27 C
Phnom Penh

អគ្គិសនី​កម្ពុជា​ចាប់ផ្តើម​ដំណើរការ​ដាក់​កុងទ័រ​ភ្លើង​តាម​បន្ទប់​ជួល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពីរ​សប្តាហ៍​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អំពី​ការ​ផ្តួច​ផ្តើម​របស់​រដ្ឋាភិបាល​ដើម្បី​កាត់​បន្ថយ​តម្លៃ​ដែល​កម្មករ​ចំណាយ​លើ​អគ្គិសនី ដោយ​លែង​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​យក​តម្លៃ​លើស​ពី​អ្នកជួល​ផ្ទះ អគ្គិសនី​រដ្ឋ EdC បាន​ចាប់​ផ្តើម​ដំណើរការ​ដាក់​កុងទ័រ​របស់​ខ្លួន​ផ្ទាល់​នៅ​តាម​បន្ទប់​ផ្ទះ​ជួល​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ដែល​បាន​ចុះ​ទៅ​មើល​ប្លុក​ផ្ទះ​ល្វែង​ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ ជាមួយ​មន្ត្រី​សាខា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​មាន​ប្រសាសន៍​ថា ផែនការ​នេះ​គឺ “ល្អ​សម្រាប់​អ្នកជួល​បន្ទប់​ស្នាក់​នៅ ល្អ​សម្រាប់​ម្ចាស់​ផ្ទះ​ជួល ល្អ​សម្រាប់​អគ្គិសនី​កម្ពុជា”។

ទោះជា​ម្ចាស់​ផ្ទះ​ជួល​បាន​សំដែង​ការ​មិន​ពេញចិត្ត​របស់​ខ្លួននឹង​ផែនការ​នេះ​ក្នុង​កិច្ច​ប្រជុំ​ដំបូង​ជាមួយ​អគ្គិសនី​កម្ពុជា​កាលពី​សប្តាហ៍​មុន​ក៏ដោយ ក៏​លោក កែវ រតនៈ បាន​មាន​ប្រសាសន៍​ថា ម្ចាស់​ផ្ទះ​ជួល “សប្បាយ​រីករាយ” ពីព្រោះ​ពួកគេ​មិន​បាច់​ថែរក្សា​បណ្តាញ​ខ្សែ​អគ្គិសនី​របស់​ខ្លួន និង​ទទួល​រង​ការ​ខាតបង់​ទៀតទេ។

គម្រោង​នេះ​នឹង​ជួយ​អ្នក​ជួល​បន្ទប់​បង់​ប្រាក់​ចន្លោះពី៦១០​ទៅ​៨២០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ដោយ​ផ្ទាល់​ទៅ​អគ្គិសនី​កម្ពុជា ពោលគឺ​ថយ​ចុះ​ពី​តម្លៃ​ដែល​លោក រតនៈ បាន​និយាយ​ថា ជា​តម្លៃ​ដល់​ទៅ​២.៥០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ដែល​យក​ដោយ​ម្ចាស់​ផ្ទះ​ជួល។

លោក​បាន​និយាយ​ថា “មាន​អ្នក​ដែល​កេងចំណេញ​ពី​ប្រព័ន្ធ​នេះ និង​តម្លើង​តម្លៃ”។ លោក​បាន​បន្ថែម​ថា សេចក្តី​រាយការណ៍​ដែល​ថា​កម្មករ​មិន​សប្បាយ​ចិត្ត​ព្រោះ​ត្រូវ​បង់​ប្រាក់​កក់​៣០.០០០​រៀល​សម្រាប់​ប្រអប់​ភ្លើង​ថ្មី​ គឺជា​”ការ​បំផ្លើស”។

លោក​បាន​និយាយ​ថា “វា​មិនមែន​ជា​បញ្ហា​សម្រាប់​កម្មករ​ទេ”។ លោក​បាន​ពន្យល់​ថា ការ​សន្សំ​ប្រាក់​ពី​ការ​រៀបចំ​ថ្មី​នេះ បាន​ច្រើន​ណាស់។

រិន ស្រីមុំ ជា​កម្មករ​កាត់ដេរ​អាយុ​២៥​ឆ្នាំ បាន​និយាយ​ថា នាង​រំភើប​ចិត្ត​ជាមួយ​គម្រោង​ថ្មី​នេះ។ នាង​និយាយ​ទៀត​ថា “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​ឥឡូវ​ខ្ញុំ​មិន​បាច់​ត្រូវ​ចំណាយ​ច្រើន​ដូច​ពីមុន​ទៀត”។

អគ្គិសនី​កម្ពុជា​មាន​គម្រោង​ចំណាយ​ប្រហែល​២​លាន​ដុល្លារ​សម្រាប់​ប្រអប់​ភ្លើង​៤០.០០០​នៅ​ក្នុង​ក្រុង​ភ្នំពេញ។ នៅ​ពេល​ប្រកាស​ការ​ផ្តួចផ្តើម​នេះ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា វា​ក៏​នឹង​ត្រូវ​អនុវត្ត​នៅ​តាម​តំបន់​ខេត្ត​នានា ដែល​កម្មករ​ជួល​បន្ទប់​ស្នាក់​នៅ​ដែរ៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស