41.3 C
Phnom Penh

នគរ​បាល​ចាប់​បាន​បីនាក់​បន្ទាប់​ពី​ពួកគេ​ធ្វើ​សកម្មភាព​ប្លន់​កុន​តឺន័រ​​បើក​សំដៅ​ទៅ​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបានឲ្យ​ដឹង​ថា ខ្លួន​ចាប់​បាន​ជន​សង្ស័យ​​បីនាក់​កាលពីយប់​ថ្ងៃ​សុក្រ ពីបទ​​ប្លន់​កុង​តឺន័រ​ដឹក​​សម្លៀក​បំពាក់​​ពេញ ​ពី​រាជ​ធានី​ភ្នំពេញ​ សំដៅ​ទៅ​ខេត្តព្រះ​សីហនុ​។ គួរ​បញ្ជាក់​​​ថា នេះគឺជា​ករណី​ប្លន់​កុង​តឺន័រ​លើក​ទី២ ​ដែល​​​បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ ហើយ​ករណីទាំង​ពីរ​នេះ​សុទ្ធ​តែ​បាន​កើត​ឡើង​ចំពោះ​ទំនិញ​ដែល​មាន​គោល​ដៅ​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​។

​លោក ហ៊ី ដួង អធិការ​នគរ​បាល​ស្រុក​​កំពង់​សីលា ខេត្ត​ព្រះសីហនុ បាន​ឲ្យដឹង​ថា នគរ​បាល​បានចាប់​ខ្លួន​ជន​សង្ស័យ​​ឈ្មោះ ប៊ី សុខជា អាយុ​៣៦​ឆ្នាំ ឈ្មោះ លី ប៉ូលីន អាយុ​២៣​ឆ្នាំ និង​ឈ្មោះ នី សុខណា អាយុ​២៣​ឆ្នាំ​​នៅ​ចម្ងាយ​ប្រហែល​ពីរ​គីឡូម៉ែត្រ​ពី​ផ្លូវ​ជាតិ​លេខ​៤។ លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​​ កម្លាំង​របស់​យើង​​បាន​ឡោម​ព័ទ្ធ​កន្លែង​កើត​ហេតុ​​ និង​បាន​ចាប់​ខ្លួន​ជន​សង្ស័យទាំង​នេះ​ ហើយ​បាន​រឹបអូស​រថយន្ត​បីគ្រឿង​ដែល​​ត្រូវ​បាន​ចត​នៅ​​ក្បែរ​កន្លែង​កើត​ហេតុ​”។

លោក ដួង បាន​ឲ្យដឹង​ទៀត​ថា នគរ​បាល​នៅ​កំពុង​តែ​តាម​ចាប់​ខ្លួន​​អ្នក​បើក​បរ​រថយន្ត​កុង​តឺន័រ​​ និង​បក្ខ​ពួក​ផ្សេង​ៗ​ទៀត​។ នគរ​បាល​ជឿ​ជាក់​ថា សកម្មភាព​ប្លន់​នេះ​មានទំនាក់​ទំនង​ជាមួយ​សកម្ម​ភាព​ប្លន់​ប្រហាក់​​​ប្រហែល​គ្នា​ដែ​ល​បាន​កើត​ឡើ​ង​កាលពីថ្ងៃ​ទី​៧ ខែ​នេះ។ នៅពេល​នោះ ជន​សង្ស័យ​​ប្រាំ​មួយ​​នាក់​​ស្លៀក​ពាក់​ឯក​សណ្ឋាន​នគរ​បាល​បាន​ប្លន់​កុង​តឺន័រមួយ​ផ្សេង​ទៀត​នៅ​កំណាត់​ផ្លូវ​​នេះ។

នៅ​ក្នុង​ករណីនោះ នគ​របាល​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ម្នាក់​ ក៏ប៉ុន្តែ​ជន​សង្ស័យ​ផ្សេង​ៗ​ទៀត​ដែល​គេ​មិន​ដឹង​ថា មានប៉ុន្មាននាក់​នោះ​​បានរត់គេ​ចខ្លួន​។ លោក កុល ផល្លី ស្នង​ការ​រង​នគរ​បាល​ខេត្ត​​ព្រះសីហនុ ​​​បាន​ឲ្យ​ដឹង​ថា ​ប្រតិបត្តិការ​ស៊ើប​អង្កេត​កំពុង​តែ​ដំណើរ​ការ​។ លោកថ្លែង​​​​ថា “យើង​កំពុង​​​សាក​សួរ​ជន​សង្ស័យ​​ទាំង​នេះ​​ ហើយ​យើង​នឹង​នាំ​ពួកគេ​ទៅ​តុលាការ​ ដើម្បី​​​​​ធ្វើការ​ចោទ​ប្រកាន់​នៅថ្ងៃ​ស្អែក​”៕សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស