TAG
paywall
បុរសបីនាក់ចោទប្រកាន់នគរបាលខេត្តរតនគិរីពីបទធ្វើទារុណកម្មពួកគេ អំឡុងពេលពួកគេជាប់ឃុំ
កាលពីម្សិលមិញ បុរសបីនាក់មកពីស្រុកលំផាត់ ខេត្តរតនគិរីបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តនេះ និងអង្គការសិទ្ធិមនុស្សអាដហុក ដើម្បីប្ដឹងនគរបាលម្នាក់ដែលពួកគេចោទប្រកាន់ពីបទធ្វើទារុណកម្មលើពួកគេ ខណៈពេលពួកគេកំពុងជាប់ឃុំ។
បុរសទាំងបីនាក់ដែលមានឈ្មោះដូចជា ណុប រី អាយុ២៣ឆ្នាំ ឈ្មោះ ដួង ដេត អាយុ២៨ឆ្នាំ និងឈ្មោះ ហ៊ឹម ខឿន អាយុ២៨ឆ្នាំដូចគ្នាបានដាក់ពាក្យប្ដឹងមន្ត្រីនគរបាលឃុំសេដាម្នាក់ឈ្មោះ ធឿន រ៉ូតានី ជាមន្ត្រីនគរបាលតែម្នាក់គត់ដែលពួកគេអាចចំណាំបានថា ស្ថិតក្នុងចំណោមនគរបាលមួយក្រុមដែលបានវាយដំបុរសវ័យក្មេងទាំងបីនាក់នេះ អំឡុងពេលពួកគេជាប់ឃុំរយៈពេលប្រាំមួយម៉ោងនៅប៉ុស្តិ៍នគរបាលកាលពីថ្ងៃអង្គារ។
យោងតាមពាក្យបណ្ដឹងនេះបានឲ្យដឹងថា បុរសឈ្មោះ...
អ្នកភូមិរងផលប៉ះពាល់ទាមទារសំណងចំពោះការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២
អ្នកភូមិមួយក្រុមមានគ្នាប្រាំបីនាក់មកពីខេត្តស្ទឹងត្រែងនិងខេត្តរតនគិរីដែលប្រឈមនឹងការបណ្តេញចេញដើម្បីយកកន្លែងសាងសង់ទំនប់សេសានក្រោម២នោះកាលពីម្សិលមិញបានដាក់ញត្តិទៅស្ថានទូតចិន និងក្រសួងបីទៀតទាមទារឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ទំនប់នេះធ្វើការចរចាជាមួយពួកគាត់។
លោក ពុធ ខឿន តំណាងមកពីឃុំស្រែគ ស្រុកសេសាន មានប្រសាសន៍បន្ទាប់ពីអ្នកភូមិបានប្រគល់ញត្តិទៅក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងក្រសួងបរិស្ថាន ព្រមទាំងឯកអគ្គរដ្ឋទូតចិន ស្នើឲ្យមានវេទិកាសាធារណៈជាមួយក្រុមហ៊ុនអភិវឌ្ឍន៍នេះដើម្បីពិភាក្សាព័ត៌មានលម្អិតអំពីគម្រោងនេះថា “គ្រួសារដែលរងផលប៉ះពាល់មិនដែលបានពិគ្រោះយោបល់អំពីការសាងសង់ទំនប់នេះទេ បើទោះជាពួកយើងនឹងត្រូវបាត់បង់អ្វីៗគ្រប់យ៉ាងក៏ដោយ”។
ទំនប់សេសានក្រោម២ដែលមានកម្លាំង៤០០មេហ្គាវ៉ាត់សាងសង់ដោយក្រុមហ៊ុន Hydropower Lower Sesan 2 ជាក្រុមហ៊ុនរកស៊ីរួមគ្នារវាងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន Hydrolancang International Energy Co. Ltd., ជាក្រុមហ៊ុនចិននោះគ្រោងបណ្តេញ...
ឪពុកជនជាតិអង់គ្លេសដែលជាប់ឃុំនៅកម្ពុជាបញ្ចុះបញ្ចូលឲ្យមានការដោះលែងកូនរបស់ខ្លួន
យោងតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានឲ្យដឹងថា ឪពុករបស់លោក ហ្គ្រិក ហ្វ្រីយិត ប្រធានក្រុមហ៊ុនវិនិយោគទុនអង់គ្លេសដែលរងការរិះគន់ច្រើនដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុនតាមការចោទប្រកាន់ថា បានលាងលុយ និងឆបោកនោះ បានសរសេរលិខិតមួយកាលពីម្សិលមិញ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈស្ថានទូតខ្មែរប្រចាំទីក្រុងឡុងដ៍ស្នើសុំឲ្យមានការ ដោះលែងកូនប្រុសរបស់លោក។
លោក ភីតធ័រ ហ្វ្រីយិត បានប្រាប់កាសែត Herald Express ថា “យើងអាចសរសេរលិខិតរបស់យើងបាន ប៉ុន្តែ យើងមិនអាចជួបឯកអគ្គរដ្ឋទូតបានទេ។ យើងអាចលើកឡើងពីបញ្ហារបស់យើង ហើយខ្ញុំសង្ឃឹមថា វានឹងមានប្រសិទ្ធភាព”។
លោក ហ្គ្រិក ហ្វ្រីយិត ដែលជាម្ចាស់ភាគហ៊ុនដ៏ធំនៅក្នុងក្រុមហ៊ុន Sustainable AgroEnergy PLC ត្រូវបានចាប់ខ្លួនកាលពីខែមីនាតាមការចោទប្រកាន់ពីបទក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារទាំងនោះដើម្បីទិញដីរាប់ពាន់ហិកតាដោយខុសច្បាប់ពីអ្នកស្រី ម៉ៅ មា៉ល័យ ភរិយារបស់លោក កែ គឹមយ៉ាន អតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។
ក្រោយមកនៅខែមករា គាត់ត្រូវបានចោទប្រកាន់ពីបទលាងលុយ បន្ទាប់ពីមានការស៊ើបអង្កេតពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ។ ក្រុមហ៊ុន Sustainable AgroEnergy PLC បានស្ថិតនៅក្រោមការសុើបអង្កេតនៅក្នុងប្រទេសអង់គ្លេសចាប់តាំងពីឆ្នាំ២០១២មក តាមការចោទប្រកាន់ថា គាត់បានឆបោកលុយគេចំនួន៥៤លានដុល្លារ ហើយទ្រព្យសកម្មរបស់ក្រុមហ៊ុននេះត្រូវបានបង្កក។
អាជ្ញាធរនិយាយថា មនុស្សនៅក្នុងប្រទេសអង់គ្លេសចំនួន២.០០០នាក់បានវិនិយោគនៅក្នុងគម្រោងចម្ការរបស់ក្រុមហ៊ុន Sustainable AgroEnergy PLC នៅក្នុងខេត្តបន្ទាយមានជ័យដោយមានការសន្យាផ្តល់ប្រាក់កម្រៃខ្ពស់៕គឹមហឿន
គម្រោងថ្មីមានគោលបំណងពិពណ៌នាពីជីវិតរបស់គ្រូធ្មប់ខ្មែរតាមរយៈសៀវភៅអានអេឡិចត្រូនិក
គម្រោងថ្មីមួយត្រូវបានបង្កើតឡើងដើម្បីកៀងគរមូលនិធិចំនួន៧.៥០០ដុល្លារក្នុងគោលបំណងផលិតសៀវភៅអានអេឡិចត្រូនិក ដែលបង្ហាញពីអ្នកចេះអំពើអាបធ្មប់នៅទូទាំងប្រទេសកម្ពុជា។
មូលនិធិសម្រាប់សៀវភៅអានអេឡិចត្រូនិកនេះមានចំណងជើងថា “សកម្មភាពដែលបាត់បង់” ត្រូវបានរៃអង្គាសនៅលើកម្មវិធី ឃីកស្តាធ័រ (Kickstarter) ជាកម្មវិធីរៃអង្គាសមូលនិធិតាមអ៊ីនធើណិតមួយសម្រាប់គម្រោងច្នៃប្រឌិត ដោយលោក រីអ៊ុន ភែតធឺសុន (Ryun Patterson) អតីតអ្នកនិពន្ធនៅកាសែត ឌឹ ខេមបូឌា ដេលី ដែលមានផែនការបង្កើតឯកសារពហុព័ត៌មានអំពី “ថ្នាក់មន្តអាគមន៍” នៅក្នុងប្រទេសកម្ពុជា ពីអ្នកចេះអំពើអាបធ្មប់ រហូតដល់អ្នកចាក់សាក់មន្តអាគមន៍បុរាណ។
លោក ភែតធឺសុន ដែលពេលនេះ រស់នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែមានផែនការមកប្រទេសកម្ពុជារយៈពេលប្រាំមួយសប្តាហ៍សម្រាប់គម្រោងនេះបានលើកឡើងក្នុងអ៊ីមែលមួយថា “...
តុលាការបើកសវនាការជំនុំជម្រះរឿងក្តីបុរសម្នាក់ពីបទចាប់រំលោភកូនចុងអាយុ១៣ឆ្នាំរបស់ខ្លួន
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះរឿងក្តីបុរសម្នាក់ដែលជាប់ចោទពីបទចាប់រំលោភកូនចុងអាយុ១៣ឆ្នាំរបស់ខ្លួន។
យោងតាមលោក ម៉េង តូនី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានឲ្យដឹងថា ជនសង្ស័យអាយុ៣៣ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភមានស្ថានទម្ងន់ទោស។ដោយសារតែអាយុរបស់ក្មេងស្រីជនរងគ្រោះ សវនាការនេះត្រូវបានបិទទ្វារ។
បន្ទាប់ពីការបើកសវនាការរួចហើយ បុរសជាប់ចោទរូបនេះបានប្រាប់អ្នកយកព័ត៌មានថា គាត់បាន “ប៉ះពាល់” កូនចុងរបស់ខ្លួនមែន ប៉ុន្តែបានបដិសេធថា គាត់មិនបានចាប់រំលោភនាងទេ។ គាត់បាននិយាយថា “ ខ្ញុំសូមច្រានចោលការចោទប្រកាន់ពីការចាប់រំលោភ”។
ម្តាយក្មេងស្រីរងគ្រោះបាននិយាយថា គាត់មិនដឹងថា ត្រូវជឿថា ប្តីរបស់គាត់ពិតជាបានចាប់រំលោភកូនស្រីរបស់គាត់មែនឬអត់ឡើយ ពីព្រោះគាត់មិនបានទីនោះទេនៅពេលមានបទល្មើសកើតឡើងនោះ។
អ្នកស្រីបាននិយាយថា “ ប្តីទី១របស់ខ្ញុំបានស្លាប់នៅពេលកូនស្រីរបស់យើងមានអាយុ៨ឆ្នាំ ហើយនៅពេលនោះម្តាយក្មេកប្តីមុនរបស់ខ្ញុំបានសុំខ្ញុំយកចៅស្រីរបស់គាត់ទៅរស់នៅជាមួយគាត់”។ អ្នកស្រីបានបន្ថែមថា ប្តីទី២របស់ខ្ញុំបានជំទាស់ ហើយសុំទុកកូននេះឲ្យនៅជាមួយពួកយើង។
អ្នកស្រីនិយាយថា ជីដូនរបស់ក្មេងស្រីបានដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យរូបនេះ។ អ្នកស្រីបានបន្ថែមថា “អតីតម្តាយក្មេករបស់ខ្ញុំបានចោទប្តីថ្មីរបស់ខ្ញុំថា បានរំលោភបន្ទាប់ ពីពួកគាត់ទាស់សម្តីគ្នាអំពីការដែលជីដូនទាមទារយកនាងទៅចិញ្ចឹម”។
ជនសង្ស័យអាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ប្រសិនបើត្រូវបានរកឃើញពិរុទ្ធភាព។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៧ ខែកុម្ភៈ៕សារុន
មហោស្រពពុទ្ធសាសនាឥណ្ឌានឹងប្រារព្ធធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប
ព្រះសង្ឃនិងសិល្បករជាង៧០រូបមកពីឥណ្ឌា នឹងចូលរួមក្នុងមហោស្រពបង្ហាញពីទម្រង់សិល្បៈផ្សេងៗគ្នាពាក់ព័ន្ធទៅនឹងពុទ្ធសាសនាដែលចាប់ផ្ដើមក្នុងរាជធានីភ្នំពេញនៅរសៀលនេះ។
រៀបចំដោយស្ថានទូតឥណ្ឌា រួមសហការជាមួយក្រសួងធម្មការ និងសាសនា មហោស្រពពុទ្ធ សាសនាដែលប្រារព្ធធ្វើឡើងនៅក្រុងចំនួនពីរផ្សេងគ្នា គឺរាជធានីភ្នំពេញ និងក្រុងសៀមរាបនេះ នឹងមានបង្ហាញទម្រង់សិល្បៈដ៏ពិសេសមួយចំនួនដែលត្រូវបានប្រើនៅវត្តអារាមនានាក្នុងប្រ ទេសឥណ្ឌា ដូចជារូបរចនាបដិមាធ្វើពីម្សៅទឹកដោះជាដើម។
លោក Dinesh Patnaik ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងតាមរយៈសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា មហោស្រពនេះនឹងចាប់ផ្ដើមនៅរាត្រីនេះជាមួយនឹងការបើកពិព័រណ៍ធម្មទស្សន៍នៅវត្តឧណ្ណាលោម ស្ដីពីពុទ្ធប្បវត្តិ និងពាក្យប្រៀនប្រដៅរបស់ព្រះអង្គ។
លោកបានមានប្រសាសន៍ថា“ មានប្រជាពលរដ្ឋច្រើនណាស់នៅក្នុងប្រទេសកម្ពុជាដែលចង់ធ្វើដំណើរទៅប្រទេសឥណ្ឌា ប៉ុន្តែមិនអាចទៅបាន។ ដូច្នេះយើងបានសម្រេចចិត្តពាំនាំទម្រង់សិល្បៈពាក់ព័ន្ធនឹងព្រះពុទ្ធមកជូនពួកគាត់ទស្សនាតែម្ដង”។
លោក...
សន្ទស្សន៍៖ ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់ប្រទេសកម្ពុជាធ្លាក់ចុះបន្តទៀតក្នុងឆ្នាំ២០១៤
យោងតាមសន្ទស្សន៍សារព័ត៌មានពិភពលោកថ្មី (World Press Freedom Index) ដែលទើបតែត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ បង្ហាញថា ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់ប្រទេសកម្ពុជា បានបន្តធ្លាក់ចុះទៀតនៅក្នុងតារាងប្រទេស១៨០ ដែលត្រូវបានវាយតម្លៃដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders)។
កាលពីឆ្នាំ២០១២ ប្រទេសកម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ១១៧ បន្ទាប់មកក្នុងឆ្នាំ២០១៣ ចំណាត់ថ្នាក់នេះបានបន្តធ្លាក់ចុះមកនៅលេខ១៤៣ ហើយក្នុងឆ្នាំ២០១៤នេះ ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននេះបានធ្លាក់ចុះមកនៅលេខ១៤៤។ ប្រទេសនេះស្ថិតក្នុងចំណោម បណ្តាប្រទេសដែលអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនចាត់ទុកថា ជាប្រទេសស្ថិតក្នុងស្ថានភាពលំបាក។ ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជាកាលពីឆ្នាំមុន បច្ចុប្បន្នក្លាយជាចំណាត់ថ្នាក់របស់ប្រទេសអេត្យូ ពីខណៈដែលប្រទេសភូមាឈរនៅចំណាត់ថ្នាក់ទី១៤៥ក្រោមប្រទេសកម្ពុជាបន្តិច។
ក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសព្រុយណេឈរនៅចំណាត់ថ្នាក់លេខ១១៧ ថៃឈរនៅចំណាត់ថ្នាក់លេខ១៣០ ឥណ្ឌូណេស៊ីឈរនៅចំណាត់ថ្នាក់លេខ១៣២ ម៉ាឡេស៊ីឈរនៅចំណាត់ថ្នាក់ទី១៤៧ ហ្វីលីពីនឈរនៅចំណាត់ថ្នាក់ទី១៤៩ សិង្ហបុរីឈរនៅចំណាត់ថ្នាក់លេខ១៥០ វៀតណាមឈរនៅចំណាត់ថ្នាក់លេខ១៧៤ និងប្រទេសឡាវឈរនៅចំណាត់ថ្នាក់លេខ១៧១។ ប្រទេសតួកម៉េនីស្ថាន កូរ៉េខាងជើង និងប្រទេសអេរីត្រេ ឈរនៅចំណាត់ថ្នាក់បាតតារាងនៃសន្ទស្សន៍នេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា លទ្ធផលនៃការវាយតម្លៃសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាមិនយុត្តិធម៌ទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា វាគឺជារឿងមិនយុត្តិធម៌ទេ ដែលមានការបំពេញរបាយការណ៍ដោយមិនមានព័ត៌មានជាមូលដ្ឋាន”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ប្រព័ន្ធផ្សព្វផ្សាយភាសាបរទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយជនបរទេសធ្វើប្រតិបត្តិការដោយសេរីនៅប្រទេសកម្ពុជា ក៏ដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ដែលធ្វើប្រតិបត្តិការដោយសេរីផងដែរ”។
កាលពីខែមិថុនាឆ្នាំមុន ពោលគឺប៉ុន្មានសប្តាហ៍មុនមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខែកក្កដា ក្រសួងព័ត៌មានបានហាមមិនឲ្យស្ថានីយផ្សព្វផ្សាយបរទេសផ្សព្វផ្សាយកម្មវិធីជាភាសាខ្មែរ ជាហេតុនាំឲ្យមានភាពស្ងប់ស្ងាត់ភ្លាមៗពីវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី វិទ្យុបារាំងអន្តរជាតិ ដែលត្រូវបានផ្សាយបន្តនៅក្នុងប្រទេសកម្ពុជាតាមរយៈស្ថានីយវិទ្យុនានាដូចជា វិទ្យុសម្បុកឃ្មុំ និងវិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជាជាដើម។
ក៏ប៉ុន្តែ មិនយូរប៉ុន្មាន បម្រាមនេះក៏ត្រូវបានលុបចោលវិញ បន្ទាប់ពីមានប្រតិកម្មទៅនឹងសេចក្តីសម្រេចនេះ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះអ្នកសារព័ត៌មានមិនត្រូវបានការពារពីអំពើហិង្សាទេ។ អំឡុងសកម្មភាពតវ៉ាអហិង្សាដោយមានការអុជទៀននៅរមណីយដ្ឋានវត្តភ្នំ អ្នកសារព័ត៌មានជាច្រើននាក់ត្រូវបានគេវាយប្រហារដោយចំពាម និងដំបងឆក់នៅពេលពួកគេចុះទៅយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍នោះ។ កាលពីពេលថ្មីៗនេះ រូបភាពអ្នកសារព័ត៌មានឱនគេចពីការវាយប្រហារអំឡុងសកម្មភាពតវ៉ាមួយ ក៏ត្រូវបានផ្សព្វផ្សាយដែរ។
លោកស្រី ពង្ស ឈីវហ្គិច នាយិកាអង្គការសិទ្ធិមនុស្ស លីកាដូ បានលើកឡើងថា លោកស្រីមិនមានអារម្មណ៍ភ្ញាក់ផ្អើលទេ ទោះបីជាប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់ទាបក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានក៏ដោយ។ លោកស្រីបានមានប្រសាសន៍ថា “ដោយសារតែមានការវាយដំ និងផ្តោតគោលដៅទៅលើអ្នកយកព័ត៌មានរបាយការណ៍មានភាពសុក្រឹតណាស់ សម្រាប់ផ្នែកការងារដ៏លំបាក និងមានគ្រោះថ្នាក់របស់ប្រព័ន្ធផ្សព្វផ្សាយ”៕សុធា
លទ្ធផលស៊ើបអង្កេត៖ ការិយាល័យអប់រំស្រុកលួចសៀវភៅសម្រាប់ចែកជូនសិស្សដោយឥតគិតថ្លៃ
លទ្ធផលស៊ើបអង្កេតរបស់អង្គការក្រៅរដ្ឋាភិបាលពីរបានបង្ហាញថា បណ្តាញមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាដែលបានលួចសៀវភៅសិក្សាដែលទុកសម្រាប់ចែកជូនសិស្សដោយឥតគិតថ្លៃ ហើយបន្ទាប់មកបានលក់សៀវភៅទាំងនោះឲ្យសាលានានា ឬក៏ទីផ្សារក្នុងស្រុក។
ប្រតិបត្តិការស៊ើបអង្កេតធ្វើឡើងកាលពីខែធ្នូ និងខែមករា បានរកឃើញថា មន្ត្រីនៅមន្ទីរអប់រំស្រុក បានបង្អាក់ដំណើរការចែកចាយសៀវភៅសិក្សាផ្លូវការទាំងនេះ ហើយបានបង្កើតបណ្តាញរកប្រាក់ចំណូលបីសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។ គួរបញ្ជាក់ថា សៀវភៅទាំងនេះត្រូវបានចែកចាយក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
យោងតាមលោក សន ជ័យ មន្ត្រីតំណាងបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលបានអនុវត្តប្រតិបត្តិការស៊ើបអង្កេតនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខ្មែរសំរាប់អភិវឌ្ឍន៍ជាតិ បានឲ្យដឹងថា គ្រឹះស្ថានបោះពុម្ពផ្សាយរបស់រដ្ឋ “បានផ្តល់ប្រាក់ដល់មន្ត្រីអប់រំថ្នាក់ស្រុក ដើម្បីចែកចាយសៀវភៅសិក្សាទាំងនោះ” ។
លោកបន្តថា “ប៉ុន្តែ មន្ត្រីទាំងនោះគ្រាន់តែទុកប្រាក់ និងសៀវភៅ ហើយបន្ទាប់មកទៀត ក៏គិតយកប្រាក់ពីនាយកសាលានៅពេលពួកគេទៅប្រមូល” សៀវភៅចែកចាយដោយឥតគិតថ្លៃទាំងនេះ។ លោកបានបន្តថា “សកម្មភាពបែបនេះជាការរំលោភកិច្ចសន្យា ”។
កាលពីឆ្នាំ២០០៨ ធនាគារ ADB បានសន្យាផ្តល់ប្រាក់១,៣លានដុល្លារសម្រាប់បោះពុម្ពសៀវភៅសិក្សា តាមរយៈកិច្ចសន្យាជាមួយគ្រឹះស្ថានបោះពុម្ព និងចែកចាយ ជាស្ថាប័នរដ្ឋមួយទទួលបន្ទុកការងារបោះពុម្ព និងចែកចាយសៀវភៅសិក្សា។ គ្រឹះស្ថានបោះពុម្ព និងចែកចាយនេះត្រូវយកសៀវភៅចែកចាយនៅតាមសាលារៀនដោយផ្ទាល់ ក៏ប៉ុន្តែ ស្ថានប័ននេះបានរំលោភកិច្ចសន្យានេះ ដោយបានចុះកិច្ចសន្យាបន្តជាមួយមន្ត្រីអប់រំស្រុក សម្រាប់អនុវត្តដំណើរការនេះ នេះបើយោងតាមលទ្ធផលស៊ើបអង្កេតរបស់អង្គការក្រៅរដ្ឋាភិបាលទាំងពីរនេះ។
បន្ទាប់មកមន្ត្រីអប់រំស្រុក បានយកសៀវភៅចែកចាយដោយឥតគិតថ្លៃទាំងនេះទៅឲ្យប្រភពចំណូលទាំងបី ពោលគឺទទួលបានប្រាក់ចំណូលពីគ្រឹះស្ថានបោះពុម្ព និងចែកចាយ សម្រាប់ការយល់ព្រមយកសៀវភៅទាំងនោះទៅចែកចាយ ទទួលបានចំណូលពីការយកសៀវភៅទាំងនេះទៅឲ្យនាយកសាលា និងទុកចំណែកខ្លះនៃសៀវភៅទាំងនោះសម្រាប់លក់ឲ្យបណ្ណាគារក្នុងស្រុកនានាដែលលក់បន្តទៅឲ្យសិស្ស ដែលសមតែទទួលបានសៀវភៅទាំងនោះដោយមិនបង់ប្រាក់។
លទ្ធផលស៊ើបអង្កេតនេះបានបង្ហាញបន្តទៀតថា សិស្សតែ១៥,៦ភាគរយនៃចំនួនសិស្ស៤៨៩នាក់ដែលត្រូវបានសម្ភាស បានទទួលសៀវភៅសិក្សាទាំងនោះបានគ្រប់មុខសម្រាប់ឆ្នាំសិក្សាបច្ចុប្ប ន្ន ខណៈដែល៤២ភាគរយទទួលបានតែជិតពាក់កណ្តាលប៉ុណ្ណោះ។ បន្ទាប់ពីបានអនុវត្តប្រតិបត្តិការស៊ើបអង្កេតរបស់ខ្លួនផ្ទាល់ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣១ខែមករា បានព្រមានអាជីវករលក់សៀវភៅថា ពួកគាត់នឹងប្រឈមការរឹបអូស និងការផាកពិន័យ ប្រសិនបើពួកគេនៅតែបន្តលក់សៀវភៅអានឧបត្ថម្ភដោយធនាគារ ADB ទាំងនេះ។ គួរបញ្ជាក់ថា សៀវភៅទាំងនេះមានកំណត់សម្គាល់ថា “ហាមលក់។ កម្មសិទ្ធិរបស់រដ្ឋ”។
លោក រស់ សាលីន ប្រធានខុទ្ទកាល័យរបស់លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីថ្មីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “បញ្ហារឿងអាស្រូវនេះស្ថិតនៅត្រង់ថា ចំណុចចែកចាយបានក្លាយជាការិយាល័យស្រុក”។
លោកបានមានប្រសាសន៍ថា “ ដំណើរការចែកចាយគួរត្រូវបានអនុវត្តចាប់ពីគ្រឹះស្ថានបោះពុម្ព និងចែកចាយ ទៅសាលារៀន”។ ជាជាងទុកឲ្យមន្ត្រីរាជការស៊ីវិលទទួលខុសត្រូវចំពោះអំពើពុករ លួយនៅការិយាល័យអប់រំស្រុក លោក រស់ សាលីន បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា គ្រាន់តែកែតម្រូវអំពើខុសឆ្គង និងយល់ថា សៀវភៅអានទាំងនោះគួរតែត្រូវបានយកទៅឲ្យសិស្ស។ លោកបានប្រសាសន៍បន្តទៀតថា “យើងអាចប្រើយន្តការផ្ទៃក្នុងរបស់យើងផ្ទាល់ ដើម្បីកំណត់អត្តសញ្ញាណ និងដាក់ពិន័យអ្នកប្រព្រឹត្ត”។
ក៏ប៉ុន្តែ លោក មិនបានពន្យល់លម្អិតអំពីទណ្ឌកម្មទាំងនោះទេ។ លោកបានមានប្រសាសន៍បន្តទៀតថា “ដំបូង យើងយកចិត្តទុកដាក់ទៅលើការប្រមូលសៀវភៅអាន ពីបណ្ណាគារ និងកន្លែងលក់ផ្សេងៗ ហើយយកទៅចែកចាយតាមសាលារៀនវិញ”។ ក៏ប៉ុន្តែ ភាពមិនប្រក្រតី មិនមែនកើតឡើងតែនៅការិយាល័យអប់រំស្រុកប៉ុណ្ណោះទេ។
នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកលើការត្រួតពិនិត្យរំហូរសៀវភៅអានដែលត្រូវបានយកចេញពីគ្រឹះស្ថានបោះពុម្ព និងចែកចាយ ទៅប្រ គល់ឲ្យសិស្សនៅតាមសាលារៀននានានោះ ត្រូវបានរកឃើញថា បានពិនិត្យដំណើរការចែកចាយសៀវភៅដល់តែ១១សាលាក្នុងចំណោម៣៣សាលាដែលត្រូវបានចុះសម្ភាស។
លោក លឹម សុត្ថារិទ្ធ ប្រធានផ្នែកផ្គត់ផ្គង់សៀវភៅសិក្សានៅនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានអះអាងកាលពីម្សិលមិញថា ការយកសៀវភៅ និងប្រាក់ទុក មុនពេលយកទៅចែកចាយចោយឥតគិតថ្លៃ មិនមែនជាអំពើពុករលួយទេ ប៉ុន្តែ វាគ្រាន់តែជាកិច្ចសន្យាបន្តប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា “មន្ត្រីពីរឬបីនាក់ នៅការិយាល័យអប់រំថ្នាក់ស្រុកបានចុះកិច្ចសន្យាជាមួយគ្រឹះស្ថានបោះពុម្ព និងចែកចាយ” ដើម្បីចែកចាយសៀវភៅ។
លោកបានបន្តថា “ប្រធានការិយាល័យស្រុកស្នើសុំទុកសៀវភៅខ្លះសម្រាប់បញ្ជូនទៅទីផ្សារ... ហើយការិយាល័យអប់រំស្រុកស្នើឲ្យនាយកសាលាផ្តល់ប្រាក់ នៅពេលពួកគាត់យកសៀវភៅទាំងនោះ។ វាមិនមែនជារឿងខុសច្បាប់ទេ។ នោះគ្រាន់តែជាកិច្ចសន្យាបន្តប៉ុណ្ណោះ”។ ធនាគារ ADB បានបដិសេធមិនធ្វើអត្ថាធិប្បាយពីលទ្ធផលនៃការស៊ើបអង្កេតទៅលើការចែកចាយសៀវភៅសម្រាប់ចែកជូនដោយឥតគិតថ្លៃរបស់ខ្លួន៕ សុធា
សាលាដំបូងរាជធានីផ្តន្ទាទោសទាហានពីរនាក់និងស្ត្រីម្នាក់ឲ្យជាប់ពន្ធនាគារពីបទជួញដូរថ្នាំញៀន
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសទាហានពីរនាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតនិងស្ត្រីជនជាតិខ្មែរម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំពីបទផលិតថ្នាំញៀន ចែកចាយថ្នាំញៀនខុសច្បាប់ និងជួញដូរថ្នាំញៀន ព្រមទាំងប្រើប្រាស់អាវុធខុសច្បាប់។
លោកចៅក្រម កែវ មុនី មានប្រសាសន៍នៅក្នុងតុលាការថា “តុលាការរកឃើញថា ពួកគេមានពិរុទ្ធភាពពីបទផលិតថ្នាំញៀនខុសច្បាប់ ជួញដូរថ្នាំញៀន និងប្រើប្រាស់អាវុធខុសច្បាប់”។
បុរសជាប់ទោសទាំងពីរនាក់ឈ្មោះ កែវ សារឿន អាយុ៥២ឆ្នាំ និង ប៊ុន ថា អាយុ៤៨ឆ្នាំត្រូវបានពិន័យជាប្រាក់ចំនួន៦០លានរៀល ចំណែកស្ត្រីឈ្មោះ ពៅ បុប្ផា អាយុ៤៦ឆ្នាំត្រូវបានបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន៣០លានរៀល។ លោកចៅក្រម កែវ មុនី បានមានប្រសាសន៍បន្ថែមទៀតថា ទាហានទាំងពីរនាក់នេះគឺជាជនជាតិវៀតណាម ហើយលោកមិនអាចពន្យល់ថា តើពួកគេមានតួនាទីក្នុងជួរកងយោធពលខេមរភូមិន្ទដោយរបៀបណាទេ។
អ្នកទាំងបីត្រូវបានចាប់ខ្លួនកាលពីខែធ្នូក្នុងការឆ្មក់ចូលជាប់ៗគ្នាពីរលើកដែលចាប់ ខ្លួនមនុស្សបានប្រាំនាក់ និងមានបីនាក់ជាកងយោធពលខេមរភូមិន្ទនៅក្នុងខណ្ឌចំការមន និងក្នុងខណ្ឌទួលគោក។
អំឡុងការចាប់ខ្លួនលើកទី១នៅក្នុងខណ្ឌចំការមន...
ព្រះមហាក្សត្រយាងទៅបំពេញទស្សនកិច្ចនៅប្រាសាទព្រះខ័នដើម្បីបួងសួងសុំសន្តិភាព
ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងទៅបំពេញទស្សនកិច្ចនៅប្រាសាទព្រះខ័ន ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃអង្គារ ដើម្បីយកស្បៀងអាហារនិងសម្ភារផ្សេងៗទៅចែកជូនអ្នកភូមិជាង៨០០គ្រួសារ ហើយបានបួងសួងសុំឲ្យដួងវិញ្ញាណក្ខន្ធសម្ដេចចឪជួយ ផ្តល់មកនូវសន្តិភាពនិងការឯកភាពគ្នានៅ ក្នុងប្រទេស។
បន្ទាប់ពីបានយាងទៅដល់ប្រាសាទសម័យអង្គរក្នុងសតវត្សរ៍ទី១២ នៅស្រុកសង្គមថ្មីកាលពីព្រឹកថ្ងៃអង្គារ តាមឧទ្ធម្ភាគចក្រ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចែកស្បៀងអាហារនិងសម្ភារផ្សេងៗដល់គ្រួសារដែលក្រីក្របំផុតជាង៨៤០គ្រួសារនៅក្នុងខេត្តនេះ។ អំណោយទាំងនោះរួមមានអង្ករ៥០គីឡូក្រាម ត្រីខកំប៉ុង ប្រាក់ចំនួន១០ម៉ឺនរៀល អាវយឺត មុង និងក្រមា។
យោងតាមលោក អ៊ុំ តារាវុធ នាយខុទ្ទកាល័យព្រះបរមរាជវាំងបានឲ្យដឹងថា ព្រះមហាក្សត្រ នរោត្តម សីហមុនី ក៏បានបួងសួងសុំឲ្យមានការបញ្ចប់ជម្លោះនយោបាយដែលកំពុងតែបន្តរវាងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ។
លោក តារាវុធ បានមានប្រសាសន៍ថា “ព្រះមហាក្សត្របានបួងសួងសុំឲ្យប្រទេសកម្ពុជាជួបតែសន្តិភាព។ ព្រះមហាក្សត្រចង់ឲ្យមានការឯកភាពគ្នារវាងគណបក្សទាំងពីរនិងឯកភាពជាតិជារៀងរហូត ដូច្នេះប្រទេសផ្សេងនឹងមិនមើលងាយ ឡើយ”។
កាលពីខែមករា ទីភ្នាក់ងារព័ត៌មានរដ្ឋ AKP បានធ្វើសេចក្តីរាយការណ៍ថា ខុទ្ទ កាល័យព្រះបរមរាជវាំងបានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវឲ្យគណបក្សនយោបាយនិងអ្នកផ្សេងៗទៀតកុំប្រើព្រះនាមរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចម៉ែមុនីនាថ ទៅកេងចំណេញប្រយោជន៍នយោបាយ។
លោក តារាវុធ បានមានប្រសាសន៍នៅពេលនោះថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចូលរួមចំណែកនៅក្នុងការទម្លាយភាពជាប់គាំងផ្នែកនយោបាយរួចហើយ ដោយបានអំពាវនាវឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជានិងមេដឹកនាំគណបក្សសង្គ្រោះជាតិមកជួបគ្នានៅព្រះបរមរាជវាំង កាលពីថ្ងៃទី១៥ ខែកញ្ញា។
កាលពីថ្ងៃទី២៣ ខែកញ្ញា ព្រះមហាក្សត្របានយាងធ្វើជាអធិបតីនៅក្នុងសម័យប្រជុំសភាដំបូងដែលមានតែសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចចូលរួម ទោះបីជាសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិចំនួន៥៥រូបធ្វើពហិការក៏ដោយ ដែលមកទល់នឹងពេលនេះគឺជាខែទី៥ហើយនោះ។
លោកស្រី ខូយ ប៊ុនថាន អភិបាលរងខេត្តព្រះវិហារបានឲ្យដឹងថា លោកសង្ឃឹមថាការបួងសួងរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី សុំឲ្យមានសន្តិភាពធ្វើឡើងចំពេលប្រទេសកំពុងមានវិបត្តិនយោបាយនេះនឹងបានសម្រេច។ លោកស្រី ខូយ ប៊ុនថាន មានប្រសាសន៍ ថា “ព្រះមហាក្សត្របានបួងសួងសុំឲ្យមានភាពសម្បូរសប្បាយនិងសន្តិភាពសម្រាប់ប្រទេសកម្ពុជានិងពលរដ្ឋរបស់ព្រះអង្គ។ ខ្ញុំចង់ឲ្យខ្មែរស្រឡាញ់ខ្មែរនិងកុំឲ្យខ្មែរឈ្លោះតែគ្នាឯង”៕ ស៊ុយឈាង
Latest news
© 2021, ដេលី. All rights reserved.

