32.9 C
Phnom Penh

នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បន្ថែម​ មេ​បញ្ជាការ​កង​កម្លាំ​ង​ប្រដាប់​អាវុធ​​ឲ្យ​ដោះ​ស្រាយ​បាតុកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃ​ពុធ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​តែង​តាំង​អគ្គស្នង​ការ​នគរបាល​ជាតិ​ មេបញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​​ប្រទេស​ និងមេ​បញ្ជាការ​យោធា​ឲ្យ​ធ្វើ​ជា​សមាជិក​​គណៈ​កម្មាធិការ​ដោះស្រាយ​​កូដកម្ម និង​បាតុកម្ម​គ្រប់​​រូប​ភាព​ទាំង​អស់​។

សេចក្តី​សម្រេច​​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​តែ​មួយ​ដែល​ទេស​រដ្ឋមន្ត្រី​​បាន​ជួប​ជាមួយ​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​ H&M ក្រុមហ៊ុន Gap និង​ក្រុមហ៊ុ​ន​ Puma អំពីការ​បង្ក្រាប​​​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​លើ​កូដកម្ម​របស់​កម្មករ​កាល​​ពីខែ​មុន​នោះ នឹង​ធ្វើ​ឲ្យ​គណៈ​កម្មាធិការ​នេះ​មាន​សមាជិក​រហូតដល់​៤៩​នាក់​។

ក្នុង​ចំណោម​សមាជិក​ថ្មី​​នៅក្នុង​គណៈ​កម្មា​ធិការ​ដោះស្រាយ​​បាតុកម្ម​នេះ ដែល​ពី​មុន​មាន​តែ​តំណាង​​មន្ត្រី​យោធា​ថ្នាក់​​ក្រោម​នោះ​​ គឺ​មាន​លោក​ ប៉ុល​ សារឿន អគ្គ​មេបញ្ជាការ​​កង​យោធពល​ខេមរ​ភូមិន្ទ លោក សៅ សុខា មេបញ្ ការ​​កងរាជ​អាវុធ​ហត្ថ​លើ​​​ផ្ទៃ​ប្រទេសនិង​លោក នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​​ជាតិ​។

លោក​ ហ៊ុន​ ម៉ាណែត ដែល​ជា​កូន​ប្រុស​របស់​លោក​ ហ៊ុន សែន និង​ជា​ប្រធាន​នាយក​ដ្ឋា​ន​ប្រឆាំង​ភេរវកម្ម​នៃក្រសួ​ងការ​ពារ​ជាតិ​ លោក អែល វ៉ាន់សារ៉ាត់​ រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​លោក ហីុង​ ប៊ុន​ហៀង ដែល​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេម​រភូមិន​្ទ និង​ជា​មេបញ្ជាការ​អង្គភាព​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពេល​នេះក៏ជា​សមាជិក​គណៈកម្មា​ធិ​ការ​នេះដែរ​។

ឧត្តម​សេនីយ​៍​ ប៉ុល សារឿន អគ្គ​មេ​បញ្ជា​ការ​កង​យោធពល​ខេមរភូមិន្ទ​បាន​បដិ​សេធ​មិន​ធ្វើ​កា​រ​អត្ថាធិប្បាយ​អំពី​តួនាទី​របស់​លោក​នៅក្នុង​គណៈ​កម្មា​ធិការ​នេះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​មុន​ពេល​ដាក់​ទូរស័ព្ទ​ចុះថា “ខ្ញុំ​បាន​ប្រាប់​លោក​ឲ្យ​ទៅ​មើល​​​បញ្ជី​ឈ្មោះ​ថ្មី​។ ហេតុ​អ្វី​បាន​ជា​លោក​នៅតែ​សួរ​ខ្ញុំ​ទៀត​?”។

ឧត្តម​សេនីយ៍ ហីុង​ ប៊ុនហៀង មេបញ្ជា​ការ​អង្គភាព​កង​អង្គរក្ស​ផ្ទាល់​ខ្លួន​របស់​លោក​ ហ៊ុន សែន ​ក៏បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​ដែរ​​។

ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជា​​ការ​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស​មាន​ប្រសាសន៍​ ថា លោកមិន​ដឹង​ច្បាស់​ថា​លោក​មាន​តួនាទី​ថ្មី​ជា​អ្វី​នៅក្នុង​​គណៈ​កម្មា​ធិការ​នេះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​មិន​ទាន់​ទទួល​បាន​លិខិត​តែងតាំង​នៅឡើយ​ទេ​ ដូច្នេះ​ខ្ញុំមិនដឹង​ថា លិខិត​នោះ​និយាយ​អំពី​អ្វី​ឡើយ​។ ខ្ញុំ​អាច​និយាយ​បាន​បន្ទាប់​ពីខ្ញុំ​បាន​ឃើញ​លិខិត​នោះ​”។

កង​រាជអាវុធ​ហត្ថ​ប្រដាប់​ដោយ​កាំភ្លើង​ អាកា-៤៧​ត្រូវបាន​ដាក់​ឲ្យ​បង្ក្រាបការ​តវ៉ា​​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​ធ្វើ​កូដ​​កម្មកាល​ពីថ្ងៃទី​៣​ ខែ​មករា​។ កង​កម្លាំង​ទាំង​នោះបាន​បាញ់​សម្លាប់​កម្មករ​ប្រាំនាក់ និង​​បាញ់​​ឲ្យរង​របួស​ជាង​៤០នាក់ទៀត​ ​ដោយ​បាន​​ធ្វើ​ឲ្យ​កម្មករ​​​ចូល​ធ្វើ​ការ​វិញ​។

មួយ​ថ្ងៃ​មុន​នោះ ​ទាហាន​មក​ពី​អង្គភាព​ឆត្រ​យោង​បាន​បង្ក្រាប​ការតវា៉​របស់​កម្មករ​ធ្វើ​កូដ​កម្ម​នៅកន្លែង​ផ្សេង​ទៀត​នៅក្នុង​ទី​ក្រុង​ភ្នំពេញ​។

លោក អ៊ុំ មាន រដ្ឋ​លេខាធិការ​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ដែល​នៅ​​​កាន់​​​តំណែង​​របស់​លោក​ដដែល​នៅក្នុង​​គណៈ​កម្មា​ធិការ​​នេះ​បាន​មាន​ប្រសាសន៍ថា ការ​ផ្លាស់ប្តូរ​របស់​លោក​ ហ៊ុន សែន​ មិន​មែន​ជា​រឿង​កង្វល់​នោះ​ទេ​។

លោក អ៊ុំ មាន​បាន​មាន​ប្រសាសន៍ថា “គណៈ​កម្មា​ធិការ​​នេះ​មាន​តួនាទី​អនុវត្ត​ការ​ងារ​ឲ្យមាន​ប្រសិទ្ធភាព​ដើម្បីែក​លម្អ​​សង្គម​​ជាតិ​យើង​ឲ្យ​​បាន​ត្រឹម​ត្រូវ​”។ លោក​មាន​ប្រសាសន៍​ទៀត​ថា “ យើង​​មិន​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​អ្នក​តវ៉ា​​ទេ ថ្វីបើ​រដ្ឋាភិបាល​ដាក់​បញ្ចូល​នគរបាល​ និង​កង​រាជអាវុធ​ហត្ថ​នៅ​ក្នុង​​គណៈ​កម្មា​ធិការ​​នេះ​ក៏​ដោយ​​ ប៉ុន្តែ យើង​នឹង​ខិតខំប្រឹង​ប្រែង​ឲ្យ​បាន​ខ្លាំង​ក្លា​ដើម្បី​ទប់​ស្កាត់​រឿង​នេះ​ កុំ​ឲ្យ​កូដកម្ម​ក្លាយ​​​ទៅ​ជា​អំពើ​ហិង្សា​”។

លោក​ ប៉ា សុជាតិ​វង្ស​ អភិបាល​រាជ​ធានី​ភ្នំពេញដែលជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​សមាជិក​សីុវិល​ថ្មីនៅក្នុង​​គណៈ​កម្មា​ធិការ​​នេះ​រួម​ជាមួយនឹង​លោក ស្វាយ​ សីុថា រដ្ឋលេខា​ធិការ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និងលោក ព្រុំ​ សុខា  រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​មាន​​ប្រសាសន៍ថា គោល​បំណង​ថែរក្សា​សណ្តាប់​ធ្នាប់​បាន​ជំរុញ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​នេះ។

លោក ប៉ា សុជាតិវង្ស បានមាន​ប្រសាសន៍​ ថា “ រដ្ឋាភិបាល​រុះរើ​ និង​ដាក់​បញ្ចូល​សមា​ជិក​ថ្មី​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ពេល​មាន​កូដកម្ម និង​បាតុកម្ម​ ហើយ​​យើង​ក៏​រក្សា​សន្តិសុខ​ផង​ដែរ​”។ លោក ជួន មុំថុល ដែល​ជាសមាជិក​​គណៈ​​​កម្មា​ធិការ​​នេះ​ និង​ជា​ប្រធាន​សហ​ព័ន្ធ​សហជីពកម្ពុជា​ដែល​​មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បានស្វាគមន៍​សមា​ជិកថ្មី​នៃ​​គណៈ​កម្មា​ធិការ​​នេះ​។

លោក​ ជួន​ មុំថុល បានមាន​ប្រសាសន៍ថា “ រដ្ឋាភិបាល​ដោះ​ដូរសមាជិក​​ និង​បង្កើត​​​គណៈ​កម្មា​ធិការ​​ថ្មី​នេះ​ ពីព្រោះ​រដ្ឋាភិបាល​​ចង់​ពង្រឹង​ការងារ​របស់​ខ្លួន​ និង​ចាត់​វិធាន​ការ​​​ចំពោះ​អ្នក​តវ៉ា​”។ “យើង​ត្រូវ​តែ​អនុវត្ត​ច្បាប់​​ឲ្យ​បាន​តឹង​រឹុង​ ចំពោះកូដកម្ម និង​បាតុកម្ម​ខុស​ច្បាប់​​ ហើយ​យើង​នឹង​នាំ​អ្នក​ញុះ​ញង់​​ឡើង​តុលាការ​ឲ្យ​ទទួល​ខុស​ត្រូវ​​ចំពោះ​មុខ​​ច្បាប់​ ប្រសិន​បើ​ពួក​គេ​ដឹក​នាំកូដកម្ម​ និង​បាតុកម្ម​​ខុសច្បាប​់​”។

លោក កែន លូ អគ្គ​លេខាធិការ​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​​ក៏​បានមាន​ប្រសាសន៍​ ផង​ដែរ​ថា ទង្វើ​នេះ​គឺ​ជា​សញ្ញា​វិជ្ជ​មាន​ពី​រដ្ឋា​ភិបាល​។ លោក​​មាន​ប្រសាសន៍​ថា “ វា​គឺជា​សញ្ញាល្អមួយដែល​​មាន​មេ​បញ្ជា​ការ​កង​កម្លាំង​ប្រដាប់​អាវុធ​ផ្សេង​ៗ​ជាសមា​ជិក​ផ្ទាល់​នៃ​​គណៈ​កម្មា​ធិការ​​​នេះ​។​

ក្រសួ​ងការ​ងារ​មាន​យុត្តាធិការ​តែ​លើ​ច្បាប់​ការងារ​តែ​ប៉ុណ្ណោះ​។ នគរបាល​ និង​កង​​កម្លាំង​ប្រដាប់​អាវុធ​​ផ្សេងទៀត​ទទួល​ខុស​ត្រូវ​ចំពោះការ​រក្សា​សណ្តាប់ធ្នាប់​សាធារណ​ៈ​ ហើយ​នៅ​ពេល​ដែល​កូដកម្ម​ផ្ទុះចេញ​​ក្រៅ​រោង​ចក្រ​មក​លើ​ទី​សាធារណៈ​​ យើង​ត្រូវ​ការ​​ពួក​គេ​​ឲ្យ​អនុវត្ត​​ច្បាប់​ និង​សណ្តាប់​ធ្នាប់​”។

អ្នក​តវ៉ា​២១នាក់​កំពុង​ជាប់​ពន្ធនាគារ​ដែលមាន​សន្តិសុខ​តឹង​រឹុង​នៅក្នុងខេត្ត​កំពង់​ចាម​បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​កង​រាជ​អាវុធ​​ហត្ថ​ និង​ទាហាន​វាយ​ដំ​ និងចាប់ខ្លួន​ពេល​ចូល​រួម​ធ្វើ​កូដកម្ម​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​កាល​ពីខែ​មុន។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យកម្មករ​កាត់ដេរ​កម្ពុជា​ដែល​បាន​ចូល​រួម​នៅក្នុងការ​​ដឹកនាំធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​កាល​ពីខែមុន​ និង​បាន​អំពាវ​នាវ​ធ្វើ​​កូដកម្មម្តង​ទៀត​​នៅខែ​ក្រោយ​​នេះ បាន​​មាន​ប្រសាសន៍ ថា  ទង្វើ​នេះគឺជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​​បំភិត​បំភ័យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​។

លោក​បានមាន​ប្រសាសន៍ថា “នេះគឺ​ជា​វិធាន​ការ​ថ្មីរបស់​រដ្ឋាភិបាល​ដើម្បីបំបាក់​ស្មា​រ​តី​​កម្មករ​។ ​គណៈ​កម្មា​ធិការ​នេះ​ គឺ​ជា​ឧបសគ្គ​ដ៏​ធំ​របស់​កម្មករ​ ពីព្រោះ​ឥទ្ធិពល​របស់​កង​កម្លាំង​ប្រដាប់អាវុធ​នឹង​ធ្វើ​​ឲ្យ​ពួក​គេ​មិន​ហ៊ាន​​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ខែ”។

សហជីព​កម្មករ​បាន​ច្រាន​ចោល​សេចក្តី​សម្រេច​មួយ​កាល​ពី​ចុង​ឆ្នាំ​មុន​ក្នុងការ​ដំឡើង​ប្រាក់ខែ​គោល​​របស់​កម្មករ​ពី​៨០ដុល្លារ​ដល់​៩៥​ដុល្លារ​ ហើយ​ក្រោយ​មក​ដំឡើង​ដល់​​១០០ដុល្លារ​ ដោយ​បាន​​ចេញ​តវ៉ា​នៅ​តាម​ផ្លូវ​ទាម​ទារ​ប្រាក់ខែ​គោល​១៦០​ដុល្លារ​។

ការ​តវ៉ា​នេះស្រប​ពេល​នឹង​ការធ្វើ​​បាតុ​កម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​ទី​ក្រុង​ភ្នំពេញ ដែល​មាន​មនុស្ស​រាប់​មឺុ​ននាក់​ហែ​ក្បួន​តាម​ផ្លូវ​មុនពេល​រដ្ឋាភិបាល​បង្ក្រាប​​អ្នក​ប្រឆាំ​ងទាំង​នោះ​ និង​បាន​ដាក់​បម្រាម​មិន​ឲ្យ​ជួប​ជុំគ្នា​ជាសាធារណៈ​៕​ គឹមហឿន

(រាយការណ៍​បន្ថែមដោយ​ Alex Willemyns)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស