នគរបាលបានឲ្យដឹងកាលពីម្សិលមិញថានគរបាលប្រឆាំងការជួញដូរមនុស្សក្នុងរាជធានីភ្នំពេញបានចាប់ខ្លួនជនជាតិខ្មែរបីនាក់និងជនជាតិចិនពីរនាក់ បន្ទាប់ពីក្រុមនេះបានព្យាយាមជួញដូរក្មេងស្រីពីរនាក់ ដែលត្រូវបានសន្យាថានឹងមានប្តីជាអ្នកមាន ទៅធ្វើការជាស្រីពេស្យានៅក្នុងប្រទេសចិន។
លោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញបានឲ្យដឹងថា ស្ត្រីពីរនាក់ និងបុរសម្នាក់ក្នុងចំណោមបុរសជនជាតិចិនទាំងនោះត្រូវបានឃាត់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃអាទិត្យ នៅពេលដែលពួកគេព្យាយាមឡើងជិះយន្តហោះទៅកាន់ប្រទេសចិននៅម៉ោងប្រហែល២និង៣០នាទីរសៀល។
លោក កែវ ធា បានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ និងបានជួយសង្គ្រោះក្មេងស្រីចំនួនពីរនាក់នៅអាកាសយានដ្ឋាន ខណៈដែលពួកគេកំពុងត្រៀមឡើងជិះយន្តហោះទៅកាន់ប្រទេសចិនកាលពីថ្ងៃអាទិត្យ”។ លោកបានបន្ថែមថា ភ្លាមនោះ បុរសរូបនេះបានសារភាព ហើយនគរបាលក៏បានចាប់ខ្លួនមនុស្សបួននាក់ទៀតជាបន្តបន្ទាប់ដែលពាក់ព័ន្ធនៅឯខុនដូមួយក្នុងខណ្ឌទួលគោក។
ជនជាតិចិនឈ្មោះ ស៊ូ ជិនឡុង (Xu Jin-long) អាយុ៣៨ឆ្នាំ និងឈ្មោះ ស៊ូ ហ្ស៊ីសេង (Su Zhisheng) អាយុ៣៣ឆ្នាំរួមជាមួយនឹងអ្នកសមគំនិតជនជាតិខ្មែរឈ្មោះ សុខ បូរ៉ា អាយុ២៥ឆ្នាំ សាត ស្រីឡូត អាយុ២៥ឆ្នាំ និងឈ្មោះ ឡំ ឡាណា អាយុ៣៥ឆ្នាំបានឲ្យដឹងថា ពួកគេមានផែនការលក់ក្មេងស្រីទាំងនេះមកពីខេត្តតាកែវ ធ្វើជាស្រីពេស្យា នៅពេលពួកគេទៅដល់ប្រទេសចិន។
លោក កែវ ធា មានប្រសាសន៍ថា “មនុស្សទាំងប្រាំនាក់នេះបានសារភាពហើយថា ពួកគេពិតជាបានសន្យាប្រាប់ក្មេងស្រីទាំងនេះថា ពួកគេនឹងរៀបការនៅក្នុងប្រទេសចិន ក៏ប៉ុន្តែថា តាមពិត ពួកគេនឹងលក់ក្មេងស្រីទាំងនេះទៅឲ្យផ្ទះបន”។ ជនរងគ្រោះ ដែលម្នាក់ក្នុងចំណោមនោះ ធ្វើដំណើរដោយឯកសារក្លែងក្លាយខណៈដែលមិនទាន់គ្រប់ការ ត្រូវបានដោះលែង។
ជនសង្ស័យទាំងប្រាំនាក់នឹងត្រូវចោទប្រកាន់ពីបទជួញដូរមនុស្ស ហើយនឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ ទៅ១៥ឆ្នាំក្រោមមាត្រា ១៦ នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស។
លោក កែវ ធា បានឲ្យដឹងថា “យើងក៏នឹងចោទប្រកាន់ពួកគេពីបទក្លែងឯកសារសម្រាប់ក្មេងស្រីមិនទាន់គ្រប់ការ ពីព្រោះនាងមិនទាន់គ្រប់អាយុរៀបការទេ”។ លោកបន្ថែមថា ជនសង្ស័យនឹងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការនៅថ្ងៃនេះ។
លោកស្រី លឹម មុន្នី អនុប្រធានកម្មវិធីរបស់ស្ត្រីប្រចាំនៅអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា អង្គការរបស់លោកស្រីបានមើលឃើញកំណើនថ្មីៗនេះនូវចំនួនស្ត្រីដែលត្រូវបានជួញដូរទៅកាន់ប្រទេសចិន។
លោកស្រីបានលើកឡើងថា ក្នុងករណីភាគច្រើនបំផុត ឪពុកម្ដាយនិងជនរងគ្រោះត្រូវបានបង្ហាញរូបថតបុរសជនជាតិចិនដ៏ទាក់ទាញ និងមានទ្រព្យសម្បត្តិ ដែលពួកគេត្រូវបានប្រាប់ថា ពួកគេនឹងត្រូវរៀបការជាមួយ ក៏ប៉ុន្តែតាមការពិតពួកគេត្រូវបានជួញដូរធ្វើជាស្រីពេស្យា ឬបង្ខំឲ្យធ្វើការងារ ឬបង្ខំឲ្យរៀបការជាមួយនឹងជនក្រីក្រ ដែលជួនកាលជាមួយនឹងជនពិការ។ លោកស្រី មុន្នី បានឲ្យដឹងថា “យើងបារម្ភណាស់អំពីការបញ្ជូនក្មេងស្រីទៅប្រទេសចិន…។ ពួកគេត្រូវបានកេងប្រវ័ញ្ច”៕ប៊ុននី