28 C
Phnom Penh

NGOផ្ដើម​កិច្ច​ខំប្រឹង​ប្រែង​ថ្មី​ដើម្បី​ជួយ​កុមារ​មិនទាន់​ចុះ​ឈ្មោះ​ចូល​រៀន​រាប់​ពាន់​នាក់​ឲ្យ​បាន​ចូល​រៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បច្ចុប្បន្ន​ កុមារ​ដែល​គ្រប់​អាយុ​ចូល​រៀន​នៅ​ថ្នាក់​បឋម​សិក្សា​ជាង​៥៧.០០០​នាក់​នៅ​ទូទាំង​ប្រទេស​ កំពុង​​ខក​ខាន​ឱកាស​សិក្សា​ នេះ​បើ​យោង​តាម​សមាគម​កម្ពុជា​ដើម្បី​កុមារ​ក្រៅ​សាលាហៅ​កាត់​ថា​ CCOSC ជា​ក្រុម​ថ្មីមួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អនុវត្ត​ការ​ជំរុញ​ឲ្យ​កុមារ​កម្ពុជា​បាន​ចុះឈ្មោះ​​ចូល​រៀន​។

អង្គការ​អភិវឌ្ឍន៍​ក្នុង​ស្រុក និងអង្គការ​អភិវឌ្ឍ​ន៍​អន្តរជាតិ​សរុប​ចំនួន​១៧​ បាន​ចូល​រួម​ជាមួយ​គ្នា​នៅ​ក្នុង​បេសកកម្ម​​ ” មិន​ធ្លាប់​មាន​ពីមុន​មក”​ ដើម្បី​ជួយ​ចុះឈ្មោះ​កុមារ​ដែល​​មិន​បាន​ចូល​សិក្សា​តាម​រយៈ​សមាគម​ថ្មី​នេះ​ ហើយ​ធានា​ថា ក្មេងៗ​​បន្ត​ទៅ​​រៀនទៀង​ទាត់​​។

ដោយ​​ចាប់​ផ្ដើម​ជាផ្លូវ​ការ​កាលពី​ម្សិលមិញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ដែល​នឹង​ក្លាយ​ជាប្រធាន​​ក្រុម​ប្រឹក្សា​ភិបាល​​ថ្នាក់​ជាតិ​​នៅ​ក្នុង​គម្រោង​ដែលមាន​ទំហំ​ទឹក​ប្រាក់​២០​លាន​ដុល្លារ​នេះ សមាជិក​របស់ CCOSC និយាយ​ថា ខ្លួន​នឹង​ធ្វើ​ការ​ជាមួយ​កុមារ​ងាយ​រងគ្រោះ​​ គ្រូបង្រៀន​ ក្រុម​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​​​ដើម្បី​ស្វែង​រក​វិធី​ជួយ​ឲ្យ​កុមារ​ទាំង​អស់​នោះ​បាន​ចូល​រៀន​។

យោងតាម​អង្គការ​ Aide et Action ​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​អប់រំ​ ដែល​ដឹកនាំ​គំនិត​​ផ្ដួច​ផ្ដើម​​រយៈពេល​៣ឆ្នាំ​កន្លះ​នេះ ​បាន​ឲ្យ​ដឹង​ថា អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​បឋម​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជាមាន​៩៦ភាគរយ​នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១៣-២០១៤។ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​នេះ​បាន​លើក​ឡើង​​ថា ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១២​ កុមារប្រហែល​៨ភាគរយ​​បាន​ចុះ​ឈ្មោះ​ចូល​រៀន ប៉ុន្តែ​បាន​ឈប់រៀន​វិញ​​ទាំង​មុនពេល​ពួកគេ​មាន​ឱកាស​រៀន​បញ្ចប់​ថ្នាក់​ទី១​ទៅទៀត ដោយ​​ធ្វើ​ឲ្យ​​និរន្តរភាព​នៃ​ការ​សិក្សា​​ក្លាយ​ជា​បញ្ហា​ប្រឈម​ធំ​មួយ​ក្នុង​ចំណោម​បញ្ហា​ធំៗបំផុត។

លោក វ៉ន សម្ផស្ស ​នាយកអង្គការ​​ Aide et Action ប្រចាំ​ប្រទេស​កម្ពុជា​​ បាន​មាន​ប្រសាសន៍​ថា សមាគម​ថ្មី​នេះ​នឹង​ប្រើ​ប្រាស់​ចំណេះ​ដឹង​មាន​ស្រាប់​​របស់​អង្គការ​ដែល​ពាក់​ព័ន្ធ ទាំង​នោះ​ ដើម្បី​ផ្ដោត​គោល​ដៅ​ទៅ​លើ​កុមារ​​ដែល​មាន​ភាគរយ​ច្រើន​ជាង​គេ​ក្នុង​ការ​ខក​ខាន​ឱកាស​ចូលរៀន​ កុមារ​ក្រីក្រ​ កុមារ​​មកពី​ក្រុមគ្រួសារ​ជនជាតិ​ដើម​ភាគតិច​ ឬ​កុមារ​ដែល​រស់​នៅ​តាម​តំបន់​ជនបទ​ ឬ​នៅ​តាម​ផ្លូវ​។

លោក​បានមាន​ប្រសាសន៍​ថា ” យើង​មិន​មែន​ធ្វើ​រឿង​ថ្មីទេ ប៉ុន្តែ​យើង​​កំពុង​ប្រើ​ប្រាស់​ការ​អនុវត្ត​ល្អ​របស់​យើង​ ដើម្បី​ចូលទៅ​ឲ្យ​ដល់​កុមារ​​ជា​ច្រើន​​ទៀត។ ដូច្នេះ​ពាក់​ព័ន្ធ​នឹងជំនាញ​​គឺ​យើង​មានរួច​ហើយ ប៉ុន្តែ​យើង​កំពុង​​រួម​គ្នា​ពង្រឹង​”​។

លោក ជេម សាត់ដឺលែន (James Sutherland) មន្ត្រី​សម្រប​សម្រួល​​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៅ​អង្គការ​មិត្ត​សំឡាញ់​អន្តរជាតិ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ដែល​ឧបត្ថម្ភ​គាំទ្រ​កុមារ​​ប្រឈម​​ហានិភ័យ និង​ដែល​ជា​សមាជិក​​របស់​ CCOSC ដែរ​នោះ​ បានមាន​ប្រសាសន៍​ថា កុមារ​ដែល​មិន​បាន​ចូល​រៀន​ ចាំបាច់​ត្រូវ​​ទទួល​បាន​​ការ​ផ្ដល់​ឱកាស​​ចូល​សិក្សា។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ការ​អប់រំ​មាន​សារៈសំខាន់​សម្រាប់​កសាង​អនាគត។ បើ​គ្មាន​ការ​អប់រំ​ទេ វា​មាន​ការ​ពិបាក​ណាស់​ក្នុង​ការ​ទទួល​បាន​ការ​ងារ និង​​ជោគ​ជ័យក្នុង​ជីវិត​​​របស​់​អ្នក​។ កម្មវិធី​របស់​យើង​កំពុង​តែ​ខិត​ខំ​យ៉ាង​ខ្លាំង​ ដើម្បី​ជួយ​​កុមារ​ឲ្យ​បានចូល​រៀន​នៅ​តាម​សាលា​ ឬ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ ដូច្នេះ ការ​​ជួយ​កុមារ​បាត់​បង់​ឱកាស​ឲ្យ​ចេញ​ផុត​ពី​ស្ថានភាព​នេះ​ នឹង​ធ្វើ​ឲ្យ​ពួកគេ​​ក្លាយ​ជាមនុស្ស​មាន​ប្រយោជន៍​ និង​រួម​ចំណែកជួយ​ដល់​សង្គម​”៕ សុខុម​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស