គម្រោងថ្មីមួយត្រូវបានបង្កើតឡើងដើម្បីកៀងគរមូលនិធិចំនួន៧.៥០០ដុល្លារក្នុងគោលបំណងផលិតសៀវភៅអានអេឡិចត្រូនិក ដែលបង្ហាញពីអ្នកចេះអំពើអាបធ្មប់នៅទូទាំងប្រទេសកម្ពុជា។
មូលនិធិសម្រាប់សៀវភៅអានអេឡិចត្រូនិកនេះមានចំណងជើងថា “សកម្មភាពដែលបាត់បង់” ត្រូវបានរៃអង្គាសនៅលើកម្មវិធី ឃីកស្តាធ័រ (Kickstarter) ជាកម្មវិធីរៃអង្គាសមូលនិធិតាមអ៊ីនធើណិតមួយសម្រាប់គម្រោងច្នៃប្រឌិត ដោយលោក រីអ៊ុន ភែតធឺសុន (Ryun Patterson) អតីតអ្នកនិពន្ធនៅកាសែត ឌឹ ខេមបូឌា ដេលី ដែលមានផែនការបង្កើតឯកសារពហុព័ត៌មានអំពី “ថ្នាក់មន្តអាគមន៍” នៅក្នុងប្រទេសកម្ពុជា ពីអ្នកចេះអំពើអាបធ្មប់ រហូតដល់អ្នកចាក់សាក់មន្តអាគមន៍បុរាណ។
លោក ភែតធឺសុន ដែលពេលនេះ រស់នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែមានផែនការមកប្រទេសកម្ពុជារយៈពេលប្រាំមួយសប្តាហ៍សម្រាប់គម្រោងនេះបានលើកឡើងក្នុងអ៊ីមែលមួយថា “ គោលបំណងពិតប្រាកដនៅទីនេះ គឺដើម្បីថែរក្សាទម្លាប់ ការអនុវត្ត និងបុគ្គលិកលក្ខណៈដ៏រស់រវើកខ្លះ…ដើម្បីឲ្យក្នុងរយៈពេលប្រហែល១០ ១៥ ២០ ឆ្នាំទៀតទៅមុខ ប្រជាពលរដ្ឋមានកំណត់ត្រាមួយ ដែលបង្ហាញពីជីវិតរស់នៅ និងធ្វើការរបៀបណារបស់ពួកគាត់”។
លោក ភែតធឺសុន បានឲ្យដឹងបន្ថែមទៀតថា សៀវភៅអានអេឡិចត្រូនិកនេះនឹងដាក់បញ្ចូលរូបថត អត្ថបទ សំឡេង និងវីដេអូ។ កាលពីពីរឆ្នំាមុន លោក ភែតធឺសុន បានថ្លែងថា លោកជឿថា អ្នកចេះអំពើអាបធ្មប់ និងគ្រូឱសថបុរាណខ្មែរ បានបាត់មុខបន្តិចម្តងៗ ហើយការប្រតិបត្តិបែបបុរាណផ្សេងទៀតដូចជាគ្រូចាក់សាក់មន្តអាគមន៍ជាដើមនោះ ក៏បាត់បង់ដូចគ្នាដែរ។
លោក ភែតធឺសុន បានមានប្រសាសន៍ថា “ប៉ុន្មានឆ្នាំមកហើយ ខ្ញុំបានចាក់សាក់មន្តអាគមន៍មួយនៅវត្តនាគវ័ន ហើយគ្រូចាក់សាក់និយាយប្រាប់ច្រើនអំពីតម្រូវការការចាក់សាក់វេទមន្តពិតៗ កំពុងធ្លាក់ចុះដល់ចំណុច ដើម្បីបញ្ជាក់ថា លោកមិនដឹងថា តើលោកអាចធ្វើកិច្ចការនេះបានយូរប៉ុន្មានទេ”។ លោកបន្ថែមថា តាមរបៀបរបស់គាត់ លោកចាក់សាក់ដោយប្រើកាំភ្លើងចាក់សាក់ប្រើអគ្គិសនីមួយ ជំនួសម្ជុលឫស្សីបុរាណ។
ខណៈដែលប្រពៃណីខ្លះអាចរលាយបាត់ មន្តអាគមន៍ និងអំពើអាបធ្មប់នៅតែមានតួនាទីដ៏ធំមួយនាសម័យបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ដែលមានការសម្លាប់អ្នកដែលគេអះអាងថា ចេះអាបធ្មប បើយោងតាមសេចក្តីរាយការណ៍ជារៀងរាល់ឆ្នាំ ក៏ដូចជាការបណ្តេញអ្នកចេះបែបនេះផ្សេងៗទៀតចេញពីក្រុមផងដែរ។
លោក ភែតធឺសុន បានមានប្រសាសន៍ថា “ប៉ុន្តែយុវជនខ្លះពេលនេះទំនងជាត្រូវបានទាក់ទាញតាមរយៈក្តីរំពឹងថា នឹងមានអាជីពជាអ្នកចេះមន្តអាគមន៍”។ លោកថ្លែងថា “ខ្ញុំគិតថា មានកិច្ចការត្រូវធ្វើជាមួយយុវជននៅក្នុងប្រទេសកម្ ពុជា និងភាពងប់ងល់ឆ្ពោះទៅរកភាពទាន់សម័យ។ ខ្ញុំមិនអាចស្រមើស្រមៃឃើញថា យុវជនសព្វថ្ងៃនេះមានឱកាស ធ្វើជាគ្រូបញ្ជាន់អារក្ស នៅពេលពួកគេធំឡើងនោះទេ”។ យុទ្ធនាការ ឃីកស្តាធ័រ ដំណើរការរយៈពេលបីសប្តាហ៍ទៀត ហើយគម្រោងនេះ នឹងត្រូវបានដឹងច្បាស់ប៉ុណ្ណោះ ប្រសិនបើទទួលបានមូលនិធិអប្បបរមា៧.៥០០ដុល្លារ៕ ប៊ុននី