39.4 C
Phnom Penh

រដ្ឋបាល​​​ព្រៃឈើ​​​កោះ​​​ហៅ​​​មន្ត្រី​​​ចំនួន​​​១៦​​​រូប​​​ជុំ​​​វិញ​​​ករណី​​​ជំរិត​​​ទារ​​​ប្រាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ចំនួន​​​១៦​​​នាក់​​​មក​​​ពី​​​ខេត្ត​​​ចំនួន​​​បី​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ឲ្យ​​​មក​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ បន្ទាប់​​​ពី​​​ឈ្មោះ​​​របស់​​​ពួកគេ​​​មាន​​​នៅ​​​ក្នុង​​​ចំណោម​​​ឈ្មោះ​​​​​​ជន​​​​​​​​សង្ស័យ​​​ជំរិត​​​ទារ​​​ប្រាក់​​​ចំនួន​​​៤៩​​​នាក់នៅ​​​ក្នុង​​​បញ្ជី​​​មួយ​​​​​​ ដែល​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង​​​រឹប​​​អូស​​​បាន​​​ពី​​​រថយន្ត​​​មួយ​​​គ្រឿង​​​ដែល​​​កំពុង​​​ដឹក​​​ឈើ​​​ដោយ​​​​​​ខុស​​​ច្បាប់​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។

នគរ​​​បាល​​​ជឿ​​​ជាក់​​​ថា ឯកសារ​​​នេះ​​​គឺ​​​ជា​​​បញ្ជី​​​ឈ្មោះ​​​របស់​​​នគរ​​​បាល​​​​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ និង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ដែល​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​េនះ​​​ត្រូវ​​​តែ​​​បង់​​​ប្រាក់​​​ទៅ​​​ឲ្យ​​​ ខណៈ​​​កំពុង​​​ដឹក​​ឈើ​​​ខុស​​​ច្បាប់​​​។  រថយន្ត​​​នេះ​​​មាន​​​ដឹក​​​គ្រឿង​​​សង្ហារិម​​​ ដែល​​​សុទ្ធ​​​តែ​​​ធ្វើ​​​ពី​​​ឈើ​​​ប្រភេទ​​​ធ្នង់​​​​ និង​​​មាន​​​ដឹក​​​ដើម​​​ម្រះ​​​ព្រៅ​​​ចំនួន​​​ប្រាំ​​​ដំុ​​​ផង​​​ដែរ ​​​នៅ​​​ពេល​​​​​​ត្រូវ​​​បាន​​​ឃាត់​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៦ ខែ​​​មករា​​​។

លោក ឱម យិន​​​ទៀង​​​ ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ ​​​​​​បាន​​​ស្នើ​​​សុំ​​​​​ឲ្យ​​​មាន​​​ការ​​​អត់​​​ធ្មត់​​​សិន​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ខណៈ​​​អង្គភាព​​​របស់​​​លោក​​​កំពុង​​​សើុបអង្កេត​​​មន្ត្រី​​​ទាំង​​​៤៩​​​រូប​​​នេះ​​​​​​ ដែល​​​មាន​​​ឈ្មោះ​​​ លេខ​​​ទូរស័ព្ទ​​​ និង​​​ទី​​​តាំង​​​នៅ​​​ក្នុង​​​បញ្ជី​​​។

កាល​​​ពី​​​ម្សិលមិញ លោក ចាន់ ឫទ្ធី ប្រធាន​​​អធិការ​​​ដ្ឋាន​​​រដ្ឋបាល​​​ព្រៃឈើ​​​ខាង​​​ត្បូង​​​បឹង​​​ទន្លេ​​​សាប​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​កំពុង​​​ពន្លឿន​​​​​​ការ​​​សើុប​​​អង្កេត​​​ដោយ​​​សាក​​​សួរ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​​​​ដែល​​​មាន​​​ឈ្មោះ​​​នៅ​​​ក្នុង​​​បញ្ជី​​​នេះ​​​។

លោក​​​ ចាន់ ឫទ្ធី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​អញ្ជើញ​​​មន្ត្រី​​​ទាំង​​​អស់​​​របស់​​​យើង​​​ឲ្យ​​​មក​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​នៅ​​​ព្រឹក​​​នេះ​​​ ហើយ​​​យើង​​​បាន​​​សុំ​​​ឲ្យ​​​ពួក​​​គេ​​​សរសេរ​​​ប្រវត្តិរូប​​​លម្អិត​​​​​​​​​អំពី​​​សកម្មភាព​​​ការ​​​ងារ​​​របស់ខ្លួន​​​​​​ ហេតុ​​​ដូច្នេះ​​​​​យើង​​​អាច​​​ត្រួត​​​​​​ពិនិត្យ​​​ការ​​​ងារ​​​របស់​​​ពួកគេ​​​ ហើយ​​​​​​បន្ទាប់​​​មក​​​យើង​​​នឹង​​​បញ្ជូន​​​របាយការណ៍​​​ទៅ​​​លោក ឆេង​​​ គឹមស៊ុន [ប្រធាន​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​]​​​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា នរណា​​​ដែល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា បាន​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​​​​អាជ្ញាធរ​​​អនុវត្ត​​​ច្បាប់​​​។ ហើយ​​​មន្ត្រី​​​ទាំង​​​១៦​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​រួច។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​មិន​​​​​​រៀប​​​រាប​​​់​​​ច្រើន​​​​​​ថា “អំឡុង​​​កិច្ច​​​ប្រជុំ​​​ យើង​​​បាន​​​ណែនាំ​​​ពួកគេ​​​កុំ​​​ឲ្យ​​​ប្រព្រឹត្ត​​​​​​អំពើ​​​ពុក​​​រលួយ ហើយ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ពួកគេ​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​”។

លោក សារុន ចន្ធី ស្នងការ​​​នគរ​​​បាល​​​ខេត្ត​​​ពោធិ៍សាត់​​​ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មន្ត្រី​​​នគរ​​​បាល​​​ចំនួន​​​ពីរ​​​នាក់​​​មក​​​​​​ពី​​​ស្រុក​​​វាល​​​វែង​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ និង​​​ដែល​​​​​​មាន​​​ឈ្មោះ​​​នៅ​​​ក្នុង​​​បញ្ជី​​​នោះ​​​បាន​​​ផ្តល់​​​ការ​​​ពន្យល់​​​រួច​​​ហើយ​​​។ មន្ត្រី​​​នគ​​​របាល​​​ទាំង​​​ពីរ​​​រូប​​​នេះ​​​​​​មាន​​​ម្នាក់​​​ឈ្មោះ សូ សែម ជា​​​អធិការ​​​រង​​​នគរ​​​បាល​​​ស្រុក​​​ រីឯ​​​មន្ត្រី​​​ម្នាក់​​​ទៀត​​​​​​​​​​​​ លោក​​​ ចន្ធី ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ចាំ​​​ឈ្មោះ​​​ឡើយ​​​។

លោក​​​ ចន្ធី បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​សួរ​​​មន្ត្រី​​​ទាំង​​​ពីរ​​​រូប​​​នោះ​​​រួច​​​ហើយ​​​ ប៉ុន្តែ ពួក​​​គេ​​​បាន​​​បដិសេធ​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ថា ពួកគេ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ជំរិត​​​ទារ​​​ប្រាក់​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ពួកគេ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ជូន​​​កាល​​​ពួក​​​គេ​​​បាន​​​ទិញ​​​តុ និង​​​គ្រែ​​​ឈើ​​​ហើយ​​​បាន​​ជួល​​​រថយន្ត​​​ឈ្នួល​​​ឲ្យ​​​ដឹង​​​ឲ្យ ហេតុ​​​ដូច្នេះ​​​​​​ទើប​​​លេខ​​​ទូរស័ព្ទ​​​របស់​​​ពួកគេ​​​មាន​​​នៅ​​​ក្នុង​​​បញ្ជី​​​”។

គេ​​​មិន​​​អាច​​​ទា​​​ក់​​​ទង​​​ លោក គៀត ច័ន្ទ​​​ថារិទ្ធ អ្នកនាំពាក្យ​​​នគរបាល​​​ជាតិ​​​បាន​​​ឡើយ​​​៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស