TAG
paywall
នគរបាលរកឃើញបញ្ជីឈ្មោះមន្ត្រីចំនួន៤៩រូប ដែលសង្ស័យថា ជាអ្នកជំរិតទារប្រាក់
នៅពេលនគរបាលក្នុងខេត្តកំពង់ឆ្នាំងបានឃាត់រថយន្តមួយគ្រឿងដែលសង្ស័យថា បានដឹកឈើដោយខុសច្បាប់កាលពីខែមុន ពួកគេបានរកឃើញអ្វីមួយនៅក្នុងរថយន្តនោះដោយនឹកស្មានមិនដល់ គឺបញ្ជីមួយដែលមានរាយនាម និងលេខទូរស័ព្ទរបស់នគរបាល និងមន្ត្រីរដ្ឋបាលព្រៃឈើចំនួន៤៩រូប។
លោក ជិន សុផាត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តនេះបានលើកឡើងថា មន្ត្រីរបស់លោកបានឃាត់រថយន្តមួយគ្រឿងនៅតាមបណ្ដោយផ្លូវជាតិលេខ៥កាលពីថ្ងៃទី២៦ ខែមករា។ ហើយរថយន្តដែលដឹកតុចំនួនពីរ ទ្វារចំនួនប្រាំមួយ និងគ្រោងគ្រែមួយ ដែលសុទ្ធតែជាឈើប្រភេទធ្នង់ រួមទាំងឈើដើមម្រះព្រៅចំនួនប្រាំដុំផងដែរនោះត្រូវបានយកទៅរក្សាទុក។
លោក សុផាត បានលើកឡើងទៀតថា បន្ទាប់មកមន្ត្រីរបស់លោកបានរកឃើញបញ្ជីមួយដែលមានឈ្មោះរបស់នគរបាល កងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង និងខេត្តក្បែរៗនោះចំនួន៤៩រូប។ ហើយនៅក្បែរឈ្មោះនីមួយសុទ្ធតែមានលេខទូរស័ព្ទ។
លោក សុផាត...
លោក ប៉ែន សុវណ្ណ ស្លាប់មួយចំហៀងខ្លួន ប៉ុន្តែបានធូរស្រាលពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
អ្នកនាំពាក្យគណបក្សប្រឆាំងបាននិយាយកាលពីម្សិលមិញថា លោក ប៉ែន សុវណ្ណ សមាជិកសភាគណបក្សសង្គ្រោះជាតិ និងជាអតីតនាយករដ្ឋមន្ត្រីកំពុងត្រៀមខ្លួនវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីទៅព្យាបាលជំងឺដាច់សរសៃឈាមក្នុងខួរក្បាលកាលពីខែមុនក្នុងប្រទេសសិង្ហបុរី ដែលធ្វើឲ្យលោកស្លាប់មួយចំហៀងខ្លួន។
យោងតាមលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា លោក ប៉ែន សុវណ្ណ ដែលជានាយករដ្ឋមន្ត្រីលើកដំបូងក្នុងប្រទេសកម្ពុជារយៈពេលខ្លីក្រោយរបបខ្មែរក្រហមក្នុងឆ្នាំ១៩៨១ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃសុក្រ ហើយឥឡូវនេះលោកបានធូរស្រាលពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយកំពុងស្នាក់នៅសណ្ឋាគារមួយ។
លោកបានមានប្រសាសន៍ថា "លោក ប៉ែន សុវណ្ណ បានចេញមន្ទីរពេទ្យទៅសម្រាកក្នុងសណ្ឋាគារមួយរហូតដល់លោកត្រូវគ្រូពេទ្យអនុញ្ញាតឲ្យធ្វើដំណើរមកប្រទេសកម្ពុជាវិញ។ គាត់មិនដូចពីមុនទេ ចាប់តាំងពីយើងបានសង្គ្រោះជីវិតរបស់គាត់មក។ គាត់ស្លាប់មួយចំហៀងខ្លួន។ ខ្ញុំទទួលបានព័ត៌មានថា...
អ្នកដើរដាក់អន្ទាក់សត្វប្រទះឃើញសាកសពស្ត្រីម្នាក់ ហើយនគរបាល សង្ស័យជាករណីរំលោភហើយសម្លាប់
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា អ្នកដាក់អន្ទាក់សត្វក្នុងមូលដ្ឋានមួយក្រុមក្នុងខេត្តឧត្ដរមានជ័យ កាលពីថ្ងៃសៅរ៍បានប្រទះឃើញសាកសពស្ត្រីវ័យក្មេងម្នាក់រលួយយ៉ាងខ្លាំងដែលនគរបាលជឿថា ត្រូវបានរំលោភហើយសម្លាប់ប្រហែល១ខែមកហើយ។
យោងតាមលោក ឡឹក សុខា ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា សាកសពស្ត្រីរូបនោះគ្មានសម្លៀកបំពាក់ទេ ហើយសាច់ភាគច្រើនត្រូវបានគេប្រទះឃើញនៅចម្ងាយប្រហែល៥០០ម៉ែត្រពីភូមិអូររំដួល ក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។
លោក សុខា បានមានប្រសាសន៍ថា "អ្នកភូមិក្នុងមូលដ្ឋានបានទៅដាក់អន្ទាក់មាន់ព្រៃនៅក្នុងព្រៃ ហើយនៅពេលធ្វើដំណើរត្រឡប់មកវិញ ពួកគាត់បានធុំក្លិនស្អុយចម្លែក ហើយក៏បានប្រទះឃើញសាកសព។ បន្ទាប់ពីយើងទទួលបានព័ត៌មានពីអ្នកទាំងនោះ យើងបានទៅពិនិត្យមើលសាកសពនោះ"។
លោកបានបន្ថែមថា ស្ត្រីរូបនេះអាយុខ្ទង់២០ឆ្នាំ។ លោក អុិន លន អធិការនគរបាលស្រុកស្ដីទីបានមានប្រសាសន៍ថា ក្រុមស៊ើបអង្កេតសង្ស័យថា...
អ្នកភូមិក្នុងរាជធានីភ្នំពេញតវ៉ានឹងការបន្តបូមខ្សាច់
អ្នកភូមិជាង១០០នាក់ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើការតវ៉ានៅក្បែរផ្ទះរបស់ពួកគាត់ស្ថិតនៅតាមដងទន្លេបាសាក់កាលពីម្សិលមិញ ប្រឆាំងការបន្តបូមខ្សាច់ដែលពួកគាត់លើកឡើងថា អាចបណ្តាលឲ្យផ្ទះរបស់ពួកគាត់បាក់រលំ។
លោក សំ ស៊ីណា អាយុ៥១ឆ្នាំបាននិយាយថា "យើងបានតវ៉ានៅថ្ងៃនេះទាមទារឲ្យអាជ្ញាធរយកទូកបូមខ្សាច់ចំនួនពីរទៅកន្លែងផ្សេង ពីព្រោះអ្នកភូមិទាំងអស់ព្រួយបារម្ភខ្លាចផ្ទះរបស់ពួកគាត់បាក់រលំដោយសារការបូមខ្សាច់នេះ"។
លោកបាននិយាយថា "យើងនឹងធ្វើការតវ៉ាម្ដងទៀត ដោយបិទផ្លូវជាតិលេខ១ ប្រសិនបើអាជ្ញាធរមិនរកដំណោះស្រាយតាមការទាមទាររបស់យើងទេនោះ"។
លោក ណុប ថា អភិបាលរងខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានបានសុំឲ្យអ្នកបូមខ្សាច់បញ្ឈប់ប្រតិបត្តិការរបស់ខ្លួនកាលពីខែធ្នូ អំឡុងពេលដែលក្រសួងរ៉ែ និងថាមពល បានសរសេរលិខិតផ្ញើជូនសាលារាជធានី ដោយលើកឡើងថា មានបម្រាមបូមខ្សាច់នៅទន្លេមេគង្គ និងទន្លេបាសាក់។
លោក...
អគ្គិសនីកម្ពុជាចាប់ផ្តើមដំណើរការដាក់កុងទ័រភ្លើងតាមបន្ទប់ជួល
ពីរសប្តាហ៍បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអំពីការផ្តួចផ្តើមរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយតម្លៃដែលកម្មករចំណាយលើអគ្គិសនី ដោយលែងឲ្យម្ចាស់ផ្ទះជួលយកតម្លៃលើសពីអ្នកជួលផ្ទះ អគ្គិសនីរដ្ឋ EdC បានចាប់ផ្តើមដំណើរការដាក់កុងទ័ររបស់ខ្លួនផ្ទាល់នៅតាមបន្ទប់ផ្ទះជួលកាលពីថ្ងៃព្រហស្បតិ៍។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាដែលបានចុះទៅមើលប្លុកផ្ទះល្វែងក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាមួយមន្ត្រីសាខាកាលពីថ្ងៃព្រហស្បតិ៍ បានមានប្រសាសន៍ថា ផែនការនេះគឺ "ល្អសម្រាប់អ្នកជួលបន្ទប់ស្នាក់នៅ ល្អសម្រាប់ម្ចាស់ផ្ទះជួល ល្អសម្រាប់អគ្គិសនីកម្ពុជា"។
ទោះជាម្ចាស់ផ្ទះជួលបានសំដែងការមិនពេញចិត្តរបស់ខ្លួននឹងផែនការនេះក្នុងកិច្ចប្រជុំដំបូងជាមួយអគ្គិសនីកម្ពុជាកាលពីសប្តាហ៍មុនក៏ដោយ ក៏លោក កែវ រតនៈ បានមានប្រសាសន៍ថា ម្ចាស់ផ្ទះជួល "សប្បាយរីករាយ"...
តុលាការផ្តន្ទាទោសមន្ត្រីខេត្តកំពតពីរនាក់ដាក់ពន្ធនាគារពីបទពុករលួយ
មន្ត្រីតុលាការម្នាក់បានលើកឡើងថា កាលពីម្សិលមិញ សាលាដំបូងខេត្តកំពតបានផ្តន្ទាទោសអតីតអធិការនគរបាលស្រុកបន្ទាយមាសឲ្យជាប់ពន្ធនាគារបួនឆ្នាំ និងអតីតអធិការរងរបស់លោកឲ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទកិបកេងប្រាក់ និងទទួលសំណូកចំនួន៦៤.៣៦០ដុល្លារ ក្នុងរយៈពេលប្រាំឆ្នាំ។
កាលពីខែមីនា អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលបានចាប់ខ្លួនលោក ស្រ៊ុន ឡាំ ដែលពេលនោះជាអធិការនគរបាលស្រុក និងលោក ម៉ុក ហួត ជាអធិការរង ដោយសង្ស័យថា បានយកលុយដាក់ហោប៉ៅខ្លួនឯងដែលលុយនោះទុកសម្រាប់បើកប្រាក់ខែ និងប្រាក់ឧបត្ថម្ភដល់អ្នកក្រោមបង្គាប់របស់ខ្លួន ទទួលសំណូកពីអ្នកដែលជាប់ចោទពីបទឧក្រិដ្ឋជាថ្នូរនឹងការមិនបញ្ជូនរឿងក្តីរបស់ពួកគេទៅតុលាការ និងជំរិតទារប្រាក់ពីឈ្មួញរកស៊ីស្រូវ និងនគរបាលចរាចរ។
លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោក ស្រ៊ុន ឡាំ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារបួនឆ្នាំ និងពិន័យជាប្រាក់ប្រាំបីលានរៀល ហើយលោក ម៉ុក ហួត ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំ និងពិន័យជាប្រាក់ប្រាំលានរៀល"។ លោក ឯក ឆេងហួត បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
កាលពីថ្ងៃទី២៩ ខែធ្នូ តុលាការបានចោទប្រកាន់បុរសទាំងពីរនាក់នេះពីបទកិបកេងថវិការដ្ឋ បិទបាំងភ័ស្តុតាង ជ្រៀតជ្រែកការងារអាជ្ញាធរ និងប្រើប្រាស់អាវុធខុសច្បាប់។
លោក អ៊ូ វុធ មេធាវីរបស់លោក ម៉ុក ហួត បានមានប្រសាសន៍ថា លោកពេញចិត្តនឹងសេចក្តីសម្រេចរបស់តុលាការ។
លោកបានមានប្រសាសន៍ថា "ខ្ញុំយល់ស្របតាមសេចក្តីសម្រេចរបស់តុលាការ ហើយកូនក្តីរបស់ខ្ញុំបាននិយាយថា គាត់នឹងមិនប្តឹងឧទ្ធរណ៍ទេ"។ លោកបានបន្ថែមថា កូនក្តីរបស់ខ្ញុំអះអាងថា គ្មានទោសទេ ពីព្រោះគាត់ "ធ្វើតាមអ្វីដែលចៅហ្វាយបានបញ្ជាតែប៉ុណ្ណោះ"។
លោក ពៅ ស្រីសួគ៌ មេធាវីតំណាងលោក ស្រ៊ុន ឡាំ បានមានប្រសាសន៍ថា លោកមិនដឹងពីសាលក្រមនេះទេ ហើយមិនអាចធ្វើអត្ថាធិប្បាយបានឡើយ។
លោក ម៉ម កេសី អ្នកឃ្លាំមើលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តនេះបានមានប្រសាសន៍ថា តុលាការបានធ្វើសេចក្តីសម្រេចត្រឹមត្រូវក្នុងការផ្តន្ទាទោសបុរសទាំងពីរនាក់នេះ។
លោក កេសី បានមានប្រសាសន៍ថា "ខ្ញុំគិតថា វាជាឧទាហរណ៍សម្រាប់មន្ត្រីទាំងឡាយណាដែលកិបកេងប្រាក់រដ្ឋ។ ខ្ញុំសង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយនឹងបន្តព្យាយាមស្វែងរកមន្ត្រីណាដែលមានបំណងប្រព្រឹត្តអំពើពុករលួយ"។
នៅពេលលោក ស្រ៊ុន ឡាំ និងលោក ម៉ុក ហួត ត្រូវបានចាប់ខ្លួន អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា មន្ត្រីនគរបាលស្រុកបន្ទាយមាសប្រហែល៨០ភាគរយបានដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីទាំងពីរនាក់នេះ ហើយបានជួយផ្តល់ភ័ស្តុតាងប្រឆាំងពួកគេទៀតផង៕សារុន
NGOផ្ដើមកិច្ចខំប្រឹងប្រែងថ្មីដើម្បីជួយកុមារមិនទាន់ចុះឈ្មោះចូលរៀនរាប់ពាន់នាក់ឲ្យបានចូលរៀន
បច្ចុប្បន្ន កុមារដែលគ្រប់អាយុចូលរៀននៅថ្នាក់បឋមសិក្សាជាង៥៧.០០០នាក់នៅទូទាំងប្រទេស កំពុងខកខានឱកាសសិក្សា នេះបើយោងតាមសមាគមកម្ពុជាដើម្បីកុមារក្រៅសាលាហៅកាត់ថា CCOSC ជាក្រុមថ្មីមួយដែលត្រូវបានបង្កើតឡើងដើម្បីអនុវត្តការជំរុញឲ្យកុមារកម្ពុជាបានចុះឈ្មោះចូលរៀន។
អង្គការអភិវឌ្ឍន៍ក្នុងស្រុក និងអង្គការអភិវឌ្ឍន៍អន្តរជាតិសរុបចំនួន១៧ បានចូលរួមជាមួយគ្នានៅក្នុងបេសកកម្ម " មិនធ្លាប់មានពីមុនមក" ដើម្បីជួយចុះឈ្មោះកុមារដែលមិនបានចូលសិក្សាតាមរយៈសមាគមថ្មីនេះ ហើយធានាថា ក្មេងៗបន្តទៅរៀនទៀងទាត់។
ដោយចាប់ផ្ដើមជាផ្លូវការកាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញ ដោយលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលនឹងក្លាយជាប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិនៅក្នុងគម្រោងដែលមានទំហំទឹកប្រាក់២០លានដុល្លារនេះ សមាជិករបស់ CCOSC និយាយថា ខ្លួននឹងធ្វើការជាមួយកុមារងាយរងគ្រោះ គ្រូបង្រៀន...
រថយន្តបុកមនុស្សស្លាប់បីនាក់ខណៈរង់ចាំដើរឆ្លងផ្លូវទៅចូលរួមពិធីមង្គលការ
នគរបាលនិយាយថា មនុស្សបីនាក់បានស្លាប់ និងស្ត្រី ម្នាក់រងរបួសធ្ងន់ក្នុងស្រុកសង្កែខេត្តបាត់ដំបងកាលពីម្សិលមិញ បន្ទាប់ពីរថយន្តមួយគ្រឿងបានវេរចង្កូតដើម្បីគេចពីរថយន្តខាងមុខ ហើយបានជ្រុលទៅបុកមនុស្សមួយក្រុម។
លោក ដេង សាវង្ស នាយនគរបាលចរាចរស្រុកបានមានប្រសាសន៍ថា អ្នកថ្មើរជើងទាំងនេះរង់ចាំឆ្លងផ្លូវទៅចូលរួមពិធីមង្គលការ ស្រាប់តែរថយន្តនេះបានវេរចង្កូតដើម្បីគេចពីរោងការ ដោយធ្វើឲ្យរថយន្តនេះបើចូលចិញ្ចើមផ្លូវ។
លោក សាវង្ស បានមានប្រសាសន៍ថា "នៅផ្លូវជាតិលេខ៥ ផ្នែកខាងឆ្វេងមានរោងការមួយ ហើយនៅផ្នែកខាងស្តាំមានភ្ញៀវមកចូលរួមមង្គលការមួយចំនួនកំពុងឈរ"។
លោកបានមានប្រសាសន៍ថា "រំពេចនោះអ្នកបើកបរថយន្តធុនធំ និងរថយន្តធុនតូចមួយគ្រឿងបើកបរក្នុងទិសដៅផ្ទុយគ្នាបានបើកគេចគ្នា ដើម្បីបញ្ចៀសគ្រោះថ្នាក់ ប៉ុន្តែ រថយន្តធុនធំនោះបានបុកចូលក្នុងក្រុមមនុស្ស បណ្តាលឲ្យមនុស្សបីនាក់ស្លាប់ភ្លាមៗ ហើយម្នាក់ទៀតរងរបួសធ្ងន់"។
លោក សាត គឹមសាន្ត នាយការិយាល័យនគរបាលចរាចរខេត្តបានមានប្រសាសន៍ថា អ្នកបើកបរបានរត់គេចខ្លួន ប៉ុន្តែ ថា នគរបាលបានរឹបអូសយករថយន្តនោះ ហើយឥឡូវនេះកំពុងតាមស្វែងរកម្ចាស់។
លោក គឹមសាន្ត បានមានប្រសាសន៍ថា "អ្នកបើកបររថយន្តធុនធំនោះបានបន្តបើកទៅមុខចម្ងាយប្រហែលប្រាំ ឬប្រាំមួយគីឡូម៉ែត្រ បន្ទាប់មកបានឈប់រថយន្ត ហើយរត់គេចខ្លួនបាត់ ពីព្រោះគាត់ដឹងថា នគរបាលចរាចរកំពុងដេញតាមគាត់ដោយមានការបិទផ្លូវ"៕សារុន
មន្ត្រីបរិស្ថានរកឃើញឈើកាប់រួចខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃ ជិតបន្ទាយកងរាជអាវុធហត្ថ
កាលពីម្សិលមិញ មន្ត្រីក្រសួងបរិស្ថានបានរកឃើញឈើប្រភេទលេខ១ ដែលកាប់រួចខុសច្បាប់ជាង៤០០ដុំនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី ដែលក្រសួងនេះមើលការខុសត្រូវ ហើយសង្ស័យលើមន្ត្រីមកពីបន្ទាយកងរាជអាវុធហត្ថក្បែរនោះថា ជាប់ពាក់ព័ន្ធ។
លោក ធិន ង៉ោល អនុប្រធានដែនជម្រកសត្វព្រៃនេះបានមានប្រសាសន៍ថា ក្រុមមន្ត្រីបានរកឃើញឈើសុក្រម ៤១៨ដំុនៅក្នុងតំបន់ការពារនេះចម្ងាយប្រហែលមួយគីឡូម៉ែត្រពីការិយាល័យសន្តិសុខមូលដ្ឋាននៃកងរាជអាវុធហត្ថខេត្ត ដែលក៏ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃនេះដែរ។
លោកបានមានប្រសាសន៍ថា "ឥឡូវនេះយើងកំពុងប្រមូលយកឈើនោះ។ យើងនឹងដឹកឈើនេះទៅការិយាល័យរបស់យើង ហើយរង់ចាំសេចក្តីសម្រេចពីថ្នាក់លើថា តើត្រូវធ្វើអ្វីជាមួយឈើនេះ"។
លោក ធិន ង៉ោល បានមានប្រសាសន៍ ថា មន្ត្រីរបស់លោកកំពុងស្វែងរកអ្នកដែលកាប់ឈើទាំងនេះ ប៉ុន្តែ បានដាក់ការសង្ស័យលើកងរាជអាវុធហត្ថ។
លោកបានមានប្រសាសន៍ថា "យើងមិនអាចសន្និដ្ឋានថា ការិយាល័យសន្តិសុខរបស់កងរាជអាវុធហត្ថខេត្តជាប់ពាក់ព័ន្ធជាមួយឈើនេះទេ។ ប៉ុន្តែ បើពួកគេមិនជាប់ពាក់ព័ន្ធនឹងឈើនេះ ហេតុអ្វីបានជាពួកគេមិនដឹងពី រឿងនេះ ? ពីព្រោះឈើនេះត្រូវបានគេយកមកទុកនៅក្បែរការិយាល័យនេះ"។
វាគ្មានអ្វីប្លែកសម្រាប់មន្ត្រីកងកម្លាំងប្រដាប់អាវុធដែលគេឃើញដឹកឈើកាប់រួចខុសច្បាប់ទូទាំងប្រទេសឡើយ។
ប៉ុន្តែ លោក គឹម រស្មី មេបញ្ជាការកងរាជអាវុហត្ថខេត្តរតនគិរីបានមានប្រសាសន៍ ថា
មន្ត្រីរបស់លោកមិនជាប់ពាក់ព័ន្ធនឹងការកាប់ឈើ ឬគំនរឈើដែលគេរកឃើញនៅជិតការិយាល័យសន្តិសុខនេះកាលពីម្សិលមិញឡើយ។
លោកបានមានប្រសាសន៍ថា "ខ្ញុំសូមបដិសេធថា មន្ត្រីកងរាជអាវុធហត្ថរបស់ខ្ញុំមិនពាក់ព័ន្ធនឹងឈើនេះទេ។ ខ្ញុំគិតថា មន្ត្រីមកពីដែនជម្រកសត្វព្រៃត្រូវទទួលខុសត្រូវចំពោះឈើនេះ ពីព្រោះឈើនេះនៅលើដីដែលពួកគេគ្រប់គ្រង"។
លោកបានបន្ថែមថា "មន្ត្រីរបស់ខ្ញុំមិនបានធ្វើអ្វីដូចដែលពួកគេត្រូវបានចោទប្រកាន់ឡើយ ពីព្រោះខ្ញុំតែងតែណែនាំពួកគេកុំឲ្យធ្វើខុស ហើយថា ពួកគេនឹងប្រឈមមុខច្បាប់ប្រសិនបើពួកគេធ្វើអ្វីផ្ទុយនឹងច្បាប់នោះ"។
លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់បានមានប្រសាសន៍ថា មន្ត្រីរបស់លោកតែងតែទទួលបានរបាយការណ៍ពីការកាប់ឈើខុសច្បាប់ពីដែនជម្រកសត្វព្រៃនេះ និងរបាយការណ៍អំពីរថយន្តដឹកឈើចេញនៅពេលយប់ ប៉ុន្តែ កម្រឃើញអ្នកមើលការខុសត្រូវរបស់ដែនជម្រកសត្វព្រៃនេះចាត់វិធានការណាស់។ លោកបានមានប្រសាសន៍ថា "យើងជាអាជ្ញាធរមូលដ្ឋានគ្មានអំណាចក្នុងការរារាំងជនទាំងនោះកុំឲ្យកាប់ឈើក្នុងព្រៃឡើយ ពីព្រោះវាស្ថិតក្រោមការគ្រប់គ្រងរបស់ដែនជម្រកសត្វព្រៃលំផាត់"។ លោកបានបន្ថែមថា "គ្មាននរណាម្នាក់ អាចចូលក្នុងព្រៃនេះបានឡើយ ពីព្រោះដែនជម្រកសត្វព្រៃនេះមានកាំភ្លើង"៕សារុន
រថយន្តដឹកឈើប្រណីតមួយគ្រឿងបុកក្មេងជំទង់ម្នាក់រងរបួសធ្ងន់
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា អាជ្ញាធរខេត្តសៀមរាបកំពុងស្វែងរកអ្នកបើកបររថយន្តតូយ៉ូតាមួយគ្រឿងដែលបុកក្មេងជំទង់កំពុងជិះម៉ូតូម្នាក់រងរបួសជាទម្ងន់កាលពីថ្ងៃពុធបន្ទាប់ពីបើកក្នុងល្បឿនលឿនកាត់របាំងផ្លូវ ខណៈដែលបើកអមរថយន្តមួយគ្រឿងទៀតដែលគេជឿថា បានជួញដូរឈើប្រណីត។
លោក ជា គឹមសុត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានមានប្រសាសន៍ថា មន្ត្រីរបស់លោកបានដាក់របាំងផ្លូវជាតិលេខ៦៧ក្នុងស្រុកបន្ទាយស្រី កាលពីថ្ងៃពុធ បន្ទាប់ពីទទួលបានព័ត៌មានពីកងរាជអាវុធហត្ថក្នុងខេត្តព្រះវិហារថា រថយន្តតូយ៉ូតាកាមរី មួយគ្រឿងដឹកឈើគ្រញូងខុសច្បាប់កំពុងបើកតាមផ្លូវ បើកអមដោយរថយន្តតូយ៉ូតាហាយឡិនឌ័រមួយគ្រឿងទៀត។
លោក គឹមសុត បានមានប្រសាសន៍ថា "នៅពេលព្រឹក យើងទទួលព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថ...ប្រាប់ពួកយើងឲ្យឃាត់រថយន្តមួយគ្រឿងក្នុងចំណោមរថយន្តពីរគ្រឿង ដោយសង្ស័យថា បានដឹកឃើញគ្រញូងដែលបានបើកគេចពីពួកគេ"។
លោកបានមានប្រសាសន៍ថា "នៅពេលរថយន្តកាមរីមកដល់របាំងផ្លូវរបស់យើង ពួកគេមិនឈប់ឲ្យយើងត្រួតពិនិត្យទេ"។ លោកបានបន្ថែមថា រថយន្តទាំងពីរគ្រឿងបានបើកកាត់របាំងផ្លូវក្នុងល្បឿនយ៉ាងលឿន។
លោក គឹមសុត បានមានប្រសាសន៍ថា មន្ត្រីរដ្ឋបាលព្រៃឈើ និងនគរបាលមូលដ្ឋានបានបើកដេញតាមចម្ងាយប្រហែល១០គីឡូម៉ែត្រ មុនពេលរថយន្តហាយឡិនឌ័រនោះបានបុកម៉ូតូខាងមុខពីចំហៀង ធ្វើឲ្យអ្នកបើកបររមៀលពីរបីត្រឡប់។
លោក ហឿល សារ៉ែម នាយនគរបាលចរាចរស្រុក ដែលប្រាប់អត្តសញ្ញាណជនរងគ្រោះថា ឈ្មោះ ឡាយ ហៀង អាយុ១៧ឆ្នាំ បានមានប្រសាសន៍ថា "រថយន្តហាយឡិនឌ័រនោះបានបុកម៉ូតូចំផ្នែកខាងឆ្វេង បណ្តាលឲ្យបុរសម្នាក់បាក់ឆ្អឹងភ្លៅស្តៅ និងដៃស្តាំ"។
លោក សារ៉ែម បានមានប្រសាសន៍ថា នគរបាលបានឈប់មើលអ្នកបើកបរដែលរងរបួស បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងបើកគេចបាត់។
លោកបានមានប្រសាសន៍ថា "ពួកគេបានបើករថយន្តចេញយ៉ាងលឿន ហើយយើងមិនអាចចាប់ខ្លួនពួកគេបានឡើយ"។ លោក សារ៉ែម បានបន្ថែមថា ទោះជាយ៉ាងណា រថយន្តហាយឡិនឌ័រនោះត្រូវគេឃើញទុកចោលនៅក្នុងព្រៃចម្ងាយ១០គីឡូម៉ែត្រតាមផ្លូវ។ គេរកមិនឃើញឈើនៅក្នុងរថយន្តនោះទេ ហើយក៏មិនឃើញអ្នកបើកបរដែរ។
យោងតាមលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយស្រីបានឲ្យដឹងថា រថយន្តហាយឡិនឌ័រនោះត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការខណ្ឌ។ លោកបានបន្ថែមថា រថយន្តនោះកំពុងត្រូវរក្សាទុកនៅក្នុងខណ្ឌរបស់ខ្ញុំនៅឡើយ។
យើងកំពុងសើុបអង្កេតរកម្ចាស់រថយន្តទាំងពីរគ្រឿងនេះ"។
លោក មួយ ណន អធិការនគរបាលស្រុកបានមានប្រសាសន៍ថា ឡាយ ហៀង ត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្ត៕សារុន
Latest news
© 2021, ដេលី. All rights reserved.

