33 C
Phnom Penh

សន្ទស្សន៍៖ ចំណាត់​ថ្នាក់​សេរី​ភាព​សារព័ត៌មាន​របស់​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​បន្ត​ទៀត​ក្នុង​ឆ្នាំ​២០១៤​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សន្ទស្សន៍​សារព័ត៌មាន​ពិភព​លោកថ្មី​​ (World Press Freedom Index) ដែល​ទើប​តែ​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ​​បង្ហាញ​ថា ចំណាត់​ថ្នាក់​សេរី​ភាព​សារ​ព័ត៌​មាន​របស់​ប្រទេស​កម្ពុជា​ បាន​​បន្តធ្លាក់​ចុះ​​ទៀត​​​នៅ​ក្នុងតារាង​ប្រទេស​១៨០​ ដែល​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Borders)។

កាល​ពី​ឆ្នាំ​២០១២ ប្រទេស​កម្ពុជា​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១១៧ បន្ទាប់​មក​ក្នុង​ឆ្នាំ​២០១៣ ចំណាត់​ថ្នាក់​នេះ​បាន​បន្ត​ធ្លាក់​ចុះ​មក​នៅ​លេខ​១៤៣ ហើយ​ក្នុង​ឆ្នាំ​២០១៤​នេះ ចំណាត់​ថ្នាក់​សេរី​ភាព​សារព័ត៌មាន​នេះ​បាន​​ធ្លាក់​ចុះ​មក​នៅ​លេខ​១៤៤។​​ ប្រទេស​នេះ​ស្ថិត​ក្នុង​ចំណោម បណ្តា​​ប្រទេស​ដែល​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំ​ដែន​ចាត់​ទុក​ថា ជា​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​។ ចំណាត់​ថ្នាក់​របស់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន​ បច្ចុប្បន្ន​ក្លាយ​ជា​ចំណាត់​ថ្នាក់​របស់​ប្រទេសអេត្យូ ពី​ខណៈ​ដែល​ប្រទេស​ភូមា​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៤៥​ក្រោម​ប្រទេស​កម្ពុជា​បន្តិច​។

ក្នុង​ចំណោម​ប្រទេសនៅ​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រទេស​ព្រុយ​ណេ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១១៧​ ថៃឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៣០​ ឥណ្ឌូណេស៊ី​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៣២​ ម៉ាឡេស៊ី​ឈរ​នៅ​ចំណាត់​​ថ្នាក់​ទី​១៤៧​ ហ្វីលីពីន​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៤៩​ សិង្ហបុរី​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៥០​ វៀត​ណា​ម​ឈរនៅ​ចំណាត់​ថ្នាក់​លេខ​១៧៤ និង​ប្រទេស​ឡាវឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៧១។ ប្រទេស​តួកម៉េនី​ស្ថាន កូរ៉េ​ខាង​ជើង​ និង​ប្រទេសអេរីត្រេ ឈរ​នៅ​ចំណាត់​ថ្នាក់​បាត​តារាង​នៃ​សន្ទស្សន៍​នេះ​។

លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​លើក​ឡើង​ថា លទ្ធផល​នៃ​ការ​វាយ​តម្លៃសេរី​ភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​យុត្តិធម៌​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា វាគឺ​ជា​រឿង​មិន​យុត្តិ​ធម៌​ទេ​ ដែល​មានការ​បំពេញ​របាយ​ការណ៍​ដោយ​មិន​មាន​ព័ត៌មាន​​ជាមូល​ដ្ឋាន”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​​ទៀត​ថា “ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាសា​បរទេស​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​ជន​បរទេស​ធ្វើ​ប្រតិបត្តិការ​ដោយ​សេរី​នៅ​ប្រទេស​កម្ពុជា​ ក៏​ដូចជា វិទ្យុសំឡេង​សហរដ្ឋអាមេរិក​ និង​វិទ្យុ​អាស៊ីសេរី​ ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​សេរី​ផង​ដែរ”។

កាលពី​ខែមិថុនាឆ្នាំ​មុន ពោល​គឺ​ប៉ុន្មាន​សប្តាហ៍​មុន​មាន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ក្នុង​ខែ​កក្កដា ក្រសួង​ព័ត៌មាន​បាន​ហាម​មិន​ឲ្យ​ស្ថានីយ​ផ្សព្វ​ផ្សាយ​បរទេស​ផ្សព្វផ្សាយ​កម្មវិធី​ជា​ភាសា​ខ្មែរ​ ជា​ហេតុ​នាំ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់​ភ្លាមៗ​ពី​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក​ វិទ្យុ​អាស៊ី​សេរី​ វិទ្យុ​បារាំង​អន្តរជាតិ​ ដែ​ល​ត្រូវ​បាន​ផ្សាយ​បន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈស្ថានីយ​វិទ្យុ​នានា​ដូចជា វិទ្យុ​សម្បុក​ឃ្មុំ​ និង​វិទ្យុ​មណ្ឌលព័ត៌មាន​ស្ត្រី​កម្ពុជា​ជាដើម​។

ក៏​ប៉ុន្តែ​ មិន​យូរ​ប៉ុន្មាន​ បម្រាម​នេះ​ក៏​ត្រូវ​បាន​លុប​ចោល​វិញ​ បន្ទាប់​ពី​មាន​ប្រតិកម្ម​ទៅ​នឹង​សេចក្តី​សម្រេច​នេះ​។ ក្នុង​រយៈពេ​ល​ប៉ុន្មានខែ​ចុង​ក្រោយ​នេះ​អ្នក​សារព័ត៌មាន​មិន​ត្រូវ​បាន​ការពារ​ពី​អំពើ​ហិង្សា​ទេ​។ អំឡុង​សកម្មភាព​តវ៉ា​​​អហិង្សា​ដោយ​មាន​ការ​អុជ​ទៀន​នៅ​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​ អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​នាក់​​ត្រូវ​បានគេ​វាយ​ប្រហារ​ដោយ​ចំពាម​ និង​ដំបង​ឆក់​នៅ​ពេល​ពួកគេ​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​។​ កាលពី​ពេល​ថ្មី​ៗនេះ​​ រូប​ភាព​អ្នក​សារ​ព័ត៌មាន​ឱន​គេច​ពី​ការ​វាយ​ប្រហារ​អំឡុង​សកម្មភាព​តវ៉ា​មួយ​​ ​ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដែរ។

លោកស្រី​ ពង្ស ឈីវហ្គិច នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ បាន​លើក​ឡើង​ថា លោក​ស្រី​មិន​មាន​អារម្មណ៍​ភ្ញាក់​ផ្អើ​លទេ​ ទោះ​បី​ជា​ប្រទេស​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទាប​ក្នុង​សន្ទស្សន៍សេរី​ភាព​សារព័ត៌មាន​ក៏​ដោយ​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ដោយ​សារ​តែ​មាន​ការ​វាយ​​ដំ​ និង​ផ្តោត​គោល​ដៅ​ទៅ​លើ​អ្នក​យក​​ព័ត៌មាន​របាយការណ៍​មាន​ភាព​សុក្រឹត​ណាស់​ ​សម្រាប់​​ផ្នែកការងារ​ដ៏​លំបាក​ និង​មាន​គ្រោះ​ថ្នាក់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​”៕សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស