យោងតាម លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលទើបបង្កើតថ្មីៗបានបោះឆ្នោតកាលពីថ្ងៃច័ន្ទតម្រូវឲ្យសមាជិករបស់ខ្លួនបង់តម្លៃនាំចេញ០,៥ដុល្លារក្នុងអង្ករមួយតោនសម្រាប់អង្ករគ្រាប់វែង និង ១ដុល្លារក្នុងមួយតោនសម្រាប់អង្ករគ្រាប់បាក់ ដើម្បីប្រមូលប្រាក់យកទៅអប់រំកសិករ និងជំរុញទីផ្សារអង្ករខ្មែរនៅបរទេស។
លោកបានមានប្រសាសន៍ថា តម្លៃនេះអនុវត្តចំពោះអង្ករគ្រាប់វែងនិងអង្ករគ្រាប់បាក់។ លោកបានឲ្យដឹងទៀតថា “នៅទីបញ្ចប់ សមាជិករបស់យើងបានសម្រេចលើតម្លៃនេះ។ បន្ទាប់ពីនេះទៅ យើងនឹងរៀបចំផែនការនិងកម្មវិធីផ្សេងៗ”។ លោកបានមានប្រសាសន៍ថា សហព័ន្ធស្រូវអង្ករកម្ពុជាត្រូវការប្រាក់៧៧៧.០០០ដុល្លារដើម្បីអនុវត្ត “ផែនការសកម្មភាព” របស់ខ្លួន ដែលរួមមានទាំងការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ការជំរុញឲ្យមានការជ្រើសរើសពូជស្រូវ និងការលើកកម្ពស់ការយល់ដឹងអំពីដំណាំដែលមានសក្តានុពល។
លោកបានមានប្រសាសន៍ថា “កន្លងមក ពេលយើងមានគំនិត យើងតែងតែត្រូវការសុំជំនួយពីស្ថាប័នផ្សេងៗទៀត ដែលធ្វើឲ្យការងាររបស់យើងយឺត ពីព្រោះយើងត្រូវរង់ចាំ…ការសម្រេចយល់ព្រមពីគេ”។
លោក លុន យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា ប្រហែល២៥ទៅ៣០ភាគរយនៃប្រាក់នេះ នឹងត្រូវប្រើសម្រាប់ដំណើរការសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងនោះរួមមានប្រាក់ខែបុគ្គលិក សល់ពីនោះនឹងត្រូវប្រើដើម្បីជំរុញទីផ្សារអន្តរជាតិសម្រាប់ក្រុមហ៊ុននាំចេញអង្ករ។
លោកបានមានប្រសាសន៍ថា “ភាគច្រើន យើងនឹងប្រើថវិកានេះដើម្បីជួយជំរុញការលក់អង្ករ”។ កាលពីឆ្នាំមុន ការនាំចេញអង្ករមានចំនួនឡើងដល់៣៨៧.០៦១តោន តិចជាងគោលដៅនាំចេញមួយលានតោនរបស់រដ្ឋាភិបាលនៅឆ្នាំនេះ៕ មានិត