្មេងស្រីអាយុ៣ឆា្នំម្នាក់ បានស្លាប់បន្ទាប់ពីពួកគេបរិភោគមាន់ឈឺងាប់ ដែលឪពុករបស់គេបានយកទៅធ្វើម្ហូបសម្រាប់ពួកគេ។
បន្ទាប់ពីជំងឺគ្រុនផ្ដាសាយបក្សីត្រូវបានបញ្ជាក់ថា ជាមូលហេតុបណ្ដាលឲ្យក្មេងប្រុសរូបនោះស្លាប់ ហើយក្មេងស្រីមិនត្រូវបានធ្វើតេស្តដោយសារនាងបានស្លាប់ទៅហើយនោះ ប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីមាន់ទារបស់ខ្លួនដែលឈឺ ហើយប្រជាពលរដ្ឋជាច្រើនទៀតបានសម្លាប់មាន់ទារបស់ខ្លួន។
លោក...
ព្រះមហាក្សត្រឡាយព្រះហត្តលេខាដំឡើងឋានៈមន្ត្រីនគរបាលបីរូបបន្ថែមទៀតទៅជាឧត្តមសេនីយ៍
យោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហត្តលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី បានឲ្យដឹងថា ឧត្តមសេនីយ៍ឯកបីរូបក្នុងជួរនគរបាលជាតិត្រូវបានដំឡើងឋានៈទៅជាឧត្តមសេនីយ៍។
ព្រះរាជក្រឹត្យចុះកាលបរិច្ឆេទថ្ងៃទី៨ខែកុម្ភៈមានខ្លឹមសារថា លោក យុន ឈុន្នី លោក សឹុម សុផល និងលោក ខេង សុមេធ ត្រូវបានដំឡើងឋានៈទៅជាឧត្តមសេនីយ៍ផ្កាយបួន។ ព្រះរាជក្រឹត្យនេះលើកឡើងថា “សម្តេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវអនុវត្តព្រះរាជក្រឹត្យនេះ ចាប់តាំងពីព្រះមហាក្សត្រឡាយព្រះហត្តលេខាទៅ"។
កាលពីដើមខែនេះ មន្ត្រីនគរបាលប្រាំមួយរូបទៀតត្រូវបានដំឡើងឋានៈទៅជាឧត្តមសេនីយ៍ដែររួមមានលោក អ៊ុក គឹមឡេក រដ្ឋលេ ខាធិការក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អគ្គលេខាធិការ និងលោក ម៉ៅ ប៊ុណ្ណារិន អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារនិងហិរញ្ញវត្ថុ។
មន្ត្រីនគរបាលបីរូបទៀតគឺលោក ចាន់ អាន...
សារព័ត៌មានពាណិជ្ជកម្ម៖ ក្រុមហ៊ុនណាហ្គាខបគ្រោងនឹងទិញយន្តហោះសម្រាប់ទាក់ទាញអតិថិជន
កាសែតម៉ាកាវ ប៊ីស៊ីណេស ដេលី បានរាយការណ៍កាលពីម្សិលមិញថា ក្រុមហ៊ុនណាហ្គាខបជាក្រុមហ៊ុនធំបំផុតនៅក្នុងប្រទេសដែលមានកន្លែង និងឧប ករណ៍លេងល្បែង គ្រោងនឹងពង្រីកវិសាលភាពរបស់ខ្លួននៅលើទីផ្សារភ្នាល់ល្បែង តាមរយៈការប្រើប្រាស់យន្តហោះសម្រាប់ដឹកជញ្ជូនអ្នកលេងល្បែងត្រង់ពីទីក្រុងម៉ាកាវ និងប្រទេសចិន មកកាន់រាជធានីភ្នំពេញ។
ផែនការអាជីវកម្មនេះបង្ហាញថា ក្រុមហ៊ុនណាហ្គាខប សហការជាមួយទីភ្នាក់ងារទេសចរណ៍នៅទីក្រុងម៉ាកាវ ប្រទេសចិន និងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បី ផ្តល់នូវកិច្ចព្រមព្រៀងជាកញ្ចប់ដែលនឹងបញ្ជូនអ្នកលេងល្បែងមកកាន់តំបន់នានា ដូចជា អង្គរវត្ត ព្រមទាំងកាស៊ីណូរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។
លោក ធីម៉ូស៊ី ម៉ាកណាលី (Timothy McNally) ប្រធានក្រុមហ៊ុនណាហ្គាខប ត្រូវបានដកស្រង់សម្ដីដែលលើកឡើងថា “យុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្ររបស់យើង គឺនឹងបង្កើនទំនាក់ទំនងរបស់យើងជាមួយនឹងប្រតិបត្តិករ មិនត្រឹមតែនៅម៉ាកាវប៉ុណ្ណោះទេ ក៏ប៉ុ ន្តែថែមទាំងនៅក្នុងប្រទេសសិង្ហបុរី និងប្រទេសហ្វីលីពីនទៀតផង ដើម្បីពង្រីកចំណែកទីផ្សាររបស់យើង”។ លោកបានបន្ថែមថា “យើងនឹងមិនប្រកួតប្រជែងជាមួយទីក្រុងម៉ាកាវទេ។ អ្វីដែលយើងកំពុងធ្វើ គឺការទាក់ទាញចំនួនទេសចរប៉ុណ្ណោះ”។
នៅក្នុងរបាយការណ៍លទ្ធផលប្រចាំឆ្នាំ២០១៣របស់ខ្លួនដែលត្រូវបានបង្ហាញនៅផ្សារភាគហ៊ុនហុងកុង ក្រុមហ៊ុនណាហ្គាខបលើកឡើងអំពីគោលបំណងរបស់ខ្លួនក្នុងការទាក់ទាញអតិថិជនពីទីផ្សារល្បែងស៊ីសងដ៏ធំនៅម៉ាកាវ ជាប្រជាជាតិដ៏តូចមួយដែលមានកាស៊ីណូយ៉ាងតិច៣៣កន្លែងធ្វើប្រតិបត្តិការ មិនមែនប្រកួតជាមួយទីក្រុងនេះទេ។
របាយការណ៍នេះមានខ្លឹមសារថា “ដើម្បីទទួលបានចំណែកទីផ្សារវីអាយភីនៅទីក្រុងម៉ា កាវ ក្រុមហ៊ុននេះមានគម្រោងបង្កើតផ្លូវហោះហើររវាងម៉ាកាវ និងរាជធានីភ្នំពេញ ដើម្បីសម្រួលប្រតិបត្តិករទេសចរដែលមានមូលដ្ឋាននៅម៉ាកាវ ក្នុងការដឹកអ្នកលេងល្បែងមកកាន់កាស៊ីណូណាហ្គាវើល”។
ក៏ប៉ុន្តែចាប់តាំងពីមានការចងក្រងសេចក្ដីរាយការណ៍នេះមក គម្រោងនេះក៏មានការផ្លាស់ប្ដូរ ហើយក្រុមហ៊ុនណាហ្គាខបពេលនេះមានបំណងទិញយន្តហោះដឹកអ្នកលេងល្បែងដោយផ្ទាល់ នេះបើយោងតាមសារព័ត៌មានម៉ាកាវប៊ីស៊ីណេស ដេលី ដែលបានលើកឡើងថា លោក ម៉ាកណាលី បញ្ជាក់ថា ក្រុមហ៊ុនណាហ្គាខប កំពុងតែដំណើរការទិញយន្តហោះថ្មីទៀត រួមមានយន្តហោះប្រភេទ Airbus A320s ដែលមានតម្លៃដល់ទៅ១០០លានដុល្លារបន្ថែមទៅនឹងយន្តហោះឯកជនដែលក្រុមហ៊ុននេះបានប្រើដើម្បីដឹកអ្នកលេងល្បែង វីអាយភី មកកាន់ប្រទេសកម្ពុជា។
យន្តហោះទាំងនោះនឹងត្រូវបានប្រើប្រាស់ ដើម្បីបម្រើអ្នកលេងល្បែងមកពីក្រៅប្រទេស និងបន្ថែមអ្នកលេងល្បែងទៅក្នុងកន្លែងលេងល្បែងវីអាយភីរបស់កាស៊ីណូនេះ។ គួរបញ្ជា ក់ថា យន្តហោះទាំងនេះមានប្រហែលជាត្រូវបានទិញក្នុងតម្លៃជាមធ្យម១៥០.០០០ដុល្លារ។
ក្រុមហ៊ុនណាហ្គាខប បានប្រកាសថា ខ្លួនសម្រេចបានកំណើន២៥ភាគរយក្នុងចំណូលល្បែងសរុប និងប្រាក់ចំណូលសរុបចំនួន១៤០,៣លានដុល្លារ នៅក្នុងរបាយការណ៍លទ្ធផលប្រចាំឆ្នាំ២០១៣របស់ខ្លួន ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញថា ក្រុមហ៊ុននេះមានជំហររឹងមាំក្នុងការចំណាយពាក់ព័ន្ធនឹងការពង្រីកវិសាលភាពរបស់ខ្លួន។
ក្នុងខែឧសភាឆ្នាំមុន ក្រុមហ៊ុនណាហ្គាខបបានប្រកាសផែនការសាងសង់អគារណាហ្គា ដែលត្រូវចំណាយទឹកប្រាក់១៥លានដុល្លារនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងមានប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ផ្ទាល់ខ្លួន៕ ប៊ុននី
Latest news
© 2021, ដេលី. All rights reserved.

