កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះរឿងក្តីអតីតមន្ត្រីនគរបាលម្នាក់ដែលជាប់ចោទពីបទបាញ់ស្ត្រីអ្នកបើកបរយានយន្តម្នាក់ចំជើង បន្ទាប់ពីស្ត្រីរូបនេះបានជិះប៉ះគ្នាជាមួយប្រពន្ធមន្ត្រីនគរបាលរូបនេះ។
លោក លុយ វុទ្ធី អាយុ៣៥ឆ្នាំជាអតីតមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈឆ្នាំមុន។
អ្នកស្រី អេង លីហ៊ាង អាយុ៣១ឆ្នាំជាប្រពន្ធរបស់គាត់ត្រូវបានចោទប្រកាន់ពីបទសមគំនិត។ លោក សឿ វ៉ានី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា “ ករណីនេះបានកើតឡើងបន្ទាប់ពីស្ត្រីជាប្រពន្ធបុរសរូបនេះមានគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវក្នុងខណ្ឌចំការមន ហើយបានទូរស័ព្ទទៅប្តីរបស់ខ្លួនឲ្យមកចរចា។ ប៉ុន្តែ បុរសរូបនោះបានបាញ់ជនរងគ្រោះពីរគ្រាប់ ហើយមួយគ្រាប់ត្រូវចំជើង”។
នៅក្នុងតុលាការកាលពីម្សិលមិញ លោក វុទ្ធី បានអះអាងថា លោកគ្មានកំហុសទេ ដោយ និយាយថា លោកមិនមានបំណងបាញ់ជនរងគ្រោះឈ្មោះ ហម ចន្ទ្រា ទេ នៅពេលលោក បាញ់កំាភ្លើងរបស់លោកនោះ។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានបាញ់បីគ្រាប់មែន ប៉ុន្តែ ខ្ញុំមិនដឹងថា គ្រាប់កាំភ្លើងត្រូវជនរងគ្រោះចំជើងទេ”។
លោកក៏បានស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់ចំពោះប្រពន្ធរបស់លោកដោយលោកលើកឡើងថា ប្រពន្ធរបស់លោកមិនបាននៅទីនោះទេ នៅពេលមានការបាញ់នោះ។ លោកបាននិយាយថា “ខ្ញុំស្នើឲ្យតុលាការរកយុត្តិធម៌ឲ្យខ្ញុំ”។ លោកចៅក្រម សួស សំអាត បានមានប្រសាសន៍ថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី៥ខែមីនា៕សារុន