33 C
Phnom Penh

ច្បាប់​យុត្តិធម៌​អនីតិជន​កំពុង​មាន​វឌ្ឍនភាព​ឆ្ពោះ​ទៅ​រក​ដំណាក់​កាលអនុម័ត​សម្រាប់​ប្រកាស​ឲ្យអនុវត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​សង្គម​កិច្ច​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មន្ត្រី​មក​ពី​ក្រសួង​មហាផ្ទៃ​ក្រសួងសង្គមកិច្ច​ និង​ក្រសួង​យុត្តិ​ធម៌​ បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ កាល​ពីថ្ងៃ​សុក្រសប្តាហ៍​មុន ដើម្បី​ពិភាក្សា​គ្នា​អំពី​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​ទាក់​ទង​ទៅ​នឹង​បញ្ហា​យុត្តិ​ធម៌​សម្រាប់​អនីតិ​ជន​។ គួរ​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​រៀប​ចំ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍មក​ហើយ​​  ហើយ​ច្បាប់​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា សិទ្ធិ​ជន​ល្មើស​វ័យ​ក្មេង​ទំនង​ជា​ត្រូវ​បាន​ការពារ​បាន​ប្រសើរ​ជាង​មុន​។

សេចក្តី​ព្រាង​ច្បាប់​នេះត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ការពារ​ និង​ថែរក្សា​សិទ្ធិ​កុមារ​ដែល​ល្មើស​ច្បាប់​ និង​កុមារ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ចែង​នៅ​ក្នុង​មាត្រា​នានា​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ទូទៅ​។ តាម​ទ្រឹស្តី ច្បាប់​នេះ​ក៏​ទំនង​ជា​ការ​ពារ​អនីតិជន​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ល្មើស​មជ្ឈឹម​ឲ្យ​នៅ​ក្រៅ​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បច្ចុប្បន្ន​មាន​ទណ្ឌិត​ច្រើន​ជ្រុល​ស្រាប់​។

លោក គង់ ឆន អគ្គនាយករង​អគ្គនាយក​ដ្ឋានកិច្ច​ការ​បច្ចេក​ទេស​នៃ​ក្រសួង​សង្គម​កិច្ច​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ជួប​ជុំ​គ្នា​កាលពី​ថ្ងៃ​ទី​១៤​ [ខែកុម្ភៈ] ដើម្បី​ពិភាក្សា​គ្នា​អំពី​មតិ​របស់​ប្រជាជន​ ក្នុង​ពេល​ដែល​ច្បាប់​នេះ​នៅ​ជាមួយ​យើង​នៅ​ឡើយ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “យោង​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ កុមារ​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ទ្រង់​ទ្រាយ​តូច​ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ ក្រោម​លក្ខខណ្ឌ​កំណត់​ដោយ​តុលាការ​ ហើយ​អ្នក​ឃ្លាំមើល​ ​នឹង​ត្រូវ​បាន​ចាត់​តាំង​ដោយ​តុលាការ​ ដើម្បី​តាម​ដាន​ឥរិយាបថ​របស់​កុមារ​នោះ​” ។

អា​យុ​​​ដែល​តម្រូវ​ឲ្យ​មានការ​​​ទទួល​​​ខុស​​​ត្រូ​វ​​​​ចំ​ពោះ​​បទ​​ល្មើស​​នៅ​​ក្នុ​ងប្រទេ​ស​​កម្ពុជា​ ​គឺ​​​១៤ឆ្នាំ ក៏ប៉ុន្តែ ប្រសិនបើ​​​គ្មាន​​​ច្បាប់​យុត្តិធម៌​​អ​នី​តិ​ជ​ន​ ​និងទណ្ឌិតអនីតិជនដាច់ដោយ ឡែកទេ ជា​​​រឿយៗជនល្មើសវ័យក្មេង​​​ត្រូ​វ​បាន​​​​​​​​​​ដាក់​​ក្នុ​​ង​ពន្ធ​នា​​គារ​​​​ជាមួយ​នី​​​តិ​​ជ​ន​។ យោងតាម​​អ​ង្គកា​រ​​សិទ្ធ​ិ​មនុស្ស​​លីកា​​ដូ​ ​​ដែលធ្វើ​ប្រតិបត្តិការផ្នែក​​​ពិ​និត​្យតា​ម​​​​ដាន​​​​​ពន្ធ​​នា​គារ​​ចំ​នួ​ន​១៨​​ក្នុ​ង​​ចំ​ណោម​​​ពន្ធនា​គារ​​​ក្នុ​ង​​​​​ប្រទេ​ស​​កម្ពុជា ​​​បា​ន​ឲ្យ​ដឹង​ថា​ ​​មា​ន​អ​នី​​តិ​ជ​នច​ំ​នួន​​២៧៦​​នាក់​​បច្ចុ​ប្បន្ន​​​​កំពុងជាប់​​​ពន្ធ​នា​គារ​​​នៅ​​ទូ​ទាំង​ប្រទេ​ស ​ហើយ​ចំ​ណោម​​ពួកគេ មាន១៧នាក់​​​​​ជា​ក្មេង​ស្រី​។

​លោក ឆន ​​បា​ន​មានប្រសាសន៍បន្ត​ទៀត​ថា “យើ​ង​មិ​ន​​ចង់​ដាក់​​​កុមារក្នុងពន្ធ​​នា​គារ​ទេ។ ​​ការ​​​​ដាក់​​កុមា​រ​​ក្នុ​ង​ពន្ធ​នាគា​រ​​​ធ្វើឡើង​តែ​ក្នុង​​​​ជម្រើស​​​ចុងក្រោយប៉ុ ណ្ណោះ”។

​​ក្នុ​​ង​ខែ​​សី​ហា​ ឆ្នាំ​​២០១៣ ​​សាលា​​ឧទ្ធរណ៍បា​ន​​ចេញ​​​​គោល​​កា​រ​​ណ៍​​ណែ​នាំ​​​ថ្មី​​​អំពី​​​របៀប​របបដែល​ព្រះ ​​រាជ​អា​​​ជ្ញា​​​ត្រូវ​អនុវត្តតាម​ក្នុង​ការ​កាន់​សំ​​​ណុំ​​​រឿង​​​​​របស់​អ​នី​​​តិ​ជន​​ដោយ​​​​ផ្តោត​លើ​​​កា​រ​​​​​ដាក់​​ទោសផ្សេងពី​​កា​រ​ដាក់ពន្ធ​នា​​គារ​​​នៅក្នុ​ងចំណោមនី​តិ​ជ​ន។

លោក ​អ៊ីត ​រ៉ា​​​ឌី ​​រដ្ឋ​​លេខាធិ​ការ​​​នៅ​ក្រសួ​ង​​យុត្តិ​ធម៌ ​​បាន​លើក​ឡើង​ថា​ ​​ច្បាប់​​នេះ​ទំ​នង​​​ជា​ត្រូ​វ​​​​បញ្ជូ​ន​​​ទៅ​ទី​ស្តី​ការ​​គ​ណៈ​រដ្ឋមន្ត្រី​ក្នុ​ង​ពេល​​ប្រាំ​មួយ​​ខែ​​​ខាង​មុខ។ លោក​​បា​ន​មា​ន​​ប្រ​សាសន៍ថា​ “យើង​​នៅ​តែ​​​គិត​​​អំពី​​​ទី​កន្លែង​​​​ដាក់​អ​​នី​តិ​ជ​ន​ ព្រោះ​​​យើង​​មិន​​ចង់​​​ដាក់​​​កុមារ​​​ក្នុ​ង​ពន្ធ​នា​​គារ​​ ដូ​ច​​នី​តិ​​​ជន​ទេ​។ ​​យើង​កំ​​​ពុ​ង​​ពិ​​ចារណា​​​ថា​​​​តើ​យើង​​​គួ​រ​តែបង្កើត​​ទី​កន្លែ​ង​​​ថ្មី​មួ​យ​ដើម្បី​​​​ដាក់​​​កុ​មា​រ​​​ឬ​​យ៉ាង​ណា”។

លោក សុខ សំ​​អឿន ​​នា​​​យក​ប្រ​តិ​បត្តិ​​​ក្រុម​អ្នក​ច្បាប់ការពារ​សិទ្ធិកម្ពុជា​​ ​​បា​ន​និ​ង​កំ​ពុង​​​អំវ​នា​វ​​​ឲ្យ​មា​ន​កា​រ​​​បង្កើត​ប្រព័​ន្ធ​​អ​នី​​តិ​​ជ​នដ៏​ច្បាស់លាស់មួយ។​ អ្នក​ជំនាញ​ផ្នែក​ច្បាប់​រូប​នេះ ​បាន​លើក​ឡើង​ថា ខណៈ​ដែល​គុណ​​ភាព​នៃ​សេចក្តី​ព្រាង​ច្បាប់​គឺ​ជា​ក្តី​កង្វល់​មួយ​ “គួរ​តែ​មាន​ច្បាប់​ប្រសើរ​ជាង​ឥតច្បាប់​”៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស