ឈានជើងឆ្វេង ឈានជើងស្ដាំ ទះដៃ លោត បង្វិលខ្លួន និងធ្វើសាឡើងវិញ នេះជាចង្វាក់រាំម៉ាឌីហ្សុន។ បើទោះជាមានផ្ទៃមេឃខ្មៅជិតភ្លៀងក៏ដោយក៏យុវជនជាង១.០០០នាក់បានចូលរួមរាំចង្វាក់ម៉ាឌីហ្សុន ដែលមានមនុស្សចូលចិត្តច្រើន នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ ជាចង្វាក់រាំមួយ ដែលអ្នករៀបចំព្រឹត្តិការណ៍នេះនិយាយថា អាចបំបែកឯតទគ្គកម្មពិភពលោក។
នៅឯសួនច្បារមុខវត្តបទុមវតី មានក្រុមយុវជន យុវនារីជាច្រើននាក់ពាក់មួកកាតិបពណ៌ភ្លឺ និងចងសក់ទម្លាក់ទៅក្រោយ បានចាក់បទភ្លេងរ៉ុកកម្ពុជាទសវត្សរ៍ឆ្នាំ១៩៦០រាំ ហើយពួកគេក៏បានរាំចង្វាក់ម៉ាឌីហ្សុន ក្នុងកាយវិការព្រមៗគ្នា និងមានទឹកមុខរីករាយយ៉ាងខ្លាំងផងដែរ។
ជាវណ្ណារ័ត្នអាយុ២២ឆ្នាំនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ ដែលមានទឹកមុខក្រហម បាននិយាយថា “ខ្ញុំមកទីនេះ ដើម្បីទទួលឯតទគ្គកម្មហ្គីនណេសពិភពលោកសម្រាប់កម្ពុជា (Guinness World Record )។ខ្ញុំរៀនរាំចង្វាក់ម៉ាឌីហ្សុន តាំងពីខ្ញុំរៀននៅថ្នាក់ទី៦ម្លេ៉ះ។ ប្រជាជនកម្ពុជាចូលចិត្តរាំចង្វាក់ម៉ាឌីហ្សុនពីព្រោះរាំចង្វាក់នេះសប្បាយ និងងាយស្រួលទៀតផង”។
បើទោះការចូលចិត្តរាំកម្សាន្ដរបស់ប្រជាជនកម្ពុជានៅខាងក្រៅ ជាការបង្ហាញដល់អ្នកដើរកាត់សួនក្នុងទីក្រុងនៅពេលល្ងាច និងនៅពេលយុវជន និងចាស់ៗហាត់ប្រាណ ដោយការរាំរួមគ្នាក៏ដោយ ក៏ព្រឹត្តិការណ៍កាលពីថ្ងៃសៅរ៍នេះ គឺជាព្រឹត្តិការណ៍លើកដំបូងដើម្បីបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ការរាំចង្វាក់ម៉ាឌីហ្សុន ដ៏ធំបំផុតដែលមិនធ្លាប់មាន។
ព្រឹត្តការណ៍នេះ គឺជាគំនិតរបស់ BBC Media Action ផ្នែកអភិវឌ្ឍន៍អន្ដរជាតិរបស់សាជីវកម្មផ្សព្វផ្សាយអង់គ្លេស (BBC) និងត្រូវបានថតជាឈុតមួយនៃខ្សែភាពយន្ដភាគចុងក្រោយចាក់ផ្សាយតាមទូរទស្សន៍របស់កម្មវិធីឡូយ៩ ជាផលិតកម្មរបស់ BBC Media Action ដែលផ្ដោតលើយុវជនកម្ពុជា និងពលរដ្ឋ្ក្នុងទីក្រុង។
លោក កូលីន ស្ពើវ៉េ (Colin Spurway) ប្រធានកម្មវិធីឡូយ៩ បានមានប្រសាសន៍ថា “ យើងដឹងថា មនុស្សជាង១.០០០នាក់ បានរាំនៅថ្ងៃនេះ ដូច្នេះយើងជឿជាក់ថា យើងអាចបំបែកឯតទគ្គកម្មបាន។ យើងមិនទាន់ដឹងទេរហូតដល់ហ្គីនណេស ទទួលបានខ្សែវីដេអូនេះ និងបានឮពាក្យសម្តីរបស់សាក្សីសិន”។
យោងតាមគេហទំព័រឯតទគ្គកម្មហ្គីនណេសពិភពលោកបានបង្ហាញថាឯតទគ្គកម្មហ្គីនណេសពិភពលោកលើកមុនសម្រាប់ការរំាចង្វាក់ម៉ាឌីហ្សុន ត្រូវបានធ្វើឡើងកាលពីឆ្នាំមុនបន្ទាប់ពីមនុស្សចំនួន៤៥៩នាក់បានរាំចង្វាក់នេះនៅទីក្រុងហ្វឺឆឺរ៉ូឡេស (Feuchrolles)ប្រទេសបារាំង។ ដោយរាំាំឈានជើងទៅមុខ
ទៅក្រោយ ប៉ុន្ដែបង្វិលខ្លួន ហើយលោតនោះចង្វាក់ម៉ាឌីហ្សុននេះ មានប្រភពដើមនៅក្នុងសហរដ្ឋអាមេរិក នៅចុងទសវត្សរ៍ឆ្នាំ១៩៥០និងពេញនិយមនៅក្នុងប្រទេសបារាំង មុនពេលមកដល់ប្រទេសកម្ពុជា។ វានៅតែជាចង្វាក់រាំដ៏ពេញនិយមមួយនៅតាមពិធីមង្គលការក្នុងស្រុក។
ភ្នាក់ងារម្នាក់ ក្នុងចំណោមភ្នាក់ងាររបស់កម្មវិធីឡូយ៩បានស្រែកតាមឧគ្ឃោសនសព្ទ ខណៈពេលភ្លៀងចាប់ផ្ដើមធ្លាក់លើក្រុមអ្នករាំ ដែលប្រមូលផ្ដុំគ្នានៅក្នុងសួននេះថា “ តើអស់លោកអ្នកព្រមរាំហាលភ្លៀងទេ?” អ្នករាំបានឆ្លើយថា ព្រម ហើយបានចាប់ផ្ដើមរាំរយៈពេលប្រាំនាទី។
ភ្នាក់ងារទូរទស្សន៍ក្នុងស្រុកបានថតការរាំរួមគ្នានេះពីដំបូលអគារមួយនៅក្បែរនោះព្រោះនេះជាកម្មវិធីឡូយ៩ចុងក្រោយ និងបញ្ជូនទៅហ្គីនណេស ជាភស្ដុតាងនៃឯតទគ្គកម្ម ខណៈដែលក្រុមអ្នកមើលឯករាជ្យ និងសាក្សីបានឈរមើលជួរអ្នករាំនីមួយៗ ដើម្បីចង់ដឹងថាតើពួកគេរាំត្រូវចង្វាក់ឬអត់។
ខណៈដែលអ្នករាំខ្លះក្នុងចំណោមអ្នករាំនៅឯសួននោះមានចង្វាក់ភ្លេងពីរោះជាង និងឈានជើងបានស្ទាត់ជាងអ្នកផ្សេងទៀតនោះ ការពេញនិយមនៃចង្វាក់រាំនេះក្នុងចំណោមជនកម្ពុជាបញ្ជាក់ថា គ្រប់ៗគ្នាបានរាំស្ទើរតែព្រមៗគ្នាទាំងអស់។
លឹម ដាវីនអាយុ១៨ឆ្នាំ ជានិស្សិតបាននិយាយបន្ទាប់ពីបញ្ចប់ការប៉ុនប៉ងបំបែកឯតទគ្គកម្មនេះថា “ នេះជាបទពិសោធដ៏អស្ចារ្យមួយ។ខ្ញុំមិនហត់ទេ ខ្ញុំសប្បាយណាស់។ ខ្ញុំរៀនរាំចង្វាក់ម៉ាឌីហ្សុន កាលពីខ្ញុំអាយុ១០ឆ្នាំ។ ខ្ញុំចូលចិត្តរាំចង្វាក់ម៉ាឌីហ្សុន ពីព្រោះសម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់ៗគ្នាចូលចិត្តរាំចង្វាក់នេះ។ វាជាការហាត់ប្រាណដ៏ល្អ”។ មិត្តភក្ដិរបស់ ដាវីនឈ្មោះប៉ែនវីសាអាយុ១៨ឆ្នាំ បានបន្ថែមថា “ថ្ងៃនេះមនុស្សជាច្រើនបានចូលរួមរាំចង្វាក់នេះ ដូច្នេះខ្ញុំ
គិតថា យើងបំបែកឯតទគ្គកម្មបារាំងបានហើយ។វីសាក៏ដូចជាអ្នករាំក្មេងៗភាគច្រើនដែរនោះ ទំនងជាមិនដឹងថាចង្វាក់រាំនេះនាំចូលពីអាមេរិក និងបារាំង ៥០ឆ្នាំមកហើយនោះទេ៕
ប្រែសមួលដោយ ចេវ ប៊ុននី