37 C
Phnom Penh

លទ្ធផល​ស៊ើប​អង្កេត​​៖ ​ការិយាល័យ​​អប់​រំ​ស្រុក​​លួច​សៀវ​ភៅ​សម្រាប់​ចែក​ជូន​សិស្ស​ដោយ​​ឥតគិត​ថ្លៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លទ្ធផល​ស៊ើប​អង្កេត​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពីរ​បាន​បង្ហាញ​ថា បណ្តាញ​មន្ត្រី​ក្រសួង​អប់​រំ យុវជន និង​កីឡាដែល​បាន​លួច​សៀវ​ភៅ​សិក្សា​ដែល​ទុក​សម្រាប់​ចែក​ជូន​សិស្ស​ដោយ​ឥតគិត​ថ្លៃ​ ហើយ​បន្ទាប់​មក​បាន​លក់​សៀវភៅ​ទាំង​នោះ​ឲ្យ​សាលា​នានា​ ឬ​ក៏​ទីផ្សារ​ក្នុង​ស្រុក​។

ប្រតិបត្តិការ​ស៊ើប​អង្កេត​ធ្វើឡើង​កាលពី​ខែ​ធ្នូ និង​ខែមករា បាន​រក​ឃើញ​ថា មន្ត្រី​នៅ​មន្ទីរអប់​រំ​ស្រុក​ បាន​បង្អាក់​ដំណើរការចែក​ចាយ​​សៀវភៅ​សិក្សា​ផ្លូវ​ការ​ទាំង​នេះ​ ហើយ​បាន​បង្កើត​បណ្តាញ​រក​ប្រាក់​ចំណូល​បី​សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ គួរ​បញ្ជាក់​ថា សៀវ​​ភៅ​ទាំង​នេះ​ត្រូវ​បាន​ចែក​ចាយ​ក្រោម​មូល​និធិរបស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​។

យោងតាម​លោក សន ជ័យ មន្ត្រី​តំណាង​​បណ្តាញ​​រួប​រួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ដែល​បាន​អនុវត្ត​ប្រតិបត្តិការ​ស៊ើបអង្កេត​នេះ​ ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​ខ្មែរសំរាប់​អភិ​វឌ្ឍន៍​ជាតិ បាន​ឲ្យដឹងថា គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​របស់​រដ្ឋ “បាន​ផ្តល់​​ប្រាក់​ដល់​មន្ត្រី​អប់​រំ​ថ្នាក់​ស្រុក​ ដើម្បី​ចែក​ចាយ​សៀវ​ភៅសិក្សា​​ទាំង​នោះ” ​​។​

លោក​​​បន្ត​ថា “ប៉ុន្តែ​ មន្ត្រី​ទាំង​​នោះ​គ្រាន់​តែ​ទុក​ប្រាក់​ និង​សៀវភៅ​ ហើយ​​បន្ទាប់​មក​ទៀត​ ក៏​គិតយក​​ប្រាក់​ពី​នាយកសាលា​នៅ​ពេល​ពួកគេ​ទៅ​ប្រមូល​” សៀវភៅ​ចែក​ចាយ​ដោយ​ឥតគិត​ថ្លៃ​ទាំង​នេះ​។ លោក​បាន​បន្ត​ថា “សកម្មភាព​បែប​នេះ​ជា​ការ​រំលោភ​កិច្ច​សន្យា​ [ធ្វើ​ឡើង​ជា​មួយ​ធនាគារ​ ADB]”។

កាលពី​ឆ្នាំ​២០០៨ ធនាគារ​​ ADB បាន​សន្យា​​ផ្តល់​ប្រាក់​១,៣លាន​ដុល្លារ​សម្រាប់​បោះ​ពុម្ព​សៀវ​ភៅ​សិក្សា​ តាម​រយៈកិច្ច​សន្យា​ជាមួយ​គ្រឹះ​​ស្ថាន​បោះ​ពុម្ព​ និង​ចែក​ចាយ​ ​​ជា​ស្ថាប័ន​រដ្ឋ​មួយ​ទទួល​បន្ទុក​ការងារ​បោះ​ពុម្ព​ និង​ចែក​ចាយ​សៀវភៅ​សិក្សា​។ គ្រឹះ​ស្ថាន​បោះ​ពុម្ព​ និង​ចែក​ចាយ​នេះ​ត្រូវ​យក​សៀវភៅ​ចែក​ចាយ​នៅ​តាម​សាលា​រៀន​ដោយ​ផ្ទាល់​ ក៏​ប៉ុន្តែ ស្ថានប័ន​នេះ​បាន​រំលោភ​កិច្ច​សន្យា​នេះ ដោយ​បាន​ចុះ​កិច្ច​សន្យា​បន្ត​ជាមួយ​មន្ត្រី​អប់​រំ​​ស្រុក សម្រាប់​អនុវត្ត​ដំណើរការ​នេះ​ នេះ​បើយោង​តាម​លទ្ធ​ផល​ស៊ើប​អង្កេត​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ទាំង​ពីរនេះ​។

បន្ទាប់​មក​មន្ត្រី​អប់​រំ​ស្រុក បាន​យក​សៀវ​ភៅចែក​ចាយ​ដោយ​ឥតគិត​ថ្លៃ​ទាំង​នេះទៅ​ឲ្យ​ប្រភព​ចំណូល​ទាំង​បី​ ពោល​គឺ​ទទួល​បាន​ប្រាក់ចំណូល​ពី​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ និង​ចែក​ចាយ​ សម្រាប់​ការ​យល់​ព្រម​យក​សៀវភៅ​ទាំង​នោះ​ទៅ​ចែក​ចាយ​ ទទួល​បាន​ចំណូល​ពី​ការ​យក​សៀវ​ភៅ​ទាំង​នេះទៅ​ឲ្យ​នាយក​សា​លា​ និងទុក​ចំណែក​ខ្លះ​នៃ​សៀវភៅ​ទាំង​នោះ​សម្រាប់​លក់​ឲ្យ​បណ្ណាគារ​ក្នុង​ស្រុក​នានា​​ដែល​លក់​បន្ត​ទៅ​ឲ្យ​សិស្ស​ ដែល​សម​តែ​ទទួល​បាន​សៀវភៅ​ទាំង​នោះ​ដោយ​មិន​បង់​ប្រាក់​។

លទ្ធផល​ស៊ើប​អង្កេត​នេះ​បាន​បង្ហាញ​បន្ត​ទៀត​ថា សិស្ស​តែ​១៥,៦ភាគ​រយ​នៃ​ចំនួន​សិស្ស​៤៨៩នាក់​ដែល​ត្រូវ​បាន​សម្ភាស​ បាន​ទទួល​សៀវភៅ​សិក្សា​ទាំង​នោះ​បាន​គ្រប់​មុខ​​សម្រាប់​ឆ្នាំសិក្សាបច្ចុប្ប ន្ន​ ខណៈដែល៤២ភាគ​រយ​ទទួល​បាន​តែ​ជិត​ពាក់​កណ្តាល​ប៉ុណ្ណោះ​។ បន្ទាប់​ពី​បាន​អនុវត្ត​ប្រតិបត្តិការ​ស៊ើប​អង្កេត​របស់​ខ្លួន​ផ្ទាល់​ ក្រសួង​អប់​រំ យុវជន​ និង​កីឡា​ កាលពី​ថ្ងៃ​ទី​៣១​ខែ​មករា បាន​ព្រមាន​អាជីវករ​លក់​សៀវភៅ​ថា ពួកគាត់​នឹង​ប្រឈម​​ការ​រឹប​អូស​ និង​ការ​ផាក​ពិន័យ​ ប្រសិន​បើ​ពួកគេ​នៅ​តែ​បន្ត​លក់​សៀវភៅ​អាន​ឧបត្ថម្ភ​ដោយ​ធនាគារ​​ ADB ទាំង​នេះ។ គួរបញ្ជាក់ថា សៀវ​ភៅទាំង​នេះ​មាន​កំណត់​សម្គាល់​ថា “ហាម​លក់​។ កម្មសិទ្ធិរបស់​រដ្ឋ​”។

​លោក រស់ សាលីន ប្រធានខុទ្ទកាល័យ​របស់​លោក ហង្ស ជួនណារ៉ុន​ រដ្ឋមន្ត្រី​ថ្មី​ក្រសួង​អប់​រំ​ យុវជន និង​កីឡា​ បាន​មាន​ប្រសាសន៍​ថា “បញ្ហា​រឿង​អាស្រូវ​នេះ​ស្ថិត​នៅ​ត្រង់​ថា ចំណុច​ចែក​ចាយ​​បាន​ក្លាយ​ជា​ការិយាល័​យ​ស្រុក​”។

លោក​បាន​មាន​ប្រសាសន៍​​​ថា “ ដំណើរ​ការ​​ចែក​ចាយ​គួរ​​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ និង​ចែក​ចាយ​ ទៅ​សាលា​រៀន​”។ ជាជាង​ទុក​ឲ្យ​មន្ត្រី​រាជការ​ស៊ីវិល​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ពុករ លួយ​នៅ​ការិយា​ល័យ​អប់​រំស្រុក ​លោក រស់ សាលីន បាន​លើក​ឡើង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា គ្រាន់​តែ​កែ​តម្រូវ​អំពើ​ខុស​ឆ្គង​ និង​យល់​ថា សៀវ​ភៅ​អាន​ទាំង​នោះ​គួរ​តែ​ត្រូវ​បាន​យក​ទៅ​ឲ្យ​សិស្ស​។ លោក​បានប្រសាសន៍​បន្ត​ទៀត​ថា “យើង​អាច​ប្រើ​យន្ត​ការ​ផ្ទៃ​ក្នុង​របស់​យើង​ផ្ទាល់​ ដើម្បី​កំណត់​អត្តសញ្ញាណ​ និង​ដាក់​ពិន័យ​​អ្នក​ប្រព្រឹត្ត​”។

ក៏ប៉ុន្តែ​ លោក មិន​បាន​ពន្យល់​លម្អិត​អំពី​ទណ្ឌកម្ម​ទាំង​នោះ​ទេ។ លោកបាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ដំបូង ​យើង​​​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ការ​ប្រមូល​សៀវ​ភៅ​អាន​ ពី​បណ្ណាគារ​ និង​កន្លែង​លក់​ផ្សេង​ៗ​ ហើយ​យក​ទៅ​ចែកចាយ​តាម​សាលារៀន​វិញ​”។  ក៏​ប៉ុន្តែ ភាព​មិន​ប្រក្រតី​ មិន​មែន​កើត​ឡើង​តែ​នៅ​កា​រិយាល័យ​អប់​រំ​ស្រុក​ប៉ុណ្ណោះ​ទេ។

នាយកដ្ឋាន​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់​រំ យុវជន​ និង​កីឡា ដែល​ទទួល​បន្ទុក​លើការ​ត្រួត​ពិនិត្យ​រំហូរ​សៀវភៅអាន​​ដែល​ត្រូវ​បាន​យក​ចេញ​ពី​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ និង​ចែក​ចាយ​ ទៅ​ប្រ គល់​ឲ្យ​សិស្ស​នៅ​តាម​សាលា​រៀន​នានា​នោះ ត្រូវ​បាន​រក​ឃើញ​ថា បាន​ពិនិត្យ​ដំណើរការ​ចែក​ចាយ​សៀវភៅ​​ដល់​តែ​១១សាលា​ក្នុង​ចំណោម​៣៣សាលា​ដែល​ត្រូវ​បាន​ចុះ​សម្ភាស​។

លោក លឹម សុត្ថារិទ្ធ​ ប្រធាន​ផ្នែក​ផ្គត់​ផ្គង់​សៀវ​ភៅ​សិក្សា​នៅ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​កម្ម​វិធី​សិក្សា​នៃ​ក្រសួង​អប់​រំ យុវជន និងកីឡា​ ​បាន​អះ​អាង​កាលពី​ម្សិលមិញ​ថា ការ​យក​សៀវ​​ភៅ​ និង​ប្រាក់​ទុក ​មុនពេល​យកទៅ​ចែកចាយ​ចោយឥតគិតថ្លៃ មិនមែនជាអំពើពុករលួយ​ទេ​ ប៉ុន្តែ វាគ្រាន់តែ​ជា​កិច្ចសន្យាបន្ត​ប៉ុណ្ណោះ​។ ​​លោកបានមានប្រសាសន៍ថា “​មន្ត្រីពីរឬ​បី​នាក់ ​នៅ​ការិយាល័យ​អប់រំថ្នាក់​ស្រុក​​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​គ្រឹះស្ថាន​បោះពុម្ព និង​ចែក​ចាយ​” ដើម្បីចែកចាយ​សៀវភៅ។

លោកបានបន្តថា “ប្រធានការិយាល័យ​ស្រុក​ស្នើ​សុំទុក​សៀវភៅខ្លះ​សម្រាប់​បញ្ជូន​ទៅទីផ្សារ​… ហើយ​ការិយាល័យ​អប់រំស្រុក​ស្នើ​ឲ្យ​នាយកសាលា​ផ្តល់​ប្រាក់​ នៅពេល​ពួកគាត់​យក​សៀវភៅ​ទាំងនោះ។ ​វាមិនមែន​ជារឿង​ខុសច្បាប់​ទេ​។ នោះគ្រាន់តែ​ជា​កិច្ចសន្យាបន្ត​ប៉ុណ្ណោះ​”។ ធនាគារ​ ADB បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​ពី​លទ្ធផល​នៃការ​ស៊ើប​អង្កេត​ទៅលើ​ការចែកចាយ​សៀវ​ភៅ​សម្រាប់ចែក​ជូន​ដោយឥតគិតថ្លៃ​របស់ខ្លួ​ន​៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស