34 C
Phnom Penh

សកម្ម​ជន​បរិ​ស្ថាន​និយាយថា ពួកគេ​នឹង​មិន​បញ្ឈប់សកម្មភាព​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​បួន​ថ្ងៃ​ បន្ទាប់​ពី​ការ​បាញ់​សម្លាប់​​លោក ឈុត វុទ្ធី សកម្ម​ជនការពារ​​ព្រៃ​ឈើ​ និងជាអ្នកនិយាយ​ឥត​សំចៃ ក្រុម​អ្នក​គាំទ្រ​ប្រឆាំង​ការកាប់​ឈើ​ក្នុង​ស្រុក​បានលើក​ឡើង​កាលពី​ម្សិលមិញ​ថា ពួក​គេ​នឹងមិន​បញ្ឈប់​សកម្ម​ភាព​របស់ខ្លួន​ឡើយ។

លោកសេងសុខេងអ្នក​សម្រប​សម្រួល​ប្រចាំ​បណ្ដាញការពារ​ព្រៃ​ឡង់​ ដែល​រៀប​ចំការ​ដើរល្បាតការពារ​ព្រៃឈើជា​ហូរហែដោយមានការចូលរួមពី​អ្នក​ភូមិ​ជាច្រើន​ក្រុម​ធំៗ ដើម្បី​លុប​បំបាត់ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​មូលដ្ឋាននេះបានមាន​ប្រសាសន៍​ថា“ការស្លាប់​របស់លោក ឈុត​ វុទ្ធី មិនអាច​​បញ្ចប់​សកម្មភាព​ប្រឆាំង​ការកាប់ឈើ​បាន​ឡើយ​”។

លោក សុខេង បានមាន​ប្រសា​សន៍​ថានៅ​មាន​ ឈុត​ វុទ្ធី រាប់​រយ​នាក់ទៀត។ យើង​មាន​សកម្មជន​ការពារ​ព្រៃ​ឈើ​រាប់​រយ​នាក់​ ដែល​មាន​ឆន្ទៈពិតប្រាកដ ដើម្បី​តស៊ូ​ការពារ​ព្រៃ​ឈើ​ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​កាប់​ឈើ​”។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ ឈុត វុទ្ធីត្រូវ​បានមន្ត្រីកងរាជអាវុធហត្ថ​បាញ់​សម្លាប់​ នៅេពលលោក​កំពុង​ស៊ើប​អង្កេត​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​កោះ​កុង។

អង្គការ​សិទ្ធិ​មនុស្ស​បាន​ប្រតិកម្ម​យ៉ាង​រហ័ស​ ដោយ​អំពាវ​នាវ​ឲ្យរដ្ឋាភិ​បាល​ស៊ើប​អង្កេត​ឲ្យបាន​ហ្មត់​ចត់​។ក្រុមអ្នក​សង្កេត​ការ​ណ៍ បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភរបស់ខ្លួន​ថា ការ​ស្លាប​់​របស់លោក  ឈុត វុទ្ធី ​អាចជះឥទ្ធិពលយ៉ាង​ខ្លាំង​ ដល់ចលនា​ការពារ​បរិស្ថាន​នៅ​ក្នុងប្រទេស​កម្ពុជា។

លោក ភីល​ រ៉ូប៊ើតសុន (Phil Robertson) អនុ​​ប្រធាន​ក្រុម​បញ្ចុះ​បញ្ចូល​របស់អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ប្រចាំតំបន់​អាស៊ី បាន​ថ្លែងថា “ការ​ស្លាប់​របស់សកម្មជន​ដ៏លេច​ធ្លោម្នាក់​នេះ ពិត​ជាបានបញ្ជូន​សារ​ព្រមាន​ដ៏គួរ​ឲ្យ​ភ្ញាក់​​ផ្អើល​មួយ​ ដល់​អ្នក​ផ្សេង​ទៀត​ ដែលចង់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ និង​ព្យាយាមជួយ​សង្គ្រោះ​ព្រៃ​ឈើ​នៅ​ក្នុងកម្ពុជា​។រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ស៊ើប​អង្កេត​​ឲ្យ​បាន​ហ្មត់​ចត់​និង​ត្រឹម​ត្រូវ​បំផុត​”។

ការ​អំពាវ​​នាវ​ឲ្យមាន​ការ​ស៊ើប​អង្កេត​ឲ្យបានហ្មត់​ចត់​ ចំពោះការ​ស្លាប់​របស់លោកឈុត​ វុទ្ធី ត្រូវ​បាន​បន្ទរ​ដោយលោក ចាន់សុវេ៉ត អនុប្រធាន​ផ្នែក​កម្មវិធី​សិទ្ធិមនុស្ស​របស់អង្គការ​អាដ​ហុក ដែល​បាន​និង​កំពុង​ស៊ើប​អង្កេតចំពោះ​ការ​បាញ់​ប្រហារកាលពី​ថ្ងៃ​ព្រហស្បតិ៍នេះ។

លោកសុវ៉េតបានមាន​ប្រសាសន៍ថា“ខ្ញុំ​ព្យាយាម​សាក​សួរ​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​លោក​ ឈុត វុទ្ធី ហើយ​ពួកគេ​ទំនង​ជាខ្លាច​មិនហ៊ានធ្វើសកម្ម​ភាព។ តែវាមិន​បញ្ហា​ទេនៅ​ពេល​ពួកគេ​មានជម្លោះ។ ពេល​នេះពួកគេ​ខ្លាច​​គេ​សម្លាប់​”។ លោក​បន្ថែម​ថាលោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការឲ្យបានខ្លាំង​ក្លា​ប្រឆាំង​នឹង​ជន​ល្មើស​ ដើម្បី​បញ្ជូន​សញ្ញាមួយថា សកម្មជន​អាច​បន្ដការងារ​របស់ខ្លួន​ ដោយ​គ្មាន​ការ​គំរាម​កំហែង។

សកម្ម​ជនខ្លះ​បាន​ទទូច​ថា ពួកគេ​មិន​ខ្លាច​ការ​គាប​សង្កត់​បែប​នោះទេ ថ្វីបើមាន​ការ​ភ័យ​ខ្លាច​ផ្ទាល់​ខ្លួនកាន់តែ​កើនឡើង​ក៏​ដោយ។ លោក គុច វ៉េង អ្នកការពារ​បរិស្ថាន​មាន​មូល​ដ្ឋាន​នៅក្នុង​ខេត្ត​ពោធិ៍សាត់បានថ្លែងថា“ពិត​មែន​ហើយខ្ញុំ​ខ្លាច​ ហើយ​ខ្ញុំ​ព្រួយ​ណាស់​បារម្ភណាស់ ​អំពីសុវត្ថិភាព​របស់មេដឹក​នាំ​សកម្មជន​ការ​ពារ​ព្រៃ​ឈើ​​ផ្សេងទៀត​ ដែល​ប្រឈម​នឹង​សោក​នាដកម្ម នៅ​ពេល​ខ្ញុំ​បាន​ឮដំណឹង​អំពី​ការ​ស្លាប់​របស់លោក​ ឈុត វុទ្ធីភ្លាម​។ក៏ប៉ុន្ដែ​ឧត្តម​គតិ​របស់​ខ្ញុំ​បាន​លើក​ឡើង​ថាក្រុម​អ្នក​កាប់​ឈើ​ និង​ឧក្រិដ្ឋ​ជនកាប់ឈើ​តាម​ពិត​ខ្លាច​យើង​វិញទេ។នេះជា​មូលហេតុ​​ដែល​ពួកគេ​សម្លាប់​លោក​ ដើម្បី​គំរាម​អ្នក​ផ្សេង​ទៀតឲ្យ​ខ្លាច​”។

លោក​ គុច វ៉េង ដែលធ្លាប់​បាន​សហការ​យ៉ាង​ជិត​ស្និទ​ជាមួយ​លោក ឈុត វុទ្ធី ចាប់​តាំង​ពីមានការតស៊ូប្រឆាំងនឹងការ​បំផ្លាញព្រៃ​ឈើ​នាឆ្នាំ​២០០៦ នៅ​តាមជួរភ្នំ​ឱរ៉ាល់ ខេត្ត​ពោធិ៍សាត់ ថ្លែងថាការបំភិត​បំភ័យ​​កើត​មាន​ជា​ទូទៅ​ទៅហើយក្នុងការងាររបស់លោក​។

លោក ទីល​ ធី សមាជិក​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ ​ដែល​ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​ប្រឆាំង​ការ​កាប់​ឈើ​នៅក្នុង​ខេត្ត​មណ្ឌល​គិរី  និយា​យថាការ​សម្លាប់នេះនឹង​មិនអាច​ “ បំបិទ​មាត់​ និង​ទប់​ស្កាត់​យើង​មិន​ឲ្យ​តបតវិញ​នោះទេ”។

លោក​និយា​យថា“នៅ​ពេល​មាន​ការ​ដៅ​សម្លាប់សកម្មជន​ការពារ​ព្រៃ​ឈើ​​នោះ ពេល​នោះនឹងមាន​សកម្ម​ជន​ក្រោកឈរកាន​់​តែ​ច្រើន​ឡើង​ដើម្បីតវ៉ាប្រឆាំង​ការ​កាប់​ឈើ​ខុស​ច្បាប់​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​​ ដើម្បី​ទន្ទ្រាន​យកដីនោះ ​”។

នៅ​ក្នុ​ងសេចក្ដី​ប្រកាសមួយ​ចេញ​កាល​ពីម្សិល​មិញ​ អង្គការ​សម្ពន្ធ​ភាពប្រជាពល​រដ្ឋ​ដើម្បី​គណនេយ្យភាពសង្គម​នៅក្នុង​ប្រទេស​កម្ពុជាបាន​សន្និដ្ឋាន​ថាការ​បាញ់​សម្លាប់នេះ​គឺ​ជា​“ការ​គំរាម​កំហែងដល់​សកម្មជន​ការពារ​​ព្រៃ​ឈើ​​និង​សកម្មជន​សិទ្ធិមនុស្ស​ផ្សេង​ទៀត”។ក្រុម​នេះបាន​បន្ថែមថា​ “យើង​ជំរុញ​​​ឲ្យរដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​សន្យា​សម្បទាន​ទាំង​អស់​ ដែលពាក់​ព័ន្ធ​ជា​មួយ​ការកាប់​បំផ្លាញព្រៃ​ឈើ”។

បណ្ដាញ​សកម្ម​ជន​ការពារ​ព្រៃឈើ​នៅក្នុង​ខេត្ត​កោះកុង មណ្ឌលគិរី រតនគិរី និង​ព្រៃឡង់ នៅ​ក្នុង​ខេត្ត​កំពង់​ធំបាន​លើក​ឡើង​ថា ពួកគេ​មាន​ផែន​ការ​ដើរ​ក្បួន​នៅ​ក្នុងរាជ​ធានី​ភ្នំពេញ​ ដើម្បី​អំពាវ​នាវ​ឲ្យមាន​ការ​កែ​ទម្រង់​ច្បាប់​ និង​ការ​ពារ​សកម្មជន​ការពារបរិស្ថាន​ឲ្យបានខ្លាំង​ក្លាជាង​នេះ។

លោក សុខេងអ្នក​សម្រប​សម្រួល​បណ្ដាញព្រៃ​ឡង់ បានថ្លែង​ថា “យើង​កំពុង​តែ​មាន​ផែនការ​ដើរ​ក្បួនមួយ​ ដើម្បីអំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​ចាប់ខ្លួន​ជនដៃដល់​ និង​បក្ខ​ពួក​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធីនិង​សកម្មជន​ការពារ​ព្រៃ​ឈើ​ផ្សេង​ទៀត។យើង​មិន​បោះបង់​ទេ។ធន​ធាន​ធម្មជាតិ​គឺជា​ជីវិត​របស់យើង​ វាជា​ឆ្នាំង​បាយ​របស់អ្នក​ជំនាន់​ក្រោយ​របស់យើង”។

អង្គការ​​​អាដហុក ​​​បាន​​​អំពាវ​​​​នាវឲ្យ​​​​រដ្ឋា​ភិបាល​​​ “ ​​​បង្ហាញពីការ​​​តាំង​​​ចិត្តរបស់​​​ខ្លួន​​​ ដើម្បី​​​ការ​​​ពារ​​​សកម្មជន​​​ផ្នែកបរិស្ថាន​​​ ព្រម​​​ទាំងការ​ពារតំបន់ធនធាន​​​ធម្មជាតិ​​​នានា ហើយ​​​តាម​​​ចាប់​​​ខ្លួន​​​អ្នក​​​ទាំង​​​ឡាយ​​​ណា​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ទង្វើ​​​ខុស​​​ច្បាប់​​​ ដោយ​​​មិនគិត​​​ពី​​​បុណ្យសក្ដិ​​​ ឬ​​​​​​ឋានៈឡើយ​​​​”។ អង្គការ​​​ Global Witness បាន​​​ថ្លែង​​​នៅ​​​ក្នុង​​​សេចក្ដីថ្លែង​​​ការណ៍​​​មួយថា “ មរណ​​​ភាព​​​ដ៏សោក​សង្រេង​​​របស់​​​លោក ឈុត​​​ វុទ្ធី​​​ ស្ដែង​​​ឲ្យ​​​ឃើញនូវ​​​ភស្ដុតាង​​​ថ្មី​​​មួយទៀត ​​​អំ​​​ពី​​​គ្រោះ​​​ថ្នាក់​​​ ដែលអ្នក​​​ផ្សេង​​​ទៀត​​​អាច​​​ជួបប្រទះនៅ​​​ពេល​​​ព្យា​យាម​​​ការ​​​ពារ​​​ដី​​​ និង​​​ព្រៃឈើក្នុងប្រទេស​​​កម្ពុជា​​​ ព្រម​​​ទាំង​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​អំ​​​ពើ​ពុក​រលួយ​​​ និង​​​ការ​​​រំលោភ​​​សិទ្ធិមនុស​្សដែល​​​កំពុង​​​តែ​​​កើតមាន​​​ដោយ​​​សារ​​​តែ​​​ការ​​​គ្រប់គ្រង​​​មិន​ត្រឹម​​​ត្រូវ​​​​​​”៕

ប្រែសម្រួល​ដោយ​ ចេវប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស