31 C
Phnom Penh

គ្រួសារអ្នក​សា្លប់​សង្ស័យ​ចំ​ពោះ​កា​រ​បក​ស្រាយ​របស់​មន្ត្រី​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេលមានការ​អំពាវនាវ​កាន់​តែ​ខ្លាំង​ឡើងថែមទៀត ទាមទារឲ្យមានការស៊ើប​អង្កេតឲ្យបានហ្មត់ចត់នោះ មន្ដ្រី​ពាក់ព័ន្ធ កាល​ពី​ម្សិល​មិញ​ បាន​មាន​ប្រសាសន៍ថាពួកគេ​កំពុង​តែ​បង្កើត​ក្រុម​ការ​ងារ​ពិសេសមួយ​ ដើម្បី​ស៊ើប​អង្កេតករណីបាញ់សម្លាប់​សកម្ម​ជនការ​ពារព្រៃ​ឈើ ​គឺលោក ឈុត​ វុទ្ធី​ ស្រប​​ពេល​ក្រុម​គ្រួសារ​របស់​មន្ដ្រីកង​រាជ​អាវុធ​ហត្ថ​ ដែល​សង្ស័យ​ថា​បានបាញ់សម្លាប់​លោកឈុត​ វុទ្ធី​ មុន​ពេល​បាញ់​សម្លាប់​ខ្លួន​ឯង​ នៅ​តែ​មិនអស់ចិត្ត​ចំពោះ​ការ​បកស្រាយ​ជាផ្លូវ​ការ​របស់មន្ត្រី​នគរបាល។

លោកឧត្ដម​សេនីយ៍ឯកសៅសុខា​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍ថា “ ​ករណី​បាញ់​សម្លាប់​នៅ​ខេត្ត​កោះកុង​ គឺ​កំពុង​តែ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត ហើយ​កង​រាជ​អាវុធ​ហត្ថ​ដែល​ទទួល​បន្ទុក​ផ្នែក​ស៊ើប​អង្កេត​របស់​យើង​ គឺ​កំពុង​តែ​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំចំពោះ​ករណី​នេះផងដែ​រ​​ ដើម្បី​ស្វែង​រក​ការពិត​អំពីហេតុផលនៃ​បាញ់​សម្លាប់​បុរស​ពីរនាក់​នេះ​”។ លោកឧត្តម​សេនីយ៍ឯកសៅ​ សុខាបាន​បន្ដ​ថា “ គណៈកម្មការពិសេស​មួយ ត្រូវ​បាន​បង្កើតឡើង​ ដើម្បី​ស៊ើប​អង្កេតអំពី​ការ​ស្លាប់​របស់​បុរស​ទាំង​ពីរ​នាក់​នេះ​”។ ប៉ុន្ដែ​លោកឧត្តម​សេនីយ៍​ឯកសៅ​ សុខាបាន​បដិ​សេធ​មិន​ព្រមបកស្រាយលម្អិតនោះ​ទេ​។

ទោះបី​ជា​ករណី​នេះ​នៅ​តែ​បើក​ចំហក៏​ដោយ​ មន្ត្រីកង​រាជ​អាវុធ​ហត្ថ​បាន​ផ្ដល់​ការ​ពន្យល់​ជាផ្លូវ​ការ​មួយ អំពីមូលហេតុនៃការ​ស្លាប់​ទាំង​ពីរនេះ​ ដោយ​ហៅថា ​ជាករណី​បាញ់​​សម្លាប់ រួចធ្វើអត្តឃាត​​​។ ពួកគេ​បាន​និយាយ​ថារឿង​នេះ​បាន​កើតឡើង​ បន្ទាប់ពី​មាន​ការ​ទាស់​ទែង​ពាក្យ​សម្ដី​គ្នា​ខ្លាំង​ៗ ​រវាង​លោកឈុតវុទ្ធី​ និងលោកអិុនរតនាអាយុ៣២ឆ្នាំជា​មន្ត្រី​កង​រាជ​អាវុធហត្ថ។

លោកអិុន​ រតនា​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​​ថាបាន​​បាញ់​លោកឈុតវុទ្ធីនៅ​ពេល​លោកកំពុង​អង្គុយ​លើកៅអីអ្នក​បើក​បរ​ក្នុង​រថយន្ដ​របស់​លោក មុន​ពេល​បាញ់​សម្លាប់​ខ្លួន​ឯង​ ដោយ​កាំ​ភ្លើងអាកា-៤៧របស់ខ្លួន​។ លោកឈុតវុទ្ធី​ ត្រូវ​បាន​បាញ់​ចំ​ជង្គង់​ ហើយ​ធ្លាយ​ទៅ​ដល់​ពោះ​ រីឯ​​លោកអិុន​ រតនាត្រូវ​បាន​បាញ់​ពីរ​គ្រាប់​ចំ​ទ្រូង​ និង​ពោះ​។

ឪពុកម្ដាយ​របស់​លោក អិុន​ រតនា​ បាន​មាន​ប្រសាសន៍ថា ពួកគាត់​មាន​ការ​សង្ស័យ​ចំពោះ​ការ​ស្លាប់​នេះ​។ អ្នកស្រី​ ប៉ែន​ សេង ម្ដាយ​របស់​លោកអិុន​រតនា បាន​បន្ដថា “ អ្នក​ភូមិ​ជាច្រើន​បាន​សួរ​យើង​ថា ហេតុអ្វីបាន​ជា​ អិុន​ រតនា​ បាញ់​សម្លាប់​ខ្លួន​ឯង។ អ្នកភូមិ​ភាគ​ច្រើន ​ដែល​បាន​ទៅ​ចូល​រួម​បុណ្យ​សព​​ មិន​ជឿថាគាត់បាញ់​សម្លាប់​ខ្លួន​ឯង​នោះទេ”។សព​របស់​លោក​ អិុនរតនា​ត្រូវ​បាន​បូជា​កាល​ពី​ថ្ងៃ​សុក្រ​ នៅ​ក្នុង​ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។

អ្នកស្រី​បាន​បន្ថែម​ទៀតថា “ ​យើង​មាន​ការសង្ស័យ​ថា ​ហេតុអ្វី​ពួក​គេ​​ស្លាប់​ដោយ​សារតែ​គ្រាប់​កាំភ្លើង​ដូច​គ្នា​”។ សាច់​ញាតិ​របស់​លោក អិុន​ រតនា បាន​និយាយ​ទាំង​កំហឹង​តាម​ទូរស័ព្ទ​អំពី​ទុក្ខសោក​របស់​ពួក​​គេ​ ប៉ុន្ដែ​ពួកគេ​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​។

អ្នកស្រីអុិនវណ្ណាត្រូវជាម្ដាយ​មីង​របស់​សពលោកអុិន​ រតនា​ បាន​មាន​ប្រសាសន៍ថា “ ក្មួយ​ប្រុស​របស់​ខ្ញុំ​ត្រូវ​គេ​សម្លាប់ ហើយ​ខ្ញុំ​មិនអាច​និយាយ​ច្រើន​អំពី​ ថាតើនរណា​ជា​អ្នក​បាញ់​ក្មួយ​ខ្ញុំ​ស្លាប់​នោះទេ​ ប៉ុន្ដែ​ខ្ញុំ​អំពាវ​នាវឲ្យ​រដ្ឋាភិបាល​ស្វែង​រក​យុត្ដិធម៌ឲ្យ​ក្មួយ​របស់​ខ្ញុំ​។ ខ្ញុំមិនអាច​និយាយ​ច្រើន​អំពី​ការ​បាញ់​សម្លាប់​ ពី​ព្រោះ​ខ្ញុំ​មិន​បាន​ឃើញ​ហេតុ​ការណ៍​នេះផ្ទាល់​ ប៉ុន្ដែ​ក្មួយ​ប្រុស​របស់​ខ្ញុំ​ អុិន​ រតនា​ គឺ​ជា​មនុស្ស​ស្លូត​បូត​ ហើយ​ខ្ញុំ​មិនជឿ​ថាគេ​ហ៊ាន​បាញ់​សម្លាប់​ខ្លួនឯ​នោះទេ”។

ដូចគ្នានឹងក្រុម​គ្រួសារ​និង​មិត្ត​ភក្តិជា​ច្រើន​ របស់​លោកអុិន​ រតនាដែរអ្នក​ធ្វើការ​ជាមួយ​លោក ឈុត​ វុទ្ធី និង​អ្នក​គោរព​ស្រឡាញ់​លោកបាន​ចំណាយ​ពេលជា​​ច្រើន​ថ្ងៃ ជជីក​សួរ​អំពី​​ការ​ពន្យល់​បកស្រាយជា​ផ្លូវការនៃ​ហេតុ​ការណ៍​នេះ​។

នៅ​ក្នុង​ខេត្តកណ្ដាល ​មនុស្សជា​ច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា​កាល​ពី​ថ្ងៃ​​សៅរ៍​ និង​ម្សិល​មិញ​ អ្នក​ខ្លះ​បាន​ធ្វើដំណើរមក​ពី​តំបន់ ព្រៃឡង់​ ក្នុងខេត្ត​កំពង់​ធំ​ ដើម្បី​សម្តែងការ​គោរព​ចំពោះ​សពលោកឈុត​ វុទ្ធី។

នៅ​ពេល​អ្នក​អភិរក្ស​ និង​ក្រុម​ការ​ងារ​សិទ្ធិមនុស្ស​​ជាច្រើន​បាន​ពិភាក្សា​គ្នាមិន​ចេះ​ចប់ មិនចេះហើយ អំ​ពី​ករណីននៃ​ការ​ស្លាប់​នោះ​ សមាជិក​ក្រុម​គ្រួសារ​បាន​នាំ​គ្នា​អាន​កាសែត​ប្រចាំ​ថ្ងៃ​ ដែល​មាន​ផ្សាយរូបលោក​ ឈុតវុទ្ធី​ កាល​ពីនៅ​រស់​ និង​ពេល​ស្លាប់​។

លោកឆឺយស៊ីធួនអាយុ៤០ឆ្នាំ​ ប្អូន​ប្រុស​ពៅ​ទី​៧ ​របស់​សពលោកឈុតវុទ្ធី​ បាន​មាន​ប្រសាសន៍ថា “ ខ្ញុំមិន​ជឿថា លោក​ អុិន​ រតនាមន្ត្រី​កងរាជ​អាវុធហត្ថអាច​បាញ់​សម្លាប់​​ខ្លួន​​ឯងចំនួន​ពីរ​គ្រាប់​​ ដោយ​កាំភ្លើង​វែងបែប​នេះ​នោះ​ទេ​​។ ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ស្វែង​​រក​យុត្តិធម៌ឲ្យ​បង​ប្រុស​របស់​ខ្ញុំ​”។

ក្រុម​សកម្មជន​បាន​លើក​ឡើង​ថា ពួក​គេ​មិន​ខ្លាច​បន្ដ​ការ​ល្បាត​ ដើម្បីបង្ក្រាបបទ​ល្មើស​កាប់​ឈើ​ខុស​ច្បាប់​នៅ​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួនទេ ​ដែលសព​លោកឈុត​ វុទ្ធី​ ធ្លាប់បាន​ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​ឲ្យមានការ​ល្បាត​នៅ​ក្នុងព្រៃ​ឡង់នេះ​។

លោកស្វាយភឿនសមាជិកគណៈ​​កម្មការ​​ព្រៃ​ឡង់​បាន​មាន​ប្រសាសន៍ថា “ ទោះ​បីជា​មេ​ដឹក​នាំ​ដ៏ល្អ​របស់​យើង​ត្រូវ​បាន​សម្លាប់​ក៏​ដោយ​ ក៏យើង​នៅ​តែ​ជម្រុញ​​គណ​ៈកម្មការ​ព្រៃ​ឈើ​របស់​យើង​ឲ្យ​បន្ត​ការ​ល្បាត​នៅ​​ព្រៃ​ឡង់​នេះ។ យើង​នឹង​បន្ដ​ធ្វើ​តាម​លោក ឈុត​វុទ្ធី​ ដើម្បី​ការ​ពារ​ព្រៃ​ឈើ​របស់​យើង​”។

នៅ​លើ​គេហទំព័រ​​បញ្តាញផ្សព្វផ្សាយសង្គមជា​ច្រើន​មាន​បង្ហោះ​សារចូលរួម​​រំលែក​​ទុក្ខ​​ចំពោះ​មរណភាពរបស់​លោក ឈុត​ វុទ្ធីនិង​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ដ​ទៀត​។ មាន​គម្រោង​ធ្វើ​បាតុកម្ម​តវ៉ានៅក្នុង​ប្រទេស​ស្វីស​ ដោយ​​ប្រមូល​ផ្ដុំគ្នា​​នៅ​មុខ​ទី​ស្នាក់​ការ​កណ្ដាល​របស់​អង្គការ​សហ​ប្រជា​ជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវនា​ខែ​ក្រោយនេះ​។

លោក ជេម ហ៊ីណាន “(James Heenan)​​ ឧត្តម​ស្នង​ការ​ប្រចាំ​​ការិយាល័យអង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែកសិទ្ធិ​មនុស្ស​បាន​មាន​ប្រសាសន៍ថា​ភ្នាក់​ងារ​របស់​លោក​កំពុង​តែ​ឃ្លាំមើល​ស្ថាន​ភាពនេះយ៉ាង​យកចិត្ត​ទុក​ដាក់​ ​និង​បន្ដឃ្លាំមើលត​ទៅទៀត​។

លោកហ៊ីណាន​ បាន​លើ​ក​ឡើង​តាម​រយៈ​អីុម៉េល​មួយថា“ក្រុម​ការ​ងារ​របស់​យើងកំពុងតែ​ស៊ើប​អង្កេត​លើ​រឿង​នេះ ដល់​កន្លែង​កើត​​ហេតុ ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ព្រម​ទាំង តាម​ដានការ​ធ្វើ​កោសល្យវិច្ច័យ​សាកសព”។

“​យើង​បាន​និយាយ​ជាមួយសាក្សីសំខាន់ៗនៅតាម​មូល​ដ្ឋាន​ ហើយ​បាន​ចុះ​ទៅ​​ពិនិត្យ​ដល់កន្លែង​​បាញ់​ កាល​ពី​ថ្ងៃ​សុក្រ​។ការ​ស៊ើប​អង្កេត​របស់​យើង​ គឺឯករាជ្យដែល​នេះ​គឺ​ជា​ផ្នែក​មួយ បែបបទធ្វើការ​ងារ​របស់​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុកផ្នែក​សិទ្ធិមនុស្ស​។យើង​នៅ​មិនទាន់​ទទួល​បាន​​សំណើរ​សុំ​ជំនួយ​​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ហេតុ​ការណ៍នេះ​នៅ​ឡើយទេ​។ក្រុម​ការ​ងារ​របស់​យើង​កំពុង​តែ​បន្ដ​ធ្វើការ​ងារនេះ​”។

ក្រុម​អ្នក​កាសែត​មួយចំនួន​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍ថ្កោលទោសចំពោះ​ការ​បំភិត​បំភ័យ​អ្នក​យក​ព័ត៌មាន​ពីរ​នាក់​របស់​កាសែត​ ខេមបូឌាដេលីគឺ​កញ្ញាផនបុប្ផានិង​កញ្ញា អូឡេស្យា ផ្លូគី ​ដែលអ្នកមាន​វត្តមាន​នៅ​ពេលគេបាន​សម្លាប់​​លោកឈុត​ វុទ្ធី​ ។

ដោយ​លើក​ឡើងពីការ​រឹបអូស​កាម៉េរ៉ា​របស់​អ្នក​យក​ព័ត៌មាន​ដោយ​ខុស​ច្បាប់ និង​ការ​ឃាត់​ខ្លួន​​អ្នកកាសែត របស់ពួក​ទាហាន​ និង​កង​រាជ​អាវុធ​ហត្ថ ក្លិបអ្នក​កាសែត​បរទេស​ប្រចាំ​កម្ពុជា​បាន“ ថ្កោលទោស ​ចំពោះ​ការ​​គំរាម​កំហែង​ និង​ការបំភិត​បំភ័យ​ ដែល​មិន​អាច​​ទទួល​យក​បាន​ ចំពោះហេតុការណ៍​នៅ​ក្នុង​សប្ដាហ៍​នេះក៏ដូច​ជា​ការ​ប្រើ​អំពើ​ហឹង្សាដែល​មិនចាំបាច់​ និង​មិនអាច​ទទួល​យក​បាន​ ពីសំណាក់កង​រាជ​អាវុធហត្ថនិង​មន្ដ្រី​កង​រាជ​អាវុធហត្ថផ្សេង​ទៀត​របស់​រដ្ឋាភិបាល​​ ដែល​បដិសេធ​មិនប្រាប់​ពី​អត្តសញ្ញាណ​របស់​ខ្លួន​នោះ”។ គណៈកម្មការ​ការ​ពារ​អ្នក​កាសែត​បាន​អំពាវ​នាវ​ឲ្យមាន​ការ​ស៊ើប​អង្កេត​ដ៏ហ្មត់​ចត់ចំពោះករណីេនេះ។

លោករ៉ូបឺត​ ម៉ាហូនី (Robert Mahoney) នាយក​រង​របស់គណៈកម្មការ​ការ​ពារ​អ្នក​កាសែត​ បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយថា “​យើង​សោកស្ដាយ​​ចំពោះ​ការ​ស្លាប់​របស់​លោកឈុតវុទ្ធី​ ដែលជាអ្នក​​ជួយ​អ្នក​កាសែត​ដើម្បីរាយការណ៍​អំពី​បញ្ហា​ដ៏​រសើប​បំផុត​ក្នុង​ប្រទេស​កម្ពុជា​”។

លោកប៊ើណាតគ្រីស័រ (Bernard Krisher) ចាង​ហ្វាង​ការ​ផ្សាយ​របស់កាសែត​​ ខេមបូឌាដេលី បាន​ទទួច​ឲ្យមាន​ការ​ការ​ពារ​យ៉ាង​តឹង​រឹង ចំពោះ​អ្នក​យក​ព័ត៌មាន​។លោកប៊ើណាតគ្រីស័រ បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​សុំ​អំពាវ​នាវ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ការ​ពារនិង​​ធានា​អំពីសុវត្ថិភាពដល់​អ្នក​យក​ព័ត៌មាន​របស់​យើង​ ក៏ដូចជា​អ្នក​កាសែត​ទាំង​អស់ ផងដែរ ​នៅ​ពេល​ចុះយកព័ត៌មាន​អំពីបញ្ហា​ពាក់​ព័ន្ធ​នឹង​រដ្ឋាភិបាល​ ឬ​អំពី​ការ​តវ៉ា​របស់ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល​​”៕

ប្រែសម្រួលដោយ ស៊ាស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស