28 C
Phnom Penh

ល្បីណាស់ វីដេអូ​​បង្ហាញ​អំពី​អង្គរក្ស​របស់​លោក​ ហ៊ុន​ សែន​​ វាយគេនៅសណ្ឋាគារ​ខេត្តកោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិន​ដល់​មួយ​សប្តាហ៍​ផង​ បន្ទាប់​ពី​ទាហាន​ចំនួន​បួន​នាក់មកពី​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​វាយ​បុរស​បួន​នាក់​ យ៉ាង​សាហាវរួម​មាន​មន្ត្រី​នគរ​បាល​ម្នាក់​ផង​ដែរ​នោះ​ រូប​ភាព​វីដេអូ​​បង្ហាញ​ពី​ការ​វាយ​ប្រហារ​នេះ​ ត្រូវ​បាន​​​​​​​គេ​បង្ហោះ​នៅ​លើ​ទំព័រ​អុីន​ធើ​ណិត​ ហើយ​គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ត្រូវ​បាន​ចាត់ទុក​​​ក្នុងចំណាត់ថ្នាក់ដាច់គេ​នៅ​លើ​ទំព័រ​អុីន​​​ធើ​​​ណិត​ ព្រម​ទាំង​ល្បី​​សុះសាយ​​យ៉ាង​ខ្លាំង​ដោយ​​​​ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​យោ​បល់បែប​កំហឹង​យ៉ាង​ច្រើន​​ពី​សំណាក់​មនុស្ស​រាប់​ម៉ឺន​នាក់​ ដែល​បាន​មើល​រូប​ភាព​វីដេអូ​នោះ​រហូត​មក​​​​ទល់​ពេល​នេះ។

​នគរបាល​ និង​ម្ចាស់​សណ្ឋា​គារ​បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា​ រូប​ភាព​វីដេអូ​ ដែល​ត្រូវ​បាន​គេ​បង្ហោះ​តាមប្រព័ន្ធអុីន​ធើណិត​ចែកជា​​បី​ភាគ​នោះ​ត្រូវ​​ម៉ាស៊ីន​ថត​ការ​ពារ​សុវត្ថិ​ភាព​​របស់​​សណ្ឋាគារ ​ក្នុង​ខេត្ត​កោះ​កុង​​ថត​បានដោយ​បាន​ចាប់​យក​រូប​ភាពស្ទើរតែទាំង​ស្រុ​ង​ អំពីការ​វាយ​ដំ​យ៉ាង​សាហាវ​នេះ។

រូប​ភាព​វីដេអូ​ ដែល​គ្មាន​សំឡេង​នេះ​ ទំនង​​ជា​បង្ហាញឲ្យ​ឃើញ​នូវ​ព័ត៌​មានដែលអាចបញ្ជាក់ស្ទើរតែអំពីភស្តុតាងទាំងមូល ដែល​​​មន្ត្រី​នគរ​បាល​ប្រមូលបាននៅពេល​នេះ។

លោក​ ឡាយ​ ម៉េង​លាង​ នាយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កោះកុង​បាន​មាន​ប្រសាសន៍ថា​ “ប្រហែល​ជា​មិត្ត​ភក្តិ​របស់​ម្ចាស់​សណ្ឋា​គារ​ បាន​យកពី​សណ្ឋា​គារ​ ហើយ​បង្ហោះតាមអុីនធើណិត​ ក៏ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហា​ របស់​ក្រុម​មន្ត្រី​នគរ​បាល​ទេ​ ចំពោះ​

ការ​បង្ហោះ​រូប​ភាព​វីដេអូ​នេះ”។ លោក​បន្ថែមថា​ ការ​វាយ​ដំ​ ដែល​ត្រូវ​ថត​បាន​ក្នុង​​រូប​​ភាព​វីដេអូ​នេះ​ មាន​ភាព​សាហាវ​ឃោ​រឃៅ​​​ខ្លាំងពេក។

លោក​ ឡាយ​ ម៉េង​លាង​ បាន​មាន​ប្រសា​សន៍​ថា​ “ខ្ញុំ​​យល់​​ឃើញ​ថា ​រូប​ភាព​វីដេអូ​នេះ ​​គឺ​ជា​ភស្តុតាង​សម្រាប់​ឲ្យ​នគរ​បាល​ធ្វើ​ការ​ស៊ើប​​អង្កេត​ករណី​នេះ…លោក​អាច​មើល​ឃើញ​សកម្ម​ភាព​ដ៏​អា​ក្រក់​ ដែល​លោកឧត្តមនីយ៍​ទោ​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ​”។

នៅ​ក្នុង​រូប​ភាព​វីដេអូ​តាម​ប្រព័ន្ធ​យូធ្យូប​(YouTube)​នោះ​បង្ហាញ​ឲ្យ​ឃើញ​ ឧត្តម​សេនី​យ៍ទោ​ ប៊ុន​ សុខា​ មក​ពី​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ស្លៀក​តែ​កន្សែង​ពោះ​គោ​នោះ​ គេ​អាច​មើល​ឃើញ​សកម្ម​ភាព​កំពុង​តែទាត់​ធាក់​ ព្រមទាំង​ដាល់​បុរស​ក្មេង​ម្នាក់​ ដែល​កំពុង​តែអង្វរ​សុំ​ក្តី​អាណិត​អាសូរ​យ៉ាង​ខ្លាំង​។

អង្គរក្ស​របស់​ឧត្ដម​សេនីយ៍​ទោ​ ប៊ុនសុខា​ មាន​ដូច​ជា​ សោមវាសនា​ សោម​ ឆៃយានិង​ម៉េង​ ឈាង​លី​ ព្រម​ទាំង​មនុស្ស​មួយ​ចំនួន​ទៀត​​កំពុង​ឈរ​មើល​។ ជាច្រើន​ដង​ បុរស​ទាំ​ង​​​​នោះ​ ដែល​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​មាន​កាំ​ភ្លើង​ខ្លី​មួយ​ដើម​ ដើរ​កាត់ពី​មុខ​ម៉ាស៊ីន​ថត​​ ទៅ​

យក​ដំបង​ឆក់​មក​ឆក់​ជន​រង​គ្រោះ​។កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍មុន ​អង្គរក្ស​ទាំង​បួន​នាក់​នោះ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​វាយដំ​មានស្ថានទម្ងន់ទោស។ នគរ​បាល​​​​រៀបរាប់​អំពី​ការវាយដំ​​នោះថា ​រូប​ភាព​វីដេអូ​ចាប់បាន​ដោយ​ម៉ាស៊ីនថត​​នោះ​​​មាន​​​តួនាទី​យ៉ាង​សំខាន់​ ដើម្បីជួយដល់​ការ​ស៊ើប​​​អង្កេត​របស់​​នគរបាល​។

រូបភាព​វីដេអូ​នេះ​មិន​មែន​ជា​វីដេអូ​លើក​​ទី១​ ស្ដី​ពី​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ដែលមានអ្នកទស្សនាយ៉ាងច្រើន​ និង​ល្បី​ខ្ចរខ្ចាយ ប៉ុន្តែអ្នកទស្សនារូប​ភាព​វីដេអូ​ស្ដីពី​ការ​វាយ​ដំដោយ​កង​អង្គរក្ស​នោះ ​កំពុង​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​។

កាល​ពី​ថ្ងៃ​សុក្រ​ គឺមួយថ្ងៃ​បន្ទាប់​ពីរូប​ភាព​វីដេអូ​នោះ​ត្រូវ​បានគេ​បង្ហោះ​តាម​ប្រព័ន្ធ​អុីន​ធើណិត​នោះមានអ្នកទស្សនារហូតដល់​​ជាង​១០.០០០នាក់​។ មក​ទល់​ចុង​សប្ដាហ៍​​នេះ ​ចំនួន​អ្នកទស្សនាបាន​កើន​ឡើង​ដល់​ទៅ​ជាង៦០.០០០នាក់​ ហើយ​មក​ដល់​ត្រឹម​ថ្ងៃ​អាទិត្យ​ មាន​អ្នកទស្សនាសរុបជិត​៧០.០០០​នាក់​ បាន​មើល​រូប​ភាព​វីដេអូ​រយៈពេល​១៣​នាទី​ ដែលបង្ហាញអំពី​សកម្មភាព​វាយ​តប់​របស់​​ឧត្ដមសេនីយ​៍ទោ​ ប៊ុនសុខា។ក្នុងពេល​ជាមួយនេះដែរ ​រូបភាព​វីដេអូ​ភាគពីរ​ មាន​អ្នកទស្សនា​ជាង​៥០.០០០នាក់​។

រូបភាព​វីដេអូនេះ​មាន​បង្ហោះនៅលើ​គេហ​ទំព័រ​របស់គណបក្ស​ប្រឆាំង​ និងបណ្ដាញ​ផ្សព្វផ្សាយសង្គម​ មានដូចជា​គេហទំព័រ​ធ្វីតធ័រ​ជាដើម (Twitter) ដោយមាន​ការធ្វើអត្ថា​ធិប្បាយ​អំពីវីដេអូនោះមិនចេះឈប់​ឈរ​។

អ្នក​បញ្ចេញយោបល់​ម្នាក់​នៅ​តាម​ប្រព័ន្ធ​អុីនធើណិត​ បាន​ផ្ដល់​យោបល់​ដោយ​យោង​ទៅលើ​បទ​ចោទ​ប្រកាន់​​អតីត​អភិបាល​ក្រុង​បាវិត​ លោកឈូក​ បណ្ឌិត​ នាពេល​ថ្មី​ៗ​នេះ ​ពី​បទ​បាញ់​កម្មការនី​អ្នក​តវ៉ា​បី​នាក់ ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះថា​ “​ប្រសិន​បើ​សាលា​ដំបូង​ខេត្ត កោះកុង​ចាត់​វិធានការដូច​វិធានការ​(របស់សាលាដំបូងខេត្តស្វាយរៀង) ចំពោះ​អភិ​បាល​ក្រុងបាវិត​​នោះ​ ពួក​គេគួរ​តែ​រំលាយ​ប្រព័ន្ធ​​តុលាការ​ចេញ​ពី​រដ្ឋធម្មនុញ្ញ​ចោល​ទៅ​”។  អ្នក​ផ្ដល់​យោបល់​ជាច្រើន​នាក់​បាន​សំដែង​ការ​មិន​យល់​ព្រម​ចំពោះ​ការ​ចោទ​ប្រកាន់មកលើលោកឈូក​ បណ្ឌិត​​ ពី​បទ​បាញ់

ប្រហារដោយ​អចេតនា​ថា​ ជាបទ​ចោទ​ប្រកាន់​​ស្រាល​ពេក​។ ការ​ផ្ដល់យោបល់​មួយ​ទៀត​តាម​ប្រព័ន្ធអីុនធើណិតបាន​បង្ហាញ​ដូច្នេះ​ថា “ ​លើក​នេះជនរងគ្រោះទទួល​បាន​យុត្តិធម៌​ហើយ [លោកឧត្ដមសេនីយ​]ផ្កាយ​ពីរ​ និង​ស៊ី​បាយ​គុក​ខេត្ត​កោះកុង​ហើយ។

រូបភាព​វីដេអូបង្ហាញអំពីការ​វាយ​ប្រហារ​​នៅក្នុង​សណ្ឋាគារ​នោះ​ គឺជា​រូប​ភាព​វីដេអូទី​៣​ហើយ ​ដែល​បង្ហាញ​ឲ្យឃើញនូវអំពើ​អយុត្តិធម៌នៅក្នុងសង្គម​ដែលគេ​បង្ហោះ​នៅ​តាមប្រព័ន្ធអិុន​ធើណិត​ក្នុង​រយៈ​ក្នុងពេល​មួយ​សប្ដាហ៍នេះ​។ កាល​ពី​ដើម​សប្ដាហ៍មុន​ រូប​ភាព​វីដេអូ​មួយ​ បង្ហាញអំពីមន្ត្រី​នគរ​បាល​ចរាចរ​ ព្រួតគ្នាវាយ​តប់​ យុវជន​ម្នាក់​ នៅ​ខេត្ត​បាត់​ដំបង​​ត្រូវទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​រហ័ស​ក្នុង​ចំណោម​អ្នក​ប្រើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គមជា​ច្រើន​នាក់នៅក្នុង​ប្រទេស​

​​កម្ពុជា​ ដែល​បាន​រិៈគន់ដល់ការ​ដោះ​ស្រាយ​របស់​មន្ដ្រី​នគរបាល​ចំពោះ​ហេតុការណ៍​នោះ​ព្រម​ទាំង​បង្ហាញឲ្យឃើញនូងវប្បធម៌សូក​ប៉ាន់​។ កាល​ពី​ពីរ​ថ្ងៃ​មុន​រូប​ភាព​វីដេអូ​មួយ​ បង្ហាញអំ​ពីព្រះ​​​រាជអាជ្ញា​​​អមសាលា​ដំបូងខេត្ត​​​​ស្ទឹង​​​ត្រែង ដែល​​​បាន​​​អនុវត្ត​​​មិន​​​ត្រឹម​​​ត្រូវ​​​តាម​នីតិវិធីរបស់តុលាការ​​​ក៏​​​ត្រូវ​​​បាន​​​ផ្សាយ​​​តាម​​​យូធូបដោយចែកចេញពីរ​​​ភាគ និង​​​មាន​​​អ្នក​​​មើល​​​ចំនួន​​​៧.០០០នាក់។ រូប​​​ភាព​​​វី​​​ដេអូ​​​បង្ហាញអំពីសន្ដិ​​​សុខ​​​ឯកជនបាញ់​​​អ្នក​​​តវ៉ានៅ​​​ក្នុង​​​ជម្លោះ​​​ដី​​​ធ្លី​​ក្នុង​​​ខេត្ត​​​ក្រចេះ និង​​​អតីត​​​មន្ត្រី​​​នគរ​​​បាល​​​បាន​​​ប្លន់​​​ និង​​​បាញ់​​​សម្លាប់​​​ស្ត្រី​​​ដូរ​ប្រាក់ម្នាក់​​​នៅ​​​ក្នុង​​​​​​រាជធានី​​​ភ្នំពេញនោះ ក៏​​​បាន​ល្បីខ្លាំងណាស់ដែរ​​​ ក្នុង​​​រយៈពេល​​​ប៉​​​ុន្មាន​​​ខែ​​​ថ្មី​​​ៗនេះ។

អ្នកវិភាគ​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​បាន​កោត​​​សរសើ​​​រចំពោះនិន្នាការនេះ ដោយ​​​បាន​​​ហៅ​​​​ការផ្សព្វផ្សាយនេះថា ជា​​​ទម្រង់​​ដ៏​​​សំ​​​ខាន់​មួយ​របស់​​​ប្រ​​​ជាពល​​​រដ្ឋ។

លោក ឡៅ ម៉ុងហៃ​​​ អ្នក​​​វិភាគ​​​ឯករាជ្យ​​​បាន​​​លើក​​​ឡើង​​​ថា “ ល្អណាស់ ប្រ​​​សិន​​​បើ​​​រឿង​​​បែប​​​នោះ អាចផ្សព្វផ្សាយ​​​តាម​​​​​បណ្តាញ​ផ្សព្វ​ផ្សាយសង្គម។ វាអាច​​​មាន​​​ឥទ្ធិពល​​​ល្អ​​​ ដល់​មន្ត្រី​​​​របស់​​​យើង ហើយលែងសូវមានការ​​​រំលោភ​បំពានទៀតហើយ”។

លោកបាន​​​មានប្រសាសន៍ថា “ កម្ពុជា​​​បាន​​​ដឹង​​​អំពី​​​សារៈសំខាន់​​​នៃបណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​​​ខ្លះ​​​ៗហើយ។​​​វាគឺជា​​​រឿង​​​ល្អ។ នេះគឺ​ជា​​​​រឿង​​​វិជ្ជមាន​​​សម្រាប់​​​កម្ពុជា”។លោក ឯក ថា អ្នក​​​នាំពាក្យ​​​ទីស្ដី​​​ការគណៈ​រដ្ឋ​​មន្ត្រី​​​ បាន​​​ហៅ​​​វាថា “ជាឧទាហរណ៍​​​ដ៏​មានសារសំខាន់” ក្នុង​​​ចំ​​​ណោម​​​មធ្យោ​​​បាយ​​​នានា​​​ ដែល​​​បច្ចេក​​​វិទ្យាអាច​​​ជួយកែប្រែសង្គម​​​បាន។

លោក ឯក ថា បាន​​​មាន​​​ប្រសាសន៍ថា “ ខ្ញុំ​​​ពិត​​​ជា​​​គាំ​​​ទ្រ​​យ៉ាង​​​ខ្លាំង​​​ ហើយ​​​មនុស្ស​​​ជា​​​ច្រើន​​​ទៀត​​​នឹង​​​ចាក់​​​ផ្សាយ​​​សកម្មភាព​​​ខុសច្បាប់​​​បែប​​​នេះ ឬក៏​​​បទល្មើស​​​ ឬ​​​បទ​​​ឧក្រិដ្ឋ​​​បែប​​​នេះដែល​​​​ជា​​​រឿង​​​ល្អ​​​សម្រាប់​​​សង្គម​​​កម្ពុជាបានឃើញនិង​​​វិនិច្ឆ័យដោយ​​​ខ្លួន​​​ឯង”។

លោក​​​បាន​​​បន្ថែម​​​ថា “ វានឹង​​​បញ្ជូន​​​ជា​​​សារ​​​យ៉ាង​​​សំខាន់​​​ដល់​​​អ្នក​​​មាន​​​អំណាច​​​ផ្សេង​​​ទៀត​​​ ឬក៏​​​ជន​​​ប្រ​​​ដាប់​​​អាវុធ​​​ផ្សេង​​​ទៀត ឲ្យ​​​ប្រយ័ត្នប្រ​​​យែង ឲ្យយកចិត្តទុក​​​ដាក់ និងប្រុង​​​ប្រយ័ត្ន​​​បន្ថែម​​​ទៀត​​​មុន​​​ពេល​​​ខ្លួន​​​ ឬ​ក្រុម​​​ណា​មួយ​​​ធ្វើ​​​អ្វី​​​នោះ”។

លោកបាន​​​បន្ដថា “ឲ្យតែធ្វើ​​​សកម្មភាព​​​អា​​​ក្រក់ ទោះជាបទ​​​ល្មើសកើត​​​ឡើងនៅ​​​កន្លែង​ណា ឬ បទ​​​ឧក្រិដ្ឋ​​​កើត​​​នៅ​​​ទីណា​​​ក្ដី យូរ​ឬឆាប់​​​ សកម្មភាព​​​របស់​​​ពួកគេ​​​នឹងត្រូវ​​​បង្ហាញ​​​ឲ្យ​​​ដឹង ឬបញ្ចេញ​​​ឲ្យ​​​សាធារណជន​​​ដឹង​​​ជាមិន​​​ខាន”៕

ប្រែ​​​សម្រួល​​​ដោយ ហួងកុកទៀន

​និងហម សុផាណ្ណា

​​​​​​​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស