33 C
Phnom Penh

ធនាគារ​ពិភព​លោក​​ស្នើឲ្យ​រៀប​ចំ​កិច្ច​ប្រជុំ​ជាមួយ​អ្នក​​រង​ការ​បណ្តេញចេញ​ពីដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សិទ្ធិ​មនុស្ស​បាន​ស្នើ​ឲ្យ​ធនាគារ​ពិភព​លោក​រៀបចំ​”​កិច្ច​ប្រជុំ​ពិសេស​” មួយ​ជាមួយ​អ្នក​រងការ​បណ្ដេញ​ពីដីធ្លី​ មុន​ពេល​សម្រេច​ថា តើ​ត្រូវ​ដក​​ការ​បង្កក​​លើ​ការ​ផ្ដល់​ប្រាក់​កម្ចី​ថ្មី​ដល់​ប្រទេស​កម្ពុជា​ឬយ៉ាង​ណា​នោះ ហើយ​ឲ្យ​រៀបចំ​កិច្ច​ប្រជុំ​នេះ​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ឲ្យ​អ្នក​ចូល​រួម​អាច​និយាយ​ចេញ​ពី​ចិត្ត​របស់​ខ្លួន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពីការ​រក​រឿង​ពី​សំណាក់​​​រដ្ឋាភិបាល​​​កម្ពុជា​។

កាលពី​ពាក់​កណ្ដាល​ឆ្នាំ​២០១១ ធនាគារ​ពិភព​លោក​បាន​ប្រកាស​ថា ខ្លួន​បាន​ផ្អាក​ការ​ផ្ដល់​ប្រាក់​កម្ចី​ថ្មី​ទាំង​អស់​ដល់​ប្រទេស​កម្ពុជា ជា​ការ​តវ៉ា​ទៅ​នឹង​ការ​បណ្ដេញ​ចេញ​ដ៏ធំ​​នៅ​តំបន់​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ គឺ​រដ្ឋាភិបាល​បាន​បដិសេធ​មិន​ព្រម​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​តាម​គម្រោង​​ដែល​ឥឡូវ​នេះ ​លែង​មានទៅហើយ​​ ដែល​ធនាគារ​ពិភព​លោក​បាន​ផ្ដល់​មូល​និធិ​។

អ្នកភូមិ​ប្រហែល​៣.០០០​គ្រួសារ ដែល​ភាគ​ច្រើន​នៅតំបន់​ក្បែរនោះ ត្រូវ​បាន​បណ្ដេញ​ចេញ​នៅ​ពេល​នោះ ហើយ​ធនាគារ​ពិភព​លោក​លើក​ឡើង​ថា ខ្លួន​នឹង​ចាប់​ផ្ដើម​ផ្ដល់​ប្រាក់​កម្ចី​ឡើង​វិញ​​បន្ទាប់ពី​រដ្ឋាភិបាល​ និង​អ្នកភូមិ​តំបន់​បឹងកក់​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ដែល​មិន​បាន​បញ្ជាក់តែប៉ុណ្ណោះ​។

បើ​ទោះ​ជា​រដ្ឋាភិបាល​មិន​ទាន់​បាន​ផ្ដល់នូវអ្វីដែល​អ្នក​​រងការ​​បណ្ដេញ​ចេញជាច្រើន​ចាត់​ទុក​ថា ជាសំណង​សមរម្យ​​ក៏ដោយ ក៏ធនាគារ​ពិភព​លោក​បាន​​ប្រកាស​កាលពី​ខែ​សីហា​ថា ខ្លួន​បាន​ពិចារណា​លើ​គម្រោង​ថ្មី​ដែល​មាន​ទឹក​ប្រាក់​២៥លាន​ដុល្លារ ដែល​នឹង​បញ្ចប់​​ការ​បង្កក​មូលនិធិ​ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​​។

ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ថា ដំបូង​ខ្លួន​នឹង​រៀបចំ​កិច្ច​ប្រជុំ​ទល់​មុខ​គ្នា​​​ចំនួន​១១​លើក​ជាមួយ​អង្គការ​នានា​ទូទាំង​ប្រទេសនៅ​ចុង​ឆ្នាំ​២០១៤ ឬដើម​ឆ្នាំ​២០១៥ ប៉ុន្តែ​មិន​ទាន់​បាន​​​រៀបចំ​កិច្ច​ប្រជុំ​សូម្បី​តែ​មួយ​លើក​។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​ផ្ញើកាលពីថ្ងៃអង្គារ​ជូន​លោក អ៊ុលរិច ហ្សាជូ នាយក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ធនាគារ​ពិភព​លោក​​ និង​លោក Morton Sklar ដែល​ធ្វើ​ការ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​តាង​នាម​ឲ្យ​អ្នកដែលរងការ​​បណ្ដេញ​ចេញ​ បាន​លើក​ឡើង​ថា គម្រោង​របស់​ធនាគារ​ពិភព​លោក​​ក្នុង​ការ​រៀបំ​កិច្ច​ប្រជុំ​នោះ​មិន​បាន​សម្រេច​ឡើយ​។

ក្រុម​​ “ភាគី​ពាក់​ព័ន្ធ​សំខាន់”​ ​ចំនួន​​ប្រាំពីរ​​ ដែល​ធនាគារ​ពិភព​លោក​មាន​គម្រោង​ជួប​ជាមួយ​នោះ ​មាន​តំណាង​មក​ពី​រដ្ឋាភិបាល ក្រុម​ហ៊ុន​ឯកជន អង្គការ​មិន​មែន​រដ្ឋាភិបាល និង​”យុវជន” ជាដើម។

លោក Sklar បាន​សរសេរ​ថា គម្រោង​របស់​ធនាគារ​ពិភព​លោក​ “ទំនង​ជា​​ទូទៅ​ពេក​ ហើយ​​មាន​ទំហំ​ធំ​ ដែល​ខ្លួន​មិន​អាច​ផ្ដល់​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​គ្រប់​គ្រាន់​ទៅ​លើ​បញ្ហា​បណ្ដេញចេញពី​ដីធ្លី​ជាមូលហេតុ​ដែលបម្រាម​លើ​ប្រាក់​កម្ចី​ត្រូវ​បាន​ដាក់​ក្នុង​ដំណាក់​កាល​​ដំបូង​”។ ដើម្បី​ផ្ដល់​ឲ្យឱកាស​ឲ្យ​អ្នក​ដែលរងការ​បណ្ដេញ​ចេញពី​ដីធ្លី​បញ្ចេញ​យោបល់នោះ លោក Sklar បាន​ស្នើ​ឲ្យ​ធនាគារ​ពិភព​លោក​រៀបចំ​កិច្ច​ប្រជុំ​សម្រាប់​ពួកគាត់​​នៅ​ចុង​ខែ​មីនា ឬពាក់​កណ្ដាល​ខែ​មេសា។ ហើយ​ដោយ​សារ​​មាន​ការ​ធ្វើ​ទុក​បុក​ម្នេញ​ទៅ​លើ​អ្នក​រិះគន់​ពី​សំណាក់​រដ្ឋាភិបាល រួម​មាន​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​១ឆ្នាំ​ដល់​​សកម្មជន​ប្រឆាំង​ការ​បណ្ដេញ​ចេញពី​ដី​១១​នាក់​​ កាលពី​ឆ្នាំ​មុន​នោះ ​លោក​ស្នើ​ឲ្យ​រៀបចំ​កិច្ច​ប្រជុំ​នេះ​ក្នុង​ប្រទេស​ថៃ។

លោក​បានមាន​ប្រសាសន៍​ថា តំណាង​​មេដឹកនាំ​ការ​តវ៉ា​ពីការ​បណ្ដេញ​ចេញ​ពី​ដីធ្លី​មួយ​ចំនួន​​បាន​សម្ដែង​កង្វល់​ថា ប្រសិន​បើ​ពួកគេ​បញ្ចេញ​មតិ​របស់​ខ្លួន​ដោយ​បើក​ចំហនៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​ការ​ជំទាស់​ទៅ​នឹង​​ការ​​ផ្ដល់​ប្រាក់​កម្ចី​របស់ធនាគារ​ពិភព​លោក​ដល់​​រដ្ឋាភិបាល​កម្ពុជានោះ​ ពួកគេ​នឹង​ត្រូវ​ប្រឈម​ការ​រក​រឿង​ស្រដៀង​គ្នា​ទៅ​នឹង​អ្វីដែលត្រូវ​បាន​អនុវត្ត​កាលពីពេលថ្មីៗ​ចំពោះ​មេដឹកនាំការ​តវ៉ា​ទាំង​១១​នាក់​។

ការិយាល័យ​របស់​លោក ហ្សាជូ មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​អត្ថាធិប្បាយ​ឡើយ​។

លោក ប៊ូ សារឿន អ្នក​នាំពាក្យ​ការិយាល័យ​ធនាគារ​ពិភព​លោក​ក្នុង​ប្រទេស​កម្ពុជា​ បាន​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​លិខិត​នេះ​ទេ ហើយ​បាន​បង្វែរ​​ទៅ​សេចក្ដី​ថ្លែងការណ៍​ដែល​ធនាគារ​ពិភព​លោក​បាន​ចេញ​កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ដែល​មិន​បាន​​ដោះ​ស្រាយ​បញ្ហា​ណាមួយ​ដែល​បាន​លើក​ឡើង​នៅក្នុង​លិខិត​​នេះឡើយ​៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស