កាលពីម្សិលមិញ បុរសបីនាក់មកពីស្រុកលំផាត់ ខេត្តរតនគិរីបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តនេះ និងអង្គការសិទ្ធិមនុស្សអាដហុក ដើម្បីប្ដឹងនគរបាលម្នាក់ដែលពួកគេចោទប្រកាន់ពីបទធ្វើទារុណកម្មលើពួកគេ ខណៈពេលពួកគេកំពុងជាប់ឃុំ។
បុរសទាំងបីនាក់ដែលមានឈ្មោះដូចជា ណុប រី អាយុ២៣ឆ្នាំ ឈ្មោះ ដួង ដេត អាយុ២៨ឆ្នាំ និងឈ្មោះ ហ៊ឹម ខឿន អាយុ២៨ឆ្នាំដូចគ្នាបានដាក់ពាក្យប្ដឹងមន្ត្រីនគរបាលឃុំសេដាម្នាក់ឈ្មោះ ធឿន រ៉ូតានី ជាមន្ត្រីនគរបាលតែម្នាក់គត់ដែលពួកគេអាចចំណាំបានថា ស្ថិតក្នុងចំណោមនគរបាលមួយក្រុមដែលបានវាយដំបុរសវ័យក្មេងទាំងបីនាក់នេះ អំឡុងពេលពួកគេជាប់ឃុំរយៈពេលប្រាំមួយម៉ោងនៅប៉ុស្តិ៍នគរបាលកាលពីថ្ងៃអង្គារ។
យោងតាមពាក្យបណ្ដឹងនេះបានឲ្យដឹងថា បុរសឈ្មោះ ដួង ដេត និងមិត្តភក្ដិរបស់ខ្លួនបានទៅចូលរួមក្នុងពិធីមង្គលការមួយកាលពីល្ងាចថ្ងៃអង្គារ ហើយពួកគេបានសម្រេចចិត្តប្រឈមតតាំងនឹងលោក ធឿន រ៉ូតានី ដែលធ្លាប់បានវាយដំឈ្មោះ ដួង ដេត កាលពីលើកមុន។
ឈ្មោះ ដួង ដេត បានលើកឡើងថា “ខ្ញុំបានប្រទះឃើញបុរសឈ្មោះ នី [រ៉ូតានី] ដែលធ្លាប់វាយខ្ញុំកាលពីលើកមុន ហើយខ្ញុំបានសួរគាត់ថា ហេតុអ្វីបានជាគាត់វាយខ្ញុំ។ ពេលនោះគាត់ក៏ចាប់ក្រៀកខ្ញុំវ៉ៃខ្នោះ”។ បុរសរូបនេះបានលើកឡើងទៀតថា ឈ្មោះ ហ៊ឹម ខឿន និងឈ្មោះ ណុប រី ដែលជាមិត្តភក្ដិរបស់ខ្លួនបានឃើញហេតុការណ៍នោះផ្ទាល់ហើយក៏បានប្រឈមតតាំងនឹងនគរបាលប្រាំនាក់ដែលមកជួយលោក ធឿន រ៉ូតានី។
បុរសទាំងបីនាក់នេះត្រូវបានចាប់ខ្លួននៅពេលនោះ រួចបញ្ជូនទៅប៉ុស្តិ៍នគរបាលនៅពេលប្រហែលជាពាក់កណ្ដាលអធ្រាត្រ ហើយពួកគេបានជាប់ឃុំនៅទីនោះរហូតដល់ម៉ោងប្រហែល៦ព្រឹក។
ឈ្មោះ ដួង ដេត និយាយថា “ពួកគេបានវាយដំពួកយើងប្រហែល១ម៉ោង”។ បុរសរូបនេះបាននិយាយទៀតថា នគរបាលប្រហែលប្រាំនាក់បានដាល់មុខ ដងខ្លួនផ្នែកខាងលើ ជើងនិងដៃរបស់ពួកគេ។ កាលពីម្សិលមិញ លោក សូយ ថៃ អធិការស្រុកលំផាត់ បានបដិសេធថា នគរបាលឃុំមិនបានប្រើអំពើហិង្សាវាយដំដូចការចោទប្រកាន់នោះទេ ហើយបានមានប្រសាសន៍ថា បុរសទាំងនេះត្រូវបានចាប់ខ្លួនដោយសារតែពួកគេស្រវឹងស្រាបង្កបញ្ហា។
លោកមានប្រសាសន៍ថា “ពួកគេជាក្មេងទំនើងនៅក្នុងភូមិនេះ នគរបាលមិនបានវាយដំពួកគេនោះទេ។ នគរបាលគ្រាន់តែឃាត់ខ្លួនពួកគេប៉ុណ្ណោះ ដោយសារតែពួកគេស្រវឹងស្រាខ្លាំងពេក និងដោយសារតែពួកគេអាចធ្វើអ្វីផ្សេងទៀត” ដើម្បីបង្កបញ្ហា។ លោកបានមានប្រសាសន៍បន្តថា ពួកគេត្រូវបានឃុំខ្លួនរហូតដល់ពួកគេស្វាងស្រា។
លោក រស់ សារ៉ាំ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី មានប្រសាសន៍ថា លោកទទួលបានពាក្យបណ្ដឹងពីឈ្មោះ ដួង ដេត ឈ្មោះ ហ៊ឹម ខឿន និងឈ្មោះ ណុប រី រួចហើយ ហើយលោកនឹងកោះហៅបុរសទាំងបីនាក់នេះ និងមន្ត្រីនគរបាលរូបនេះទៅធ្វើការសាកសួរនៅសប្ដាហ៍ក្រោយ៕