39.4 C
Phnom Penh

រដ្ឋាភិបាល​​​ និងក្រុមហ៊ុនស៊ូកាគូ ស្ងាត់ស្ងៀម​ចំពោះ​គម្រោងអភិ​វឌ្ឍន៍​​​បឹងកក់នៅពេលអនាគត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយ:ពេល​ប្រាំ​​បួន​ខែ ​​បន្ទាប់​ពី​ក្រុម​ហ៊ុន​​​ស៊ូ​​​កាគូ ​​​​​​ ដែល​​គាំ​​ទ្រ​ដោយ​​​​​ក្រុមហ៊ុនចិន របស់​លោកឡៅម៉េងឃិន ​សមា​ជិក​ព្រឹទ្ធ​សភា​​មក​ពី​​​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​​​​បាន​​​បញ្ចុះបឋម​​​សិលាសាង​សង់​​គម្រោង​​​​អចល​នទ្រព្យ​ដ៏​ចម្រូង​​​​​ចម្រាស​របស់​លោក​​នៅ​​​​លើ​​ដីអតីត​បឹង​កក់​ក្នុង​រាជ​ធានី​ភ្នំពេញ​មក  ​​​គម្រោង​​​​សាង​​​សង់​​​របស់​​​​ការដ្ឋាន​​នេះ​​​ទំនង​ជា​​បាន​ផ្អាក​ទៅ​ហើយ។       

នៅ​ទី​បំផុតក្រុម​ហ៊ុនស៊ូកាគូ ​​បាន​​បញ្ចប់​ការ​បូម​ខ្សាច់​ជា​ច្រើន​លានតោន​ចាក់​​ដើម្បី​​​បំពេញ​​បឹង​នេះ​​​​​​​ កាល​​​ពី​សប្តាហ៍​មុន គឺ​​​​​ប្រ​​​ហែល​​​​​​​​​​​បី​ឆ្នាំ​​កន្លះ​ ​​ក្រោយ​​ពី​​បាន​ចាប់​ផ្តើម​​ និង​ក្រោយ​​ពី​​​​ការ​បណ្តេញ​ប្រជា​ពលរដ្ឋប្រ​មាណ​៣.០០០​​​​គ្រួសារ​ចេញ​​ ដោយរំលោភច្បាប់​ភូមិបាល។

នៅ​ក្នុង​ការ​ឆ្លើ​​យ​តប​​ដូច​​​​សព្វ​​មួយ​​ដង​​​​​​​មន្ត្រី​​​ក្នុងរាជធានីភ្នំពេញបាន​និយាយ​​​​កាលពី​​​សប្តាហ៍មុន​ថាខ្លួន​មិន​ដឹង​​​អ្វី​​​ទេ​​​​ អំពី​ជោគ​​​វាសនារបស់​​​ដី​​បឹងដែល​ត្រូ​វបាន​ចាក់​បំ​ពេញ​នេះឬ​​​ក៏​​បដិសេធ​មិន​ព្រមនិយាយ​​តែ​ម្តង។

នៅ​លើ​វាល​ខ្សាច់ដ៏ធំល្វឹង​ល្វើយ​​​ ​មាន​តែត្រាក់​ទ័រចត​ទុក​ចោល​ពីរគ្រឿងប៉ុណ្ណោះដោយ​​​​គ្មាន​​​​​បន្សល់​​​ទុក​​​អ្វី​ទាំង​​អស់​ ក្រៅ​តែ​​ការិយាល័យធ្វើ​ការ​មួយកន្លែង​​​​របស់​ក្រុម​ហ៊ុន​នេះ​ ដែល​គេ​ទុក​ចោល​​​ អំឡុង​​​​​​​ពេល​​​ចុះ​ទៅ​​ពិនិត្យ​​​​មើល​​​​​​​ដល់​ការដ្ឋាន​​​​​របស់​ក្រុម​ហ៊ុន​​ស៊ូកាគូ​​​​​ កាល​ពី​សប្តាហ៍​មុន។

ពីមុន ធ្លាប់មាន​សកម្ម​ភាព​​​មមាញឹក​ខ្លាំង​​​ណាស់នៅ​ពេល​​​លោកឡៅម៉េងឃិន ​​ចាប់​​​ផ្តើម​​ដាក់​ម៉ាស៊ីន​បុកគ្រឹះ​​ដ៏ធំ​មួយ​​ឲ្យ​ដំណើរ​ការ​នៅ​ក្នុងការដ្ឋាន​​​នេះ ​កាល​ពី​ខែ​កក្ក​ដា​ឆ្នាំ​​​​​​មុន។នាពេលនោះ ​​លោកកែបជុតិមា ​អភិបាល​​​រាជ​ធានី​ភ្នំពេញ ​​​​​និង​ភ្ញៀវ​រាប់​សិប​នាក់​​​ទៀតបា​ន​ត្រៀម​ខ្លួន​​​ ដើម្បី​​បង្ហាញ​​ផ្ទាំង​​​ប៉ាណូ​មួយ​​​​បង្ហាញ​ពី​ទស្សន​វិស័យ​​របស់​ខ្លួន​​សម្រាប់​​​​បឹង​នេះនៅពេលអនាគត​ ដោយ​​​មាន​​​អគារ​​កញ្ចក់​ខ្ពស់ៗនិង​​​ភូមិគ្រឹះ​លម្អ​​​ដោយ​​​ដើម​ឈើ​ដ៏ស្រស់​ស្អាត​​​​ និង​​​ប្រ​ព័ន្ធលូ​​​ទឹកខ្វាត់​​​ខ្វែង​​​​។ព្រះ​សង្ឃ​​​​ក៏​​​ត្រៀម​​ប្រោះ​​ព្រំ​​​ដល់​គម្រោង​អភិ​វឌ្ឍ​​ន៍​​​​​តំបន់​​​​​​​​​​​នេះដែរ។

តែទោះ​ជា​យ៉ាង​ណា ​​​​​​ ម៉ាស៊ីន​​​​​បុក​​គ្រឹះ​ដ៏ធំ ​ដែល​លោក​ ឡៅម៉េងឃិន ​ បាន​ដាក់​ឲ្យ​​ដំណើ​រ​​ការ​កាល​ពី​ឆ្នាំ​មុន​​នោះ​​​ ​​​ត្រូវ​បាន​ដក​ចេញ​បាត់​ស្រ​មោល​​​កាល​ពី​​​សប្តាហ៍​មុន។​​​សន្តិ​សុខ​ម្នាក់​​​ ដែលកំពុងតែ​យាម​តែ​ម្នាក់​ឯង​ បាន​​និយាយ​ថាក្រុម​មេការ​ជន​ជាតិ​​ចិន ​​​បាន​ដក​​កម្ម​​ករ​​របស់​ខ្លួន​ចេញ​ទាំង​អស់ទៅហើយប្រ​​ហែល​ពីរខែ​មុនដោយ​លើក​ឡើង​​​ថា​ មាន​​ជម្លោះ​។​​​​​​​​​​​​​​​​​​​

យោងតាម​អតីត​​​​​និយោជិត​​​ម្នាក់​​​​បាន​និ​យាយ​ថាប្រ​ហែល​ពីរ​ខែ​មុន​នេះ​ដែរ ​ក្រុម​ហ៊ុនស៊ូកាគូ ​អឺដូស (Shukaku Erdos) ដែល​ជា​​​​ដៃ​គូ​ផ្លូវ​ការ​​ក្នុង​គម្រោង​​នេះ​ ជា​មួយ​ក្រុមហ៊ុនសាជីវ​កម្មវិនិយោគទុន អឺដូសហុងជុន (ErdosHongjun Investment Corperation) ​​របស់​ប្រទេស​ចិន ​​​​​បាន​​បិទ​​​ការិយាល័យ​លក់​​​​នៅក្នុង​រាជ​ធានី​ភ្នំពេញរបស់​ខ្លួន​​​។

អ្នកស្រីឆាយ​ ស៊ីណា ​អតីត​​​​​​នាយិកា​ផ្នែក​លក់​​​​​​​​របស់ក្រុម​ហ៊ុន​នេះ​​​​ បាន​​និយាយ​​កាល​ពី​​សប្តាហ៍​មុន​ថា“បុគ្គលិក​ទាំង​អស់​នៅ​ផ្នែក​លក់​​​ឈប់អស់​​​បាត់​​ទៅ​ហើយ។ក្រុមហ៊ុន​​​ប្រាប់ពួកគេឲ្យ​​​​លាឈប់​​​​​​​​​ធ្វើការ”។ស្ត្រី​រូប​នេះ​​បាន​និយាយ​​ទៀត​​ថា ​ថៅ​កែ​របស់​ខ្លួន​មិន​បាន​ប្រាប់​​​​​​ពី​មូល​ហេតុ​​​នាំឲ្យបិទ​​​​​​​​ការិយា​ល័យ​ផ្នែក​លក់​នេះ​ទេ។

លោកឡៅ ​​វ៉ានកូ​ន​ប្រុស​របស់​លោកឡៅម៉េងឃិន ​និង​ជាអតីត​​អគ្គ​នាយក​គម្រោង​​​នេះ​ ​បាន​​​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថាលោក​​​​​​បាន​ចេញ​​​ពី​ក្រុម​ហ៊ុន​នេះ​ កាល​ពី​ឆ្នាំ​ទៅហើយ ពេល​នេះ​លោក​កំពុង​តែ​បម្រើ​ការ​​ងារ​​​​​​ឲ្យ​ក្រុម​​​ហ៊ុន​មួយ​ផ្សេង​ទៀត។​​​ពេល​ទាក់​ទង ​​​​​​​​ដើម្បី​​​សុំ​ការ​បំភ្លឺ​​ទាក់​ទិន​នឹង​រឿង​នេះ ​​​មន្ត្រី​​​​ខណ្ឌ​ និង​​សាលា​​រាជ​ធានី​​​​​​ ​​ក៏​បាន​​​​បដិសេធ​មិន​​និយាយ​​អំពី​ជោគ​​​វាសនា​​​របស់​​​បឹងដែលទើប​ចាក់ខ្សាច់​​​បំពេញរួច​​​​នេះ​ដែរ។

លោក​ស្រី ​​​ចឺឆេងឡឹ (Ze Zhengle) ​នាយិកាផ្នែក​​​​​កិច្ច​​​ការ​​​សេដ្ឋ​កិច្្ចរបស់​ស្ថាន​ទូត​​ចិន​ ​​​​​​​​បាន​​មាន​ប្រ​សាស​ន៍​ថា ​​លោក​​ស្រី​គ្មាន​ព័ត៌​មាន​ស្តី​​​ពី​ស្ថាន​ភាពបច្ចុប្បន្ន​​​របស់​​ក្រុម​ហ៊ុន​ស៊ូកាគូអឺដូសឬ​ថាតើ​​​​​ប្រ​តិ​បត្តិ​ការមួយ​​​ចំនួនរ​​​បស់​ក្រុម​​​​ហ៊ុន​នេះ​​​បាន​​បិទ​​​ ឬ​យ៉ាងណា​​នោះទេ។

ក្រុម​ហ៊ុនអឺដូសនិង​ក្រុម​ហ៊ុនស៊ូកាគូ​បាន​​​​ចូលហ៊ុនគ្នា​​​​​កាល​ពី​ចុង​ឆ្នាំ​​២០១០​​​ ​​ដោយ​ក្រុម​​​ហ៊ុន​​​​ចិនមួយ​​នេះ​​​​​​កាន់​កាប់​ភាគ​​ហ៊ុន​៤៩​​​ភាគ​​​រយ​​​​នៅ​ក្នុង​​ក្រុម​ហ៊ុន​សាជីវ​កម្មវិ​​​និយោគ​​​ទុនអឺ​​​ដូសហុងជុនដែល​ទើបតែ​បង្កើត​ឡើង​​​​​ថ្មី​​នេះ។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា ​បាន​អនុ​ម័ត​​គម្រោង​​​បឹង​កក់​​​នេះ​​​នៅ​រយ:ពេល​ពីរ​​​​បី​ខែ​ក្រោយ​ពី​​នោះ​ដោយ​​​​​ចុះ​បញ្ជី​ទ្រព្យ​សកម្ម​រួម​​​របស់​ក្រុម​ក្រុម​ហ៊ុន​​​​ទាំង​ពីរ​នេះ​​​​មានតម្លៃជិត​​​២,២ពាន់​លាន​ដុល្លារ៕

         ប្រែសម្រួល​ដោយ​ តែម​ សុខុម​​​​​​​​​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស