ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា មន្ត្រីកងរាជអាវុធហត្ថដែលបានបាញ់សម្លាប់លោក ឈុត វុទ្ធី អាយុ៤៦ឆ្នាំជាសកម្មជនការពារព្រៃឈើដ៏ល្បីឈ្មោះ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងខេត្តកោះកុង បានបង្វែរកាំភ្លើងអាកា៤៧បាញ់សម្លាប់ខ្លួនឯងភ្លាម បន្ទាប់ពីបានបាញ់សម្លាប់សកម្មជនការពារព្រៃឈើរូបនេះ។
មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អិុន រតនា អាយុ៣២ឆ្នាំ បានបាញ់សម្លាប់លោក ឈុត វុទ្ធី ពេលលោកអង្គុយនៅកន្លែងអ្នកបើកបរក្នុងរថយន្ដរបស់លោក បន្ទាប់ពីសកម្មជនការពារព្រៃឈើរូបនេះត្រូវបានទាហានមួយក្រុមឃាត់ខ្លួនទារយកម៉ាសុីនថតពីរូបលោក និងអ្នកកាសែតពីរនាក់មកពីកាសែត ខេមបូឌា ដេលី ដែលអ្នកទាំងពីរបានប្រើ ដើម្បីថតសកម្មភាពកាប់ឈើ ដោយគេសង្ស័យថាខុសច្បាប់ក្នុងស្រុកមណ្ឌលសីមា។
លោក ស៊ុន សាមឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកមិនបានដឹងពីមូលហេតុ ឈ្មោះ អុិន រតនា បាញ់សម្លាប់ លោក វុទ្ធី ឬក៏បាញ់សម្លាប់ខ្លួនឯងភ្លាមនោះទេ ប៉ុន្តែមន្ត្រីកងរាជអាវុធហត្ថរូបនេះ និងសកម្មជនការពារព្រៃឈើរូបនេះ មានជម្លោះពាក្យសម្ដីគ្នាយ៉ាងខ្លាំង មុនពេលមានការបាញ់ប្រហារនោះ។
លោកវរសេនីយ៍ឯក សាមឿន បានមានប្រសាសន៍ថា “នៅពេលពួកគាត់មានជម្លោះពាក្យសម្ដីនោះ លោក ឈុត វុទ្ធី បានប្រើពាក្យអសុរសដាក់មន្ត្រីកងរាជអាវុធហត្ថរូបនេះដូច្នេះហើយធ្វើឲ្យលោក រតនា ខឹងយ៉ាងខ្លាំងហើយបានបាញ់បីគ្រាប់ ប៉ុន្តែត្រូវចំលោក វុទ្ធី តែមួយគ្រាប់ប៉ុណ្ណោះ”។
លោក សាមឿន បានបន្ដថា “ បន្ទាប់ពីលោក រតនា បាញ់សម្លាប់លោក វុទ្ធី ហើយ គាត់ក៏បាញ់សម្លាប់ខ្លួនឯងតែម្តង។ លោក វុទ្ធី បានស្លាប់នៅក្នុងរថយន្ដរបស់លោក ចំណែកឯមន្ត្រីកងរាជអាវុធហត្ថរូបនេះបានស្លាប់នៅមុខរថយន្ដនោះ”។
លោកបានថ្លែងថា “ មានមនុស្សតែម្នាក់គត់ដែលបានបាញ់ ហើយពេលនេះបានស្លាប់ទៅហើយ”។ លោកបានបន្ថែមថា ការស៊ើបអង្កេតកំពុងតែបន្ដ។
យោងតាមលោក ម៉ាត់លី ហ្សៃណុប(Mathly Zaynop) ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងបានមានប្រសាសន៍ឲ្យដឹងថាការធ្វើកោសល្យវិច័យសាកសពបង្ហាញថា លោក ឈុត វុទ្ធី ត្រូវគ្រាប់កាំភ្លើងអាកា-៤៧
មួយគ្រាប់ត្រង់ជង្គង់ ហើយបានទម្លុះទៅបៀមនៅក្នុងពោះរបស់លោក។ ប៉ុន្តែលោក អុិន រតនា ត្រូវគ្រាប់កាំភ្លើងពីរគ្រាប់ចំទ្រូងធ្លាយចេញតាមខ្នង។
លោក ជួន ភិរម្យ ក្មួយប្រុសរបស់លោក វុទ្ធីបានជំទាស់ចំពោះសេចក្តីរាយការណ៍អំពីការធ្វើអត្តឃាតនេះ កាលពីម្សិលមិញ និងមានការសង្ស័យថា តើមន្ត្រីរូបនេះអាចយកកាំភ្លើងវែងបាញ់ចំទ្រូងសម្លាប់ខ្លួនឯងដល់ទៅពីរគ្រាប់បានយ៉ាងដូចម្ដេ៉ចទៅ?
លោក ភិរម្យ បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា មានជនទីបីម្នាក់បាញ់សម្លាប់ពូ វុទ្ធី របស់ខ្ញុំ និងបាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថនេះទៀត ដើម្បីបំបាត់ភស្តុតាង។ខ្ញុំសូមស្នើឲ្យអាជ្ញាធរស្វែងរកឧក្រិដ្ឋជន និងមនុស្សនៅពីក្រោយហេតុការណ៍នេះ”។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា លោក រតនា ទំនងជាសម្លាប់ខ្លួនឯងដោយសារមានវិប្បដិសារី។ nលោកបានមានប្រសាសន៍ថា “គាត់ពិតជាដឹងថា គាត់មានកំហុស។ ខ្ញុំមិនជឿថា មានជនទីបីនោះទេ”។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកសើុបអង្កេតនៅអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក បានមានប្រសាសន៍ថា លោកបានទៅដល់កន្លែងកើតហេតុបាញ់សម្លាប់អ្នកទាំងពីរនេះ កាលពីព្រឹកថ្ងៃសុក្រ ហើយលោកជឿជាក់ថា មានសាក្សីជាច្រើនបានឃើញហេតុការណ៍នេះ ប៉ុន្តែពួកគេមិនហ៊ាននិយាយទេ។
លោក សុវ៉េត បានមានប្រសាសន៍ថា “ពួកគេមិនហ៊ាននិយាយ ពីព្រោះ ពួកគេបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន”។ លោកបានបន្ថែមថា កន្លែងដែល លោក ឈុត វុទ្ធី និង ឈ្មោះ អិុន រតនា ស្លាប់នោះ ល្បីថាជាកន្លែងកាប់ឈើខុសច្បាប់។
លោកបានមានប្រសាសន៍ថា “ខ្ញុំសូមស្នើឲ្យរដ្ឋាភិបាល ចាត់វិធានការចុះសាកសួរសាក្សីដទៃទៀត ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម ពីព្រោះរឿងនេះស្មុគស្មាញណាស់”។ កាលពីម្សិលមិញ អង្គការសិទ្ធិមនុស្សជាច្រើនបានថ្កោលទោសចំពោះហេតុការណ៍បាញ់សម្លាប់លោក ឈុត វុទ្ធី នោះ ហើយបានជំរុញឲ្យមានការស៊ើបអង្កេតភ្លាមៗ អំពីស្ថានការណ៍នៅជំុវិញរឿងនេះ។ ក្លឹបអ្នកកាសែតថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយថា“យើងទាមទារឲ្យអាជ្ញាធរស៊ើបអង្កេត និងចាប់ខ្លួនជនដៃដល់ ព្រមទាំងអ្នកជាប់ពាក់ព័ន្ធនានាឲ្យបាន។
អង្គការអាដហុក បានអំពាវនាវឲ្យរដ្ឋាភិបាល “ បង្ហាញពីការតាំងចិត្តរបស់ខ្លួន ដើម្បីការពារសកម្មជនផ្នែកបរិស្ថាន ព្រមទាំងការពារតំបន់ធនធានធម្មជាតិនានា ហើយតាមចាប់ខ្លួនអ្នកទាំងឡាយណាដែលទទួលខុសត្រូវចំពោះទង្វើខុសច្បាប់ ដោយមិនគិតពីបុណ្យសក្ដិ ឬឋានៈឡើយ”។
អង្គការ Global Witness បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ មរណភាពដ៏សោកសង្រេងរបស់លោក ឈុត វុទ្ធី ស្ដែងឲ្យឃើញនូវភស្ដុតាងថ្មីមួយទៀត អំពីគ្រោះថ្នាក់ ដែលអ្នកផ្សេងទៀតអាចជួបប្រទះនៅពេលព្យាយាមការពារដី និងព្រៃឈើក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញឲ្យឃើញពីអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សដែលកំពុងតែកើតមានដោយសារតែការគ្រប់គ្រងមិនត្រឹមត្រូវ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា