40.9 C
Phnom Penh

លោក ប៉ែន សុវណ្ណ ស្លាប់​​​មួយ​​​ចំហៀង​​​ខ្លួន​​​ ប៉ុន្តែ​​​បាន​​​ធូរស្រាល​​​ពី​​​ជំងឺ​​​ដាច់​​​សរសៃ​​​ឈាម​​​ក្នុង​​​ខួរ​​​ក្បាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំ​​​ពាក្យ​គណ​​​បក្ស​ប្រឆាំង​បាន​និយាយ​កាលពី​ម្សិលមិញ​ថា លោក ប៉ែន សុវណ្ណ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​កំពុង​ត្រៀម​ខ្លួន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​​​ហើយ​​​ បន្ទាប់ពី​ទៅ​ព្យាបាល​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​​កាល​​​ពី​​​ខែ​​​មុន​ក្នុង​ប្រទេស​សិង្ហបុរី ដែល​ធ្វើ​ឲ្យ​លោក​​ស្លាប់​មួយ​ចំហៀង​ខ្លួន។

យោង​តាម​លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​​​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា លោក ប៉ែន សុវណ្ណ ដែល​ជា​​នាយក​រដ្ឋមន្ត្រី​លើក​ដំបូង​​​ក្នុង​​​ប្រទេស​​​កម្ពុជារយៈពេលខ្លី​​​​ក្រោយ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៨១​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​កាលពី​ថ្ងៃ​សុក្រ ហើយ​ឥឡូវ​នេះ​លោក​បាន​ធូរ​ស្រាល​ពី​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ​ហើយ​​​កំពុង​​​ស្នាក់​នៅ​សណ្ឋាគារ​មួយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “លោក ប៉ែន សុវណ្ណ បាន​ចេញ​មន្ទីរ​ពេទ្យ​ទៅ​​​សម្រាក​ក្នុង​សណ្ឋាគារ​មួយ​រហូត​ដល់​លោក​ត្រូវ​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​វិញ។ គាត់​មិន​ដូច​ពី​មុន​ទេ ចាប់​តាំង​ពី​យើង​បាន​សង្គ្រោះ​ជីវិត​របស់​គាត់​​​មក។ គាត់​ស្លាប់​មួយ​ចំហៀង​ខ្លួន​។ ខ្ញុំ​ទទួល​បាន​​​ព័ត៌មាន​ថា ផ្នែក​ខាង​ស្ដាំ​នៃ​រាង​កាយ​របស់​គាត់​​​​កម្រើក​មិន​រួច​ឡើយ”។

ប៉ុន្តែ​លោក យ៉ែម បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​នឹង​មិន​ដាក់​​​អ្នក​ជំនួស​លោក​ ប៉ែន សុវណ្ណ ​អាយុ​៧៨​ឆ្នាំ ជា​សមាជិក​សភា​មួយ​​​រូប​ក្នុង​ចំណោម​សមាជិក​សភា​៥៥រូប​ បើ​ទោះ​ជា​ឥឡូវ​នេះ​លោក​ស្លាប់​មួយ​ចំហៀង​ខ្លួន​ក៏ដោយ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​រក្សា​តួនាទី​នេះ​សម្រាប់​គាត់ រហូត​ដល់​តួនាទី​របស់​គាត់​អស់​សុពលភាព​។ ឥឡូវ​នេះ​គាត់​បាន​ធូរស្រាល​ច្រើន​ហើយ ប៉ុន្តែ​គាត់​មិន​អាច​និយាយ​កើត​ទេ​​​​ឥឡូវ​នេះ ពីព្រោះ​គាត់​អាច​បើក​ភ្នែក​ និង​ស្ដាប់​បាន​តែ​ប៉ុណ្ណោះ​”។

លោក បុញ្ញឫទ្ធិ បាន​បន្ថែម​ថា ​”ចំណាយ​​​ទឹកប្រាក់​​​​សរុប​ប្រហែល​១០០.០០០​ដុល្លារ​” ដោយ​លោក​ពន្យល់​ថា ភាគ​ច្រើន​នៃ​ប្រាក់​សម្រាប់​ព្យាបាល​​លោក ប៉ែន សុវណ្ណ បាន​មក​ពី​ការ​បរិច្ចាគ។ ឥឡូវ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ស្វែង​រក​មូលនិធិ​បន្ថែម​ដើម្បី​ជួយ​​គាត់។ យើង​កំពុង​ព្យាយាម​ជួយ​គាត់​​ទាក់​ទង​ការ​ចំណាយ​ថ្លៃ​ថ្នាំពេទ្យ”។

លោក ប៉ែន សុវណ្ណ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ស្ពឺ​ ដែល​គណបក្ស​ប្រឆាំង​​ទទួល​បាន​​៣អាសនៈ​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

លោក​ ប៉ែន សុវណ្ណ បាន​ចំណាយ​ពេល​​ភាគច្រើន​​​​​​រយៈ​​​ពេល​​​ជិត​៣​ទសវត្សរ៍​ក្រោយ​​​​ក្នុង​ទីក្រុង​ហាណូយ រហូត​ដល់​លោក​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជាមួយ​ក្រុម​ផ្ដាច់​ខ្លួន​ខ្មែរក្រហម​ក្នុង​ឆ្នាំ​១៩៧៩ ដើម្បី​បង្កើត​របប​ថ្មី​មួយ​ដែល​គាំទ្រ​ដោយ​វៀតណាម​ជាមួយ​មេដឹកនាំ​បច្ចុប្បន្ន​ជាច្រើន​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​​ត្រូវ​បាន​បង្ខំឲ្យ​​​ចាក​​​ចេញ​ភ្លាម​​​ៗ​បន្ទាប់ពី​ត្រូវ​បាន​តែង​​តាំង​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​១៩៨១ ហើយ​ត្រូវ​បាន​បញ្ជូន​​​ទៅ​​​ឃុំខ្លួន​​​ក្នុង​ទីក្រុង​ហាណូយ​​​វិញ​​​​រយៈ​ពេល​១ទសវត្សរ៍៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស