29.3 C
Phnom Penh

ថៃ​នៅ​មិនទាន់​សម្រេច​ចំពោះ​វាសនា​​របស់​ពលករ​ខ្មែរ​ចំណាក​ស្រុក​នៅ​ឡើយ​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មកពី​ក្រសួង​ការ​ងារ​របស់​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ប្រទេស​ថៃ​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​​​ថា តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចំនួន​៧៣៨.០០០​នាក់​​ ដែល​សព្វ​ថ្ងៃ​កំពុង​ធ្វើ​​​ការ​​​​នៅ​ក្នុង​ប្រទេស​នេះ​ ដោយ​ប្រើ​ប័ណ្ណការ​ងារ​បណ្ដោះ​អាសន្ន​ នៅ​ពេល​ប័ណ្ណ​ការ​ងារ​ទាំង​នោះ​អស់​សុពលភាព​នៅ​​ដំណាច់​ខែ​មីនា។DPRK

ក្រសួង​ការ​ងារ​កម្ពុជា និង​ថៃ​បាន​ជួប​​គ្នា​កាលពី​ម្សិលមិញ​នៅ​សណ្ឋាគារ​អាំងទែកង់ទីណង់​តាល់​ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​​អំពី​​ការធ្វើ​បច្ចុប្បន្នភាព​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​​ឆ្នាំ​២០០៣ ស្ដីអំពី​ពលករ​ចំណាក​ស្រុក​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​។

ពេល​និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពីកិច្ច​ប្រជុំ​បិទ​ទ្វារ​ លោក​ Winai Luewirojn អនុលេខាអចិន្ត្រៃយ៍​នៃ​ក្រសួង​ការ​ងារ​ថៃ​​បាន​​លើក​ឡើង​ថា ​មាន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចំនួន​៧៣៨.០០០​នាក់​កំពុង​ធ្វើ​ការ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ប្រើ​ប័ណ្ណ​ការ​ងារ​បណ្ដោះ​អាសន្ន ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃទី​៣១ ខែ​មីនា។

លោក Luewirojn ​បាន​លើក​ឡើង​ថា លោក​​​មិន​ដឹង​ទេ​ថា តើ​ពលករ​​​ចំណាក​​​នឹង​ត្រូវ​បញ្ជូន​​មក​ប្រទេស​កម្ពុជា​វិញ​ឬក៏អត់​នៅ​ពេល​ប័ណ្ណ​ការ​ងារ​បណ្ដោះ​អាសន្ន​អស់​សុពលភាព​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ត្រូវ​តែ​រង់ចាំ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​”។

លោក Luewirojn បាន​លើក​ឡើង​ទៀត​ថា ពលករ​ខ្មែរ​ចំណាក​ស្រុក​ចំនួន​១០៧.០០០​នាក់​បន្ថែម​ទៀត​​នៅ​ក្នុង​ប្រទេស​ថៃ​បាន​បញ្ចប់​ដំណើរ​ការ​បញ្ជាក់​សញ្ជាតិ​រួច​ហើយ​ ហើយ​កំពុង​តែ​រង់ចាំ​ដើម្បី​ទទួល​យក​ប័ណ្ណ​ការ​ងារ​រយៈ​ពេលពីរ​ឆ្នាំ​។ លោក​បាន​បន្ថែម​ថា មាន​ពលករ​ចំណាក​ស្រុក​ចំនួន​៨៧.០០០​នាក់​​ផ្សេង​ទៀត​ ដែល​​បាន​​មក​ប្រទេស​ថៃ​ក្រោម​អនុស្សរណៈ​នៃ​ការ​យោគយល់គ្នា​ ហើយ​មានទិដ្ឋាការ និង​​​ឯកសារ​ការ​ងារ​ពេញ​លេញ។

អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​​ឆ្នាំ​២០០៣ មាន​ខ្លឹមសារ​ថា ពលករ​ខ្មែរ​ចំណាក​ស្រុក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​យ៉ាង​យូរ​៤ឆ្នាំ។ បន្ទាប់​មក​​ពល​ករ​តម្រូវ​ឲ្យ​ចាក​ចេញពី​ប្រទេស​ថៃ​រយៈ​ពេល​៤ឆ្នាំ​មុន​ពេល​អាច​ត្រឡប់​មក​វិញ​។

លោកស្រី Omsin Boonlert ​មន្ត្រី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូមតិ​នៅ​បណ្ដាញ​ជន​អន្តោប្រវេសន៍​​មេគង្គ​ (Mekong Migration Network) ដែល​​ឃ្លាំ​មើល​ពលករ​ចំណាក​ស្រុក​នៅ​ក្នុង​តំបន់​​បាន​លើក​ឡើង​ថា លោកស្រី​គិត​ថា ប្រទេសថៃ​នឹង​មិន​បញ្ជូន​ពលករ​ខ្មែរ​ចំណាក​ស្រុក​មក​វិញ​ឡើយ​។

លោកស្រី Boonlert បានមាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា នឹង​មិន​មាន​​ការ​បញ្ជូន​​មក​វិញ​ទ្រង់​ទ្រាយ​ធំ​​​ឡើយ​។ ខ្ញុំ​គិត​ថា ពួកគេ​នឹង​ពិចារណា​អំពី​គោល​នយោបាយ​ឡើង​វិញ”។

កាលពី​ខែ​មិថុនា ឆ្នាំ​មុន​ ១ខែ​​​​បន្ទាប់​ពី​កង​ទ័ព​ថៃ​បាន​​​ទម្លាក់​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​​ដោយ​​ការ​បោះ​ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ ពលករ​ខ្មែរ​ចំណាក​ស្រុក​ប្រមាណ​២២៥.០០០​នាក់​​បាន​ចាក​ចេញពី​ប្រទេស​ថៃ​ដោយ​ខ្លាច​ក្រែង​រដ្ឋាភិបាល​យោធា​ថៃ​​​មាន​បំណង​ចាប់​ខ្លួន​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​។

លោកស្រី Boonlert បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ភាគី​ទាំង​ពីរ​សុទ្ធតែ​ដឹង​អំពី​ស្ថានភាព​ដែល​បាន​កើត​ឡើង​កាលពី​ឆ្នាំ​មុន ហើយ​តាម​គំនិត​ខ្ញុំ​ ពួកគេ​នឹង​មិន​បណ្ដោយ​ឲ្យ​ស្ថានភាព​បែប​នោះ​កើតឡើង​ម្ដង​ទៀត​ឡើយ​”៕ ស៊ុយឈាង​ (រាយការណ៍​បន្ថែម​ដោយ Chris Mueller)​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស