TAG
paywall
នគរបាលរាជធានីភ្នំពេញចាប់ខ្លួនមនុស្សប្រាំនាក់ពីបទព្យាយាមជួញដូរស្ត្រីទៅប្រទេសចិន
នគរបាលបានឲ្យដឹងកាលពីម្សិលមិញថានគរបាលប្រឆាំងការជួញដូរមនុស្សក្នុងរាជធានីភ្នំពេញបានចាប់ខ្លួនជនជាតិខ្មែរបីនាក់និងជនជាតិចិនពីរនាក់ បន្ទាប់ពីក្រុមនេះបានព្យាយាមជួញដូរក្មេងស្រីពីរនាក់ ដែលត្រូវបានសន្យាថានឹងមានប្តីជាអ្នកមាន ទៅធ្វើការជាស្រីពេស្យានៅក្នុងប្រទេសចិន។
លោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញបានឲ្យដឹងថា ស្ត្រីពីរនាក់ និងបុរសម្នាក់ក្នុងចំណោមបុរសជនជាតិចិនទាំងនោះត្រូវបានឃាត់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃអាទិត្យ នៅពេលដែលពួកគេព្យាយាមឡើងជិះយន្តហោះទៅកាន់ប្រទេសចិននៅម៉ោងប្រហែល២និង៣០នាទីរសៀល។
លោក កែវ ធា បានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ និងបានជួយសង្គ្រោះក្មេងស្រីចំនួនពីរនាក់នៅអាកាសយានដ្ឋាន ខណៈដែលពួកគេកំពុងត្រៀមឡើងជិះយន្តហោះទៅកាន់ប្រទេសចិនកាលពីថ្ងៃអាទិត្យ”។ លោកបានបន្ថែមថា ភ្លាមនោះ បុរសរូបនេះបានសារភាព ហើយនគរបាលក៏បានចាប់ខ្លួនមនុស្សបួននាក់ទៀតជាបន្តបន្ទាប់ដែលពាក់ព័ន្ធនៅឯខុនដូមួយក្នុងខណ្ឌទួលគោក។
ជនជាតិចិនឈ្មោះ ស៊ូ ជិនឡុង (Xu Jin-long) អាយុ៣៨ឆ្នាំ និងឈ្មោះ ស៊ូ ហ្ស៊ីសេង (Su Zhisheng) អាយុ៣៣ឆ្នាំរួមជាមួយនឹងអ្នកសមគំនិតជនជាតិខ្មែរឈ្មោះ សុខ បូរ៉ា អាយុ២៥ឆ្នាំ សាត ស្រីឡូត អាយុ២៥ឆ្នាំ និងឈ្មោះ ឡំ ឡាណា អាយុ៣៥ឆ្នាំបានឲ្យដឹងថា ពួកគេមានផែនការលក់ក្មេងស្រីទាំងនេះមកពីខេត្តតាកែវ ធ្វើជាស្រីពេស្យា នៅពេលពួកគេទៅដល់ប្រទេសចិន។
លោក កែវ ធា មានប្រសាសន៍ថា “មនុស្សទាំងប្រាំនាក់នេះបានសារភាពហើយថា ពួកគេពិតជាបានសន្យាប្រាប់ក្មេងស្រីទាំងនេះថា ពួកគេនឹងរៀបការនៅក្នុងប្រទេសចិន ក៏ប៉ុន្តែថា តាមពិត ពួកគេនឹងលក់ក្មេងស្រីទាំងនេះទៅឲ្យផ្ទះបន”។ ជនរងគ្រោះ ដែលម្នាក់ក្នុងចំណោមនោះ ធ្វើដំណើរដោយឯកសារក្លែងក្លាយខណៈដែលមិនទាន់គ្រប់ការ ត្រូវបានដោះលែង។
ជនសង្ស័យទាំងប្រាំនាក់នឹងត្រូវចោទប្រកាន់ពីបទជួញដូរមនុស្ស ហើយនឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ ទៅ១៥ឆ្នាំក្រោមមាត្រា ១៦ នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស។
លោក កែវ ធា បានឲ្យដឹងថា “យើងក៏នឹងចោទប្រកាន់ពួកគេពីបទក្លែងឯកសារសម្រាប់ក្មេងស្រីមិនទាន់គ្រប់ការ ពីព្រោះនាងមិនទាន់គ្រប់អាយុរៀបការទេ”។ លោកបន្ថែមថា ជនសង្ស័យនឹងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការនៅថ្ងៃនេះ។
លោកស្រី លឹម មុន្នី អនុប្រធានកម្មវិធីរបស់ស្ត្រីប្រចាំនៅអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា អង្គការរបស់លោកស្រីបានមើលឃើញកំណើនថ្មីៗនេះនូវចំនួនស្ត្រីដែលត្រូវបានជួញដូរទៅកាន់ប្រទេសចិន។
លោកស្រីបានលើកឡើងថា ក្នុងករណីភាគច្រើនបំផុត ឪពុកម្ដាយនិងជនរងគ្រោះត្រូវបានបង្ហាញរូបថតបុរសជនជាតិចិនដ៏ទាក់ទាញ និងមានទ្រព្យសម្បត្តិ ដែលពួកគេត្រូវបានប្រាប់ថា ពួកគេនឹងត្រូវរៀបការជាមួយ ក៏ប៉ុន្តែតាមការពិតពួកគេត្រូវបានជួញដូរធ្វើជាស្រីពេស្យា ឬបង្ខំឲ្យធ្វើការងារ ឬបង្ខំឲ្យរៀបការជាមួយនឹងជនក្រីក្រ ដែលជួនកាលជាមួយនឹងជនពិការ។ លោកស្រី មុន្នី បានឲ្យដឹងថា “យើងបារម្ភណាស់អំពីការបញ្ជូនក្មេងស្រីទៅប្រទេសចិន...។ ពួកគេត្រូវបានកេងប្រវ័ញ្ច”៕ប៊ុននី
បុរសជនជាតិវៀតណាមពីរនាក់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប
មន្ត្រីគយម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា បុរសពីរនាក់ត្រូវបានចាប់ខ្លួនកាលពីយបថ្ងៃអាទិត្យនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយសារប៉ុនប៉ងរត់ពន្ធភ្លុកដំរី៧៩គីឡូក្រាម ចេញពីប្រទេស។
លោក អង្គ សុខណូ ប្រធានគយនៅឯអាកាសយានដ្ឋាននេបាះនឲ្យដឹងថា បុរសទាំងពីរនាក់នេះ ជាជនជាតិវៀតណាម និងបានព្យាយាមជិះយន្តហោះទៅកាន់ប្រទេសកូរ៉េខាងត្បូងដោយមានវ៉ាលិសច្រកពេញទៅដោយភ្លុកដំរី ដែលពេលនោះពួកគេត្រូវបានចាប់ខ្លួន។ លោកបានមានប្រសាសន៍ថា “ដំបូង ពួកគេបានបដិសេធថា វ៉ាលិសទាំងបីនោះមិនមែនជារបស់ពួកគេទេ ប៉ុន្តែនៅពេលយើងពិនិត្យលេខលិខិតឆ្លងដែនទៅនឹងអីវ៉ាន់នេះ ឃើញថា វាដូចគ្នា”។
លោក សុខណូបានឲ្យដឹងថា នេះជាការចាប់បានភ្លុកដំរីដំបូងហើយក្នុងឆ្នាំនេះ ប៉ុន្តែថា កាលពីឆ្នាំទៅ អ្នកប៉ុនប៉ងរត់ពន្ធភ្លុកដំរីចំនួនប្រាំនាក់ត្រូវបានចាប់ខ្លួន។ លោក សុខណូ បានបន្ថែមថា “យើងបានប្រគល់បុរសជនជាតិវៀតណាមទាំងនោះទៅមន្ត្រីព្រៃឈើរបស់យើងដើម្បីចាត់ការតាមនីតិវិធីតុលាការកាលពីយប់មិញ និងបញ្ជូនភ្លុកដំរីនេះទៅរក្សាទុកនៅទីស្នាក់ការគយក្នុងរាជធានីភ្នំពេញ”។ ភ្លុកដំរីត្រូវបានគេជឿថា នៅក្នុងបណ្តាប្រទេសខ្លះនៅអាស៊ី ដើម្បីធ្វើជាឱសថ ដែលនាំឲ្យមានការជួញដូរភ្លុកនេះខុសច្បាប់នៅក្នុងតំបន់៕ ប៊ុននី
លោក ហ៊ុន សែន លើកឡើងថា លោកដឹងពីឥរិយាបថមិនល្អរបស់អ្នកទារភាស៊ីតាមផ្សារចំពោះអាជីវករ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់អ្នកគ្រប់គ្រងផ្សាររដ្ឋ ទាំងអស់ដែលទទូចទារភាស៊ីពីអាជីវករនៅពេលព្រឹកជាជាងពេលរសៀលដោយលើកឡើងថា លោកនឹងបញ្ចប់ការអនុវត្តបែបនេះ បន្ទាប់ពីមានការត្អូញត្អែរពីអាជីវករ។
លោក ហ៊ុន សែន បានលើកឡើងនៅក្នុងសុន្ទរកថានៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញថា “ពេលព្រឹក នៅពេលអាជីវករមិនទាន់លក់ដាច់ផង អ្នកទារភាស៊ីបានទាត់ធាក់កញ្ច្រែងបន្លែបាត់ទៅហើយ”។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានឮពីទីផ្សារថា អ្នកលក់បានត្អូញត្អែរ ហើយអ្នកទិញក៏បានត្អូញត្អែរដែរ”។
សព្វថ្ងៃការគ្រប់គ្រងផ្សាររដ្ឋភាគច្រើនប្រគល់ទៅឲ្យក្រុមហ៊ុនឯកជន ប៉ុន្តែ លោក ហ៊ុន សែន បានបញ្ជាឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលមានវត្តមាននៅពិធីកាលពីម្សិលមិញដែរនោះ ស៊ើបអង្កេតអំពីបញ្ហានោះ ហើយពិនិត្យមើលក្រុមហ៊ុនទាំងនោះកុំឲ្យធ្វើបាបអាជីវករ។
លោកនាយករដ្ឋមន្ត្រីក៏បានត្អូញត្អែរដែរថា អំពើអយុត្តិធម៌ទាំងអស់នៅក្នុងប្រទេសកម្ពុជា មិនថាតូចតាចប៉ុណ្ណាទេ គឺគេគិតថា មកពីរូបលោកទាំងអស់។ លោកបានមានប្រសាសន៍ថា “ប្រសិនបើ មានបញ្ហាណាមួយ បញ្ហាដែលបានកើតឡើងនោះគឺដោយសារនាយករដ្ឋមន្ត្រី។ ប្រសិនបើអ្នកទារភាស៊ីតាមផ្សារទៅទាត់កញ្ច្រែង គេថាបណ្ដាលមកពី ហ៊ុន សែន។ ប្រសិនបើការផ្ដន្ទាទោសរបស់តុលាការមិនយុត្តិធម៌ ក៏បណ្ដាលមកពី ហ៊ុន សែន”។
លោកបានបន្ថែមថា ការពិតតុលាការជាស្ថាប័នឯករាជ្យ...
បុរសខេត្តកណ្តាលម្នាក់ផឹកថ្នាំកណ្តុរសម្លាប់ខ្លួនបន្ទាប់ពីរំលោភហើយសម្លាប់អតីតគូដណ្តឹងរបស់ខ្លួន
នគរបាល និងមន្ត្រីឃុំបាននិយាយកាលពី ម្សិលមិញថា នគរបាលកំពុងរង់ចាំឲ្យបុរសម្នាក់ដឹងខ្លួនវិញ បន្ទាប់ពីប៉ុនប៉ងធ្វើអត្តឃាតដើម្បីចាប់ខ្លួនពីបទរំលោភ ហើយសម្លាប់អតីតគូដណ្តឹងរបស់ខ្លួនក្នុងខេត្តកណ្តាលកាលពីថ្ងៃអាទិត្យ។
លោក សេង ស្រាង អធិការរងនគរបាលស្រុក ពញាឮបានមានប្រសាសន៍ថា ភឿន នី អាយុ២៣ឆ្នាំ បានផឹកថ្នាំកណ្តុរហើយត្រូវបាននគរបាលប្រទះឃើញសន្លប់នៅផ្ទះរបស់ខ្លួន។គ្រួសារជនរងគ្រោះបានជូនដំណឹងទៅនគរបាលថា សពរបស់ស្ត្រីរងគ្រោះត្រូវបានប្រទះឃើញនៅក្នុងចម្ការស្វាយមួយនៅម៉ោង២រសៀល។
នគរបាលបានបញ្ជូន ភឿន នី ទៅកាន់មន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ ហើយបានរង់ចាំឲ្យជននេះដឹងខ្លួនវិញ។ លោក សេង ស្រាង បានមានប្រសាសន៍ថា “បន្ទាប់ពីបានរំលោភ និងសម្លាប់គូដណ្តឹងរបស់ខ្លួនហើយ ជនសង្ស័យរូបនេះបានព្យាយាមធ្វើអត្តឃាត ប៉ុន្តែ ត្រូវបានជួយសង្គ្រោះ ហើយដឹកទៅកាន់មន្ទីរពេទ្យ” ដោយលោកបន្ថែមថា នៅពេលបុរសរូបនេះដឹងខ្លួនវិញយើងនឹងចាប់ខ្លួនតែម្តង។
យោងតាមលោក អ៊ី កាវីន នាយប៉ុស្តិ៍បានឲ្យដឹងថា ភឿន នី បានសម្លាប់ ហាន...
ដុំថ្មហោះខណៈអ្នកជប់លៀងនិងកម្មករព្រមទាំងនគរបាលបានប៉ះទង្គិចគ្នាពេលរាំលេងសប្បាយ
ការប្រទូសរ៉ាយគ្នាដ៏ខ្លាំងមួយបានផ្ទុះឡើងនៅក្នុងពិធីបុណ្យដាភូមិមួយក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញកាលពីយប់ថ្ងៃសៅរ៍ រវាងអ្នកផឹកស៊ីស្រវឹងនិងកម្មករមកពីសហគ្រាសធ្វើដែកមួយនៅក្បែរនោះ ដោយធ្វើឲ្យមនុស្សមួយចំនួនរងរបួសនិងធ្វើឲ្យនគរបាលបាញ់កាំភ្លើងឡើងលើដើម្បីបំបែកការប្រទូសរ៉ាយគ្នានេះ។
លោក ពៅ ផុស មេភូមិក្រាំងអង្ក្រងនៅក្នុងសង្កាត់ក្រាំងធ្នង់ បានលើកឡើងថា អ្នកភូមិនិងកម្មកររាំលេងយ៉ាងសប្បាយអំឡុងមានការចាក់ធុងបាស់់ នៅក្រោមរោងមួយលើផ្លូវ នៅពេលអំពើហិង្សាបានកើតឡើងដែលទំនងជាកើតឡើងដោយសារការជាន់ជើងគ្នាអំឡុងពេលរាំ។ លោកបានមានប្រសាសន៍ថា “បន្ទាប់មកមានការរុញច្រានគ្នាទៅវិញទៅមករួចក៏ផ្ទុះអំពើហិង្សា ហើយកងប្រជាការពារបានព្យាយាមមកឃាត់កុំឲ្យមានការវាយតប់គ្នា ប៉ុន្តែកម្មករបានចាប់ផ្តើមគប់ដុំថ្មនិងដបស្រាដាក់ពួកគេ”។ លោកបានបន្ថែមថា កងប្រជាការពារចំនួនបីនាក់បានរងរបួសធ្ងន់បន្ទាប់ពីត្រូវដុំថ្មនិងដបចំក្បាល។
លោក ពៅ ផុស បានលើកឡើងបន្តទៀតថា ដោយសារតែកងប្រជាការពារមិនអាចគ្រប់គ្រងស្ថានភាពបាន គេបានហៅនគរបាលឲ្យមកជួយដែលជាហេតុធ្វើឲ្យពួកកម្មករខឹងហើយវាយកម្ទេចម៉ូតូនគរបាលចំនួនពីរគ្រឿង។ លោកបានមានប្រសាសន៍ថា “ដោយសារនគរបាលមិនអាចបញ្ឈប់អំពើហិង្សា ដោយមិនហ៊ានធ្វើឲ្យមនុស្សរងរបួសនោះ នគរបាលបានបាញ់កាំភ្លើងព្រមានឡើងទៅលើ
ទោះជាយ៉ាងណា មេធាវីរបស់សហគ្រាសធ្វើដែកឈ្មោះថា Metal Doors and Windows Enterprise បានលើកឡើងថា នគរបាលពិតជាបានបាញ់សំដៅទៅលើដំបូលសហគ្រាសមែន
លោក ប៉ិ វណ្ណៈ បានមានប្រសាសន៍ថា “មិនមែនសុទ្ធតែអ្នកភូមិនិងប្រជាការពារទេដែលរងរបួស កម្មករមួយចំនួនក៏រងរបួសដែរ។ គេមិនគួរទម្លាក់កំហុសតែមកលើកម្មករនោះទេ។ មនុស្សទាំងអស់ដែលនៅកន្លែងកើតហេតុសុទ្ធតែមានកំហុស”។
លោកបានមានប្រសាសន៍បន្ថែមថា “យើងក៏ថ្កោលទោសមន្ត្រីនគរបាលដែលបាញ់ទៅលើអគារក្រុមហ៊ុនរបស់យើងដែរ។ប្រសិនបើពួកគេចង់ដោះស្រាយជម្លោះ ពួកគេគួរតែបាញ់ទៅលើអាកាសទៅ”។
លោក ម៉ក់ ម៉ី នាយប៉ុស្តិ៍សង្កាត់ក្រាំងធ្នង់បានបញ្ជាក់ថា ម៉ូតូរបស់នគរបាលចំនួនពីរគ្រឿងត្រូវបានវាយកម្ទេចនៅកន្លែងកើតហេតុ។ នគរបាលកំពុងតែប្រមូលស្នាមមេដៃពីអ្នកភូមិដែលមានបំណងដាក់ពាក្យប្តឹងរឿងប្រើអំពើហិង្សានេះ រីឯសហគ្រាសធ្វើដែកវិញនៅមិនទាន់សម្រេចថា តើត្រូវប្តឹងពីបទធ្វើខូចខាតទ្រព្យសម្បត្តិនៅឡើយទេ។ ការវាយតប់គ្នានៅតាមកន្លែងរៀបអាពាហ៍ពិពាហ៍ និងកន្លែងជប់លៀងដោយសាររាំច្រង៉េងច្រង៉ាង ឬក៏ដោយសារស្រីនោះវាជារឿងសាមញ្ញទៅហើយនៅក្នុងប្រទេសកម្ពុជា៕ស៊ុយឈាង
សេចក្តីកែតម្រូវ
អត្ថ បទនេះបានចេញផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ដោយមានការភាន់ច្រឡំឈ្មោះមួយចំនួនៈ លោក ពូ ផស្ស មេភូមិក្រាំងអង្រ្កង សូមកែតម្រូវមកលោក ពៅ ផុស...
គម្រោងសាកល្បងផ្តល់សេវារថយន្តក្រុងទាក់ទាញអ្នកដំណើរ២០.០០០នាក់រយៈពេលពីរសប្តាហ៍ដំបូង
លោក ឡុង ឌីម៉ង់ អ្នកនំាពាក្យសាលារាធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថាអ្នកដំណើរប្រហែល២០.០០០នាក់បានធ្វើដំណើរតាមរយៈសេវាកម្មរថយន្តក្រុងមានកម្រិតក្នុងរាជធានីភ្នំពេញ ចាប់តាំងពីគម្រោងសាកល្បងដឹកជញ្ជូនសាធារណៈរយៈពេលមួយខែ បានចាប់ផ្ដើមកាលពីរយៈពេលពីរសប្ដាហ៍មុន ដែលនេះជាសញ្ញាដ៏ល្អសម្រាប់ការពង្រីកសេវាទូទាំងរាជធានីភ្នំពេញ នៅពេលគម្រោងសាកល្បងនេះបញ្ចប់នៅថ្ងៃទី៤ ខែមីនា។
នេះជាលើកទី២ហើយ ដែលសាលារាជធានីបានសាកល្បងផ្តល់សេវារថយន្តក្រុងសាធារណៈ ក៏ប៉ុន្តែពេលនេះសេវានេះមានប្រជាប្រិយភាពជាងនៅក្នុងឆ្នាំ២០០១ ដែលពេលនោះការសាកល្បងសេវាដឹកជញ្ជូនរយៈពេលពីរខែត្រូវបានបោះបង់ចោលពាក់កណ្ដាលទី ដោយសារមានតម្រូវការសាធារណៈតិចតួច។
លោក ឌីម៉ង់ បានឲ្យដឹងថា “រយៈពេលពីរសប្ដាហ៍ក្នុងការសាកល្បងសេវារថយន្តក្រុងសាធារណៈយើងកត់សម្គាល់ឃើញថាមានអ្នកធ្វើដំណើរជាមធ្យម១.៦០០នាក់ទៅ១.៧០០នាក់ ហើយថ្ងៃខ្លះមានអ្នកដំណើរតាមមើលទៅច្រើនជាងថ្ងៃផ្សេងទៀត”។
បច្ចុប្បន្ននេះ រថយន្តក្រុងកំពុងប្រតិបត្តិការលើសមត្ថភាពដឹកជញ្ជូនជាមធ្យមប្រហែល៦០ភាគរយ ដែលជាសញ្ញាដ៏វិជ្ជមានសម្រាប់ពិចារណាឃើញថា សេវានេះបាននិងកំពុងតែប្រតិបត្តិការបានរយៈពេលតែពីរសប្ដាហ៍ប៉ុណ្ណោះ ក៏ប៉ុន្តែចំនួននេះបង្ហាញពីភាពជោគជ័យដោយសារសាធារណជនកាន់តែយល់ដឹងអំពីប្រព័ន្ធរថយន្តក្រុងសាធារណៈ។
លោកបានមានប្រសាសន៍ថា “ប្រជាពលរដ្ឋកំពុងតែផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន ហើយវិលមកជិះរថយន្តក្រុងវិញ ហើយយើងរំពឹងថា ចំនួនអ្នកធ្វើដំណើរតាមរថយន្តក្រុងនឹងកើនឡើង៤០ភាគរយនៅពេលយើងបន្តផ្តល់សេវានេះ”។
សេចក្ដីសម្រេចថា តើត្រូវបង្កើតសេវាដឹកជញ្ជូនសាធារណៈទូទាំងរាជធានីឬយ៉ាងណានោះ នឹងធ្វើឡើងនៅពេលក្រោយពេលគម្រោងសាកល្បងបច្ចុប្បន្នក្រោមការដឹកនាំរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA នេះឈានដល់ទីបញ្ចប់។
លោក ឌីម៉ង់ បានលើកឡើងថា ក្រុមហ៊ុនចំនួនប្រាំបួនកំពុងតែរត់ការធ្វើកិច្ចសន្យាដើម្បីប្រតិបត្តិប្រព័ន្ធថ្មីនេះ ក៏ប៉ុន្តែ លោកមិនអាចចាំឈ្មោះក្រុមហ៊ុនទាំងនោះទេ។
លោក អេហ្គាមិ ម៉ាសាហ៊ីកុ (Egami Masahiko) អ្នកនាំពាក្យអង្គការ JICA បានលើកឡើងថា បើទោះជាលោកជានិច្ចកាលតែងតែរំពឹងថា គម្រោងសាកល្បងសេវារថយន្តក្រុងនឹងទទួលបានជោគជ័យក៏ដោយ ក៏ការផ្សព្វផ្សាយអំពីរថយន្តក្រុងក្នុងចំណោមនិស្សិតដែលភាគច្រើនជិះរថយន្តក្រុងទៅសាលា ឬសាកលវិទ្យាល័យបានជួយជំរុញគម្រោងនេះលើសពីការរំពឹងទុករបស់លោកដែរ។
លោកបានមានប្រសាសន៍ថា “យុវជនចែករំលែកព័ត៌មានកាន់តែងាយស្រួលនៅតាមប្រព័ន្ធព័ត៌មានសង្គមក្នុងអ៊ិនធើណិត នេះតែងតែងជាផែនការរបស់យើងក្នុងការជំរុញទឹកចិត្តសិស្សនិស្សិតឲ្យប្រើប្រាស់សេវាកម្មនេះ”។
ការនិយមប្រើសេវារថយន្តក្រុងកាន់តែកើនឡើងៗ មិនមែនជាព័ត៌មានល្អទាំងអស់នោះទេ ព្រោះវាមានន័យថា សាលារាជធានី និងក្រុមហ៊ុនដែលទទួលបានកិច្ចសន្យាអាចបង្កើនកម្រិតសេវារបស់ខ្លួនផ្ទាល់។
លោក ម៉ាសាហ៊ីកុ បានមានប្រសាសន៍ថា “ប្រព័ន្ធដ៏តូចមួយអាចមានភាពងាយស្រួលក្នុងការអនុវត្ត ប៉ុន្តែចាំបាច់ត្រូវតែពិចារណាដោយប្រុងប្រយ័ត្ន ពីព្រោះបើមានអ្នកធ្វើដំណើរច្រើន សេវាកម្មនេះនឹងមិនឆ្លើយតបទៅនឹងតម្រូវការសាធារ ណជនទេ”៕ ប៊ុននី
ប្រទះឃើញសាកសពស្ត្រីម្នាក់ត្រូវគេសម្លាប់ច្រកក្នុងបាវទម្លាក់ចូលក្នុងត្រពាំងនៅខេត្តកណ្តាល
នគរបាលបាននិយាយកាលពីម្សិលមិញថា ពួកគេកំពុងស៊ើបអង្កេតករណីសម្លាប់ស្ត្រីម្នាក់ដែលសាកសពត្រូវគេប្រទះឃើញច្រកក្នុងបាវអង្ករអណ្តែតទឹកត្រពាំងនៅក្នុងខេត្តកណ្តាលកាលពីព្រឹកម្សិលមិញ។
កសិករម្នាក់បានប្រទះឃើញបាវនេះនៅម៉ោងប្រហែល៨ព្រឹកក្នុងឃុំរកាខ្ពស់ ប៉ុន្តែអាជ្ញាធរមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។
លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាងមានប្រសាសន៍ថា ស្ត្រីរងគ្រោះអាយុប្រហែល៦០ឆ្នាំ ហើយទំនងជាជនក្រីក្រ។ លោក សុជាតិ បន្ថែមថា “ខ្ញុំគិតថា ជារឿងគំនុំ ព្រោះជនរងគ្រោះជាស្ត្រីវ័យចំណាស់ ហើយជាអ្នកក្រីក្រទៀត។ពេលវេលានៃការស្លាប់គេសន្និដា្ឋានថាប្រហែលជានៅម៉ោង១០យប់ថ្ងៃអាទិត្យ។
មានចងខ្សែយ៉ាងតឹងនៅជុំវិញករបស់សពស្ត្រីរងគ្រោះបន្សល់ស្នាមរបួសច្បាស់ក្រឡែតក៏ប៉ុន្តែមិនឃើញមានស្នាមរបួសផ្សេងឡើយ។ នគរបាលកំពុងព្យាយាមកំណត់អត្តសញ្ញាណសាកសព ប៉ុន្តែមិនជឿថាស្ត្រីរងគ្រោះមកពីស្រុកស្អាងទេ។
លោក សុជាតិ បានមានប្រសាសន៍ថា ពួកគេសង្ស័យថា មានជនដៃដល់ពីរនាក់ពាក់ព័ន្ធក្នុងអំពើមនុស្សឃាតនេះ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំសង្ឃឹមថា នឹងចាប់ខ្លួនជនសង្ស័យបាននៅពេលឆាប់ៗនេះ ប៉ុន្តែដំបូងយើងត្រូវកំណត់អត្តសញ្ញាណជនរងគ្រោះជាមុនសិន”៕សារុន
សិស្សនៅតែមានបញ្ហាប្រឈម ក្នុងក្តីសង្ឃឹមថា នឹងបានទៅសិក្សាកម្រិតឧត្តមនៅសហរដ្ឋអាមេរិក
សិស្សខ្មែរជាង៤០០នាក់ដែលសង្ឃឹមថា នឹងបានទៅសិក្សានៅសហរដ្ឋអាមេរិក បាននាំគ្នាមកជួបតំណាងមកពីមហាវិទ្យាល័យអាមេរិកចំនួន២៧នៅក្នុងពិធីតាំងពិព័រណ៍អប់រំអាមេរិក-កម្ពុជា កាលពីថ្ងៃសៅរ៍ ក្នុងរាជធានីភ្នំពេញ។
លោក អាដាំ ប៉ាគ័រ (Adam Parker) ទីប្រឹក្សាផ្នែកចុះឈ្មោះចូលរៀនប្រចាំសាកលវិទ្យាល័យ អាយអូវ៉ា (Iowa) បានលើកឡើងថា “មានសិស្សច្រើនចង់ទៅរៀននៅទីនោះ។ ចំនួនប្រជាជនមានប្រាក់ចំណូលមធ្យម កើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ដោយគិតចាប់ពីពេលនះទៅ៥ឆ្នាំ ១០ឆ្នាំ ទៅ២០ឆ្នាំទៅមុខ។ ខ្ញុំគិតថា ពួកគេនឹងចូលទៅកាន់ទីផ្សារសំខាន់មួយកាន់តែច្រើនឡើងៗ”។
មុនដល់ពេលនោះ ប្រទេសកម្ពុជាមានកិច្ចការមួយចំនួនដែលត្រូវធ្វើ។ ក្រៅពីអាហារូបករណ៍ និងជំនួយហិរញ្ញវត្ថុដែលជាប្រធានបទដ៏សំខាន់ក្នុងចំណោមសិស្សមានចន្លោះប្រហោងជាច្រើនដែលត្រូវបំពេញ។
លោក រូវ៉ាន់ ហ៊ូលូហ្គាលី (Ruwan Hulugalle) ជាអ្នកបង្កើត និងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១២ នេះ បានលើកឡើងថា “និយាយជាទូទៅ អ្វីៗមិនល្អគ្រប់គ្រាន់នៅ ឡើយទេ ដូចជានៅមានបញ្ហាភាសាអង់គ្លេស ជំនាញសិក្សា និងចំណេះដឹងទូទៅជាដើម”។
ទោះបីជាសិស្សបានត្រៀមខ្លួនទៅសហរដ្ឋអាមេរិកក៏ដោយ ក៏មិនមានប្រព័ន្ធសម្រាប់ទទួលពួកគេដែរ។ នៅក្នុងពិព័រណ៍អប់រំកាលពីឆ្នាំមុន សិស្សជាច្រើននាក់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសុំអាហារូបករណ៍ពេញទៅមហាវិទ្យាល័យគោលនយោបាយសាធារណៈនៃ សាក លវិទ្យាល័យ ភិបភ័រ ឌីន (Pepperdine Unibersity’s School of Public Policy )។
ប៉ុន្តែពួកគេចូលរួមធ្វើ តេស្តថូហ្វល (TOEFL) ជាតេស្តភាសាអង់គ្លេសដែលមានស្តង់ដារត្រឹមត្រូវ និងគិតត្រឹមពេលពិព័រណ៍អប់រំត្រូវបានរៀបចំឡើងនោះ ពួកគេបានមិនបានចុះឈ្មោះចូលរួមធ្វើតេស្តដែលត្រូវបានរៀបចំតែពីរលើកប៉ុណ្ណោះក្នុងមួយឆ្នាំ។
លោកស្រី មេលីនដា វ៉ាន់ ហឺម៉ឺត(Melida Van Hemert) ជំនួយការព្រឹទ្ធបុរសទទួលបន្ទុកផ្នែកចុះ ឈ្មោះចូលរៀន និងសេវាកម្មនិស្សិតនៅសាកលវិទ្យាល័យ ភិបភ័រ ឌីន បានលើកឡើងថា “មានការចាប់អារម្មណ៍ទៅលើការសិក្សាកម្រិតឧត្តមសិក្សា ប៉ុន្តែចំណាប់អារម្មណ៍នោះ មានសភាពយឺតៗក្នុងដំណើរឈានទៅដល់ការដាក់ពាក្យ”។
ប៉ុន្តែលោកស្រី វ៉ាន់ ហឺម៉ឺត បានកត់សម្គាល់ឃើញថា ចំណុចផ្លាស់ប្តូរទាំងនេះកើតឡើងនៅប្រ ទេសថៃ ហើយលោកស្រី ជឿថា វាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ ហើយកម្ពុជានឹងអាចសម្រេចបានដូចគ្នា។ លោកស្រី បានមកប្រទេសកម្ពុជាកាលពីប្រាំបីឆ្នាំមុន ដែលនៅពេលនោះមានពិព័រណ៍អប់រំមួយត្រូវបានរៀបចំឡើង និងអាចមើលឃើញការផ្លាស់ប្តូររួចទៅហើយ។
លោកស្រី វ៉ាន់ ហឺម៉ឺត បានមានប្រសាសន៍ថា “ចំណុចខុសគ្នាស្ថិតនៅត្រង់អ្នកចង់ជំរុញវឌ្ឍន ភាពសម្រាប់ប្រទេសកម្ពុជា និងអ្នកចង់ក្លាយជាតួអង្គមួយនៅក្នុងពិភពលោកពិត។...
នគរបាលចាប់បានបីនាក់បន្ទាប់ពីពួកគេធ្វើសកម្មភាពប្លន់កុនតឺន័របើកសំដៅទៅខេត្តព្រះសីហនុ
នគរបាលបានឲ្យដឹងថា ខ្លួនចាប់បានជនសង្ស័យបីនាក់កាលពីយប់ថ្ងៃសុក្រ ពីបទប្លន់កុងតឺន័រដឹកសម្លៀកបំពាក់ពេញ ពីរាជធានីភ្នំពេញ សំដៅទៅខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា នេះគឺជាករណីប្លន់កុងតឺន័រលើកទី២ ដែលបានកើតឡើងក្នុងរយៈពេលមួយសប្ដាហ៍ ហើយករណីទាំងពីរនេះសុទ្ធតែបានកើតឡើងចំពោះទំនិញដែលមានគោលដៅនាំចេញទៅទីផ្សារក្រៅប្រទេស។
លោក ហ៊ី ដួង អធិការនគរបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានឲ្យដឹងថា នគរបាលបានចាប់ខ្លួនជនសង្ស័យឈ្មោះ ប៊ី សុខជា អាយុ៣៦ឆ្នាំ ឈ្មោះ លី ប៉ូលីន អាយុ២៣ឆ្នាំ និងឈ្មោះ នី សុខណា អាយុ២៣ឆ្នាំនៅចម្ងាយប្រហែលពីរគីឡូម៉ែត្រពីផ្លូវជាតិលេខ៤។ លោកបានមានប្រសាសន៍ថា “នៅវេលាម៉ោង១១និង១០នាទីយប់ កម្លាំងរបស់យើងបានឡោមព័ទ្ធកន្លែងកើតហេតុ និងបានចាប់ខ្លួនជនសង្ស័យទាំងនេះ ហើយបានរឹបអូសរថយន្តបីគ្រឿងដែលត្រូវបានចតនៅក្បែរកន្លែងកើតហេតុ”។
លោក ដួង បានឲ្យដឹងទៀតថា នគរបាលនៅកំពុងតែតាមចាប់ខ្លួនអ្នកបើកបររថយន្តកុងតឺន័រ និងបក្ខពួកផ្សេងៗទៀត។ នគរបាលជឿជាក់ថា សកម្មភាពប្លន់នេះមានទំនាក់ទំនងជាមួយសកម្មភាពប្លន់ប្រហាក់ប្រហែលគ្នាដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែនេះ។ នៅពេលនោះ ជនសង្ស័យប្រាំមួយនាក់ស្លៀកពាក់ឯកសណ្ឋាននគរបាលបានប្លន់កុងតឺន័រមួយផ្សេងទៀតនៅកំណាត់ផ្លូវនេះ។
នៅក្នុងករណីនោះ នគរបាលចាប់ខ្លួនជនសង្ស័យបានម្នាក់ ក៏ប៉ុន្តែជនសង្ស័យផ្សេងៗទៀតដែលគេមិនដឹងថា មានប៉ុន្មាននាក់នោះបានរត់គេចខ្លួន។ លោក កុល ផល្លី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការស៊ើបអង្កេតកំពុងតែដំណើរការ។ លោកថ្លែងថា “យើងកំពុងសាកសួរជនសង្ស័យទាំងនេះ ហើយយើងនឹងនាំពួកគេទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់នៅថ្ងៃស្អែក”៕សុធា
គម្រោងដាំបន្លែតាមផ្ទះជាប់ចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធីប្រកួតប្រជែងអាជីវកម្មខ្នាតតូចនិងមធ្យម
សហគ្រិនវ័យក្មេងបីនាក់ដែលមានគំនិតជំរុញឲ្យប្រជាជនដាំបន្លែដោយខ្លួនឯងនៅផ្ទះបានឈរនៅចំណាត់ថ្នាក់លេខ១ និងទទួលបានប្រាក់៣.០០០ដុល្លារក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិមួយ កាលពីថ្ងៃសៅរ៍។ គួរបញ្ជាក់ថា កម្មវិធីនេះមានគោលបំណងជំរុញឲ្យមានការបំផុសគំនិតថ្មីៗ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
កញ្ញា រ៉េត មុន្នីនាថ យុវជន យ៉ា ស័ក និងកញ្ញា ជា ចេតនា ដែលជាម្ចាស់គម្រោងអាជីវកម្មសួនដាំ បន្លែធម្មជាតិខ្នាតតូច បានយកឈ្នះក្រុមយុវជនដទៃទៀតនៅក្នុងកម្មវិធីប្រកួតប្រជែងគំរូអាជីវក ម្មខ្នាតតូច និងមធ្យមថ្នាក់ជាតិឆ្នាំ២០១៤ ដោយសារតែពួកគេមានគំនិតលក់ស៊ុមដាំបន្លែដំឡើងទុកមុនក្នុងតម្លៃ២៥ទៅ៩០ដុល្លារ ហើយនៅក្នុងស៊ុំនោះមានដី និងគ្រាប់ពូជដើម្បីឲ្យប្រជាជនអាចដាំបន្លែនៅផ្ទះដោយខ្លួនឯងបាន ដូចជា ត្រកួន ប៉េងប៉ោះ និងផ្សិតជាដើម។
គោលគំនិតនេះកើតចេញពីអារម្មណ៍ចង់ឲ្យប្រជាជនកម្ពុជាដែលរស់នៅក្នុងទីក្រុងមានសុខភាពល្អជាងមុន និងមានសកម្មភាពដាំបន្លែ ក្នុងរាជធានីភ្នំពេញ នេះបើយោងតាមសម្ដីរបស់កញ្ញា មុន្នីនាថ ដែលជានិស្សិតឆ្នាំទី២ ផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កញ្ញាបាននិយាយថា “គោលគំនិតនេះគឺសាមញ្ញទេ។ ប៉ាខ្ញុំកម្រហូបបន្លែណាស់ ព្រោះគាត់តែងតែត្អូញថា បន្លែលក់ទៅលើទីផ្សារមិនមែនជាបន្លែស្រស់ទេ ហើយភាគច្រើនត្រូវបាននាំចូលពីប្រទេសថៃ និងវៀតណាម ដោយមានបាញ់សារធាតុគីមី”។
និស្សិតរូបនេះបានលើកឡើងបន្តទៀតថា ផ្លែឈើ និងបន្លែមានតម្លៃខ្ពស់នៅក្នុងប្រទេសកម្ពុជា ដោយសារតែខ្វះរបៀបដាំដែលមានលក្ខណៈស្មុគស្មាញ ជាហេតុនាំឲ្យមានទិន្នផលតិច ហើយតម្លៃក៏ឡើងខ្ពស់។
កញ្ញាបាននិយាយបន្តទៀតថា “អ៊ីចឹងហើយបានជាយើងនាំគ្នាគិតថា ហេតុអ្វីបានជាប្រជាជនមិនដាំបន្លែដោយខ្លួនឯង? នៅខែមីនាខាងមុខ ក្រុមនិស្សិតនេះ និងក្រុមនិស្សិតដែលជាប់ចំណាត់ថ្នាក់លេខ២ នឹងបន្តទៅប្រកួតប្រជែងជាមួយនិស្សិតមកពីប្រទេសឡាវ ភូមា ថៃ វៀតណាម និងខេត្តយូណានប្រទេសចិន នៅទីក្រុងវៀងចន្ទន៍។ ប្រសិនបើពួកគេទទួលជោគជ័យ ពួកគេនឹងបន្តដំណើរទៅប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មអន្តរជាតិនៅសហរដ្ឋអាមេរិក។
កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មដែលត្រូវបានបែងចែកជាបីផ្នែកផ្សេងគ្នា គឺអាជីវកម្មទូទៅបច្ចេក វិទ្យា និងកសិកម្មនេះ មានគោលបំណងលើកកម្ពស់សហគ្រិនភាពក្នុងចំណោមប្រជាជនខ្មែរវ័យក្មេង និងចលនាបង្កើតអាជីវកម្មធម្មតា ក៏ដូចជាអាជីវកម្មជួយសង្គមផងដែរ។ ក្នុងចំណោមគំនិតអាជីវកម្មផ្សេងៗទៀតមានដូចជា ការផលិតគ្រឿងសង្ហារិមចេញពីស្លឹកចេក និងទស្សនាវដ្ដីជួយរកការងារឲ្យយុវជនធ្វើ។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅក្នុងកម្មវិធីប្រកួតប្រជែងកាលពីថ្ងៃសៅរ៍ថា “នៅពេលវិនិយោគិនមកប្រទេសកម្ពុជាពួកគេមិនអាចរកកម្លាំងធនធានមនុស្សគ្រប់គ្រាន់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានទេ” ។ លោកបានលើកឡើងថា លោកមានសង្ឃឹមថា កម្មវិធីប្រកួតប្រជែងបែបនេះនឹងជួយផ្ដល់ជំនាញបច្ចេកទេស និងជំនាញសហគ្រិនភាពដល់ប្រជាជនខ្មែរវ័យក្មេងកាន់តែច្រើន ដែលជាកត្តាជួយជំរុញឲ្យមានការបំផុសគំនិតថ្មីៗ និងជួយធ្វើពិពិធកម្មសេដ្ឋកិច្ច។
កម្មវិធីប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងដោយមូលនិធិគាំទ្រវិស័យអប់រំអន្តរជាតិ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន និងសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា និងសាកលវិទ្យាល័យវ៉េស្ដា (Waseda University) នៅប្រទេសជប៉ុន៕ សុធា
Latest news
© 2021, ដេលី. All rights reserved.

