26 C
Phnom Penh

មហោ​ស្រព​វប្បធម៌​កម្ពុជា-​ជប៉ុន​ចាប់​ផ្តើម​នៅ​យប់​នេះ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុង​មហោស្រព​​វប្ប​ធម៌​កម្ពុជា-​​ជប៉ុន​ប្រចាំ​ឆ្នាំ​លើក​ទី​១០​ ការផ្តោត​យ៉ាង​សំខាន់​នោះ​គឺ​ពាក្យ​ថា “ kizuna” ដែល​មាន​ន័យ​ថា​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ​។ 

ការ​បើក​មហោ​ស្រព​​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៦ល្ងាច​យប់​នេះ​ ហើយ​នឹង​បន្ត​រហូត​​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ​។ កា​រ​ចូល​រួម​នៅក្នុង​មហោ ស្រព​វប្បធម៌​នេះ​គឺ​គេ​អាច​ចូល​រួម​បាន​ដោយ​សេរី​ ហើយ​គេ​រំពឹង​ថា នឹង​មាន​មនុស្ស​ចូល​រួម​ជាង​១០.០០០​នាក់​នៅ​ចុង​សប្តាហ៍​ដើម្បី​មក​ប្រកួត​ប្រជែង​ធ្វើ​ម្ហូប​ ទស្ស​នា​​ការ​ប្រគំ​តន្ត្រី​ដែលប្រគំដោយ​ឧបករណ៍តន្ត្រី​បុរាណ​ជប៉ុន​ និង​ចូលរួម​សិក្ខាសាលា​ ព្រម​ទាំង​​ទស្សនា​ការ​សម្តែង​ផ្សេងៗផងដែរ​។

ក្រៅ​ពី​មាន​ការ​ចាក់​បញ្ចាំ​ង​ខ្សែ​ភាពយន្ត​ជប៉ុន​និង​​សិក្ខាសាលា​ស្តី​អំពី​សិល្បៈ​​រៀប​ចំ​ផ្កា​និង​វប្បធម៌​បត់​ក្រដាស​ធ្វើ​ជា​រូប​ផ្សេង​នោះ ​ក៏នៅ​មាន​ស្តង់​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​សម្រាប​់​​​សិស្សានុសិស្ស​ ឬក៏​និស្សិត​ដែលចាប់​អារម្មណ​៍​លើការ​ទៅ​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​អំពី​ក្រុម​ហ៊ុន​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ កឹម​ អឿន​ ប្រធាន​មជ្ឈមណ្ឌល​សហ​​ប្រតិបត្តិការ​កម្ពុជា​-ជប៉ុន (CJCC) ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍នេះ​ជា​មួយ​ស្ថាន​ទូត​​ជប៉ុន​បាន​មាន​ប្រសាសន៍​ថា​ “ វា​គឺ​ជា​ការ​ឈ្នះ​ឈ្នះ​នៅ​ពេល​ក្រុម​ហ៊ុន​ជប៉ុន​កាន់​តែ​ច្រើន​មក​ប្រទេស​កម្ពុជា​។វា​គឺ​ជា​រឿង​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ​”។

CJCC ក៏​បាន​បើក​សាលា​បង្រៀន​ភាសា​ជប៉ុន​ដោយ​មាន​សិស្ស​ប្រហែល​៥០០​នាក់​សិក្សា​ជា​រៀង​រាល់​ឆ្នាំ​រួម​ទាំង​កញ្ញា ភីរម្យ​ កន្និកា អាយុ​២០​ឆ្នាំ​ដែល​ជា​អ្នក​រាំ​នៅ​ក្នុងពិធី​បើក​មហោ​ស្រព​យប់​នេះ​ផង​ដែរ​។

កញ្ញា​ កន្និកា​ បាន​និយាយ​ថា​ “ការសិក្សា​ភាសា​ជប៉ុន​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​។ ខ្ញុំ​ស្រឡាញ់​វប្បធម៌​នេះ​”។ ទោះ​បី​ជា​វប្បធម៌​ជប៉ុន​និង​វប្បធម៌ខ្មែរ​ខុស​គ្នា​ក៏​ដោយ​ ក៏​លោក កឹម​ អឿន បាន​លើក​​​ឡើង​ថា​ លោក​ជឿជាក់​ថា ពលរដ្ឋ​ខ្មែរ​អាច​បត់​បែន​ដោយ​ចេះ​ចាប់យក​ចំណុច​ល្អ​ៗ​ពី​វប្បធម៌ដទៃ​។ លោក​​បញ្ជាក់​ថា ព្រឹត្តិការណ៍​ខ្លះ​នៅ​ក្នុង​មហោ​ស្រព​នេះ​មានដូច​ជា​ សិល្បៈ​​សម្តែង​ក្បាច់​គុន និង​សិក្ខាសាលា​ស្តី​អំពី​បាល់​ទាត់​សម្រាប់​អ្នក​ចាប់​ផ្តើមលេង​បាល់​ទាត់​​ដំបូង ​គឺ​មាន​ទាំង​កម្ពុជា​និង​ជប៉ុន​។

លោក​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​​​សម័យ​សង្គ្រាម​លោក​លើក​ទី​​២​ ប្រទេស​ជប៉ុន​​ត្រូវ​បាន​កម្ទេច​ឲ្យ​ក្លាយ​ជា​ផេះ​ ប៉ុន្តែ​ឥឡូវ​បាន​​ក្លាយ​ជា​មហា​អំណាច​សេដ្ឋ​កិច្ច​​។ អ្នក​ខ្លះ​គិត​ថា​​​ កម្ពុជា​និង​ជប៉ុ​ន​មាន​ភាព​ស្រដៀង​​​​គ្នា​ពោល​គឺ​ចាប់​ផ្តើម​ពី​ចំណុ​ច​សូន្យ​ដូច​គ្នា​។ ហេតុ​ដូច្នេះ​​ហើយទើប​ប្រទេស​ជប៉ុន​អាច​យល់​ច្បាស់​ពី​ស្ថាន​ភាព​​ប្រទេស​កម្ពុជា​”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស