នគរបាលបាននិយាយថា ជនជាតិខ្មែរពីរនាក់ និងស្ត្រីជនជាតិកាណាដាម្នាក់បានរងរបួសធ្ងន់កាលពីម្សិលមិញ នៅពេលរថយន្តក្រុងដែលពួកគេជិះបានបុកជាមួយរថយន្តមួយគ្រឿងទៀតនៅក្នុងខេត្តសៀមរាប កាលពីព្រឹកម្សិលមិញ។
យោងតាមលោក ថាន់ សុផុន នាយប៉ុស្តិ៍ឃំុបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល៥ និង៣០នាទីព្រឹក តាមផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំល្វែងឫស្សី ស្រុកជីក្រែង នៅពេលរថយន្តក្រុងរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានបុករថយន្តហ៊ីយន់ដាយពីក្រោយ ដែលដឹកអាហារកញ្ចប់។
លោក សុផុន បានមានប្រសាសន៍ថា “ស្ត្រីជនជាតិខ្មែររយះដៃខាងស្តាំ ចំណែកបុរសជនជាតិខ្មែររងរបួសចង្កេះនិងជើង។ ស្ត្រីជនជាតិកាណាដារងរបួសស្រាលត្រង់ស្មងជើងខាងឆ្វេង ហើយគាត់មិនអីទេ”។
លោកបានបន្ថែមថា ស្ត្រីឈ្មោះ ពៅ ម៉ាលី អាយុ៤៣ឆ្នាំបានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោក គង់ អឿន អធិការនគរបាលស្រុកបានមានប្រសាសន៍ថា អ្នកបើកបរទាំងពីរបានរត់គេចពីកន្លែងកើតហេតុ ហើយថា នគរបាលកំពុងស្វែងរកពួកគេ។
លោកបានមានប្រសាសន៍ថា “យើងកំពុងស៊ើបអង្កេតដើម្បីតាមចាប់ខ្លួនអ្នកបើកបរ”។ កាលពីខែមុន រថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ បានបុកម៉ូតូមួយគ្រឿងក្នុងខេត្តបាត់ដំបង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួស ប៉ុន្តែបានបន្តបើកមកខេត្តពោធិ៍សាត់។ អ្នកបើកបរក៏បានរត់គេចខ្លួនដែរ៕សារុន