30.7 C
Phnom Penh

គណបក្ស​ប្រជាជន​កម្ពុជា​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណ​បក្ស​​ប្រជា​​ជន​​កម្ពុជានឹង​ឧបត្ថម្ភ​ថវិកា​ចំនួន​៥០០.០០០រៀល​ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នីមួយ​ៗ​របស់​ខ្លួន​នៅមុនពេល​ពួក​គេ​ទៅ​បោះឆ្នោត​ជ្រើ​សរើស​ក្រុម​ប្រឹក្សា​​រាជ​ធានី​ ខេត្ត​​ ក្រុង​ ស្រុក​ ខណ្ឌ​ នៅ​ខែ​ឧសភា​។

យោ​ងតាម​​ច្បាប់​ចម្លង​នៃ​សេចក្តីជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា​កាល​ពីថ្ងៃ​ច័ន្ទ​ ដោយ​លោក សាយ​ ឈុំ ប្រធាន​គណៈកម្មា​ធិការ​កណ្តាល​គណ​បក្ស​​ប្រជា​​ជន​​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ខេត្ត​​នឹងត្រូវជួយ​សម្រួល​ដល់​ការ​ឧបត្ថម្ភនេះ​។ សេចក្តីជូន​ដំណឹង​នេះ​ ណែ​នាំដល់​ប្រធាន​គណៈកម្មា​ធិការ​​នោះថា “កំណត់​ឲ្យ​ឧបត្ថម្ភជូន​ក្នុង​ម្នាក់​ ៥០០.០០០រៀល​ស្មើ​ៗ​គ្នា​នៅ​ទូ​ទាំង​ប្រទេស​។ ពេល​វេលា​ដែល​ត្រូវ​ឧបត្ថម្ភ​គឺត្រូវ​ជូន​ឲ្យបាន​ព្រម​ៗ​គ្នា​ទាំង​អស់​នៅពេល​​ជិត​បុណ្យ​ចូល​ឆ្នាំ​ថ្មី​”។

សេចក្តី​ជូន​ដំណឹង​នេះ​លើក​ឡើង​ថា ប្រសិន​បើ​ក្រុម​ការ​ងារ​ និង​គណបក្ស​រាជ​ធានី​ ឬ​ខេត្ត​ណា​មាន​លទ្ធ​ភាព​ គឺសូម​​ម្ចាស់​ការ​ចំណាយ​។ តែ​បើ​ក្រុម​ការងារ​ និងគណបក្ស​រាជធានី ឬ​ខេត្ត​ណាមានលទ្ធភាព​ប៉ុន្មាន​ ហើយ​ខ្វះ​ប៉ុន្មាន​ទៀត​ នោះថ្នាក់​​កណ្តាល​នឹង​ជួយ​ដោះស្រាយ។

គេ​មិនអាច​ទាក់​ទង​លោក សាយ​ ឈុំ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ ប៉ុន្តែ លោក ជាម យៀប ​សមាជិក​សភា​មក​ពីគណ​បក្ស​​ប្រជា​​ជន​​កម្ពុជា​បា​ន​មាន​ប្រសាសន៍ថា លោក​មិន​ឃើញ​ មាន​​អ្វី​ខុស​ឆ្គង​ចំពោះ​​ការ​ឧបត្ថម្ភ​លុយ​ដល់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​​គណ​បក្ស​  នេះ​​​ទាំង​៨.២៩២​នាក់​ រួម​ទាំង​មេឃុំ​ចៅ​សង្កាត់​ផង​នោះទេ​ និង​មិន​ចាត់​ទុក​ថា ​​ការ​ឧបត្ថម្ភនេះ​ជាការ​ទិញ​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​​នៅថ្ងៃទី​១៨​ខែ​ឧសភា​ខាង​មុខ​នេះទេ​។

លោក​បាន​មាន​ប្រសាសន៍​មុនពេល​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែមថា “វាមិន​មែន​ជា​រឿង​ចម្លែក​ទេ​ ពីព្រោះ​សមាជិក​គណ​បក្ស​មាន​លទ្ធភាពជួយ​ឧបត្ថម្ភថវិកា​នេះ​”។

លោក សួស ស៊ី​ផៃ មេ​​ឃុំ​តាជេស នៅ​ក្នុង​ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំ​ង​បាន​​​មាន​ប្រសាសន៍ថា លោក​ស្វាគមន៍​ការ​សម្រេច​ឧបត្ថម្ភ​ប្រាក់​ដល់​លោក​​។លោក​បាន​មាន​ប្រសាសន៍ថា នេះគឺជាលើក​ទី​១​ហើយ​ដែល​​គណ​បក្ស​​ប្រជា​​ជន​​កម្ពុជា​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​​។

លោក​បានមាន​ប្រសាសន៍ថា “ទោះ​បី​ជា​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អំពីការ​ឧបត្ថម្ភ​ថវិកានេះក៏ដោយ ក៏ខ្ញុំ​មិន​គិត​ថា វា​ជា​បញ្ហា​ដែរ​នៅពេល​ដែល​គណបក្ស​នយោ​បាយ​ជួយ​ថវិកា​ដល់​សមាជិក​របស់​ខ្លួន”។ លោក​បាន​បដិសេធ​មិន​និយាយ​ទេ​នៅ​ពេល​សួរ​ថា​ តើ​លុយ​នោះ​នឹង​មាន​​ឥទ្ធិពល​ដល់​សេចក្តី​សម្រេច​របស់​លោក​នៅពេល​ទៅ​បោះឆ្នោត​ ឬ​អត់​នោះ​។

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នឹង​បោះឆ្នោត​គាំទ្រ​គណបក្ស​របស់ខ្លួន​ ប៉ុន្តែ ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​មុនបង្ហាញ​ថា សូម្បី​តែ​សមាជិក​កាន់​កាត​សមា​ជិក​​គណ​បក្ស​​ប្រជា​​ជន​​កម្ពុជា​​​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ផ្សេង​នៅពេល​ទៅបោះឆ្នោត​នៅក្នុង​បន្ទប់​សម្ងាត់​។

លោក​ ទេព នីថា អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត​បាន​មាន​ប្រសាសន៍ថា មិន​មាន​អ្វី​​ចម្លែក​ទេ​ក្នុងការ​ចែក​អំណោយ​ និង​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​។ លោក​បានមាន​ប្រសាសន៍ថា “ តាម​ពិត​មិនមាន​ច្បាប់​ហាម​ឃាត់​គណបក្ស​នយោ​បាយ​ និង​ប្រជាពល​រដ្ឋ​ធម្មតា​មិន​ឲ្យ​ផ្តល់​លុយ​​ដល់​នរណា​ម្នាក់​នោះទេ​”។

លោក​បាន​មានប្រសាសន៍​ទៀត​ថា “មាន​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​ចែក​អំណោយ ​លុយ​កាក់​ និង​ទ្រព្យ​សម្បត្តិ​ ឬ​គំរាម​កំហែង​នរណា​ម្នាក់​ឲ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​ណាមួយ​។ បម្រាម​បែ​ប​នេះ​អនុវត្ត​តែ​អំឡុង​​ពេល​ធ្វើ​​យុទ្ធ​នាការ​ឃោសនា​បោះឆ្នោតតែ​ប៉ុណ្ណោះ​ គឺ​ចាប់​ពីថ្ងៃទី​២​ខែឧសភា ដល់​ថ្ងៃទី​១៦​ខែ​ឧសភា​។​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​នឹង​ចាប់ផ្តើម​នៅថ្ងៃ​ទី​១៤ខែ​មេសា​ឆ្នាំនេះ​។

លោក គល់​ បញ្ញា នាយក​ប្រតិបត្តិគណៈ​កម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​​យុត្តិ​ធម៌​នៅកម្ពុជា​បានមាន​ប្រសាសន៍ថា វា​ហាក់​ដូច​ជា​​គណ​បក្ស​​ប្រជា​​ជន​​កម្ពុជា​​ខ្វះទំនុក​ចិត្ត​​ខ្លាច​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន​មិន​បោះ​ឆ្នោត​ឲ្យ​។ លោក​បាន​មាន​ប្រសាសន៍ថា “នៅ​កម្ពុជា​​ប្រសិន​បើ​​ការ​ចែក​អំណោយ​​មិន​ធ្វើ​​អំឡុ​ង​ពេល​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​​ទេ​​ វា​មិន​មែន​ជា​ការ​ទិញសន្លឹក​ឆ្នោត​ឡើយ​ ប៉ុន្តែ ប្រទេស​ជា​ច្រើន​ចាត់​ទុក​ការ​ចែក​អំណោយ​ជាការ​ទិញ​​សន្លឹក​ឆ្នោត។ ប៉ុន្តែ នេះ​ជា គោល​បំណង​ធ្វើ​ឲ្យ​មាន​​ឥទ្ធិពល​ដល់​ការបោះឆ្នោត​ពួកគេ​មិន​មាន​ទំនុក​ចិត្ត​ទេ​ ប្រហែ​ល​ជា​ពួក​គេ​​មិន​សប្បាយ​ចិត្ត​​​នឹង​ស្ថាន​ភាពបច្ចុប្បន្ន​​”៕​  គឹម​ហឿន 

(រាយការណ៍​បន្ថែម​ដោយ​ Lauren Crothers)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស