31 C
Phnom Penh

ព្រះ​មហា​ក្សត្រ​យាង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រាសាទ​ព្រះ​ខ័ន​ដើម្បី​បួង​សួង​សុំ​​​​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហមុនី​ បាន​យាង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រាសាទ​ព្រះ​ខ័ន​ ក្នុង​ខេត្ត​ព្រះ​វិហារ​ កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​​យក​ស្បៀង​អាហារ​និង​សម្ភារ​ផ្សេងៗទៅ​ចែក​​​ជូន​អ្នក​ភូមិ​ជាង​៨០០​គ្រួសារ ​ហើយ​បាន​បួង​សួង​សុំ​​​ឲ្យ​​​ដួង​​​វិញ្ញាណក្ខន្ធសម្ដេចច​ឪ​ជួយ ​ផ្តល់​មក​​​នូវ​​​សន្តិភាព​និង​ការ​​​ឯកភាព​គ្នា​នៅ  ​ក្នុង​ប្រទេស​។

បន្ទាប់​ពី​បាន​យាង​ទៅ​ដល់​ប្រាសាទ​សម័យ​​​អង្គរ​ក្នុង​សតវត្ស​រ៍ទី​១២​ នៅ​ស្រុក​សង្គម​ថ្មី​កាល​​​​ពី​ព្រឹក​ថ្ងៃ​អង្គារ​ តាម​ឧទ្ធម្ភាគចក្រ​ ព្រះ​មហា​​ក្សត្រ​ នរោត្តម ​ សីហមុនី​ បាន​ចែក​​​ស្បៀង​​​​​​​​​​​​​អាហារ​និង​សម្ភារ​ផ្សេងៗ​ដល់គ្រួសារ​ដែល​ក្រី​ក្រ​បំផុតជាង​៨៤០​គ្រួសារ​នៅ​ក្នុង​ខេត្ត​នេះ​។ អំណោយ​ទាំង​នោះ​រួម​មាន​អង្ករ​៥០​គីឡូ​ក្រាម​ ត្រី​ខ​កំប៉ុង​ ប្រាក់​ចំនួន​១០ម៉ឺន​រៀល​ អាវ​យឺត​ មុង​ និង​ក្រមា​​។

យោង​តាម​លោក​ អ៊ុំ​ តារាវុធ នាយ​ខុទ្ទ​កា​ល័យព្រះ​បរម​រាជ​វាំង​បាន​ឲ្យ​ដឹង​ថា ​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហ​មុនី​ ក៏​បាន​បួង​សួង​សុំ​​​ឲ្យ​មាន​ការ​បញ្ចប់​ជម្លោះ​នយោ​បាយ​ដែល​កំពុង​តែ​បន្ត​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ តារាវុធ​ បាន​មាន​ប្រសាសន៍​ថា “ព្រះ​មហា​ក្សត្រ​បាន​បួង​សួង​សុំ​​​​ឲ្យ​ប្រទេស​​​​កម្ពុជា​ជួប​តែ​សន្តិភាព​។​ ព្រះ​មហា​ក្សត្រ​ចង់​ឲ្យ​មាន​ការ​ឯក​ភាព​គ្នារវាងគណបក្ស​ទាំងពីរ​និង​ឯក​ភាព​ជាតិ​ជា​រៀង​រហូត​ ដូច្នេះ​​ប្រ​ទេស​ផ្សេង​នឹង​មិន​មើល​ងាយ​ [ប្រទេស​កម្ពុជា​] ឡើយ​”។

កាល​ពី​ខែ​មករា​ ទី​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​ AKP បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ថា ខុទ្ទ កាល័យ​ព្រះ​​បរម​រាជ​វាំង​បាន​ចេញ​សេចក្តី​ថ្លែង​ការ​​​ណ៍​​​​មួយ​​អំពាវ​នាវ​ឲ្យ​គណ​បក្ស​នយោ​បាយ​និង​អ្នក​ផ្សេង​ៗ​ទៀតកុំ​​ប្រើ​ព្រះ​នាម​របស់​ព្រះ​មហា​ក្សត្រ​ នរោ​ត្តម​ សីហ​មុនី​ និង​សម្តេច​ម៉ែ​មុនីនាថ​ ទៅ​កេ​​​ងចំណេញ​ប្រយោជន៍​នយោ​បាយ​។

លោក​ តារា​វុធ​ បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហ​​​មុនី​ បាន​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​នយោ​បាយ​រួច​ហើយ​ ដោយ​​​​​បាន​អំពាវនាវ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​មក​ជួប​គ្នា​នៅ​ព្រះ​បរម​រាជ​វាំង​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​។

កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​ ព្រះ​មហា​ក្សត្រ​បាន​យាង​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​​ដំបូង​ដែល​មាន​តែ​សមាជិក​សភា​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​កាន់​អំណាច​ចូល​រួម​ ទោះ​បី​ជា​សមា​ជិក​សភា​មក​ពី​គណ​​​បក្ស​​​​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​ធ្វើ​ពហិការ​ក៏ដោយ​ ដែល​មក​ទល់​នឹង​ពេល​នេះ​គឺ​ជា​ខែ​ទី​៥ហើ​យ​នោះ​។

លោកស្រី​​​ ខូយ​ ប៊ុន​ថាន​ អភិបាល​រង​ខេត្ត​​​ព្រះ​វិហារ​បាន​ឲ្យ​ដឹង​ថា លោក​សង្ឃឹម​ថាការ​បួង​សួង​​របស់​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហ​មុនី​ សុំ​​​ឲ្យ​មាន​សន្តិភាព​​​ធ្វើ​​​ឡើង​​​ចំពេល​ប្រទេស​កំពុង​មាន​វិបត្តិ​នយោ​បាយ​នេះ​នឹង​​​​បាន​​​សម្រេច​​​។ លោកស្រី​​​​ ខូយ  ប៊ុន​ថាន​ ​មាន​ប្រសាសន៍ ​ថា “ព្រះ​មហា​ក្សត្រ​បាន​បួង​សួងសុំ​​​​ឲ្យ​មាន​ភាព​សម្បូរ​សប្បាយ​និង​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា​និង​ពល​រដ្ឋ​របស់​ព្រះ​អង្គ​។ ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ស្រឡា​​​ញ់​ខ្មែរ​និង​កុំ​ឲ្យ​ខ្មែរ​ឈ្លោះ​តែ​​គ្នាឯង​”៕ ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស