TAG
paywall
សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាថ្មី៨០រូប មកពីកងកម្លាំងប្រដាប់អាវុធ
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងកាលពីមិ្សលមិញនៅក្នុងសេចក្ដីការណ៍មួយថា យ៉ាងហោចណាស់សមាជិក៨០រូបក្នុងចំណោមសមាជិកថ្មី៣០៦រូបនៃគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា គឺមន្ត្រីយោធា ឬកម្លាំងសន្តិសុខ ហើយថា ការដំឡើងតួនាទីនេះគឺសំដៅឲ្យមានភាពស្មោះត្រង់របស់កម្លាំងប្រដាប់អាវុធ។
នៅសមាជរយៈពេលបីថ្ងៃរបស់គណបក្សកាន់អំណាចដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ គណបក្សប្រជាជនកម្ពុជាបានប្រកាសថា គណៈកម្មាធិការកណ្ដាលរបស់ខ្លួនត្រូវបានពង្រីកពី២៦៨រូបដល់៥៤៥រូប ជាចំណាត់ការមួយដែលគណបក្សនេះលើកឡើងថា គឺដើម្បីពង្រឹងគណបក្សបន្ទាប់ពីការបោះឆ្នោតមិនបានល្អចាប់តាំងពីឆ្នាំ១៩៩៣មក។
ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងនៅក្នុងសេចក្ដីការណ៍របស់ខ្លួនថា ភាគច្រើននៃអ្នកដែលជាសមាជិកថ្មីនៅក្នុងគណៈកម្មាធិការនេះ គឺជាមន្ត្រីជើងចាស់របស់គណបក្សកាន់អំណាច និងរួមទាំងមន្ត្រីថ្នាក់ជាតិ តំបន់ និងថ្នាក់ខេត្តសំខាន់ៗ និងមន្ត្រីដែលមានសិទ្ធិបញ្ជាលើកងកម្លាំងសន្តិសុខ"។
សេចក្តីថ្លែងការណ៍នេះលើកឡើងថា ចំនួនសរុបនៃសមាជិកគណៈកម្មាធិការកណ្ដាល ដែលមានសិទ្ធិបញ្ជាលើកងកម្លាំងសន្តិសុខបានកើនឡើងពី៣៦នាក់ដល់១១៦នាក់ ដោយកត់សម្គាល់ថា មន្ត្រីទាំងនេះត្រូវបានច្បាប់តម្រូវឲ្យនៅជាអព្យាក្រឹតនៅក្នុងការងាររបស់ខ្លួនក្នុងកងកម្លាំងប្រដាប់អាវុធ។
សេចក្ដីថ្លែងការណ៍នេះបានបន្តថា "លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាតម្រូវឲ្យសមាជិកគណៈកម្មាធិការកណ្ដាលរៀបចំ និងអនុវត្តគោលនយោបាយបក្សឲ្យមានប្រសិទ្ធភាព...
ធនាគារពិភពលោកស្នើឲ្យរៀបចំកិច្ចប្រជុំជាមួយអ្នករងការបណ្តេញចេញពីដី
អង្គការសិទ្ធិមនុស្សបានស្នើឲ្យធនាគារពិភពលោករៀបចំ"កិច្ចប្រជុំពិសេស" មួយជាមួយអ្នករងការបណ្ដេញពីដីធ្លី មុនពេលសម្រេចថា តើត្រូវដកការបង្កកលើការផ្ដល់ប្រាក់កម្ចីថ្មីដល់ប្រទេសកម្ពុជាឬយ៉ាងណានោះ ហើយឲ្យរៀបចំកិច្ចប្រជុំនេះនៅក្នុងប្រទេសថៃ ដើម្បីឲ្យអ្នកចូលរួមអាចនិយាយចេញពីចិត្តរបស់ខ្លួនដោយគ្មានការភ័យខ្លាចពីការរករឿងពីសំណាក់រដ្ឋាភិបាលកម្ពុជា។
កាលពីពាក់កណ្ដាលឆ្នាំ២០១១ ធនាគារពិភពលោកបានប្រកាសថា ខ្លួនបានផ្អាកការផ្ដល់ប្រាក់កម្ចីថ្មីទាំងអស់ដល់ប្រទេសកម្ពុជា ជាការតវ៉ាទៅនឹងការបណ្ដេញចេញដ៏ធំនៅតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញ គឺរដ្ឋាភិបាលបានបដិសេធមិនព្រមផ្តល់ប័ណ្ណកម្មសិទ្ធិដីតាមគម្រោងដែលឥឡូវនេះ លែងមានទៅហើយ ដែលធនាគារពិភពលោកបានផ្ដល់មូលនិធិ។
អ្នកភូមិប្រហែល៣.០០០គ្រួសារ ដែលភាគច្រើននៅតំបន់ក្បែរនោះ ត្រូវបានបណ្ដេញចេញនៅពេលនោះ ហើយធនាគារពិភពលោកលើកឡើងថា ខ្លួននឹងចាប់ផ្ដើមផ្ដល់ប្រាក់កម្ចីឡើងវិញបន្ទាប់ពីរដ្ឋាភិបាល និងអ្នកភូមិតំបន់បឹងកក់បានឈានដល់ការព្រមព្រៀងដែលមិនបានបញ្ជាក់តែប៉ុណ្ណោះ។
បើទោះជារដ្ឋាភិបាលមិនទាន់បានផ្ដល់នូវអ្វីដែលអ្នករងការបណ្ដេញចេញជាច្រើនចាត់ទុកថា ជាសំណងសមរម្យក៏ដោយ ក៏ធនាគារពិភពលោកបានប្រកាសកាលពីខែសីហាថា ខ្លួនបានពិចារណាលើគម្រោងថ្មីដែលមានទឹកប្រាក់២៥លានដុល្លារ ដែលនឹងបញ្ចប់ការបង្កកមូលនិធិ ប្រសិនបើត្រូវបានអនុម័ត។
ធនាគារពិភពលោកបានលើកឡើងថា ដំបូងខ្លួននឹងរៀបចំកិច្ចប្រជុំទល់មុខគ្នាចំនួន១១លើកជាមួយអង្គការនានាទូទាំងប្រទេសនៅចុងឆ្នាំ២០១៤ ឬដើមឆ្នាំ២០១៥...
តុលាការសាកសួរមេដឹកនាំសហជីពដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងកូដកម្មខុសច្បាប់
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្តើមសាកសួរលោក សៀង រិទ្ធី មេដឹកនាំសហជីពដែលត្រូវបានចាប់ខ្លួននៅខាងក្រៅរោងចក្រកាត់ដេរមួយក្នុងខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃអង្គារ ខណៈកំពុងដឹកនាំអ្វីដែលនគរបាលបានហៅថា ជាកូដកម្មខុសច្បាប់។
លោក សៀង រិទ្ធី ដែលជាប្រធានសហពន្ធ័សហជីពសាមគ្គីភាពការងារត្រូវបាននាំមកបង្ហាញខ្លួននៅចំពោះមុខលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅពេលព្រឹក និងពេលរសៀលសម្រាប់ការសាកសួរ ប៉ុន្តែ ទីបំផុតលោកមិនត្រូវបានចោទប្រកាន់ឡើយ។
យោងតាមលោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីបានឲ្យដឹងថា ក្រោយពីការសាកសួររួច មេដឹកនាំសហជីពរូបនេះត្រូវបានបញ្ចូនទៅឃុំឃាំងនៅស្នងការដ្ឋាននគរបាលរាជធានីវិញកាលពីល្ងាចម្សិលមិញ ដើម្បីរង់ចាំការសាកសួរបន្ថែមនៅថ្ងៃនេះ។
ពេលចាកចេញពីសាលាដំបូងរាជធានីវិញអំឡុងពេលព្រឹក លោក សៀង រិទ្ធី ដែលសហជីពរបស់លោកគាំទ្រដល់ការធ្វើកូដកម្មបានលើកឡើងថា លោក គ្រាន់តែគាំទ្រកម្មករនៅរោងចក្រកាត់ដេរអប្សរាដែលកំពុងទាមទារឲ្យមានការដំឡើងប្រាក់ខែចំនួន២៨ដុល្លារប៉ុណ្ណោះ។
លោក សៀង រិទ្ធី បានប្រាប់អ្នកយកព័ត៌មានដោយបដិសេធចំពោះការចោទប្រកាន់ដែលថា លោកមានបំណងដឹកជញ្ជូនដំបងឫស្សីចំនួន៥១ដើមយកទៅប្រើប្រាស់ក្នុងគោលបំណងបង្កអំពើហិង្សានោះថា "ការចោទប្រកាន់បែបនេះគឺមិនត្រឹមត្រូវទេ ព្រោះកម្មករដែលជាសមាជិករបស់ខ្ញុំ និងខ្ញុំមិនបានប្រព្រឹត្តអំពើើហិង្សាណាមួយប្រឆាំងរោងចក្រឡើយ"។
មេដឹកនាំសហជីពរូបនេះបាននិយាយថា "មន្ត្រីតុលាការសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំដឹកជញ្ជូនឫស្សីទៅទីនោះ? ខ្ញុំប្រាប់ពួកគេថា ខ្ញុំគ្រាន់តែចង់យកវាទៅធ្វើជាដងទង់ជាតិ និងដងបដាប៉ុណ្ណោះ"។
នៅក្នុងសន្និសីទកាសែតមួយដែលរៀបចំដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅពេលរសៀលលោក ខូវ ឆាយ នាយកគ្រប់គ្រងរោងចក្រកាត់ដេរអប្សរាបានលើកឡើងថា រោងចក្ររបស់លោកបានខាតបង់ជាង៣០.០០០ដុល្លារ ចាប់តាំងពីថ្ងៃសុក្រមកដោយសារការធ្វើកូដកម្ម។
លោក ខូវ ឆាយ ក៏បានអះអាងផងដែរថា បំណងប្រើអំពើហិង្សារបស់លោក សៀង រិទ្ធី អាចបញ្ជាក់បានតាមរយៈរូបភាពដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមដែលមេដឹកនាំសហជីពរូបនេះបានចែករំលែកតាមហ្វេសប៊ុក។ លោក ខូវ ឆាយ បានបង្ហាញរូបភាពនេះតាមរយៈទូរស័ព្ទដៃរបស់លោកឲ្យអ្នកយកព័ត៌មានបានឃើញអំឡុងការធ្វើសន្និសីទកាសែត។
លោក ខូវ ឆាយ បាននិយាយថា "លោក សៀង រិទ្ធី បានសរសេរថា 'នេះគឺជាអំណោយនៅក្នុងថ្ងៃបុណ្យមាឃបូជាសម្រាប់ក្រុមទំនើងដែលគ្រប់គ្រងរោងចក្រ' "។
លោក ខូវ ឆាយ បានលើកឡើងទៀតថា ការបង្ហោះរូបភាពដំបងឫស្សី គឺត្រូវបានធ្វើឡើងដោយលោក ឡោ សុភ័ក្រ ដែលជាអនុប្រធានសម្ព័ន្ធសហជីពសាមគ្គីភាពការងារ ហើយបន្ទាប់មកត្រូវបានចែករំលែកដោយលោក សៀង រិទ្ធី ដែលបានសរសេរសារគំរាមបន្ថែម។
គ្មានការបង្ហោះបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោក សៀង រិទ្ធី ឡើយកាលពីល្ងាចម្សិលមិញ ហើយលោក សុភ័ក្រ បានអះអាងថា រូបភាពនេះត្រូវបានបង្ហោះតាមអីុនធើណិតដោយគ្មានសារណាមួយឡើយ។
លោក សុភ័ក្រ បានទទួលស្គាល់ថា សហជីពរបស់លោកមិនទាន់ចុះបញ្ជីដើម្បីធ្វើប្រតិបត្តិការនៅរោងចក្រកាត់ដេរអប្សរាដែលច្បាប់ការងារតម្រូវនៅឡើយទេ ប៉ុន្តែ ថាលោក ហើយនិងលោក សៀង រិទ្ធី ត្រូវកម្មករដែលកំពុងធ្វើកូដកម្មស្នើឲ្យមកជួយ។
លោកបាននិយាយបន្ថែមថា "យើងនឹងស្នើសុំក្រសួងការងារឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីចុះបញ្ជីសហជីពរបស់យើងនៅក្នុងរោងចក្រនេះ"។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរកាលពីម្សិលមិញ ដោយបដិសេធចំពោះការអះអាងរបស់សហជីពដែលថា អ្នកគ្រប់គ្រងរោងចក្រ និងអាជ្ញាធរ បានរួមគំនិតគ្នាដើម្បីប្រើប្រាស់តុលាការមកចាប់ខ្លួន ឬបណ្តេញកម្មករដែលកំពុងធ្វើកូដកម្មចេញពីការងារ។
កាលពីសប្តាហ៍មុន សម្ព័ន្ធសហជីពចលនាកម្ពុជាបានលើកឡើងថា រោងចក្រមួយចំនួនបានបណ្តេញតំណាងសហជីពអស់ជាច្រើននាក់ដោយខុសច្បាប់កាលពីឆ្នាំមុន ហើយសម្ព័ន្ធសហជីពនេះក៏បានចោទប្រកាន់តុលាការផងដែរថា នៅខាងរោងចក្រ។
នៅក្នុងសេចក្តីថ្លែងការរបស់ខ្លួន សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបន្តរិះគន់ចំនួនសហជីពដែលចេះតែកើនឡើងនៅក្នុងប្រទេសកម្ពុជា ដោយអះអាងថា ឥឡូវនេះមានចំនួនប្រមាណ៤.០០០ហើយ ហើយថា វិស័យកាត់ដេរដែលកំពុងតែមានភាពច្របូកច្របល់នេះគួរតែបន្ទោសលើសហជីពទាំងនោះ៕ស៊ុយឈាង
រដ្ឋបាលព្រៃឈើកោះហៅមន្ត្រីចំនួន១៦រូបជុំវិញករណីជំរិតទារប្រាក់
មន្ត្រីមួយរូបបានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើចំនួន១៦នាក់មកពីខេត្តចំនួនបីត្រូវបានកោះហៅឲ្យមកចូលរួមកិច្ចប្រជុំមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីឈ្មោះរបស់ពួកគេមាននៅក្នុងចំណោមឈ្មោះជនសង្ស័យជំរិតទារប្រាក់ចំនួន៤៩នាក់នៅក្នុងបញ្ជីមួយ ដែលនគរបាលខេត្តកំពង់ឆ្នាំងរឹបអូសបានពីរថយន្តមួយគ្រឿងដែលកំពុងដឹកឈើដោយខុសច្បាប់កាលពីសប្តាហ៍មុន។
នគរបាលជឿជាក់ថា ឯកសារនេះគឺជាបញ្ជីឈ្មោះរបស់នគរបាល កងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលព្រៃឈើដែលអ្នកបើកបររថយន្តេនះត្រូវតែបង់ប្រាក់ទៅឲ្យ ខណៈកំពុងដឹកឈើខុសច្បាប់។ រថយន្តនេះមានដឹកគ្រឿងសង្ហារិម ដែលសុទ្ធតែធ្វើពីឈើប្រភេទធ្នង់ និងមានដឹកដើមម្រះព្រៅចំនួនប្រាំដំុផងដែរ នៅពេលត្រូវបានឃាត់កាលពីថ្ងៃទី២៦ ខែមករា។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានស្នើសុំឲ្យមានការអត់ធ្មត់សិនកាលពីថ្ងៃអង្គារ ខណៈអង្គភាពរបស់លោកកំពុងសើុបអង្កេតមន្ត្រីទាំង៤៩រូបនេះ ដែលមានឈ្មោះ លេខទូរស័ព្ទ និងទីតាំងនៅក្នុងបញ្ជី។
កាលពីម្សិលមិញ លោក ចាន់ ឫទ្ធី ប្រធានអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាបបានលើកឡើងថា លោកកំពុងពន្លឿនការសើុបអង្កេតដោយសាកសួរមន្ត្រីរដ្ឋបាលព្រៃឈើដែលមានឈ្មោះនៅក្នុងបញ្ជីនេះ។
លោក ចាន់ ឫទ្ធី បានមានប្រសាសន៍ថា "ខ្ញុំបានអញ្ជើញមន្ត្រីទាំងអស់របស់យើងឲ្យមកចូលរួមកិច្ចប្រជុំនៅព្រឹកនេះ ហើយយើងបានសុំឲ្យពួកគេសរសេរប្រវត្តិរូបលម្អិតអំពីសកម្មភាពការងាររបស់ខ្លួន ហេតុដូច្នេះយើងអាចត្រួតពិនិត្យការងាររបស់ពួកគេ ហើយបន្ទាប់មកយើងនឹងបញ្ជូនរបាយការណ៍ទៅលោក ឆេង គឹមស៊ុន ”។ លោកបានបន្ថែមថា នរណាដែលត្រូវបានរកឃើញថា បានប្រព្រឹត្តអំពើពុករលួយនឹងត្រូវបញ្ជូនទៅឲ្យអាជ្ញាធរអនុវត្តច្បាប់។ ហើយមន្ត្រីទាំង១៦រូបនេះត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅធ្វើការវិញបន្ទាប់ពីកិច្ចប្រជុំរួច។
លោកបានមានប្រសាសន៍ដោយមិនរៀបរាប់ច្រើនថា "អំឡុងកិច្ចប្រជុំ យើងបានណែនាំពួកគេកុំឲ្យប្រព្រឹត្តអំពើពុករលួយ ហើយបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅធ្វើការវិញ"។
លោក សារុន ចន្ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីនគរបាលចំនួនពីរនាក់មកពីស្រុកវាលវែងនៅក្នុងខេត្តនេះ និងដែលមានឈ្មោះនៅក្នុងបញ្ជីនោះបានផ្តល់ការពន្យល់រួចហើយ។ មន្ត្រីនគរបាលទាំងពីររូបនេះមានម្នាក់ឈ្មោះ សូ សែម ជាអធិការរងនគរបាលស្រុក រីឯមន្ត្រីម្នាក់ទៀត លោក ចន្ធី បានលើកឡើងថា លោកមិនចាំឈ្មោះឡើយ។
លោក ចន្ធី បានមានប្រសាសន៍ថា "ខ្ញុំបានសួរមន្ត្រីទាំងពីររូបនោះរួចហើយ ប៉ុន្តែ ពួកគេបានបដិសេធចំពោះការចោទប្រកាន់ដែលថា ពួកគេជាប់ពាក់ព័ន្ធក្នុងការជំរិតទារប្រាក់។ តែទោះជាយ៉ាងណា ពួកគេបានប្រាប់ខ្ញុំថា ជូនកាលពួកគេបានទិញតុ និងគ្រែឈើហើយបានជួលរថយន្តឈ្នួលឲ្យដឹងឲ្យ ហេតុដូច្នេះទើបលេខទូរស័ព្ទរបស់ពួកគេមាននៅក្នុងបញ្ជី"។
គេមិនអាចទាក់ទង លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានឡើយ៕ស៊ុយឈាង
ថៃនៅមិនទាន់សម្រេចចំពោះវាសនារបស់ពលករខ្មែរចំណាកស្រុកនៅឡើយទេ
មន្ត្រីមកពីក្រសួងការងាររបស់ប្រទេសថៃបានឲ្យដឹងកាលពីម្សិលមិញថា ប្រទេសថៃនៅមិនទាន់សម្រេចនៅឡើយទេថា តើអ្វីនឹងកើតឡើងចំពោះពលករខ្មែរចំណាកស្រុកចំនួន៧៣៨.០០០នាក់ ដែលសព្វថ្ងៃកំពុងធ្វើការនៅក្នុងប្រទេសនេះ ដោយប្រើប័ណ្ណការងារបណ្ដោះអាសន្ន នៅពេលប័ណ្ណការងារទាំងនោះអស់សុពលភាពនៅដំណាច់ខែមីនា។
ក្រសួងការងារកម្ពុជា និងថៃបានជួបគ្នាកាលពីម្សិលមិញនៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ ក្នុងរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការធ្វើបច្ចុប្បន្នភាពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០៣ ស្ដីអំពីពលករចំណាកស្រុកនៅក្នុងប្រទេសទាំងពីរ។
ពេលនិយាយទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វារ លោក Winai Luewirojn អនុលេខាអចិន្ត្រៃយ៍នៃក្រសួងការងារថៃបានលើកឡើងថា មានពលករខ្មែរចំណាកស្រុកចំនួន៧៣៨.០០០នាក់កំពុងធ្វើការនៅក្នុងប្រទេសថៃដោយប្រើប័ណ្ណការងារបណ្ដោះអាសន្ន ដែលនឹងផុតកំណត់នៅថ្ងៃទី៣១ ខែមីនា។
លោក Luewirojn បានលើកឡើងថា លោកមិនដឹងទេថា តើពលករចំណាកនឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញឬក៏អត់នៅពេលប័ណ្ណការងារបណ្ដោះអាសន្នអស់សុពលភាព។ លោកបានមានប្រសាសន៍ថា "យើងត្រូវតែរង់ចាំគោលនយោបាយរបស់រដ្ឋាភិបាល"។
លោក Luewirojn...
លិខិតឆ្លងដែនចំនួន៤០.០០០បានចេញសម្រាប់កម្មករខ្មែរនៅប្រទេសថៃ
មន្ត្រីក្រសួងមហាផ្ទៃម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា មកដល់ថ្ងៃនេះ រដ្ឋាភិបាលបានចេញលិខិតឆ្លងដែនឲ្យពីរភាគបីនៃពលរដ្ឋខ្មែរប្រហែល៦០.០០០នាក់ ដែលសព្វថ្ងៃកំពុងធ្វើការនៅប្រទេសថៃ ហើយពួកគេបានសុំឯកសារដើម្បីបានស្នាក់នៅទីនោះដោយស្របច្បាប់។
លោក ម៉ៅ ចាន់ដារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា គិតមកដល់ថ្ងៃអង្គារនេះ ពលករចំណាកស្រុកប្រហែល៦០.០០០នាក់នៅប្រទេសថៃបានស្នើសុំលិខិតឆ្លងដែន។
លោកបានមានប្រសាសន៍ថា "យើងបានចេញលិខិតឆ្លងដែនប្រហែល៤០.០០០ច្បាប់ហើយ។ យើងនឹងបញ្ជូនទៅឲ្យពួកគាត់នៅពេលណាអាជ្ញាធរថៃចេញប័ណ្ណការងារនិងទិដ្ឋាការឲ្យពួកគាត់"។
កាលពីខែមិថុនាឆ្នាំមុន មួយខែបន្ទាប់ពីកងទ័ពថៃបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសនេះ ពលរដ្ឋខ្មែរប្រហែល២២៥.០០០នាក់បានរត់ភៀសខ្លួនចេញពីប្រទេសថៃដោយខ្លាចថា រដ្ឋាភិបាលយោធាថ្មីនេះចង់ចាប់ខ្លួនពលករចំណាកស្រុកខុសច្បាប់។
ដើម្បីជួយពួកគាត់ឲ្យត្រឡប់ទៅថៃវិញដោយស្របច្បាប់ រដ្ឋាភិបាលកម្ពុជាបានបញ្ចុះតម្លៃលិខិតឆ្លងដែនពី១២៤ដុល្លារមកត្រឹម៤ដុល្លារ។ ទោះជាយ៉ាងនេះក្តី នៅចុងខែកក្កដា លោក ចាន់ដារ៉ា បានមានប្រសាសន៍ថា នាយកដ្ឋានរបស់លោកចេញលិខិតឆ្លងដែនបានតែ៥០០ប៉ុណ្ណោះចាប់តាំងពីមានការចាកចេញដ៏ច្រើននោះ។
ទោះជាយ៉ាងនេះក្តី ក្រសួងការងារថៃបានរាយការណ៍ថា ចំនួនពលករខ្មែរចំណាកស្រុកក្នុងប្រទេសថៃមានដល់ទៅប្រហែល៦៨០.០០០នាក់គិតត្រឹមថ្ងៃទី៦ខែវិច្ឆិកា។
កាលពីខែធ្នូ...
ព្រះសង្ឃវត្តសាមគ្គីរង្សីច្រានចោលការអះអាងរបស់រដ្ឋាភិបាលដែលថា មានឥរិយាបថហិង្សា
ព្រះសង្ឃគង់នៅវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញបានព្រាងលិខិតមួយច្បាប់ ច្រានចោលការអះអាងរបស់សាលារាជធានីចំពោះឥរិយាបថមិនត្រឹមត្រូវនិងអសីលធម៌នៅវត្តនេះ ដែលបានធ្វើឲ្យរដ្ឋាភិបាលមានកំហឹងកាលពីឆ្នាំមុន តាមរយៈការគាំទ្រក្រុមអ្នកភូមិដែលរងការបណ្តេញចេញពីដីធ្លី មកពីទូទាំងប្រទេស។
កាលពីថ្ងៃសុក្រ បន្ទាប់ពីមានការចាក់សម្លាប់ព្រះសង្ឃមួយអង្គនៅវត្តសាមគ្គីរង្សីកាលពីខែមុនដោយព្រះសង្ឃមួយអង្គទៀត សាលារាជធានីបានប្រកាសថា ខ្លួនបានបង្កើតគណៈកម្មការពិសេសមួយដើម្បីស៊ើបអង្កេត "សកម្មភាពប្រឆាំងរដ្ឋាភិបាល" នៅវត្តនេះ ហើយស្វែងរកថា តើវត្តនេះត្រូវបានទទួលស្គាល់ត្រឹមត្រូវដោយក្រសួងធម្មការ និងសាសនាឬយ៉ាងណា។
លិខិតដែលព្រះសង្ឃនៅវត្តនេះមានផែនការដាក់ជូនអាជ្ញាធរខណ្ឌនិងមន្ត្រីធម្មការនៅថ្ងៃនេះ ច្រានចោលការអះអាងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះរបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីដែលថា ព្រះសង្ឃបានប្រើអំពើហិង្សាជាច្រើនលើកច្រើនសា។
លិខិតដដែលនេះមានខ្លឹមសារថា "ការចោទប្រកាន់លើវត្តសាមគ្គីរង្សីមុនពេលធ្វើការស៊ើបអង្កេត វាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសវត្ត ហើយព្រះសង្ឃមិនអាចទទួលយកបានឡើយ" ហើយផ្ទុយទៅវិញបានចោទប្រកាន់រដ្ឋាភិបាលថា មិនបានយកចិត្តទុកដាក់នឹងការស្នើសុំជំនួយរបស់ព្រះអង្គឡើយ។
លិខិតនេះបន្តថា "ជួនកាលវត្តបានសុំការសហការពីអាជ្ញាធរ ប៉ុន្តែអាជ្ញាធរហាក់ដូចជារើសអើងនឹងវត្ត។ ឧទាហរណ៍ ព្រះសង្ឃគង់នៅវត្តនេះបានឃើញព្រះសង្ឃប្រើប្រាស់ថ្នាំញៀនកាលពីឆ្នាំ២០១២ ហើយអាជ្ញាធរមិនបានចាត់វិធានការទេ"។
ព្រះតេជគុណ ថាច់ ហា សំអាង ចៅអធិការស្តីទីគង់នៅវត្តនេះដែលបានជួយព្រាងលិខិតនេះមានសង្ឃដីកាថា ព្រះសង្ឃនឹងធ្វើពាក្យបណ្តឹងផ្លូវការប្តឹងសាលារាជធានី ប្រសិនបើសាលារាជធានីធ្វើតាមផែនការបញ្ជូនមន្ត្រីមកកាន់វត្តនេះដើម្បីស៊ើបអង្កេត។
ព្រះតេជគុណបានមានសង្ឃដីកាថា "យើងធ្វើតាមច្បាប់និងវិន័យព្រះពុទ្ធសាសនា។ វាជាច្បាប់ព្រៃដែលរារាំងព្រះសង្ឃមិនឲ្យអនុញ្ញាតឲ្យពុទ្ធបរិស័ទស្នាក់នៅវត្ត ឬរារាំងមិនឲ្យតវ៉ានោះ...។ យើងមានសិទ្ធិសម្តែងមតិរបស់យើង"។
លោក ឡុង ឌីម៉ង់ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីលិខិតនេះទេ ហើយបានលើកឡើងថា ក្រុមមន្ត្រីនឹងចុះទៅពិនិត្យមើលវត្តនេះនៅពេលណាមួយនៅសប្តាហ៍នេះ។
លោកបានមានប្រសាសន៍ថា "ប្រសិនបើវត្តនេះល្អ ហើយស្របច្បាប់នោះ សូមសហការជាមួយគណៈកម្មការរបស់យើង"។
ព្រះតេជគុណ ថាច់ ហា សំអាង បានមានសង្ឃដីកាថា វត្តសាមគ្គីរង្សីត្រូវបានទទួលស្គាល់ដោយក្រសួងធម្មការ និងសាសនា។ ប៉ុន្តែលោក សេង សុមុនី អ្នកនាំពាក្យក្រសួងនេះបានមានប្រសាសន៍កាលពីម្សិលមិញថា វត្តនេះមិនដែលត្រូវបានទទួលស្គាល់ទេ ពីព្រោះវត្តនេះសាងសង់លើដីដែលនៅមានវិវាទនៅឡើយ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ៕សារុន
អង្គភាពប្រឆាំងអំពើពុករលួយបើកការសើុបអង្កេតលើមន្ត្រីចំនួន៤៩រូប ដែលត្រូវបានសង្ស័យពីបទជំរិតទារប្រាក់
អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា ខ្លួនបានបើកការសើុបអង្កេតនៅក្នុងករណីដែលសង្ស័យថាមានការជំរិតទារប្រាក់ហើយ ប៉ុន្តែ អង្គភាពនេះបានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយកុំអាលទាន់ចុះផ្សាយអំពីបញ្ហានេះអី បន្ទាប់ពីបញ្ជីឈ្មោះជនសង្ស័យ និងលេខទូរស័ព្ទរបស់ពួកគេត្រូវបានបង្ហោះតាមអីុនធើណិតដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។
នៅពេលទាក់ទងតាមរយៈសារកាលពីយប់ថ្ងៃច័ន្ទ លោក ឱម យិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា វា "លឿនពេកហើយដែលនិយាយ" ថា តើមនុស្សដែលមានឈ្មោះនៅក្នុងបញ្ជីនេះមានទោសកំហុសពីបទជំរិតទារប្រាក់ឬក៏អត់នោះ។
លោកបានលើកឡើងទៀតថា អង្គភាពប្រឆាំងអំពើពុករលួយបានដាក់បុគ្គលទាំងនោះនៅក្នុង "បញ្ជីប្រផេះ" របស់ខ្លួនហើយ។
ប៉ុន្តែ លោក ឱម យិនទៀង បានរអ៊ូរទាំថា អ្នកដែលបង្ហោះបញ្ជីនេះនៅលើអីុនធើណិតបានធ្វើឲ្យការងាររបស់លោកកាន់តែលំបាកទៅវិញទេ។
លោកបានមានប្រសាសន៍ថា "លេខទូរស័ព្ទដែលយើងរកឃើញគ្មានប្រយោជន៍សម្រាប់យើងដើម្បីសើុបអង្កេតឡើយ ព្រោះលេខទូរស័ព្ទទាំងនេះត្រូវបានលាតត្រដាងជាសាធារណៈដែលជាហេតុនាំឲ្យជនល្មើសគេចខ្លួនបាត់ហើយមើលទៅ។ អ្នកបង្ហោះបញ្ជីនេះមិនគួរវាយស្មៅបង្អើលពស់ឡើយ ពួកគេគួរតែទុកឲ្យអង្គភាពប្រឆាំងអំពើពុករលួយធ្វើការសើុបអង្កេតដោយស្ងាត់ៗ"។
លោក ជិន សុផាត នាយផ្នែកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា នគរបាលនៅក្នុងខេត្តកំពង់ឆ្នាំងបានរកឃើញបញ្ជីនេះកាលពីថ្ងៃ២៦ ខែមករានៅក្នុងរថយន្តមួយគ្រឿងដែលពួកគេបានឃាត់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដោយសង្ស័យពីបទដឹកឈើខុសច្បាប់។
រថយន្តនេះមានដឹកតុចំនួនពីរ ទ្វារចំនួនប្រាំ និងគ្រោងគ្រែមួយដោយសុទ្ធតែធ្វើពីឈើប្រភេទធ្នង់និងមានដឹកឈើម្រះព្រៅចំនួនប្រាំដុំផងដែរ។
នៅក្នុងបញ្ជីដែលរកឃើញនេះគឺមានឈ្មោះ លេខទូរស័ព្ទ និងទីតាំងរបស់នគរបាល កងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលព្រៃឈើចំនួន៤៩រូប។
កាលពីម្សិលមិញ លោក សុផាត បានលើកឡើងបន្ថែមថា លោកសង្ស័យថា អ្នកដែលមានឈ្មោះនៅក្នុងបញ្ជីគឺជាមន្ត្រីដែលអ្នកបើកបររថយន្តត្រូវបង់ប្រាក់ទៅឲ្យ ខណៈដឹកទំនិញខុសច្បាប់។
លោកបានមានប្រសាសន៍ថា "យើងសង្ស័យថា អ្នកដែលនៅក្នុងបញ្ជីកំពុងប្រព្រឹត្តអំពើជំរិតទារប្រាក់ ប៉ុន្តែ យើងត្រូវការភ័ស្តុតាងមកបញ្ជាក់សិន"។
លោក សុផាត បានលើកឡើងទៀតថា អ្នកយកព័ត៌មានម្នាក់នៅកន្លែងដែលរថយន្តនេះត្រូវនគរបាលឃាត់ បានថតបញ្ជីនេះរួចហើយ។ ហើយមុនពេលបញ្ជីនេះត្រូវបានបង្ហោះតាមអីុនធើណិត លោកបាននិយាយថា លោកបានស្នើឲ្យមន្ត្រីដែលរកឃើញបញ្ជីនេះគឺលោក ឃ្លោក ស្រឿង នាយផ្នែកនគរបាលកម្រិតធ្ងន់ខេត្តបង្ហាញបញ្ជីនេះដែរ ប៉ុន្តែ លោកឃ្លោក ស្រឿង មិនបានបង្ហាញនោះឡើយ។
លោក សុផាត បានមានប្រសាសន៍ថា "ខ្ញុំគិតថា លោក ស្រឿង មិនមែនលាក់ទុកបញ្ជីនេះដោយសារឈ្មោះរបស់លោកមាននៅក្នុងបញ្ជីហ្នឹងទេ។ ប្រហែលជាគាត់ចង់រក្សាទុកបញ្ជីនេះដើម្បីសើុបអង្កេតហើយមើលទៅ"។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ឃ្លោក ស្រឿង បានលើកឡើងថា លោកគ្មានបញ្ជីនេះនៅក្នុងដៃឡើយពេលលោក សុផាត ស្នើសុំ ព្រោះលោកបានបញ្ជូនវាទៅឲ្យលោក ឈូ ចាន់ឌឿន អភិបាលខេត្តនេះបាត់ហើយ៕ស៊ុយឈាង
មនុស្សបីនាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍មួយក្នុងខេត្តសៀមរាប
នគរបាលបាននិយាយថា ជនជាតិខ្មែរពីរនាក់ និងស្ត្រីជនជាតិកាណាដាម្នាក់បានរងរបួសធ្ងន់កាលពីម្សិលមិញ នៅពេលរថយន្តក្រុងដែលពួកគេជិះបានបុកជាមួយរថយន្តមួយគ្រឿងទៀតនៅក្នុងខេត្តសៀមរាប កាលពីព្រឹកម្សិលមិញ។
យោងតាមលោក ថាន់ សុផុន នាយប៉ុស្តិ៍ឃំុបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល៥ និង៣០នាទីព្រឹក តាមផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំល្វែងឫស្សី ស្រុកជីក្រែង នៅពេលរថយន្តក្រុងរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានបុករថយន្តហ៊ីយន់ដាយពីក្រោយ ដែលដឹកអាហារកញ្ចប់។
លោក សុផុន បានមានប្រសាសន៍ថា "ស្ត្រីជនជាតិខ្មែររយះដៃខាងស្តាំ ចំណែកបុរសជនជាតិខ្មែររងរបួសចង្កេះនិងជើង។ ស្ត្រីជនជាតិកាណាដារងរបួសស្រាលត្រង់ស្មងជើងខាងឆ្វេង...
សហព័ន្ធស្រូវអង្ករកម្ពុជាបោះឆ្នោតនិងសម្រេចលើតម្លៃនាំចេញ
យោងតាម លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលទើបបង្កើតថ្មីៗបានបោះឆ្នោតកាលពីថ្ងៃច័ន្ទតម្រូវឲ្យសមាជិករបស់ខ្លួនបង់តម្លៃនាំចេញ០,៥ដុល្លារក្នុងអង្ករមួយតោនសម្រាប់អង្ករគ្រាប់វែង និង ១ដុល្លារក្នុងមួយតោនសម្រាប់អង្ករគ្រាប់បាក់ ដើម្បីប្រមូលប្រាក់យកទៅអប់រំកសិករ និងជំរុញទីផ្សារអង្ករខ្មែរនៅបរទេស។
លោកបានមានប្រសាសន៍ថា តម្លៃនេះអនុវត្តចំពោះអង្ករគ្រាប់វែងនិងអង្ករគ្រាប់បាក់។ លោកបានឲ្យដឹងទៀតថា "នៅទីបញ្ចប់ សមាជិករបស់យើងបានសម្រេចលើតម្លៃនេះ។ បន្ទាប់ពីនេះទៅ យើងនឹងរៀបចំផែនការនិងកម្មវិធីផ្សេងៗ"។ លោកបានមានប្រសាសន៍ថា សហព័ន្ធស្រូវអង្ករកម្ពុជាត្រូវការប្រាក់៧៧៧.០០០ដុល្លារដើម្បីអនុវត្ត "ផែនការសកម្មភាព" របស់ខ្លួន ដែលរួមមានទាំងការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ការជំរុញឲ្យមានការជ្រើសរើសពូជស្រូវ...
Latest news
© 2021, ដេលី. All rights reserved.

