30 C
Phnom Penh

សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ថ្មី​៨០​រូប ​​មក​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​កាល​ពី​មិ្សល​មិញ​នៅ​ក្នុង​​​សេចក្ដីការ​ណ៍មួយ​ថា យ៉ាង​ហោច​ណាស់​​សមាជិក​​៨០​រូប​ក្នុង​ចំណោម​សមាជិក​ថ្មី​៣០៦​រូប​​នៃ​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មន្ត្រីយោធា ​ឬ​កម្លាំង​សន្តិសុខ​ ហើយ​ថា ការ​ដំឡើង​តួនាទីនេះ​​គឺសំដៅ​ឲ្យ​មាន​ភាព​ស្មោះត្រង់​របស់កម្លាំង​ប្រដាប់​អាវុធ។

នៅ​សមាជ​រយៈ​ពេល​បី​ថ្ងៃ​របស់​គណបក្ស​កាន់​អំណាច​​​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា គណៈកម្មាធិការ​កណ្ដាល​របស់​ខ្លួន​ត្រូវ​បាន​​ពង្រីក​ពី​២៦៨​រូប​ដល់​៥៤៥​រូប ជា​ចំណាត់​ការ​មួយ​ដែល​គណបក្ស​នេះ​លើក​ឡើង​ថា គឺ​ដើម្បី​​ពង្រឹង​គណបក្ស​បន្ទាប់ពី​ការ​បោះ​ឆ្នោត​មិន​​បាន​ល្អ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​។

ប៉ុន្តែ​អង្គការ​ឃ្លាំ​​មើល​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ការ​ណ៍​របស់​ខ្លួន​ថា ភាគ​ច្រើន​នៃ​អ្នកដែល​ជា​សមាជិក​ថ្មី​នៅ​ក្នុង​គណៈកម្មាធិការ​នេះ​ គឺ​ជា​មន្ត្រី​ជើង​ចាស់​របស់​គណបក្ស​កាន់​អំណាច​ និង​រួម​ទាំង​​​មន្ត្រី​ថ្នាក់​ជាតិ​ តំបន់ និង​ថ្នាក់​ខេត្តសំខាន់ៗ​ និង​មន្ត្រី​ដែល​មាន​សិទ្ធិ​បញ្ជា​លើកង​កម្លាំង​សន្តិសុខ”។

​ សេចក្តីថ្លែងការ​ណ៍នេះ​លើក​ឡើង​ថា ចំនួន​សរុប​នៃ​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ ដែល​មាន​សិទ្ធិ​បញ្ជា​លើ​កង​កម្លាំង​សន្តិសុខ​បាន​កើន​ឡើង​ពី​៣៦​នាក់​ដល់​១១៦​នាក់​ ដោយ​កត់​សម្គាល់​ថា មន្ត្រី​ទាំង​នេះ​ត្រូវ​បាន​ច្បាប់​តម្រូវ​ឲ្យ​នៅជាអព្យាក្រឹតនៅ​ក្នុង​ការ​ងារ​របស់​ខ្លួន​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ។

សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​បន្ត​​ថា “លក្ខន្តិកៈ​ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តម្រូវ​ឲ្យ​សមាជិក​គណៈ​កម្មាធិការ​កណ្ដាល​រៀបចំ​ និង​អនុវត្ត​គោល​នយោបាយ​បក្ស​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​សេចក្ដី​សម្រេច​ដែល​ពួកគេ​ទទួល​ខុស​ត្រូវ​។ ការ​ប្រកាន់​ខ្ជាប់ទៅនឹង​ច្បាប់កម្ពុជា​​​ និង​បញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បង្កើត​ទំនាស់​ផល​ប្រយោជន៍​សម្រាប់​មេបញ្ជាការ​កង​កម្លាំង​សន្តិសុខ​”។

ទោះ​ជា​យ៉ាង​ណា លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរ​បាល​ជាតិ​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​បន្ថែម​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​ បានមាន​ប្រសាសន៍​ថា លោក​នឹង​មិន​បណ្ដោយ​ឲ្យ​ការ​ងារ​របស់​លោក​​សម្រាប់​​បក្ស​ប៉ះពាល់​ការ​ងារ​របស់​លោក​​ក្នុង​រដ្ឋាភិបាល​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​មិន​មាន​ច្បាប់​ណា​ហាម​ឃាត់​កម្លាំង​ប្រដាប់​អាវុធ​មិនឲ្យ​​ចូល​រួម​ក្នុង​បក្ស​ឡើយ​…​គ្រាន់​តែ​មិន​ឲ្យ​ប្រើ​ប្រាស់​ម៉ោង​ធ្វើការ​ទៅ​បម្រើ​បក្ស​តែ​ប៉ុណ្ណោះ។ កម្លាំង​ប្រដាប់​អាវុធ​រួម​មាន​កង​រាជអាវុធ​ហត្ថ ទាហាន និង​នគរ​បាលមាន​ភារកិច្ច​​ការ​ពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​”។

លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជអាវុធ​ហត្ថ​​ក៏​បាន​ច្រាន​ចោល​ការ​ដែល​​ថា លម្អៀង​ក្នុង​ចំណោម​មន្ត្រី​សន្តិសុខ​ដែល​មាន​ឋានន្តរស័ក្ដិ​ខ្ពស់​ផង​ដែរ​។

លោក​បានមាន​ប្រសាសន៍​ថា “សម្រាប់​គណបក្ស​ប្រឆាំង​ និង​គណបក្ស​កាន់អំណាច​ នៅ​ពេល​មាន​សកម្មភាព​ខុស​ច្បាប់ យើង​នឹង​ចាត់​វិធានការ​ដើម្បី​ទប់ស្កាត់​​។ សម្រាប់​សកម្មភាព​ស្រប​ច្បាប់​ យើង​នឹង​ការ​ពារ​”៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស