កាលពីម្សិលមិញប្រជានេសាទនៅតាមបឹងទន្លេសាប និងអ្នកជំនាញខាងជលផលបានលើកឡើងថាបទល្មើសនេសាទខុសច្បាប់នៅក្នុងបឹងទន្លេសាប មានការកើនឡើងច្រើន ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោលឡូត៍នេសាទ កាលពីខែមីនា ហើយជំរុញឲ្យអាជ្ញាធរចុះបង្ក្រាបបទល្មើសនេសាទទាំងនោះ។
លោកនាយករដ្ឋមន្ដ្រីហ៊ុនសែន បានលុបចោលឡូត៍នេសាទនៅទូទាំងប្រទេសកាលពីឆ្នាំមុនដោយសង្ឃឹមថានឹងធ្វើឲ្យត្រីក្នុងបឹងទន្លេសាប កើនឡើងវិញ សម្រាប់ប្រជានេសាទ អាចប្រកបរបរចិញ្ចឹមជីវិតហើយបានចុះហត្ថលេខាលើអនុក្រឹត្យលុបឡូត៍នេសាទទាំងស្រុងនៅខែមីនា។
លោកឡុង សុចិត្តនាយកសម្ពន្ធអ្នកនេសាទកម្ពុជាបានមានប្រសាសន៍ថា ចាប់តាំងពីអនុក្រឹត្យត្រូវបានចុះហត្ថលេខារួចមកបទល្មើសនេសាទខុសច្បាប់នៅជុំវិញបឹងទន្លេសាប មានការកើនឡើង។
សម្ពន្ធអ្នកនេសាទកម្ពុជា របស់លោកសុចិត្តនិងក្រុមសម្ពន្ធសម្របសម្រួលការនេសាទ បានរៀបចំសន្និសីទរយៈពេលពីរថ្ងៃនៅឯសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលនឹងបញ្ចប់ក្នុងថ្ងៃនេះ ដើម្បីឲ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហានេះ។
លោកសុចិត្តបានបន្ដថា“យើងបានឃើញបទល្មើសនេសាទ ខុសច្បាប់នៅជុំវិញបឹងទន្លេសាបកើនឡើងទ្វេដង បន្ទាប់ពីរដ្ឋាភិបាលបានលុបឡូត៍នេសាទ។យើងរៀបចំសន្និសីទនេះដើម្បីសម្តែងការព្រួយបារម្ភ និងពិភាក្សាគ្នារកដំណោះស្រាយ ដើម្បីទប់ស្កាត់បទល្មើសនេះ”។ លោកសុចិត្តក៏បានចោទប្រកាន់អាជ្ញាធរថា មានការឃុបឃិតគ្នាជាមួយនឹងអ្នកនេសាទខុសច្បាប់។
លោកណៅធួកប្រធានរដ្ឋបាលជលផល បានទទួលស្គាល់ថា មានការរំលោភលើអនុក្រឹត្យមែន ប៉ុន្ដែបានបដិសេធនូវការអះអាងរបស់លោក សុចិត្តដែលថាបទល្មើសនេសាទខុសច្បាប់មានការកើនឡើងទ្វេដងនោះ។
លោកណៅធួកបានមានប្រសាសន៍ថា “វាមិនមែនជាការពិតនោះទេ ពីព្រោះខ្ញុំបានធ្វើដំណើរតាមកាណូតទៅរឹបអូសឧបករណ៍ដែលនេសាទខុសច្បាប់ទាំងនោះ។បទល្មើនេសាទខុសច្បាប់គឺវាមិនមានច្រើនដូចកាលពេលមានឡូត៍នេសាទនោះទេ។ចាប់តាំងពីខែមីនាមកដល់ឥឡូវ យើងបានបង្ក្រាបបទល្មើសនេសាទជុំវិញបឹងទន្លេសាបបានជិត១.០០០ករណី”។
លោកខូយសុខាអភិបាលខេត្តពោធិ៍សាត់ដែលមានព្រំដែនជាប់បឹងទន្លេសាប បានសង្ស័យថាការលុបចោលឡូត៍នេសាទរបស់រដ្ឋាភិបាល បានធ្វើឲ្យមានបទល្មើសនេសាទខុសច្បាប់កើនឡើង ហើយបានយល់ស្របជាមួយលោកសុចិត្ត ថាមន្ត្រីមួយចំនួនកំពុងតែឃុបឃិតគ្នាជាមួយនឹងជនល្មើស។
លោកសុខាបានបន្ដថា “ មានមន្ត្រីមួយចំនួនឃុបឃិតជាមួយនឹងអ្នកមានអំណាច ហើយអនុញ្ញាតឲ្យអ្នកនេសាទទាំងនោះប្រព្រឹត្តបទល្មើសប៉ុន្ដែយើងកំពុងតែចាត់វិធានការដោះស្រាយរឿងនេះ ហើយនឹងចាប់ខ្លួនពួកគេ”។
លោកអឿនប៊ុនថង អាយុ៥២ឆ្នាំ ជាអ្នកនេសាទមកពីខេត្តសៀមរាប ដែលបានចូលរួមក្នុងសន្និសីទនេះបានសង្ឃឹមថាសន្និសីទនេះនឹងអាចជួយដោះស្រាយបញ្ហារបស់ពួកគេ។ លោក ប៊ុនថង បានបន្ដថា “ខ្ញុំសង្ឃឹមថាសន្និសីទនេះនឹងអាចជួយរកដំណោះស្រាយ ដើម្បីទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ហើយយើងស្នើសុំឲ្យរដ្ឋាភិបាលបង្ក្រាបបទល្មើសនេះ”៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង