38.8 C
Phnom Penh

ព្រះសង្ឃ​វត្ត​​​សាមគ្គី​​​រង្សី​​​ច្រានចោល​​​​​​ការ​​​អះអាង​​​របស់​​​រដ្ឋាភិបាល​​ដែលថា ​​​មាន​​​ឥរិយាបថ​ហិង្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​​​សង្ឃគង់នៅ​​​​វត្ត​​​សាមគ្គី​​​រង្សី​​​ ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ កាលពីម្សិលមិញបាន​​​ព្រាង​​​លិខិត​មួយ​ច្បាប់​​ ​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​របស់​​​សាលា​​​រាជ​​​ធានី​​​ចំពោះ​​​ឥរិយាបថ​​​មិន​​​ត្រឹម​​​ត្រូវ​​​និង​​​អសីល​ធម៌​នៅ​​​វត្តនេះ​​​ ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​រដ្ឋាភិបាល​​​មាន​​​កំហឹង​​​កាលពី​​​ឆ្នាំមុន តាម​​​រយៈ​​​ការ​​​គាំទ្រ​​​ក្រុម​​​អ្នក​ភូមិ​​​ដែលរង​​​ការ​​​បណ្តេញ​​​ចេញពី​​​ដីធ្លី មកពី​​​ទូ​​​ទាំងប្រទេស។

កាល​​​ពី​​​ថ្ងៃសុក្រ ​​​បន្ទាប់ពី​​​​​​មាន​​​ការ​​​ចាក់​​​សម្លាប់​​​​​​ព្រះ​​​សង្ឃមួយ​​​អង្គ​​​នៅ​​​វត្ត​​​សាមគ្គី​​​រង្សី​​​​​​កាលពី​​​ខែមុន​​​ដោយ​ព្រះសង្ឃមួយ​អង្គទៀត​ ​​​​​​​​សាលា​​​រាជ​​​ធានី​​​បាន​​​ប្រកាស​​​ថា ខ្លួន​​​បាន​​​បង្កើត​​​គណៈ​កម្មការ​​​ពិសេស​​​មួយ​​​​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​​​​ “សកម្មភាព​​​ប្រឆាំង​​​រដ្ឋាភិបាល​​​” នៅ​​​វត្ត​​​នេះ ហើយ​​​ស្វែង​​​រក​​​ថា តើ​​​វត្ត​​​នេះ​​​ត្រូវ​​​បាន​​​ទទួល​​​ស្គាល់​​​ត្រឹមត្រូវ​​​ដោយ​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនាឬ​​​យ៉ាង​ណា។

លិខិត​​​​​ដែល​​​ព្រះ​​​សង្ឃនៅ​វត្ត​នេះ​មាន​​​​ផែនការ​​​ដាក់ជូន​​​​​​អាជ្ញាធរ​​​ខណ្ឌ​​​និង​​​មន្ត្រី​​​ធម្មការ​​​នៅ​ថ្ងៃ​នេះ​​​​​​ ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​នៅក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ថ្ងៃថ្មីៗនេះ​​​របស់លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំពាក្យ​​​សាលា​​​រាជ​​​ធានី​​​​​​ដែលថា ព្រះសង្ឃបាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា។

លិខិត​​​ដដែលនេះ​​​មាន​​​ខ្លឹមសារថា “​​​ការ​​​ចោទប្រកាន់​​​លើវត្ត​​​សាមគ្គី​​​រង្សី​​​​​​មុន​​​ពេល​​​ធ្វើការ​​​ស៊ើប​​​អង្កេត​​​​​​ វាធ្វើ​​​ឲ្យ​​​ប៉ះពាល់ដល់​​​កិត្តិ​​​យស​​​វត្ត​​​ ហើយ​​​ព្រះ​​​សង្ឃ​​​មិន​​​អាច​​​ទទួលយក​​​បាន​ឡើយ” ហើយ​​​ផ្ទុយទៅវិញ​​​​​​បាន​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​ថា មិន​​​បាន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​នឹង​​ការ​​​ស្នើសុំ​​​ជំនួយរបស់​ព្រះ​អង្គឡើយ​​​។

លិខិត​​​នេះ​​​បន្ត​​​ថា “​​​ជួនកាល​​​វត្ត​​​​​​បាន​​​សុំ​​​កា​​​រសហការ​​​ពី​​​អាជ្ញាធរ​​​ ប៉ុន្តែ​​​​​​អាជ្ញាធរ​​​ហាក់ដូច​​​ជា​​​រើស​​​អើង​​​​​​នឹង​​​វត្ត។ ឧទាហរណ៍ ព្រះសង្ឃគង់​​​នៅ​​​វត្ត​​​នេះ​​​បាន​​​ឃើញ​​​ព្រះ​​​សង្ឃ​​​ប្រើ​​​ប្រាស់​​​ថ្នាំញៀន​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១២ ហើយ​​​អាជ្ញាធរ​​​​​​មិន​​​បាន​​​ចាត់​​​វិធានការ​​​ទេ”។

ព្រះ​​​តេជគុណ ថាច់ ហា សំអាង ចៅ​​​អធិការ​​​ស្តីទី​​​​​​គង់​​​នៅ​​​វត្ត​​​នេះ​​​ដែលបានជួយ​​​​ព្រាង​​​លិខិត​​​នេះ​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​សង្ឃនឹង​​​ធ្វើ​​​ពាក្យ​​​បណ្តឹង​​​ផ្លូវការ​​​​​​ប្តឹង​​​សាលា​​​រាជធានី ប្រសិន​​​បើ​​​សាលា​​​រាជ​​​ធានី​​​​​​ធ្វើតាម​​​ផែនការ​​​​​​បញ្ជូន​​​មន្ត្រី​​​មកកាន់​​​វត្ត​​​នេះ​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​។

ព្រះ​​​តេជគុណ​បាន​​​មាន​​​សង្ឃដីកា​​​ថា “​​​យើង​​​ធ្វើ​​​តាម​​​ច្បាប់​​​និង​​​វិន័យ​​​ព្រះពុទ្ធសាសនា។ វា​​​ជា​ច្បាប់ព្រៃ​​​ដែល​​​រារាំង​​​​​​ព្រះ​​​សង្ឃ​​​មិនឲ្យអនុញ្ញាត​​​ឲ្យ​​​ពុទ្ធបរិស័ទ​​​​​​ស្នាក់នៅ​​​វត្ត​​​ ឬ​​​រារាំង​​​មិន​​​ឲ្យ​​​តវ៉ា​​​នោះ…។ យើង​​​មាន​​​សិទ្ធិ​​​​​​សម្តែង​​​មតិរបស់យើង”។

លោក ឡុង ឌីម៉ង់ បាន​​​បដិសេធមិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​អំពី​​​លិខិត​​​នេះទេ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា ក្រុមមន្ត្រី​​​នឹង​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​វត្ត​​​នេះ​​​នៅពេល​​​ណាមួយ​​​នៅ​​​សប្តាហ៍នេះ។

លោក​​​បានមាន​​​ប្រសាសន៍ថា “​​​ប្រសិនបើ​​​វត្ត​​​នេះ​​​ល្អ​​​ ហើយ​​​ស្រប​​​ច្បាប់​​​នោះ  សូមសហការ​​​​ជាមួយ​​​គណៈកម្មការ​​​របស់​​​យើង”។

ព្រះ​​​តេជគុណ ថាច់ ហា សំអាង បាន​មាន​​​សង្ឃដីកាថា វត្ត​​​សាមគ្គី​​​រង្សី​​​​​​ត្រូវ​​​បាន​ទទួល​ស្គាល់​​​ដោយ​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា។ ប៉ុន្តែ​​​លោក សេង សុមុនី អ្នក​​​នាំពាក្យ​​​ក្រសួងនេះ​​​​​​​បាន​​​មាន​​​ប្រសាសន៍កាលពីម្សិលមិញថា វត្ត​​​នេះ​​​មិន​​​ដែល​​​ត្រូវ​​​បាន​ទទួល​ស្គាល់​​​ទេ ពីព្រោះ​​​វត្ត​​​នេះសាងសង់​​​លើដី​​​ដែលនៅមាន​​​វិវាទនៅឡើយ ប៉ុន្តែ​​​លោក​​​មិន​​​បានផ្តល់​​​ព័ត៌មាន​​​លម្អិត​​​បន្ថែម​ឡើយ៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស