38 C
Phnom Penh

អ្នក​ភូមិរងផលប៉ះពាល់​ទាមទារ​សំណង​ចំពោះ​​​ការ​សាង​សង់​​ទំនប់​​វារីអគ្គិសនី​សេសាន​ក្រោម​២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​មួយ​ក្រុម​មាន​គ្នា​ប្រាំបីនាក់​មក​ពី​ខេត្ត​ស្ទឹង​ត្រែង​និង​ខេត្ត​រត​នគិរី​ដែល​ប្រឈម​​​​នឹង​ការ​បណ្តេញ​ចេញដើម្បី​យក​កន្លែង​សាង​សង់​ទំនប់​សេសានក្រោម​២​នោះ​កាលពី​ម្សិល​​​​​មិញបាន​ដាក់​ញត្តិទៅ​ស្ថាន​ទូត​​ចិន​ និង​ក្រសួង​​បី​ទៀត​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​អភិ​​​វឌ្ឍន៍​ទំនប់​នេះ​​ធ្វើការ​ចរ​ចា​ជាមួយ​​ពួកគាត​់។

លោក ពុធ ខឿន តំណាងមក​ពី​ឃុំ​ស្រែគ ស្រុក​សេសាន ​មាន​ប្រសា​សន៍​បន្ទាប់​ពី​អ្នក​ភូមិ​បាន​ប្រគល់ញត្តិ​ទៅ​ក្រសួង​ឧស្សា​​​ហ​កម្ម រ៉ែ និង​ថាមពល​ ក្រសួង​សេដ្ឋ​កិច្ច និង​ក្រសួង​បរិស្ថាន ព្រមទាំង​ឯក​​អគ្គ​រដ្ឋ​ទូត​​ចិន​ ស្នើឲ្យ​មាន​វេទិកា​សាធារ​ណៈ​ជាមួយ​ក្រុម​ហ៊ុន​​​​អភិ​វឌ្ឍន៍នេះ​ដើម្បី​ពិភាក្សា​ព័ត​៌មាន​លម្អិតអំពី​គម្រោងនេះថា “គ្រួសារ​ដែល​រង​ផល​ប៉ះ​ពាល់​មិន​ដែល​បាន​ពិគ្រោះ​យោបល់​អំពី​កា​រ​សាងសង់​ទំនប់​​នេះ​ទេ បើទោះ​ជា​ពួកយើង​នឹ​ងត្រូវ​បាត​់​បង់​អ្វីៗគ្រប់យ៉ាង​​​​ក៏ដោយ”​។

ទំនប់​សេសានក្រោម​២ដែលមាន​កម្លាំង​​​៤០០មេហ្គាវ៉ាត់សាង​សង់​ដោយ​ក្រុម​ហ៊ុន​ Hydropower Lower Sesan 2 ជា​ក្រុម​​ហ៊ុន​រកស៊ី​រួមគ្នា​រវាង​ក្រុម​ហ៊ុន​រ៉ូយ៉ាល់ គ្រុប និង​ក្រុម​ហ៊ុន​ Hydrolancang International Energy Co. Ltd., ជា​​​ក្រុម​ហ៊ុន​ចិន​នោះ​គ្រោង​​​បណ្តេញ ​អ្នក​​ភូមិ​ប្រហែល​៥.០០០នាក់​ដែល​រស់​នៅ​​ជុំវិញ​តំបន់​នោះ​ចេញ។

សកម្មភាព​កាលពី​ម្សិលមិញនេះកើត​ឡើង​បន្ទាប់ពី​ការ​ផ្សព្វផ្សាយ​ឯកសារ​ចំនួន​ពីរ​និយាយ​លម្អិត​​ពី​​ផែន​ការ​ផ្ត​ល់​សំណង​និង​ផែនការ​តាំង​ទី​លំនៅ​ថ្មី ស្តី​ពី ​ “យន្តការ​ និង​នីតិវិធីនៃការ​ផ្ត​ល់​សំណង” ​​​និង​ “គោល​​​នយោ បាយ​តាំង​ទី​លំនៅថ្មីនៃ​ទំនប់​សេសាន​ក្រោម​២” ក្នុង​ខេត្ត​ស្ទឹង​ត្រែង​​ចុះ​ថ្ងៃទី​១៧​ខែ​​​មករា​ និង​ចុះ​ហត្ថ​លេខា​​ដោយ​​លោក ស៊ុយ​ សែម រដ្ឋ​មន្ត្រី​ក្រសួ​ងឧស្សាហកម្ម​ រ៉ែ និង​ថាម​ពល​។

ច្បាប់​ចម្លង​នៃ​ឯកសារស្ដីពី​ការ​ផ្តល់​សំណង​​​​​​​​​មាន​ខ្លឹមសា​រថា ​ក្រុម​ហ៊ុន​អភិ​វឌ្ឍ​ន៍​​ទំនប់​វារី​អគ្គិសនី​នេះ​បាន​យល់​ព្រម​ផ្តល់​សំណង​ដល់​អ្នក​ភូមិ​សម្រាប់​ដើម​ឈើ​ហូប​ផ្លែ​របស់​ពួក​គាត់​​ ដោយ​​មាន​​សំណង​​ចាប់​ពី២​ដុល្លារ​ដល់​៤៤​ដុល្លា​រ​អាស្រ័យ​លើ​ប្រភេទ​ដើម​ឈើ។

ក្រុមហ៊ុន​​អភិវឌ្ឍន៍​នេះ​ ក៏បាន​យល់​ព្រម​ផ្តល់​សំណង​ដល់​វត្ត​អារាម​ចំនួន​​បី​​នៅ​ក្នុង​តំបន់​នោះផង​ដែរ​ ប្រសិន​បើ​ចាំបាច់​ត្រូវ​វាយ​កម្ទេច​ចោល​ទាំងស្រុង​នោះ​។ ប៉ុន្តែ ក្រុមអ្នក​ភូមិ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពីម្សិលមិញ​បាន​និយា​យ​ថា ពួកគាត់​ព្រួយ​បារម្ភ​ពី​កន្លែង​តាំង​ទី​លំនៅថ្មី​នោះថាស្ថិត​ក្នុង​តំបន់​គ្មាន​ជីជាតិ​​​ ហើយ​ថា កន្លែង​​កប់សព​ដូន​តា​របស់​ពួក​គាត់​ប្រហែល​ជាត្រូវ​ឈូស​បំផ្លាញ​ដោយ​​មិន​មាន​ការ​​ផ្តល់​សំណង​។

​លោក​ ពុធ ខឿន ​មាន​ប្រសាសន៍​ថា “ កន្លែង​តាំង​ទីលំនៅថ្មី​នោះ​ស្ថិត​នៅ​​ប្រហែល​​​​​​​​​៣​គីឡូម៉ែត្រ​ពី​ទន្លេ​សេសាន​​ដែល​ដី​នៅ​កន្លែង​​​​​​​នោះ​សុទ្ធ​តែ​ថ្ម​ និង​គ្មាន​ជីជាតិ​មិន​អាច​ធ្វើ​ស្រែ​ចម្ការ​បាន​ឡើយ”។ លោក​បាន​បន្ថែម​ថា អ្នកភូមិ​ក្នុង​មូល​ដ្ឋាន​អាក់​អន់​ចិត្ត​ត្រង់​ថា ពួកគាត់នឹង​មិន​ទទួល​​បា​ន​សំណង​សម្រាប់​កន្លែង​កប់​សព​ដែល​នឹង​ត្រូវ​ជន​់លិច​ដោយសា​រទំនប់​​នេះ​។

លោក ទួន តាំង​ មេឃុំ​ភ្លុក​ បាន​មាន​ប្រសា​សន៍ថា អ្នក​ភូមិ​១៦​គ្រួសារ​បាន​ទទួល​យក​សំណង​ចាប់​ពី​៨.០០០ដុល្លារ​ដល់​​២០.០០០​​​ដុល្លារ​សម្រាប់​ផ្ទះ​សំបែង​និង​ដីធ្លី​របស់​ពួក​គាត់​ដោយមិន​ចង់ទៅ​រស់​​នៅ​កន្លែង​តាំង​លំនៅថ្មីនោះ។ លោ​ក​បាន​មាន​ប្រសាសន៍ថា “គ្រួសារ​​​ដែល​​រងផល​ប៉ះពាល់​ត្រូវ​បាន​ផ្តល់​​សំណង​​ហើយ​ ខ្ញុំគិត​ថា វាគ្រប់​គ្រាន់​សម្រាប់​​​ពួក​​គាត់​ហើយ​​។ ការ​សាង​សង់​ទំន​ប់​​​គឺជា​រឿង​​​​ល្អ​ដែល​នឹង​ជួយ​អភិវឌ្ឍ​សហគមន៍​ និង​បង្កើត​ការងារ​បន្ថែមទៀត”។

លោក​បាន​បន្ថែម​ថា កា​រសាង​សង់​ទំនប់​នឹង​ចាប់​ផ្តើ​ម​នៅពេល​ឆាប់​ៗ​នេះ ដោយ​កត់​សម្គាល់ថា ការ​សាង​សង់​កន្លែង​​​សម្រាប់​កម្ម​ករ​​​​ស្នាក់​នៅ​បាន​ចាប់​ផ្តើម​រួច​ហើយ​ ហើយ​គ្រឿង​​ចក្រ​ក៏​បាន​បញ្ជូន​ទៅ​ដល់​ទីកន្លែង​នោះ​​ហើយ​​​​​ដែរ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស