30.1 C
Phnom Penh

ស្ថានទូត​វៀតណាម​លើក​ឡើង​ថា​ខ្លួន​កំពុង​តាមដាន​យ៉ា​ង​យក​ចិត្ត​ទុកដាក់​ចំពោះ​ករណី​ព្រួត​វាយ​សម្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ស្ថាន​ទូត​វៀត​ណាម​បាន​​​លើក​​ឡើង​ថា ខ្លួន​កំពុង​តែ​តាម​ដាន​យ៉ាង​យក​​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ស៊ើប​អង្កេត​លើ​ករណី​ព្រួត​វាយ​សម្លាប់​បុរស​​ជន​ជាតិ​វៀតណាម​ម្នាក់ឈ្មោះ​​ ង្វៀន វ៉ាន់​ជៀន កាល​ពី​ថ្ងៃ​សៅរ៍​ ហើយ​ឥឡូវ​នេះ​តំណាង​ស្ថានទូត​កំពុង​តែ​  ជួប​​ពិភាក្សា​​ជាមួយ​នគរ​បាល​កម្ពុជា​ដើម្បី​ឃ្លាំ​មើល​ការ​វិវឌ្ឍនៅ​ក្នុង​ការ​កំណត់​អត្ត សញ្ញាណ​ឃាតករ​។

លោក​ ត្រាន​ វ៉ាន់​ថុង​ អ្នកនាំ​ពាក្យ​ស្ថាន​ទូត​​​​វៀតណាម​បាន​មាន​ប្រសាសន៍​ថា​ “យើង​កំពុង​តែ​ជួប​ជាមួយ​មនុស្ស​នៅ​ក្នុ​ង​សហ​គមន៍​ដើម្បី​ស្វែង​រក​ឲ្យ​ឃើញ​មូលហេតុ​ពិត​។ ហើយ​ ​យើង​ក៏​កំពុង​ជួប​ពិភាក្សា​​ជាមួយ​នគរ​បាល​កម្ពុជា​ដែល​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​ផង​ដែរ​”។

បុរស​ជន​ជាតិ​វៀត​ណាម​ ង្វៀន​ វ៉ាន់​ជៀន​ ហៅ​ ង៉ុក​ ត្រូវ​​មនុស្ស​ពោ​រពេញ​ដោយ​កំហឹង​មួយ​ក្រុម​ព្រួត​វាយ​សម្លាប់​ បន្ទាប់​ពី​មាន​គ្រោះ ​ថ្នាក់​ចរាចរណ៍​តូច​តាច​មួយ​​ នៅ​ក្នុង​ខណ្ឌមាន​ជ័យ​រាជធានី​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​សៅរ៍។ ការ​ព្រួត​វាយ​នេះត្រូវ​បាន​គេ​ជឿ​ជាក់​ថា បាន​​កើត​ឡើង​នៅ​ពេល​បុរស​ម្នាក់​ដែល​​ឈរ​ក្បែរ​ជម្លោះ​រវាង​ជន​ជាតិ​វៀត​ណាម​​​​​មួយ​ក្រុម​ដែល​បាន​នាំ​គ្នា​មក​ជួយ​អន្តរាគមន៍​នៅ​ក្នុង​គ្រោះ​ថ្នាក់ចរាចរណ៍​ និង​ជន​ជាតិ​ខ្មែរ​មួយ​ក្រុម​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​បាន​ស្រែក​ថា “យួន​វ៉ៃខ្មែរ​” ។

លោក​ វ៉ាន់​ថុង​ ឲ្យ​ដឹង​ថា ស្ថាន​ទូត​វៀត​ណាម​ថ្កោ​ល​ទោស​ចំពោះ​ការ​រើស​អើង​ពូជ​សាសន៍​និង​ការ​ប្រើ​អំពើ​ហិង្សា​ ហើយ​ទាម​ទារ​ឲ្យ​ការ​ស៊ើប​អង្កេត​ហ្មត់​ចត់​មួយ​ ដើម្បី​ស្វែង​រក​ជន​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់ជន​រង​គ្រោះ​ឈ្មោះ ង្វៀន​ វ៉ាន់​ជៀន នេះ​​។ សាក្សី​បាន​ឲ្យ​ដឹងថា​ ក្រុម​មនុស្ស​ដែល​​នាំ​គ្នា​ព្រួត​វាយ​ជន​រង​គ្រោះ​មាន​គ្នា​ប្រហែល​២០នាក់​។

លោក វ៉ាន់ថុង​ បាន​មានប្រសាសន៍​ថា  “ មិន​អាច​បណ្តោយ​ឲ្យ​អំពើ​ហិង្សា​បែប​នេះកើត​ឡើង​ម្តង​ទៀត​ឡើយ​​។ នគរបាល​កម្ពុជា​ត្រូវ​តែ​ស្វែង​រក​ជន​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​នេះ​”។

កាល​ពី​ម្សិល​មិញ​ គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​បាន​លើក​ឡើង​​ថា​ គួរ​តែ​បន្ទោស​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​ការ​ស្លាប់នេះ​ ព្រោះ​ជា​ញឹក​ញាប់​​​គណ​បក្ស​នេះ​តែង​​​​​តែ​ប្រើ​វោហាសាសន៍​ប្រឆាំង​វៀត​ណាម​​។ នៅ​ពេល​សាក​​សួរ​កាល​ពី​ម្សិលមិញ​ថា​ តើ​គួរ​តែ​មាន​ភាគី​ទី​៣ណាមួយ​ត្រូវ​ស្តី​បន្ទោស​ចំពោះ​ការ​ស្លាប់​នេះ​ដែរ​ឬ​ទេ លោក​​ វ៉ាន់​ថុង​ បាន​ឆ្លើយ​តាម​លក្ខណៈ​ការទូត​។

លោក​បាន​មាន​ប្រសាសន៍​ថា “មាន​ក្រុម​ជ្រុល​និយម​មួយ​ក្រុម ​ហើយ​ពលរដ្ឋ​ខ្មែរ​ដឹង​ហើយ​ថា​ក្រុម​នោះ​គឺ​ជា​នរណា​។ ខ្ញុំ​មិន​ចាំ​បាច់​និយាយ​ឲ្យ​ចំឈ្មោះ​ក្រុម​នយោបាយ​ទាំង​នោះ​ឡើយ​”។ លោក វ៉ុន​ ចាន់​វុត្ថា ​អាយុ​៥០​ឆ្នាំ​ដែល​គេ​​និយាយថា ​ជា​អ្នក​ញុះ​ញង់​​ឲ្យ​​មាន​ការ​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​លើ​ជន​រង​គ្រោះ​ជន​ជាតិ​វៀត​ណាម​ ង្វៀន​ វ៉ាន់​ជៀន​ ដែល​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ គឺ​ជា​បុរស​តែ​ម្នាក់គត់​ដែល​ត្រូវ​ចោទ​ប្រកាន់​ចំពោះ​ហេតុការណ៍​នេះ​ ហើយ​ត្រូវ​បាន​​​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ហើយ​។

លោក​ គង់​ សាម៉ន​ នាយ​នគរបាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​មាន​ជ័យ​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញថា ឥឡូវ​នេះមាន​សាក្សី​ចំនួន​ប្រាំ​នាក់​ហើយ​ដែល​ឃើញ​ហេតុ​ការ​ណ៍​ព្រួត​វា​យ​សម្លាប់​នេះ​ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​បន្ថែម​ឡើយ​៕ ស៊ុយ​ឈាង
(រាយការណ៍បន្ថែម​ដោយ អ៊ាង​ ម៉េងឡេង)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស