38.1 C
Phnom Penh

អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​បើក​​​ការ​​​សើុប​​​អង្កេត​​​លើ​​​មន្ត្រី​​​ចំនួន​​​៤៩​​​រូប​​​ ដែល​​​ត្រូវ​​​បាន​​​សង្ស័យ​​​ពី​​​បទ​​​ជំរិត​​​ទារ​​​ប្រាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​បើក​​​ការ​​​សើុប​​​អង្កេត​​​នៅ​​​ក្នុង​​​ករណី​​​ដែល​​​សង្ស័យ​​​ថា​​​មាន​​​ការ​​​ជំរិត​​​ទារ​​​ប្រាក់​​​ហើយ​​​ ប៉ុន្តែ អង្គភាព​​​នេះ​​​បាន​​​​​​ស្នើ​​​ឲ្យ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​កុំ​​​អាល​​​ទាន់​​​ចុះ​​​ផ្សាយ​​​អំពី​​​បញ្ហា​​​នេះ​​​អី​​​ បន្ទាប់​​​ពី​​​បញ្ជី​​​ឈ្មោះ​​​​​​ជន​​​សង្ស័យ​​​ និង​​​លេខ​​​ទូរស័ព្ទ​​​រ​​​បស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​បង្ហោះ​​​តាម​​​អីុនធើណិត​​​ដោយ​​​​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​មួយ​​​ចំនួន។​​​​​​

នៅ​​​ពេល​​​ទាក់​​​ទង​​​​​​តា​​ម​​​រយៈ​​​សារ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ លោក ឱម យិនទៀង ប្រធាន អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​លើក​​​ឡើង​​​ថា វា​​​​​​ “លឿន​​​ពេក​​​ហើយ​​​ដែល​​​និយាយ​​​” ថា តើ​​​មនុស្ស​​​ដែល​​​មានឈ្មោះ​​​នៅ​​​ក្នុង​​​បញ្ជី​​​​នេះ​​​មាន​​​ទោស​​​កំហុស​​​ពី​​​បទ​​​ជំរិត​​​ទារ​​​ប្រាក់​​​ឬក៏​​​អត់​​​​​​​​​នោះ។

លោក​​​បាន​​​លើក​​​ឡើ​​​ង​​​​​​​​​ទៀត​​​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​បាន​​​ដាក់​​​បុគ្គល​​​ទាំង​​​នោះ​​​នៅ​​​ក្នុង​​​ “បញ្ជី​​​ប្រផេះ”​​​​​​​​​​​​​​​​​​​ របស់​​​ខ្លួន​​​ហើយ​​​​​​។

ប៉ុន្តែ លោក ឱម យិន​​​ទៀង បាន​​​រអ៊ូរទាំ​​​ថា អ្នក​​​ដែល​​​បង្ហោះ​​​បញ្ជី​​​នេះ​​​នៅ​​​លើ​​​អីុនធើណិត​​​បាន​​​ធ្វើ​​​ឲ្យ​​​ការ​​​ងារ​​​របស់​​​លោក​​​កាន់​​​តែ​​​លំបាក​​​ទៅវិញ​​​ទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លេខ​​​ទូរស័ព្ទ​​​ដែល​​​យើង​​​រក​​​ឃើញ​​​គ្មាន​​​ប្រយោជន៍​​​សម្រាប់​​​យើង​​​ដើម្បី​​​សើុប​​​អង្កេត​​​ឡើយ​​​ ព្រោះ​​លេខ​​​ទូរស័ព្ទ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​លាត​​​ត្រដាង​​​ជា​​​សាធារណៈ​​​ដែល​​​ជា​​​ហេតុ​​​នាំ​​​​​ឲ្យ​​​ជន​​​ល្មើស​​​​​​​​​​​​គេច​​​ខ្លួន​​​បាត់​​​ហើយ​​​មើល​​​ទៅ​​​។ អ្នក​​​បង្ហោះ​​​បញ្ជី​​​នេះ​​​មិន​​​គួរ​​​វាយ​​​ស្មៅ​​​បង្អើល​​​ពស់​​​ឡើយ ពួក​​​គេ​​​គួរ​​​តែ​​​ទុក​​​ឲ្យ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​ដោយ​​​ស្ងាត់ៗ”។

លោក ជិន សុផាត នាយ​​​ផ្នែក​​​នគរ​​​បាល​​​ប្រឆាំង​​​បទ​​​ល្មើស​​​សេដ្ឋកិច្ច​​​ខេត្ត​​​កំពង​​់​​​ឆ្នាំ​​​ង បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា នគរ​​​បាល​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ងបា​​​ន​​​រក​​​ឃើញ​​​បញ្ជី​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​២៦​​​ ខែ​​​មករា​​​នៅ​​​ក្នុង​​​រថយន្ត​​​មួយ​​​គ្រឿង​​​ដែល​​​ពួកគេ​​​បាន​​​ឃាត់​​​នៅ​​​តាម​​​បណ្តោយ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥​​​ ដោយ​​​ស​​​ង្ស័យ​​​ពី​​​បទ​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់។

រថយន្ត​​​នេះ​​​មាន​​​ដឹក​​​តុ​​​ចំនួន​​​ពីរ​​​ ទ្វារ​​​ចំនួន​​​ប្រាំ​​​ និង​​​គ្រោង​​​គ្រែ​​​មួយ​​​ដោយ​​​​​​សុទ្ធ​​​តែ​​​ធ្វើ​​​ពី​​​ឈើ​​​ប្រភេទ​​​ធ្នង់​​​និង​​​មាន​​​ដឹក​​​​​​ឈើ​​​ម្រះ​​​ព្រៅ​​​ចំនួន​​​​​​ប្រាំ​​​ដុំ​​​ផង​​​ដែរ។

នៅ​​​ក្នុង​​​បញ្ជី​​​​ដែល​​​រក​​​ឃើញ​​​នេះ​​​គឺ​​​មាន​​​ឈ្មោះ​​​ លេខ​​​ទូរស័ព្ទ និង​​​ទីតាំង​​​របស់​​​នគរ​​​បាល​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ និង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ចំនួន​​​៤៩​​​រូប។

កាល​​​ពី​​​ម្សិល​​​មិញ​​​ លោក សុផាត បាន​​​លើក​​​ឡើង​​​បន្ថែម​​ថា លោក​​​សង្ស័យ​​​ថា អ្នក​​​ដែល​​​មាន​​​ឈ្មោះ​​​នៅ​​​ក្នុង​​​បញ្ជី​​​គឺ​​​ជា​​​មន្ត្រី​​​ដែល​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ត្រូវ​​​បង់​​​ប្រាក់​​​ទៅ​​​ឲ្យ​​​ ខណៈ​​​ដឹក​​​ទំនិញ​​​ខុស​​​ច្បាប់។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​សង្ស័យ​​​ថា អ្នក​​​ដែល​​​នៅ​​​ក្នុង​​​បញ្ជី​​​កំពុង​​​ប្រព្រឹត្ត​​​អំពើ​​​ជំរិត​​​ទារ​​​ប្រាក់​​​ ប៉ុន្តែ យើង​​​ត្រូវ​​​ការ​​​ភ័ស្តុ​​​តាង​​​មក​​​បញ្ជាក់​​​សិន​​​”។

លោក​​​ សុផាត បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នក​​​យក​​​ព័ត៌​​​មាន​​​ម្នាក់​​​នៅ​​​កន្លែង​​​ដែល​​​រថយន្ត​​​នេះ​​​ត្រូវ​​​នគរ​​​បាល​​​​​ឃាត់​​​ បាន​​​ថត​​​បញ្ជី​​​នេះ​​​រួច​​​ហើយ​​​។ ហើយ​​​មុន​​​ពេល​​​បញ្ជី​​​នេះ​​​ត្រូវ​​​បាន​​​បង្ហោះ​​​តាម​​​អីុនធើ​​​ណិត​​​​ លោក​​​បាន​​​និយាយ​​​ថា លោក​​​​​​បាន​​​ស្នើ​​​ឲ្យ​​​​​​​​​មន្ត្រី​​​ដែល​​​រក​​​ឃើញ​​​បញ្ជី​​​នេះ​​​គឺ​​​លោក ឃ្លោក ស្រឿង​​​ នាយ​​​ផ្នែក​​​នគរបាល​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​​​​បង្ហាញ​​​បញ្ជី​​​នេះ​​​ដែរ​​​ ប៉ុន្តែ លោក​​​ឃ្លោក ស្រឿង មិន​​​បាន​​​បង្ហា​​​ញ​​​នោះ​​​ឡើយ។

លោក សុផាត បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា លោក ស្រឿង មិន​​​មែន​​​លាក់​​​ទុក​​​បញ្ជី​​​នេះ​​​ដោយ​​​សារ​​​ឈ្មោះ​​​របស់​​​លោក​​​មាន​​​នៅ​​​ក្នុង​​​បញ្ជី​​​ហ្នឹង​​​ទេ​​​​​​។ ប្រហែល​​​ជា​​​គាត់​​​​​​ចង់​​​រក្សា​​​ទុក​​​បញ្ជី​​​នេះ​​​ដើម្បី​​​សើុប​​​អង្កេត​​​ហើយ​​​មើល​​​ទៅ​​​”។

​​​នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ព​​​ី​​​ម្សិលមិញ លោក ឃ្លោក ស្រឿង បាន​​​លើក​​​ឡើង​​​​​​ថា លោក​​​គ្មាន​​​បញ្ជី​​​នេះ​​​នៅ​​​ក្នុង​​​ដៃ​​​ឡើយ​​​ពេល​​​លោក សុផាត ស្នើ​​​សុំ​​​​​​ ព្រោះ​​​លោក​​​បាន​​​បញ្ជូន​​​វា​​​ទៅ​​​ឲ្យ​​​​​​លោក ឈូ ចាន់​​​ឌឿន អភិបាល​​​ខេត្ត​​​នេះ​​​បាត់​​​ហើយ​​​៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស