30.1 C
Phnom Penh

មន្ត្រី​បរិស្ថាន​រក​ឃើញ​ឈើ​កាប់​រួច​ខុស​ច្បាប់​​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ ជិត​បន្ទាយ​កង​រាជ​អាវុធ​ហត្ថ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិល​មិញ មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​បាន​​​រក​​​ឃើញ​​​ឈើ​​​ប្រភេទ​​​លេខ​​​១​​​ ដែល​​​​​​កាប់​​​រួច​​​ខុស​​​ច្បាប់​​​ជាង​​​៤០០​​​ដុំ​​​នៅ​​​​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​លំផាត់​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ ដែល​​​​​​ក្រសួង​​​នេះ​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​ ហើយ​​​​​​សង្ស័យ​លើ​មន្ត្រី​​មក​​​ពី​​​បន្ទាយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក្បែរ​​​នោះ​​​ថា ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​។

លោក ធិន ង៉ោល អនុ​​​ប្រធាន​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​មន្ត្រី​​​បាន​​​រក​​​ឃើញ​​​ឈើ​​​សុក្រម​​​ ៤១៨​​​ដំ​​​ុនៅ​​​ក្នុង​​​តំបន់​​​ការ​​​ពារ​​​នេះ​​​ចម្ងាយ​​​ប្រហែល​​​មួយ​​​គីឡូម៉ែត្រ​​​ពី​​​ការិយាល័យ​​​សន្តិសុខ​​​មូល​​​ដ្ឋាន​​​នៃ​​​កង​​​រាជ​​​អាវុធ​​ហត្ថ​​​​ខេត្ត ដែល​​​ក៏​​​ស្ថិត​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​ដែរ​​​។

លោក​​​បាន​មាន​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​ប្រមូល​​​យក​​​ឈើ​​​នោះ​​​។ យើង​​​នឹង​​​ដឹក​​​ឈើ​​​នេះ​​​ទៅ​​​ការិយា​​​ល័យ​​​របស់​​​យើង ហើយ​​​រង​​់​​​ចាំ​​​សេចក្តី​​​សម្រេច​​​ពី​​​ថ្នាក់​​​លើ​​​ថា តើ​​​ត្រូវ​​​​​​​​​ធ្វើ​​​អ្វី​​​ជាមួយ​ឈើ​​​នេះ​​​”។

លោក ធិន ង៉ោល​​​ បាន​​​មាន​​​ប្រសាសន៍ ថា មន្ត្រី​​​របស់​​​លោក​​​កំពុង​​​ស្វែង​​​រក​​​អ្នក​​​ដែល​​​កាប់​​​ឈើ​​​ទាំង​​​នេះ ប៉ុន្តែ បាន​​​ដាក់​​​ការ​​​សង្ស័យ​​​​​​​​លើ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ។

លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​អាច​​​សន្និដ្ឋាន​​​ថា ការិយាល័យ​​​សន្តិសុខ​​​របស់​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ជាប់​​​ពាក់​​​ព័ន្ធ​ជាមួយ​​ឈើ​​​នេះ​​​ទេ។ ប៉ុន្តែ បើ​​​ពួក​​​គេ​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ឈើ​​​នេះ​​ ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គេ​​​មិន​​​ដឹង​​​ពី រឿង​​​នេះ ? ពីព្រោះ​​​ឈើ​​​នេះ​​​​​​ត្រូវ​​​បាន​​​គេ​​​យក​​​មក​​​ទុក​​​នៅ​​​ក្បែរ​​​ការិយាល័យ​​​នេះ​​​”។

វា​​​គ្មាន​​​អ្វី​​​ប្លែក​​​សម្រាប់​មន្ត្រី​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​​​​ដែល​​​គេ​​​ឃើញ​​​ដឹក​​​ឈើ​​​កាប់​​​រួចខុស​​​ច្បាប់​​​ទូទាំង​​​ប្រទេស​​​ឡើយ​​​។

ប៉ុន្តែ លោក គឹម រស្មី មេបញ្ជាការ​​​កង​​​រាជ​​​អាវុ​​​ហត្ថ​​​ខេត្ត​​​រតនគិរី​​​បាន​​​មាន​​​ប្រសាសន៍ ថា
មន្ត្រី​​​របស់​​​លោក​​​មិន​​ជាប់ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​កាប់​​​ឈើ ឬ​​​គំនរ​​​ឈើ​​​ដែល​​​គេ​​​រក​​​ឃើញ​​​នៅ​​​ជិត​​​ការិយា​ល័យ​​​សន្តិ​​​សុខ​​​នេះ​​​កាល​​​ពីម្សិល​​​មិញ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​សូម​​​បដិសេធ​​​ថា មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​របស់​​​ខ្ញុំ​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ឈើ​​​នេះ​​​ទេ។ ខ្ញុំ​​​គិត​​​ថា មន្ត្រី​​​មក​​​ពី​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ឈើ​​​នេះ ពី​​​ព្រោះឈើ​​​នេះ​​​នៅ​​​លើ​​​ដី​​​ដែ​​​ល​​​ពួក​​​គេ​​​គ្រប់​​​គ្រង​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “មន្ត្រី​​​របស់​​​ខ្ញុំ​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ដូច​​​ដែល​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ឡើយ​​​ ពីព្រោះ​​​ខ្ញុំ​​​តែង​​​តែ​​​ណែនាំ​​​ពួកគេ​​​កុំ​​​ឲ្យធ្វើ​​​ខុស​​​ ហើយ​​​ថា ពួក​​​គេ​​​នឹង​​​ប្រឈម​​​មុខ​​​ច្បាប់​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​ធ្វើ​​​អ្វី​​​ផ្ទុយ​​​នឹង​​​ច្បាប់​​​នោះ​​​”។

លោក គង់ ស្រ៊ុន អភិបាល​​​ស្រុក​​​លំផាត់​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​តែង​តែទទួល​​​បាន​​​របាយ​ការណ៍​​​ពី​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ពី​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​​ និង​​​របាយ​ការណ៍​​​អំពី​​​រថយន្ត​​​ដឹក​​​ឈើ​​​ចេញ​​​នៅ​​​ពេល​​​យប់​​​ ប៉ុន្តែ កម្រ​​​ឃើញអ្នកមើលការ​ខុសត្រូវ​របស់​ដែន​ជម្រក​សត្វព្រៃនេះ​ចាត់​​​វិធាន​​​ការ​​​ណាស់។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​​​​​​​យើង​​​ជា​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​គ្មាន​​​អំណាច​​​ក្នុង​​​ការ​​​រារាំង​​​ជន​​​ទាំង​​​នោះ​​​​កុំ​​​ឲ្យ​​​កាប់​​​ឈើក្នុង​ព្រៃឡើយ ពីព្រោះ​​​វា​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់​​​គ្រងរបស់​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​លំផាត​​​់”។  លោក​​​បាន​​​បន្ថែម​​​ថា “គ្មាន​​​នរណា​​​ម្នាក់​​​ [មក​​​ពី​​​ការិយាល័យ​​​របស់​​​ខ្ញុំ] ​​​អាច​​​ចូល​​​ក្នុង​​​​​​ព្រៃ​​​នេះ​​​បាន​​​ឡើយ​​​ ពីព្រោះ​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​មាន​​​កាំភ្លើង​​”៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស