26 C
Phnom Penh

លិខិត​ឆ្លងដែន​ចំនួន​៤០.០០០​បាន​ចេញ​សម្រាប់​កម្មករ​ខ្មែរ​នៅ​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា មកដល់​ថ្ងៃ​នេះ រដ្ឋាភិបាល​បាន​ចេញ​លិខិត​ឆ្លងដែន​ឲ្យ​ពីរ​ភាគបី​នៃ​ពលរដ្ឋ​ខ្មែរ​ប្រហែល​៦០.០០០​នាក់ ដែល​សព្វថ្ងៃ​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​ពួកគេ​បាន​សុំ​ឯកសារ​ដើម្បី​បាន​ស្នាក់​នៅ​ទីនោះ​ដោយ​ស្រប​ច្បាប់។

លោក ម៉ៅ ចាន់ដារ៉ា អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អត្ត​សញ្ញាណកម្ម​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា គិត​មកដល់​ថ្ងៃ​អង្គារ​នេះ ពលករ​ចំណាក​ស្រុក​ប្រហែល​៦០.០០០​នាក់​នៅ​ប្រទេស​ថៃ​បាន​ស្នើ​សុំ​លិខិត​ឆ្លងដែន។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចេញ​លិខិត​ឆ្លងដែន​ប្រហែល​៤០.០០០​ច្បាប់​ហើយ។ យើង​នឹង​បញ្ជូន​ទៅ​ឲ្យ​ពួកគាត់​នៅ​ពេល​ណា​អាជ្ញាធរ​ថៃ​ចេញ​ប័ណ្ណ​ការងារ​និង​ទិដ្ឋាការ​ឲ្យ​ពួកគាត់”។

កាលពី​ខែ​មិថុនា​ឆ្នាំ​មុន មួយ​ខែ​បន្ទាប់ពី​កងទ័ព​ថៃ​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ ពលរដ្ឋ​ខ្មែរ​ប្រហែល​២២៥.០០០​នាក់​បាន​រត់​ភៀស​ខ្លួន​ចេញពី​ប្រទេស​ថៃ​ដោយ​ខ្លាច​ថា រដ្ឋាភិបាល​យោធា​ថ្មី​នេះ​ចង់​ចាប់​ខ្លួនពលករ​ចំណាក​ស្រុក​ខុស​ច្បាប់។

ដើម្បី​ជួយ​ពួកគាត់​ឲ្យ​ត្រឡប់​ទៅ​ថៃ​វិញ​ដោយ​ស្រប​ច្បាប់ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចុះ​តម្លៃ​លិខិត​ឆ្លងដែន​ពី​១២៤​ដុល្លារ​មក​ត្រឹម​៤​ដុល្លារ។ ទោះជា​យ៉ាង​នេះ​ក្តី នៅ​ចុង​ខែ​កក្កដា លោក ចាន់ដារ៉ា បាន​មាន​ប្រសាសន៍​ថា នាយកដ្ឋាន​របស់​លោក​ចេញ​លិខិត​ឆ្លងដែន​បាន​តែ​៥០០​ប៉ុណ្ណោះ​ចាប់តាំងពី​មាន​ការ​ចាកចេញ​ដ៏​ច្រើន​នោះ។

ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​ការងារ​ថៃ​បាន​រាយការណ៍​ថា ចំនួន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ក្នុង​ប្រទេស​ថៃ​មាន​ដល់​ទៅ​ប្រហែល​៦៨០.០០០​នាក់​គិត​ត្រឹម​ថ្ងៃ​ទី​៦​ខែ​វិច្ឆិកា។

កាលពី​ខែ​ធ្នូ បណ្តាញ​ចំណាក​ស្រុក​មេគង្គ (MMN) ដែល​ពិនិត្យ​តាមដាន​ចំណាក​ស្រុក​ក្នុង​តំបន់ បាន​ចេញ​របាយការណ៍​ស្វែងរក​ការ​ពិត​មួយ​អំពី​ពលរដ្ឋ​ខ្មែរ​​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​បំផុត​ក្នុង​ប្រទេស​ថៃ​ប្រើ​ប័ណ្ណ​ការងារ​បណ្ណោះ​អាសន្ន។

ប័ណ្ណ​ការងារ​ទាំង​នោះ​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី​៣១​ខែ​មីនា ហើយ​ប្រទេស​ថៃ​មិន​ទាន់​បាន​ពន្យល់​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ពលករ​ដែល​មាន​ប័ណ្ណ​នោះ ពេល​ដែល​ថ្ងៃ​ផុត​កំណត់​មក​ដល់។

លោក​ស្រី ឈា ម៉ានិត ប្រធាន​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ជួយ​ពលករ​ចំណាក​ស្រុក បាន​មាន​ប្រសាសន៍​​កាលពី​ថ្ងៃ​អង្គារ​ថា មាន​ពលករ​ប្រហែល​១០០​នាក់​ត្រូវ​គេ​បញ្ជូន​ត្រឡប់​មក​វិញ​ពី​ប្រទេស​ថៃ​មក​ខេត្ត​នេះ​រាល់​ថ្ងៃ។

លោក​ស្រី ម៉ានិត បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ដឹង​មូលហេតុ​ដែល​ពួកគាត់​មិន​បាន​ទៅ​បំពេញ​ពាក្យ​សុំ​ដើម្បី​ធ្វើការ​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​ទេ។ ប្រហែលជា​មកពី​ពួកគាត់​មិន​មាន​ប្រាក់​គ្រប់គ្រាន់”៕ មានិត

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស