38 C
Phnom Penh

សារព័ត៌មាន​ពាណិជ្ជកម្ម​​៖ ក្រុមហ៊ុន​ណាហ្គាខបគ្រោង​នឹងទិញ​យន្ត​ហោះ​​សម្រាប់ទាក់ទាញ​​អតិថិជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាសែត​ម៉ាកាវ​ ប៊ីស៊ីណេស​ ដេលី បាន​រាយការណ៍​កាលពីម្សិលមិញ​ថា ក្រុម​ហ៊ុន​ណា​ហ្គាខបជា​ក្រុម​ហ៊ុន​ធំបំផុត​នៅ​ក្នុង​ប្រទេស​ដែល​​មាន​កន្លែង​ និង​ឧប ករណ៍​លេង​ល្បែង​ គ្រោង​នឹង​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​នៅ​លើ​ទីផ្សារភ្នាល់ល្បែង​ តាមរយៈ​ការ​ប្រើប្រាស់​​យន្តហោះសម្រាប់​​ដឹក​ជញ្ជូន​អ្នក​លេង​ល្បែង​ត្រង់ពីទីក្រុង​ម៉ាកាវ និង​ប្រទេស​​ចិន​ មក​កាន់​រាជ​ធានីភ្នំ​ពេញ​។

​ផែន​ការ​អាជីវកម្ម​នេះ​បង្ហាញថា ក្រុម​ហ៊ុន​ណាហ្គាខប ​សហការ​ជា​មួយ​​​ទីភ្នាក់​ងារ​ទេស​ចរ​ណ៍​នៅទីក្រុង​ម៉ាកាវ ប្រទេស​ចិន និង​ប្រទេស​​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ី​អា​គ្នេយ៍ ដើម្បី ផ្តល់នូវ​កិច្ច​ព្រម​ព្រៀងជា​កញ្ចប់​​ដែល​នឹង​បញ្ជូន​អ្នក​លេង​ល្បែង​មក​កាន់​តំបន់​នានា​ ​ដូច​ជា​ អង្គរ​វត្ត​ ព្រម​ទាំង​កាស៊ីណូ​របស់​ខ្លួន​នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ។

លោក ធីម៉ូស៊ី ម៉ាក​ណាលី (Timothy McNally) ប្រធាន​ក្រុម​ហ៊ុន​​​ណាហ្គាខប ​ត្រូវ​បាន​ដក​ស្រង់សម្ដី​ដែល​លើកឡើង​ថា “យុទ្ធ​សាស្ត្រ​មួយ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​របស់​យើង​ គឺ​នឹង​បង្កើន​ទំនាក​់ទំនង​របស់​យើង​ជា​មួយ​នឹង​ប្រតិបត្តិករ​​ មិ​ន​ត្រឹមតែ​នៅ​ម៉ាកាវ​ប៉ុណ្ណោះ​ទេ ក៏ប៉ុ ន្តែ​ថែមទាំង​នៅ​ក្នុង​ប្រទេស​សិ​ង្ហបុរី និង​ប្រទេស​ហ្វីលីពីន​ទៀតផង​ ដើម្បី​ពង្រីក​ចំណែក​ទីផ្សារ​របស់​យើង”។ លោកបាន​​បន្ថែម​ថា “យើង​នឹង​មិន​ប្រកួត​​​ប្រជែង​ជា​មួយ​​ទីក្រុង​​ម៉ាកាវ​ទេ។ អ្វី​ដែ​ល​យើង​កំពុង​ធ្វើ គឺ​ការ​ទាក់ទាញ​ចំនួន​ទេស​ចរ​ប៉ុណ្ណោះ”។

នៅ​ក្នុងរបាយការណ៍​លទ្ធផល​ប្រចាំ​ឆ្នាំ​២០១៣​របស់​ខ្លួន​ដែល​ត្រូវ​បានបង្ហាញ​នៅ​ផ្សារ​ភាគ​ហ៊ុន​ហុង​កុង ក្រុម​ហ៊ុន​ណាហ្គាខប​លើក​ឡើង​​អំពី​គោល​បំណង​របស់​ខ្លួន​ក្នុង​ការ​ទាក់​ទាញ​អតិថិជន​ពី​ទីផ្សារ​ល្បែង​ស៊ីសង​ដ៏ធំនៅ​ម៉ាកាវ​ ​ជា​ប្រជា​ជាតិ​ដ៏តូច​មួយ​ដែល​មាន​កាស៊ីណូ​យ៉ាង​តិច​៣៣​កន្លែង​ធ្វើ​ប្រតិ​បត្តិការ​ មិនមែន​​ប្រកួត​ជាមួយ​ទីក្រុងនេះ​ទេ​។

របាយការណ៍​នេះ​មាន​ខ្លឹម​សារ​ថា “ដើម្បី​ទទួល​បានចំណែក​ទីផ្សារ​វីអាយភី​នៅ​ទីក្រុង​ម៉ា កាវ ក្រុមហ៊ុន​នេះ​មាន​គម្រោង​បង្កើត​ផ្លូវ​ហោះ​ហើរ​រវាង​ម៉ាកាវ និ​ង​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​សម្រួល​ប្រតិបត្តិករ​​ទេស​ចរដែល​មាន​មូល​ដ្ឋា​ន​នៅ​ម៉ាកាវ​ ក្នុង​ការ​ដឹក​អ្នក​លេង​ល្បែង​​​មកកាន់​កាស៊ីណូ​​ណា​ហ្គាវើល”។

ក៏ប៉ុន្តែ​ចាប់​តាំង​​ពី​មាន​ការ​ចង​ក្រង​សេចក្ដី​រាយការណ៍​នេះ​មក គម្រោង​នេះ​ក៏​​​មាន​ការ​ផ្លាស់​ប្ដូរ​ ហើយ​ក្រុម​ហ៊ុ​ន​ណាហ្គាខប​ពេល​​​នេះ​មាន​បំណង​ទិញ​យន្តហោះ​ដឹក​អ្នក​លេង​ល្បែង​ដោយ​ផ្ទាល់​ នេះ​បើ​យោង​តាម​សារ​​ព័ត៌មា​ន​ម៉ាកាវ​ប៊ីស៊ីណេស​ ដេលី ដែល​បាន​លើក​ឡើង​ថា លោក​ ម៉ាកណាលី បញ្ជាក់​ថា ក្រុ​ម​ហ៊ុន​ណាហ្គាខប​ កំពុង​តែ​ដំណើរ​ការ​ទិញ​យន្តហោះ​ថ្មី​ទៀត រួម​មាន​យន្ត​ហោះ​ប្រភេទ​ Airbus A320s ដែ​ល​មា​ន​តម្លៃ​ដល់​ទៅ​១០០​លាន​ដុល្លារ​បន្ថែ​មទៅ​នឹង​យន្ត​ហោះ​ឯកជន​ដែល​ក្រុម​ហ៊ុន​នេះ​បាន​ប្រើ​ដើម្បី​ដឹកអ្នកលេង​ល្បែង​ វីអាយភី មកកាន់​ប្រទេស​​​​កម្ពុជា​។

យន្តហោះ​ទាំង​នោះ​នឹង​​ត្រូវ​បានប្រើ​ប្រាស់​ ដើម្បី​បម្រើអ្នក​លេង​ល្បែង​មកពី​ក្រៅ​ប្រទេស​ និង​បន្ថែម​​អ្នក​លេ​ង​ល្បែង​ទៅ​ក្នុងកន្លែង​លេង​ល្បែង​វីអាយ​ភី​របស់​កា​ស៊ី​ណូនេះ​។ គួរ​បញ្ជា ក់ថា យន្តហោះ​ទាំង​នេះ​មាន​ប្រហែលជា​ត្រូវបាន​ទិញ​ក្នុង​តម្លៃ​ជា​មធ្យម​១៥០​.០០០​ដុល្លារ​។

ក្រុម​ហ៊ុន​ណាហ្គា​ខប បាន​ប្រកាសថា ខ្លួន​សម្រេច​បាន​​កំណើន​​​២៥​ភាគ​រយ​ក្នុង​ចំណូល​ល្បែង​សរុប​​ និង​ប្រាក់ចំណូល​សរុបចំនួន​១៤០,៣លានដុល្លារ​ នៅក្នុងរបាយការណ៍​​លទ្ធផល​ប្រចាំឆ្នាំ​២០១៣​របស់​ខ្លួន ​ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​ថា ​ក្រុម​ហ៊ុន​នេះ​មាន​ជំហរ​រឹង​មាំ​ក្នុង​ការ​​ចំណាយ​ពាក់​ព័ន្ធ​នឹង​ការ​ពង្រីកវិសាលភាពរបស់ខ្លួន។

ក្នុង​ខែ​ឧសភា​ឆ្នាំ​មុន ក្រុម​ហ៊ុន​ណាហ្គា​ខប​បាន​ប្រកាស​ផែន​ការ​សាង​សង់​អគារ​ណាហ្គា ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​១៥​លាន​ដុល្លារ​នៅ​ឯអាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​នឹង​មាន​​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អន្តោ​ប្រវេសន៍​ផ្ទាល់ខ្លួន​៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស