29 C
Phnom Penh

TAG

topstory

គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​ផែន​ការ​​ជួ​បប្រ​ជុំ​នៅ​ថ្ងៃ​អាទិត្យ​​

លោក​ កឹម​ សុខា​ អនុ​ប្រធាន​គណ​ប​ក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​កាល​ពីម្សិល​មិញ​ថា គណបក្ស​ប្រឆាំង​នឹង​បន្តអនុវត្ត​​ផែ​នការ​របស់​ខ្លួន ​ក្នុង​ការធ្វើ​បាតុកម្ម​រៀង​រា​ល់សប្តាហ៍​ជាលើក​ដំបូង​ក្នុង​រាជ​ធានី​ភ្នំពេ​ញ​​ និង​នៅ​ទូទាំង​ប្រទេស​នា​ថ្ងៃ​អាទិត្យ​។ កាល​ពីថ្ងៃ​អង្គារ​ គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ការ​ដង្ហែ​ក្បួន​ក្នុង​រាជធានី​ភ្នំ​ពេញ​ និង​ក្រុង​សៀម​រាប​ ដោ​យ​លោក​​ ស​ម​ រង្ស៊ី ប្រធាន ​គណ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ដំណើរ​តាម​​យន្ត​ហោះ​ឆ្ពោះ​ទៅ​​ខេត្ត​សៀ​ម​រាប ដែល​ស្ថិត​នៅភាគ​ខាង​លិច​នៃប្រទេ​​ស​កម្ពុជា​​ នា​ពេល​រសៀល​ ដើម្បី​ដឹក​នាំ​ការ​ជួប​ជុំ​ជាលើក​​ដំបូង​នៅ​ក្រៅ​រាជ​ធា​នី ចាប់​តាំ​ង​ពី​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដាមក​។ លោក ​កឹម​ សុខា បាន​ថ្លែង​ថា បន្ទាប់​ពី​ផែន​​ការ​​ជួប​ជុំ​គ្នា​នៅសៀម​រាប ដែល​មាន​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចំនួន​ប្រហែល​១៥.​០​០០នាក់​ចេញ​មក​ស្វាគម​ន៍​ ទទួល​ជោគ​ជ័​យ​ គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​វិល​ត្រឡប់​មក​កាន់​ទីលាន​ប្រជាធិបតេយ្យ​វិញ​ក្នុង​រាជ​ធានី​ភ្នំពេញ​ក្នុង​ថ្ងៃអាទិត្យ​នេះ ហើយ​​បន្ទា​ប់​នេះ​គណបក្ស​នេះ​នឹង​ពង្រីក​កម្មវិធី​​ជួប​ជុំ​លើស​ពី​ទីក្រុង​នេះ​។ លោក​បាន​ថ្លែង​ថា​ “ យើង​នឹង​ធ្វើ​ការ​ជួប​ជុំ​គ្នា​រៀង​រាល់​ថ្ងៃ​អាទិត្យ ហើយ​យើង​នឹង​ធ្វើ​នៅ​​ភ្នំពេញ ឬ​នៅ​តាម​ខេត្ត​”។ លោក កឹម សុខា បាន​ថ្លែង​ថា មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​​ប្រជុំ​គ្នា​នៅ​ថ្ងៃ​នេះ​​ ដើម្បី​ពិភាក្សា​​អំពី​គម្រោង​ផែ​ន​ការ​ជាក់​លាក់​របស់​ខ្លួន ​ក្នុង​ការ​ធ្វើ​ការ​ប​ន្ត​កម្មវិធី​ជួប​ជុំ​នៅ​ថ្ងៃ​អាទិត្យ​។ ​លោក សម រង្ស៊ី បាន​​ប្រកាស​ជា​លើ​ក​ដំបូង កាល​ពីថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ថា គណ​ប​ក្ស​នេះ​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ជួប​ជុំ​ប្រឆាំង​រដ្ឋាភិ​បាល​នៅ​ក្រៅ​រាជធានី​ភ្នំពេញ។គិត​រហូត​មក​ទល់​ពេល​នេះ​ គេ​ឃើញ​​មាន​​បាតុ​ក​ម្ម​​​ និង​ការ​ដង្ហែក្បួនទ្រង់​ទ្រាយ​ធំ​បីលើកនិង​​មាន​​មនុស្ស​ចូល​រួម​ប្រមាណជា​​២៥.​០​០​០នាក់​​។ លោក​...

​​​សំឡេង​​​រណារយន្ត​​​និង​​​រថយន្ត​​​ដឹក​​​ឈើ​​​​​​លាន់​​​ឭកងរំពងពេញ​​​ព្រៃ​​​​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​លំផាត់​​​

ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​,​ ខេត្ត​រតនគិរី-​នៅពីក្រោយ​ជញ្ជាំង​ច្រេះ​ចាប់​នៃដេប៉ូឈើ​របស់​ក្រុម​ហ៊ុន​ដូន​ពេញ​​អាហ្គ្រីកូ សំឡេង​រណារ​យន្ត​លាន់ឮពេញ​ព្រៃ​នៅជុំវិញ​នោះ កាលពីរសៀល​ថ្ងៃ​ច័ន្ទ​។ នៅ​ពេល​ដែល​រណារយន្ត​រោទ៍​សំឡេង​ខ្លាំងៗ​​​ពេល​អារ​ឈើ​ រថយន្ត​ធុន​​​​ធ្ងន់​មួយ​គ្រឿង​​​​ដែល​ដឹក​ឈើ​ហុប​វែង​​ៗ​ និងឈើ​អារ​រួច​បាន​បើក​ចូល​តាម​​ទ្វារ​មុខ​​នៃ​ដេប៉ូឈើ​​​​របស់​​​ក្រុម​​​ហ៊ុននោះ ​ធ្វើ​ឲ្យធូលី​ហុយ​សម្ពោង​ម​កលើ​ផ្ទះ​របស់​លោក​ កែវ ស៊ូឡេង។ លោក កែវ ស៊ូឡេង អាយុ៦២​ឆ្នាំ​ ដែល​​​ធ្វើ​​​​ស្រែចម្ការ​នៅ​លើ​ដី​​ជិត​ផ្ទះ​របស់​គាត់​​រយៈ​ពេល​៣១​ឆ្នាំ​មក​នេះ​បាន​និយាយ​ថា គាត់​​ឃើញ​​​រថយន្ត​ធំៗ​​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំបួន​គ្រឿង​ដឹក​ឈើ​ចូល​ដេប៉ូនេះ​រៀង​រាល់​ថ្ងៃ​។ ការ​ដឹក​ឈើ​ចេញ​ចូល​ដេប៉ូ​នេះ​បាន​ចាប់​ផ្ដើម​កាលពីខែ​មីនា​ ប៉ុន្តែ​​​ឈប់​​​​សម្រាក​​​នៅ​រដូវ​វស្សា​ ហើយ​​​បាន​ចាប់​ផ្ដើម​ឡើង​វិញ​កាល​​ពីខែ​មុន​។ លោក ស៊ូឡេង បាន​និយាយ​ថា “ពួក​គេ​ប្រើ​រថយន្ត​ប្រាំបួន​គ្រឿង​ដឹក​ឈើ​ជារៀង​រាល់​ថ្ងៃ ទាំង​នៅ​ពេល​ថ្ងៃ​ និង​នៅ​ពេល​យប់​”។ អ្នក​ភូមិ​និង​មន្ត្រី​មូល​ដ្ឋាន​មួយ​ចំនួន​បាន​ចោទ​ក្រុម​ហ៊ុននេះ​ថា បាន​កាប់​ឈើ​នៅ​ខាង​ក្រៅ​ចម្ការ​កៅស៊ូ​ ​និង​ចម្ការ​ដូង​ប្រេង​ដែល​មាន​ការ​អនុម័ត​ពីរាជ​រដ្ឋាភិ​បាល​​របស់​ខ្លួន​ ដែល​ស្ថិត​នៅ​​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​។ អ្នក​ភូមិ​ដែល​ភាគច្រើន​ជា​ជន​ជាតិ​ភាគ​តិច​ឡាវ​ចោទ​មន្ត្រី​រដ្ឋាភិបាល​ថា មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះការ​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ដែល​មាន​ការ​ការ​ពា​រ​តិច​​តួច​នេះ​។ ពួកគេ​ក៏បាន​​​ចោទ​​​ដែរ​​​ថា ​អ្នក​កាប់​ឈើ​បាន​កាប់​ឈើ​ជ័រ​​ដែល​មាន​អាយុ​ជាង​មួយ​រយ​​​​ឆ្នាំ​​​នៅ​ក្នុង​ព្រៃ​នេះ​​ ជា​ឈើ​ដែល​ពួកគេ​ពឹង​ផ្អែក​​​​លើ​ដើម្បី​រក​ស៊ី​ចិញ្ចឹម​ជីវិត​។ យាម​នៅ​ក្នុង​ប៉ុស្តិ៍​យាម​ធ្វើ​ពីឈើ​​​នៅ​ខាង​ក្រៅ​ដេប៉ូឈើ​របស់​ក្រុម​ហ៊ុន​ដូន​ពេញ​អា​ហ្គ្រី​​​កូ លោក សាន សុភាព បាន​ពាក់​អាវ​ធំ​ពណ៌​ត្នោត​ដែល​មាន​ភ្ជាប់​​សញ្ញា​របស់​ដែន​ជម្រក​សត្វព្រៃ​លំផាត់​នៅ​លើ​ស្មា​។ លោក សុភាព បាននិយាយ​ថា គាត់​ធ្វើ​ការ​​​ឲ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​ ហើយ​ត្រូវ​បានលោក​ អ៊ូ សុធា ​កូន​ប្រុស​របស់​លោក អ៊ូ ​សុធី ប្រធាន​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ចាត់​តាំង​ឲ្យ​យាម​​ដេប៉ូ​ឈើ​របស់​ក្រុម​ហ៊ុន​នេះ​។ នៅពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​​មន្ត្រី​រដ្ឋា​ភិបាល​យាមរោង​អារ​ឈើ​របស់​ក្រុម​ហ៊ុន​​​ឯក​ជន លោក សុភាព មិននិយាយ​ទេ ​​។ គាត់​បាន​​​និយាយ​ថា “ប្រសិនបើ​លោក​ចង់​ដឹង​សួរ​ចៅហ្វាយ​ខ្ញុំទៅ ​ គាត់​ឈ្មោះ​ អ៊ូ សុធា។ ចៅ​​​ហ្វាយ​​​​ខ្ញុំ​ឲ្យ​ខ្ញុំ​មក​យាម​ក្រុមហ៊ុន​នេះ​”។ មន្ត្រីបរិស្ថាន​ និង​ជា​អ្នក​យាម​ដេប៉ូឈើ​រូប​​​នេះ​បាននិយាយ​ថា រថយន្ត​ដែល​​​ដឹក​ឈើ​ពេញៗ​ចូល​​​តាម​​​​ទ្វា​រនេះ​កាលពី​រសៀល​​​​ថ្ងៃ​​​ច័ន្ទ​​​ សុទ្ធ តែ​​​​​​បើក​​​​មកពី​ខេត្ត​មណ្ឌល​គិរី​​​នៅ​​​ជាប់​​​គ្នានោះ ឆ្ពោះទៅ​ភាគ​ខាង​ត្បួង​។ លោក សយ ថៅ​ អធិការ​នគរ​បាល​ស្រុក​លំផាត់​បាន​បញ្ជាក់​ពីកិច្ច​​​ព្រម​​​ព្រៀង​​​រវាង​​ក្រុម​​​​ហ៊ុន​​ដូនពេញ​អាហ្គ្រីកូ និង​មន្ទីរ​បរិស្ថាន​ខេត្ត​។ អធិការ​នគរ​បាល​រូប​នេះ​​​​​បាន​​​និយាយ​ថា “អ៊ូ សុធា ​ជាកូន​របស់​លោក អ៊ូ សុធី ហើយ​​គាត់​​​ដាក់​​​​​សន្តិ​សុខ​​​​នៅ​​​​ក្រុម​ហ៊ុន​នេះខ្លួន​​​ឯង​​​​ ដូច្នេះ​​​ពួកគេ​មិន​ត្រូវ​ការ​ជំនួយ​ពី​អាជ្ញាធរ​របស់យើង​ទេ​”​​​។ ក្រុមហ៊ុន​ដូន​ពេញអាហ្គ្រីកូ មាន​សិទ្ធិ​ស្រប​​ច្បាប់​​ក្នុង​ការ​កាប់​ឈើ​នៅ​ក្នុង​ដី​សម្បទាន​របស់​​​ខ្លួន​ដើម្បី​យក​ដី​ដាំ​ដើម​កៅស៊ូ និង​​ដូង​ប្រេង​។ ប៉ុន្តែ​លោក  ថៅ  បាន​ទទួល​ស្គាល់​ថា អ្នក​ភូមិ​ព្រួយ​​​បារម្ភ​អំពីការ​បាត់​បង់​ដី​របស់​ខ្លួនទៅ​លើ​ក្រុម​ហ៊ុន​នេះ​ និង​ព្រៃ​ដែ​លពួកគេ​អាស្រ័យ​ផល​នៅជុំវិញ​នោះ​។ លោក​បាន​មាន​ប្រសាសន៍អំពី​​​​ការងារ​​​​របស់​​ក្រុម​ហ៊ុន​នេះ​ថា “ឥឡូវ​​នេះ​ប្រជា​ជន​ព្រួយ​បារម្ភ ពីព្រោះ​ពួកគេ​ខ្លាច​បាត់​ព្រៃ​ឈើ និង​ដី​ស្រែ​ចម្ការ​របស់​ខ្លួន​ ហើយ​អាជ្ញាធរ​របស់​យើង​​​​​មិន​អាច​រារាំ​ង​​ពួកគេ​បានទេ ពីព្រោះ​នេះ​គឺ​ជា​​​បទ​បញ្ជា​មក​ពីថ្នាក់ជាតិ​”។ លោក គង់ ស្រ៊ុន អភិបាល​ស្រុ​ក​លំផាត់​​ក៏​បាន​បញ្ជាក់​អំពី​​​​អំណាច​​​​របស់​ សុធី និង​កូន​ប្រុស​របស់​គាត់​​លើ​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​ដែរ​ ហើយ​គាត់​​​​បាន​​​ប្រើ​​​​ពាក្យ​រិះគន់​ខ្លាំង​ៗ​មួយ​ចំនួន​​​ចំពោះ​កិច្ច​​ព្រម​ព្រៀង​នេះ​។​ លោក​បាន​មាន​ប្រសាសន៍​ថា “អ៊ូ សុធី គឺ​ជា​ប្រធាន​ដែន​ជម្រក​សត្វ​​ព្រៃ​លំផាត់​។ កូន​ប្រុស​របស់គាត់​ឈ្មោះ អ៊ូ សុធា គឺ​ជា​បុគ្គលិក​ធ្វើការ​ក្រៅម៉ោង​”។ លោក​បាន​មាន​ប្រសាសន៍​ថា “សព្វ​ថ្ងៃ​​នេះ​មាន​អ្ន​ក​កាប់​ឈើ​ខុស​ច្បាប់​ជាច្រើន​​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នេះ ហើយ​គ្មាន​នរណា​អាច​រារាំង​ពួកគេ​បាន​ទេ​ ពីព្រោះ​តំបន់​នេះ​​ស្ថិត​នៅក្រោមការ​គ្រប់​គ្រង​របស់​លោក អ៊ូ សុធី និង​កូន​​របស់គាត់​”។ អភិបាល​ស្រុក​រូប​នេះ​បាន​​ឲ្យ​ដឹង​ទៀត​ថា “បន្ទាប់ពីយើង​បាន​ទទួល​ព័ត៌មាន​ពីអ្នក​ភូមិ​ថា មាន​មនុស្ស​កំពុង​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​ យើង​បាន​ចុះ​ទៅ​ទីនោះ​ដើម្បី​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់​។ ប៉ុ​ន្តែ​យើង​មិន​ដែល​ឃើញ​អ្នក​កាប់​ឈើ​​ទាំង​នោះ​​ទេ ពីព្រោះលោក អ៊ូ សុធី និង​កូន​​របស់​គាត់​ប្រាប់​អ្នក​កាប់​ឈើ​ឲ្យ​​ចាក​ចេញពីកន្លែង​កាប់​ឈើ ហើយ​យើង​​​ឃើញ​តែ​ដើម​ឈើ​ដែល​​​គេ​​​​បានកាប់​រួច​​​ប៉ុណ្ណោះ​”។ ទាំង​អធិការ​នគរ​បាល​រូប​នេះ​ និង​អភិបាល​​​ស្រុក​​មិនមាន​​​​លេខទូរស័ព្ទ​​​របស់​​​​លោក​សុធី ឬកូន​ប្រុស​របស់​គាត់​ទេ​ ហើយអ្នក​ដែល​​​មាន​​​លេខ​​​ទូរស័ព្ទ​​​​​​របស់​​​ពួកគេ​​​ក៏​មិន​ព្រម​​​ប្រាប់​​​ដែរ​។ លោក ស៊ន សុវណ្ណសុង ដែលជា​​​ប្រធាន​​​ផ្នែក​​​​​​នៅ​​​​ដែន​​​ជម្រក​សត្វ​ព្រៃ​​​ស្រុក​លំផាត់ បាននិយាយ​ថា គាត់​​មិន​ត្រូ​វ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​ ឬ​ប្រាប់​​លេខ​ទូរស័ព្ទ​របស់លោក​ សុធី ទេ។ លោក សុវណ្ណសុង បាននិយាយ​ថា “ខ្ញុំ​មិន​ហ៊ាន​ប្រាប់​លេខ​ទូរស័ព្ទ​របស់​គាត់​ទេ ព្រោះ​គាត់​បាន​ហាម​ឃាត់​បុគ្គលិក​របស់​គាត់​ទាំង​អស់​មិន​ឲ្យ​​ប្រាប់​លេខ​ទូរស័ព្ទ​របស់​គាត់​ទៅ​អ្នក​ដទៃ​ឡើយ​​​។ គាត់​បាន​បង្វែ​រ​សំណួរ​ឲ្យ​ទៅសួរ​លោក ជូ​ សុភ័ក្ត្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី ដែល​​​បាន​​បដិសេធមិន​និយាយ​អំពី​រឿង​នេះ​។ កាលពីខែ​មុន​លោក សុភ័ក្ត្រ ​បាន​ប្រាប់​កាសែ​ត​ ឌឹ ខេមបូឌា ដេលី ថា ព្រំប្រទល់​របស់​​​​​ក្រុម​ហ៊ុន​ដូន​ពេញ​អាហ្គ្រីកូ មិនទាន់​បាន​កំណត់​​​​ច្បាប់​លាស់​ទេ​ ដូច្នេះ​គេ​មិន​ដឹង​ថា តើ​ក្រុម​ហ៊ុន​​​នេះ​កាប់​ឈើ​នៅ​ក្នុង​ឬក្រៅ​ដីសម្បទាន​ដែល​​​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​ខ្លួននេះ​​​ឬ​យ៉ាង​ណា​ទេ​។ លោក​បាន​​​ទទួល​​​ស្គាល់​​​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​មួយ​ចំនួន​ប្រហែលជា​កើត​ឡើង​នៅ​ក្នុង​តំបន់នេះ​។ អ្នក​ភូមិ​មូ​ល​ដ្ឋាន​បាន​អះអាង​ថា កា​រ​កាប់​​​ឈើ​​ជ័រ និង​ប្រភេទ​ឈើ​កម្រ​ផ្សេង​ៗ​ទៀត​​​​​កំពុង​កើត​មាន​យ៉ាង​ច្រើន​នៅ​ខាង​ក្រៅ​​​​ព្រំ​​​ប្រទល់​​​ដី​សម្បទាន​។ មេឃុំនិង​អភិបាល​ស្រុ​ក​​​នេះ​បានគាំទ្រ​ការ​អះអា​ងទាំង​នេះ​។ បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ម៉ោង​ពីភូមិ​​ស្រែឈូក​របស់​គាត់​នៅ​​ភាគ​ខាង​ត្បូង​មាត់​ទន្លេ​ស្រែពក ចូល​ជ្រៅ​ទៅក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​នេះ លោក ខែម សុខា បាន​ជាន់​ពី​​​លើ​ដើម​ឈើ​ទាល​ដែល​ទើប​កាប់​​​ថ្មីៗ​ទុក​នៅ​ទីនោះ​។ លោក​ ខែម សុខា ​និង​ជន​ជាតិ​ភាគតិច​ឡាវ​​​ដែល​រស់​នៅ​ក្នុង​ផ្ទះតូ​ច​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីទីនោះ​សម្រាប់​ធ្វើ​ស្រែចម្ការ​ នេសាទ​​​ត្រី និង​យក​ជ័រ​ឈើ​ទាល​ ​និយាយ​​ថា “តើ​លោក​ដឹ​ងទេ​...

ក្រុម​អ្នក​តវ៉ា​​បន្ត​សកម្មភាព​​ប្រ​មូល​ផ្តុំ​ និង​ដង្ហែក្បួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពញ

ក្រុមអ្នក​តវ៉ា​មួយក្រុម​​តូច​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេ​ញពីសួន​ច្បារ​មុខ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​កាល​ពីយប់ថ្ងៃ​អង្គារ​ បាន​បន្ត​​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​​ចុះចេញ​ពី​តំណែង​កាល​ពី​ម្សិលមិញ​ ដោយ​លើក​នេះ​ក្រុម​នេះ​បាន​ជួប​ជុំ​គ្នា​នៅ​មុខ​ស្ថាន​ទូត​បារាំង​ និង​ដើរ​ក្បួន​ជុំ​វិញ​រាជធានីភ្នំពេញ​។ ក្រុម​អ្នក​តវ៉ា​ ដែល​មាន​សមាជិកវ័​យ​ចំណាស់​ប្រហែល​​១២នាក់​ ត្រូវ​បាន​នាំ​ខ្លួនទៅ​វត្ត​មួយ​ក្នុ​ងខណ្ឌ​ប្ញស្សី​កែវ​ កាល​ពីយប់​ថ្ងៃ​អង្គារ​ ដោយ​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ បន្ទាប់​ពីពួកគាត់​បាន​ចំណាយ​ពេល​​នៅ​ខាង​ក្រៅ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​​ ​ក្នុ​ង​ថ្ងៃទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។ លោក កែវ​ សាន អាយុ​៦៤​ឆ្នាំ តំណាង​ក្រុម​អ្នក​តវ៉ា​នេះ​ ដែលមានឈ្មោះ​ហៅក្រៅ​ថា ស្បៃ​វែង​ និយាយថា “អាជ្ញាធរ​ចង់​យក​ឧគ្ឃោសន​សព្ទ របស់​យើង​ទុក​ ក៏​ប៉ុន្តែ​យើង​មិន​អាច​បណ្តោយ​ ឲ្យ​ពួក​គេ​ធ្វើ​បែប​នេះ​បាន​ទេ​ ហើយ​ប្រសិន​បើ​ពួក​គេ​មក​យក​វា​ យើង​នឹង​វាយ​បក​​ពួកគេ​ វិញ​ ពីព្រោះវា​គឺជា​វិធី​តែ​មួយ​គត់​ដែល​យើង​ អាច​ប្រើ​ប្រាស់​ ដើម្បី​ផ្សព្វផ្សាយ​ទស្សន​របស់​​យើង​​”។ លោក​បានលើ​កឡើង​បន្ត​ទៀត​ថា “ពួកគេ​និយាយ​ថា សកម្មភាព​ដើរ​ក្បួន​របស់​ពួក​យើង​គឺជា​រឿង​ខុស​ច្បាប់​ ហើ​យ​បាន​ប្រាប់​យើង​ឲ្យ​ឈប់​ដើរ​ក្បួន​។ ពួកគេ​មិន​អនុញ្ញាត​ឲ្យ​ពួក​យើង​ទៅដល់​គោល​ដៅ​របស់​ពួក​​យើង​ទេ​ ហើយ​ចង់​បាន​ឧគ្ឃោសន​សព្ទរបស់​ពួក​យើង​ ក៏​ប៉ុន្តែ ពួក​យើង​មិន​ព្រម​ទេ​ ហើយ​ប្រសិន​បើ​ពួក​​គេ​ចង់​បាន​វា​ ពួកគេ​ត្រូវ​សម្លាប់​យើង​ជាមុន​សិន​”។ ក្រុម​នេះ​ត្រូវ​បាន​អះអាង​ថា មាន​ការ​ពាក់​​ព័ន្ធ​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៍​ប៉ុន្តែ លោក​ស្រី មូរ សុខ​ហួរ​ ប្រធាន​កិច្ច​ការ​សាធារណៈ​របស់​គណបក្ស​នេះកាល​ពីថ្ងៃ​អង្គារបាន​អះអាង​ថា គណបក្ស​ប្រឆាំង​ មិន​មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​បុព្វហេតុ​របស់​ក្រុម​នេះ​ទេ​។ ពួក​គេ​បាន​និយាយ​ថា ពួកគេ​សង្ឃឹម ​ថានឹង​តតាំង​ជាមួ​យ​រដ្ឋាភិបាល​​ជុំ​វិញ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពីខែ​កក្កដា ដែល​បាន​បង្ក​ឲ្យ​មាន​វិវាទ​កើត​ឡើង​។ នៅ​វេលា​ម៉ោង​៨​ព្រឹក​ កាល​ពីម្សិលមិញ​ពួកគេ​ត្រូវ​បាន​ស្នើ​ឲ្យ​ចាក​ចេញ​ពី​មុខ​ស្ថាន​​ទូត​បារាំង​ និង​បាន​ឈប់​នៅវត្ត​កោះ​ ដែល​ត្រូវ ​បាន​បិទ​វេលាម៉ោង​ប្រហែល​១១ព្រឹក​។ នៅ​​ទីនោះ​ពួកគេ​បាន​​ជួប​​លោក ឃួង​ ស្រេង​ អភិបាល​រង​រាជធានី​ភ្នំពេញ​ តំណាង​សង្កាត់​មួយ​រូប និង​នគរបាល​ចរាចរ​។ បន្ទាប់​ពីមាន​ការ​ចរចា​គ្នា​ពីរលើក​ ក្រុម​អ្នក​តវ៉ា​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​វត្ត​​កោះ​ ដោយ​ព្រះសង្ឃ​ប្រាំមួយ​អង្គ​ ដែល​បាន​ មាន​សង្ឃដីកាថា អាជ្ញាធរ​គ្មាន​សិទ្ធិ​បិទ​ក្លោង​ទ្វារ​វត្ត​ទេ​។ បន្ទាប់​មក​ពួ​កគេ​ក៏​បាន​ធ្វើ​ដំណើរ​ ទៅ​ទីលាន​ប្រជាធិបតេយ្យ​ បន្ទាប់​​ពី​មិន​យល់​ព្រម​ត្រឡប់​ទៅស្ថាន​ទូត​បារាំង​ ឬ​ក៏​ទៅ​កាន់​ស្ថាន​ទូត​ជប៉ុនតាម​ផែនការ​របស់​ពួក​គេ​។ ទោះ​បី​ជាយ៉ាង​ណា​ នៅ​វេលា​ម៉ោង​២​​​រសៀល​​ ពួកគេ​បាន​ជួប​​អ្នក​តវ៉ា​មួយ​ក្រុម​​ដែល​មក​ពី​សហ​គមន៍​បឹង​កក់​ ហើយ​ក៏​បាន​ត្រឡប់ទៅ​ស្ថាន​ទូត​បារាំង​វិញ​ ជា​ហេតុ​ធ្វើ​ឲ្យ​នគរបាល​មាន​ការ​ស្រងាក​ចិត្ត​ ដោយ​សារ​តែ​ខ្លួន​បាន​ព្យាយាម​ជំរុញឲ្យ​ពួកគេ​ត្រឡប់​ទៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ​ ក៏​ប៉ុន្តែ ទទួល​បរាជ័យ​ក្នុងការ​ធ្វើ​បែប​នេះ​។ លោក ជូន ណារិន ស្នង​ការ​រង​នគរ​បាល​រាជធានី​​បាន​មាន​ប្រសាសន៍ថា “យើង​បាន​ឯកភាព​គ្នា​ថា ពួកគេ​នឹង​ត្រឡប់​ទៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ​ ក៏​ប៉ុន្តែ ឥឡូវ​នេះ​ម៉េច​បាន​ជា​ពួកគេ​ដូរ​ចិត្ត​ និង​ចង់ទៅ​​ស្ថាន​ទូត​បារាំង​ទៅ​វិញ​?”។ នៅឯស្ថាន​ទូត​បារាំង​ក្រុម​អ្នក​តវ៉ា​​បាន​ប្រគល់​ញាត្តិមួយ​ ដើម្បី​អំពាវ​នាវ​សុំ​ជំនួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​​ “គោរព​ច្បាប់​”  និង​គោរព​កិច្ច​ព្រម​​ព្រៀ​ង​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១​”។ អ្នក​តវ៉ា​មួយ​រូប​បាន​និយាយ​ថា  “យើង​មិន​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់​ទេ​”។ អ្នក​តវ៉ា​មួយ​រូប​ផ្សេងទៀត​ឈ្មោះ អ៊ុក​ពេជ្រ​ សំណាង អាយុ​៥៥ឆ្នាំ បាន​លើក​ឡើង​ថា ក្រុម​អ្នក​តវ៉ា​នេះ​នឹង​បន្ត​ប្រមូល​ផ្តុំ​គ្នា​នៅវត្ត​ភ្នំ​ ដែល​មាន​កម្លាំង​កង​រាជអាវុធ​ហត្ថ​យ៉ាង​តិច​១០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​​ បន្ទាប់​ពី​ពួកគេ​ទៅ​ដល់​។ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា “ប្រសិន​បើ​យើង​នៅស្ងៀម​ស្ងាត់​ពួកគេ​នឹង​មិន​ខ្វល់​ពីពួកយើង​ទេ​។ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ឲ្យ​គេ​ឮ​សំឡេង​របស់​ពួក​យើង​ ដើម្បី​ស្វែង​រក​យុត្តិធម៌​សម្រាប់​ប្រជាជន​យើង”៕ សុធា​

ការប្រារព្ធ​​​ទិវា​​​សិទ្ធិ​​​មនុស្ស​​​ប្រកបដោយ​​​សន្តិវិធី និង​​​គ្មាន​​​ហិង្សា

កាលពីម្សិលមិញអង្គការ​សិទ្ធិមនុស្ស​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ល្បឿន​កែទម្រង់​ប្រព័ន្ធ​តុលាការ បញ្ចប់​ការ​​​​ទន្ទ្រាន​​​​យក​ដី ធានា​ឲ្យ​​​មាន​​​សិទ្ធិ​​​​ការ​​​ងារ​​​​ជាមូល​ដ្ឋាន និង​ដោះ​​​ស្រាយ​កង្វល់​​ជាច្រើនទៀត ​នៅ​ពេល​ពិភពលោក​​ប្រារព្ធ​​​​ខួប​​​លើក​​​​ទី​៦៥​​ចាប់​តាំង​ពី​មាន​ការ​បង្កើត​សេចក្ដី​ប្រកាស​ជាសាកល​ស្ដីពី​សិទ្ធិមនុស្ស​​​នេះ​​​​មក​។ ប៉ុន្តែ​​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដោយ​សន្តិវិធី​បាន​បញ្ចប់​ដោយ​​​​ភាព​​​​ជូរចត់​​​​កាល​​​ពី​​​យប់​មិញ​​ នៅ​ពេល​ដែល​មាន​ការ​បិទ​ផ្លូវ​ចន្លោះ​​​ពី​​មហាវិថី​​ព្រះមុនីវង្ស ​និង​វត្ត​ភ្នំ​ ហើយ​​​​កង​រាជ​អាវុធ​ហត្ថ​ និង​នគរ​បាល​ប្រឆាំង​កុបកម្ម​រាប់​រយ​នាក់​បាន​បំបែក​ក្រុម​​​​អ្នក​​​​ដេក​​​តវ៉ា​​​​មួយ​ក្រុម​តូច​នៅ​​ក្រៅ​ស្ថាន​​​ទូត​អាមេរិក​​ ហើយ​ការ​បង្ក្រាប​នេះ​បណ្ដាល​ឲ្យ​យុវជន​មួយ​ក្រុម​ទៀត​គប់​ដុំថ្ម និង​ដប​សាំង​។ កាលពី​ពេល​ព្រឹក​ម្សិលមិញ​ ក្រុម​អ្នក​តវ៉ា​មួយ​ក្រុម​តូច​បាន​ប្រមូល​ផ្ដុំ​គ្នា​ដោត​ទង់​គណ​​​បក្ស​សង្គ្រោះជាតិ​នៅ​ខាង​ក្រៅ​ស្ថាន​​​ទូត​សហ​រដ្ឋ​អាមេរិក ​នៅជិត​វត្ថភ្នំ ដែល​​​នៅ​​​ទី​​​នោះក៏​​​មាន​ការ​​​ជួប​​​ជុំគ្នា​​​​​​ធំ​​​មួយ​​​​​​ដើម្បី​​​​ប្រារព្ធ​ទិវា​សិទ្ធិ​​​មនុស្ស​ដែរ​។ តំណាង​អ្នក​តវ៉ា​ម្នាក់​ដែល​បាន​ជួ​ប​ជុំ​គ្នា​នៅជិត​​ស្ថាន​ទូត​អាមេរិក​​បាន​និយាយ​ថា ​ពួក​គេ​នឹង​​​មិន​ចាក​​ចេញទេ​ រហូត​ដល់​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ចុះ​ចេញ​ពីតំណែង​។ លោកស្រី​ មូរ សុខហួរ តំណាង​រាស្ត្រ​គណ​​​បក្ស​សង្គ្រោះជាតិ បាន​ទៅ​ទីនោះ និង​​​​​​បាន​​ប្រាប់​ឲ្យ​​​ពួក​​​គេ​​​​​​បំបែក​គ្នា​ ហើយ​​​បាន​​​មាន​ប្រសា​សន៍​​​​ថា ពួកគេ​មិនជាប់​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះជាតិ​ទេ ប៉ុន្តែ​ក្រោយ​មក​លោកស្រី​បាន​ចាក​ចេញវិញ​នៅ​ពេល​ដែល​ក្រុមអ្នក​តវ៉ាទាំង​នោះ​មិន​​​ធ្វើ​​​តាម​​​សំណើ​​​របស់​លោកស្រី​។ អ្នក​តវ៉ា​ម្នាក់​បាន​និយាយ​អំពី​លោកស្រី មូរ សុខហួរ ថា  គាត់​មកទីនេះ​​ដើម្បី​បំភិត​​​បំភ័យ​យើង​” ។ អ្នក​តវ៉ារូប​នេះ​បាន​បញ្ជាក់​ថា ក្រុម​ខ្លួន​នឹង​ស្ថិត​នៅ​ក្រៅ​ស្ថាន​ទូត​នេះ​មួយ​​​យប់​។ ប៉ុន្តែ​នៅ​ពេល​យប់​​ចូល​​​មក​ដល់​​ ក្រុម​អ្នក​​​តវ៉ា​​​​ដែល​​​ស្បើយ​​​ទៅៗ​​​មក​​​នៅ​​​​ប្រហែល​​​១២​នាក់​​​​​​​អង្គុយ​កាន់​ទៀ​ន​លើ​កន្ទេល​នេះ​​ត្រូវ​​​បាន​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ ​ប្រាប់​ឲ្យ​ចាក​ចេញ​​ ខណៈ​ដែល​នៅ​ជិត​វត្ត​ភ្នំ​មាន​នគរ​បាល​ប្រឆាំង​កុបកម្ម​ និង​កង​រាជ​អាវុធ​ហត្ថ​រាប់​រយនាក់​កំពុង​ឈរ​រង់​ចាំ​បទ​បញ្ជា។ បន្ទាប់​មក​ក្រុម​សន្តិសុខ​ទាំង​នោះ​បាន​រុញ​អ្ន​ក​តវ៉ា​មួយ​ក្រុម​តូ​ច​នេះ​ឡើង​លើ​​​រថយន្ត​។ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាននិយាយ​ថា អ្នក​តវ៉ា​ទាំង​នោះ​ត្រូវ​បាន​ដឹក​​យក​ទៅ​ដាក់​នៅ​​វត្ត​​​មួយ​ក្នុង​ខណ្ឌឫស្សីកែវ​ដោយ​សុវត្ថិភាព​។ លោក ខេង ទីតូ អ្នក​នាំពាក្យ​កងរាជ​អាវុធ​​​ហត្ថ​បាន​មាន​ប្រសាសន៍​ថា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រាប់​អាជ្ញាធរកាលពីម្សិល​មិញ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​នៅ​ខាង​​​ក្រៅ​​ស្ថាន​ទូត​នេះ​។ នៅទូទាំង​រាជធានីភ្នំពេញ​កាលពីម្សិល​មិញ​មាន​ក្រុម​​​​តវ៉ា​​​ផ្សេង​ៗ​គ្នា​ ដូចជា​​​គណបក្ស​នយោ​បាយ និង​​​ព្រះសង្ឃ​ ដែល​​​បាន​​​ហែក្បួន ឬ​ជួប​ជុំគ្នា​​ដើម្បី​ប្រារព្ធ​​​ទិវា​សិទ្ធិមនុស្ស​ និង​បង្ហាញ​ពី​ការ​រំលោភ​បំពាន​​​សិទ្ធិ​របស​់​ប្រជា​ពល​រដ្ឋ​។ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​​ ​​អង្គការ​សមា​គម​ការ​ពារ​សិទ្ធិមនុស្ស​​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​​​ដែល​​​បាន​​​​លើក​ឡើង​ថា រដ្ឋា​ភិបាល​​ “ មាន​កាតព្វកិច្ច​​លើក​ស្ទួយ​ គោរព​ និង​​អនុវត្ត​សិទ្ធិមនុស្ស​ ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរ​​ជាតិ​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​បញ្ចប់​ការ​បណ្ដេញ​​​ប្រជា​ជន​ទាំង​បង្ខំ​ចេញពី​ដី និង​ស្នើ​ឲ្យ​បើក​កន្លែង​សាធារណៈ​ជា​ច្រើន​ទៀត​សម្រាប់​​​ប្រជា​​​ជន​​​​​​​ជួប​​​ជុំ​​​គ្នា​​​។ ការិយាល័យ​​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បាន​ស្នើ​ឲ្យ​មាន​​យន្ត​ការ​ទទួល​ខុស​ត្រូវ ការ​គោរព​សិទ្ធិ​មនុស្ស​​​​​ឲ្យ​មាន​តម្លាភាព និង​ការ​ចូល​រួម​ទូលំទូលាយ​ក្នុង​ការធ្វើ​សេចក្តី​សម្រេច​ ដើម្បី​​​​​​​បង្កើន​​​​ឪកាស​​​​កែ​ទម្រង់​​ឲ្យ​​​បាន​ជោគជ័យ។ ព្រឹត្តិការណ៍​​កាល​ពី​ម្សិល​មិញ​​​នេះ​​​​បាន​ចាប់​ផ្តើម​ដោយ​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​​ព្រះ​សង្ឃ​និង​​ជន​សីុវិល​រាប់​រយ​​​អង្គ​​​និង​​​​នាក់​ ដែល​ភាគ​ច្រើន​បាន​ដើរ​​មក​ពី​តាម​ខេត្ត​​​​នានា​​​អស់​រយៈ​ពេល​១០​ថ្ងៃ​ ហើយ​​​បាន​​​ប្រឆាំង​នឹង​បទ​ប​ញ្ជា​របស់​សាលា​រាជ​ធានី​ដោយ​ការ​ហែ​ក្បួន​ទៅ​កាន់​រដ្ឋ​សភាដើម្បី​ដាក់​ញត្តិ​ទាម​ទារ​​ឲ្យ​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​។​ កង​រាជ​អាវុធហត្ថ​និង​នគរ​បាល​ប្រដាប់​អាវុធ​​បាន​ឈរ​នៅ​ក្បែរ​នោះ ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​​​បាន​បែក​គ្នា​វិញនៅ​ពេល​ថ្ងៃ​ត្រង់​ដោយ​មិន​​​​បាន​​​​ដាក់​ញត្តិ​ឡើយ​ ព្រោះ​គ្មាន​​​​អ្នក​​​ធ្វើ​ការ​​​​នៅ​រដ្ឋ​​​សភា​​​​​​ដើម្បី​ទទួ​ល​ញត្តិ​នោះ​​ឡើយ​​ កាល​​​ពី​​​ម្សិល​​​មិញ ព្រោះជា​​​​ថ្ងៃ​ឈប់​សម្រាក​។ ព្រះតេជគុណ ប៊ុន ប៊ុនទិញ ប្រធាន​បណ្ដាញ​​​ព្រះសង្ឃ​ឯក​រាជ្យ​ដើម្បី​យុ​ត្តិធម៌សង្គម និង​ជា​អ្នក​ដឹក​នាំ​ធម្មយាត្រា​របស់​ព្រះសង្ឃ​ បាន​មាន​​​សង្ឃដីកា​ថា ថ្វីបើ​មិន​បាន​​ប្រគល់​ញត្តិ​ដោយ​ផ្ទាល់​ជូន​រដ្ឋសភា​ក៏​ដោយ​​ ក៏​ព្រះ​អង្គ​ជឿ​ជាក់​ថា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នឹង​​ឮ​ពីសារ​របស់​ក្រុម​អ្នក​តវ៉ាដែរ​។ ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​ថា “ពួកគេ​នឹង​​​ឮ ពីព្រោះ​ឥឡូវ​នេះ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ខ្លាំង​ណាស់​។ អាត្មា​ជឿ​ថា ប្រសិន​បើ​យើង​និយាយ​​​អាក្រក់​​ជាមួយ​លោក​ ហ៊ុន សែន គាត់​មាន​ប្រតិ​កម្ម​​​​ភ្លាម​។ អាត្មា​ជឿថា គាត់​ស្ដាប់​គ្រប់​ពេល​ទាំង​អស់​”។ លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការ​​​ងារ​​នៅ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​មាន​ប្រសាសន៍​ថា ពាក្យ​បណ្ដឹង​ដែល​​​​អ្នក​ធ្វើ​ធម្មយាត្រា​ប្រមូល​បាន​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះជាតិនៅពេល​ខាង​មុខ​នេះ​។ កាលពី​​ព្រឹក​ម្សិលមិញ​នេះ លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដើរ​ពី​ទីស្នាក់​​ការ​គណបក្ស​របស់​លោក​​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​នៅ​ម៉ោង​៨​ព្រឹក​។ លោក​ សម រង្ស៊ី ដែល​អម​ដោយ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​ និង​អ្នក​គាំទ្រ​បាន​ដឹកនាំ​អ្នក​គាំទ្រ​រាប់​រយ​នាក់​ដើរ​​​មក​កាន់​ទីលាន​ប្រជា​ធិបតេយ្យ​​តាម​មហាវិថី​ព្រះមុនីវង្ស​។ លោក​បានមាន​ប្រសាសន៍​នៅពេល​ចាក​ចេញពី​ទីស្នាក់​ការ​គណបក្ស​របស់​លោក​ថា “យើង​ដើរ​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ យើង​ដើរ​ដោយ​សន្តិ​​វិធី និង​គ្មាន​អំពើ​ហិង្សា”។ ការ​ហែក្បួន​របស់​លោក សម រង្ស៊ី ក៏បាន​ធ្វើ​ឡើង​ដោយ​រលូន​ផងដែរ​ ថ្វីបើ​ក្រសួង​មហាផ្ទៃ​បាន​ហាម​កាលពីថ្ងៃ​អាទិត្យ​មិន​ឲ្យ​មាន​ការ​ហែក្បួន​នៅ​ក្នុង​ទីក្រុង​ក៏ដោយ​។ ការ​ហែក្បួន​របស់​លោក សម រង្ស៊ី បាន​ជួប​គ្នានៅត្រង់​​​​ចំណុច​ប្រសព្វ​នៃ​មហា​​​ព្រះ​​​មុនីវង្ស និង​មហាវិថី​សហព័ន្ធ​រុស្ស៊ី ​ជាមួយ​នឹង​ការ​ហែក្បួន​មួយ​ទៀត​ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ដែល​បាន​ចាប់​ផ្ដើម​នៅ​ក្នុងខណ្ឌ​ទួល​គោក។ ពេល​ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​ប្រហែល​៥.០០០​​នាក់​នៅ​ក្នុង​ទីលាន​ប្រជា​ធិបតេយ្យ​ លោក​ សម រង្ស៊ី បាន​អះអាង​ថា គណបក្ស​សង្គ្រោះជាតិ គឺ​ជា​អ្នក​ឈ្នះពិត​ប្រាកដ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាលពីខែកក្កដា។ លោក​ក៏​បាន​ប្រាប់​ក្រុមអ្នក​តវ៉ា​ផង​ដែរ​ថា សិទ្ធិ​បោះ​ឆ្នោត​របស់​ពួកគេ​ត្រូវ​បាន​បំពាន​ដោយការ​លួច​បន្លំ​សន្លឹក​ឆ្នោត​។ ពេល​ថ្លែង​ម្ដង​ទៀត​ទៅកាន់​មនុស្ស​រាប់​ពាន់​នាក់​ដែល​បានជួប​ជុំគ្នា​នៅជិត​វត្ត​ភ្នំ លោក សម រង្ស៊ី បាន​ទទួល​ការ​អប​អរ​សាទរ​ពី​​មនុស្ស​​​ជា​ច្រើន​នៅពេល​ដែល​លោក​​ទាម​ទារ​ឲ្យ​មាន​​​ការ​​​តម្លើង​​​ប្រាក់​ខែ​របស់​កម្មករ​។ លោក​បាន​​​មាន​ប្រសាសន៍​ថា “នៅថ្ងៃ​នេះ​មាន​​ព្រឹត្តិការណ៍​បីផ្សេង​គ្នា ប៉ុន្តែ​ព្រឹត្តិការណ៍​ទាំង​អស់​មាន​គោល​ដៅ​​​​​ដូចគ្នា​​​​​ គឺ​សិទ្ធិមនុស្ស​” ។​លោក​បាន​បន្ថែម​ថា “យើង​ត្រូវ​គោរព​សិទ្ធិ​​សហជីព​ និង​សិទ្ធិ​​​​របស់​​​កម្មករ​​​​រោង​ចក្រ​”។ នៅ​ឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ឯណោះ​​វិញ​ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​​បាន​ប្រាប់​ប្រជា​ពល​រដ្ឋ​ និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រហែល​៦០០​នាក់​ថា គោល​បំណង​របស់​លោក គឺ​ចង់​​​​​ឲ្យ​​​មាន​​​ការ​​​ពង្រឹង​ទំនាក់​ទំនង​រវាង​សាលារាជធានី​ និង​អង្គការ​សង្គម​ស៊ីវិល​ ហើយ​លោក​បាន​និយាយ​ការ​ពារ​សេចក្ដី​សម្រេច​របស់​លោក​ក្នុង​ការ​មិន​អនុញ្ញាត​ឲ្យ​ព្រះ​សង្ឃ​ និង​គណបក្ស​​​​សង្គ្រោះ​ជាតិ​ហែក្បួន​នៅ​ក្នុង​ទីក្រុង​។ លោក ប៉ា សុជាតិវង្ស បាន​មាន​ប្រសាសន៍​​ថា “ក្នុង​រយៈពេល​ពីរបីថ្ងៃ​មក​នេះ​ យើង​បាន​​​ទទួល​ការរិះគន់​ពី​មតិសាធារណៈ​។ ការ​ហែ​ក្បួន​​​​ធ្វើ​ឡើង​​ដើម្បី​ទាមទារ​សិទ្ធិ​ជាមូល​ដ្ឋាន​។ ប៉ុន្តែ​​អ្នក​ហែ​​ក្បួន​​បាន​បំពាន​សិទ្ធិ​​អ្នក​ដទៃ​”។ លោក​បន្ថែម​ថា ការ​កក​ស្ទះ​ចរាចរណ៍​ដែល​បង្ក​ឡើង​​ដោយ​អ្នក​ហែក្បួនគឺ​ជា​ការ​បំពាន​សិទ្ធិ​បែប​នេះ​៕ គឹមហឿន (រាយការណ៍​បន្ថែម ដោយ ផន បុប្ផា ម៉ិច ដារ៉ា Lauren Crothers ឃី សុវុឌ្ឍី  Matt Blomberg និង គុច ណារ៉េន)

លោក សម រង្ស៊ី ​ទាមទារឲ្យ​លោក​ ហ៊ុន  សែន ​ចុះចេញ​ពី​តំ​ណែង​

​ក្រុង​សៀមរាប​-លោក សម រង្ស៊ី ​មេ​ដឹ​ក​នាំ​​គណបក្ស​ប្រឆាំង​ កាលពីម្សិលមិញ​ទទួ​ល​បាន​ការស្វាគមន៍​ ពីសំណាក់​អ្នក​គាំទ្រចំនួន​​​១៥.០០០​នាក់​ នេះជាលើក​ដំបូង​ដែលបាន​ធ្វើការ​ជួប​ជុំ​​​នៅ​ខេត្ត​សៀម​រាប បន្ទាប់ពី​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​បា​ន​កន្លង​មក​។ នៅ​ទីនោះ ជា​ថ្មីម្តង​ទៀត ​​លោ​ក​បាន​ទាមទារឲ្យ​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែ​ន ចុះ​ចេ​ញពី​តំណែង​​​​។ ​នៅពេល​ទៅដល់​ខេត្ត​សៀម​រាប​តាម​ជើង​យន្ត​ហោះ​ពីរាជធានីភ្នំពេញ​ តាម​កា​រ​គ្រោង​ទុក​លោក​ សម រង្ស៊ី ​បានចុះនៅ​ឧ​ទ្យាន​​អង្គរ ឃ្យុងយូ​ នៅ​ជាយ​​ក្រុង​សៀមរា​ប​ ដោយ ​មាន​សំឡេង​អបអរសាទរ​យ៉ាង​ច្រើ​ន​នៅ​ម៉ោង​ប្រហែល​៤​រសៀ​​ល​។ អ្នក​ដើរ​អម​លោក​ សម រង្ស៊ី ​មិនមែ​ន​ជា​លោក​ កឹម សុខា ​អនុ​ប្រធាន​គណបក្ស​ស​ង្គ្រោះ​ ជាតិ​ទេ គឺ​លោកស្រី ​ជូឡុង ​សូ​មូ​រ៉ា ​ភរិយា​របស់​​លោក​ ហើយ​នៅពេល​នោះ​ លោក​បាន​​ឡើង​​​​ទៅលើ​ឆាក ​និង​បាន​សូម​អភ័យ​ទោស​​សម្រាប់ ​អវត្តមាន​គ្មាន​ការ​ពន្យ​ល់មូល​ហេតុរបស់​លោក​អនុ​ប្រធាន​គណ​បក្ស​ ក៏ប៉ុន្តែ លោក​បាន​លើក​សរសើរ​វត្ត​មា​ន​អ្នក​ចូលរួម​ដ៏ច្រើន​នៅ​ឧទ្យាន​នោះ​។ លោក​ សម រង្ស៊ី ​បាន​មានប្រសាសន៍​ថា  “អ្នកខ្លះ​និយាយថា ​នៅពេល​យើង​អប​អរ​ទិវា​​សិទ្ធិមនុស្ស​អន្តរជាតិ​ ការ​​រៀប​ចំពិ​ធី​នៅ​ទីនេះប្រហែលជាគ្មាន​ប្រយោ​ជន៍​ទេ​ពី​ព្រោះ ​មិនមាន​មនុស្ស​គ្រប់គ្រាន់​មក​ចូ​លរួម​ទេ​។ ដូច្នេះ ពិធីនេះ​គួរត្រូវបាន​រៀ​បចំ​នៅ​រាជធានី​​​ភ្នំពេញ ទើប​មាន​អ្នកចូលរួម​គ្រ​ប់​គ្រាន់​”។ ​លោក​បាន​មានប្រសា​សន៍​បន្ថែមទៀ​ត​ថា “ក៏ប៉ុន្តែ មើលចុះ​ អ្នកចូលរួម​នៅ​ទី​នេះ​មានច្រើន​ដូច​នៅ​ភ្នំពេញ​ដែរ​ក្នុង​ថ្ងៃនេះ​។ យើង​បានជួប​ជុំគ្នា​នៅ​លើ​វាលស្រែ​ក៏ប៉ុន្តែ ​អ្នកចូលរួម​នៅទី​នេះ​មានចំនួន​ដូច​នៅ​ទីក្រុង​ភ្នំពេញ​ដែរ​”។ ​លោក សម រង្ស៊ី ​បាន​សន្យា​ធ្វើ​បាតុ​ក​ម្ម​នា​ពេល​អនាគត​ទាំង​នៅ​ខេត្ត​សៀមរាប​ ទាំង​នៅ​រាជធានីភ្នំពេញ​ ហើយ​លោក​បាន​​លើក​ឡើង​ថា សំឡេង​ប្រឆាំង​នឹង​លោក​ ហ៊ុន សែន ​ក្រោយ​ពេល​បោះឆ្នោត​ជាតិ​យ៉ាង​ចម្រូង​ចម្រាស​កាលពីខែ​កក្កដា​ ពិត​ជា​មាន​គ្រប់​គ្រាន់​សម្រាប់​រក្សា​សកម្មភាព​តវ៉ា​ទូទាំង​ប្រទេស​។ ថ្លែង​បន្ត​អំពី​សាច់រឿង​មួយ​ ដែល​តែ​ង​តែ​ ត្រូវ​បានលើកឡើង​នៅ​ក្នុង​កម្មវិធី​ជួប​ជុំរបស់​គណបក្ស​ប្រឆាំង ​លោក​ សម រង្ស៊ី​ បាន​បង្វែង​ការចាប់អារម្មណ៍​ ទៅ​លើ​បញ្ហា​​ទន្ទ្រាន​យកដី...

រដ្ឋាភិបាល​បង្កើន​កម្លាំង​សន្តិ​សុខ​​​សម្រាប់​​គ្រប់​គ្រង​ការ​ប្រមូល​​​ផ្ដុំ​គ្នា​អំឡុង​​ទិវា​​សិទ្ធិមនុស្ស​អន្តរ​ជាតិ​

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​មួយ​រូប​បាន​ឲ្យ​ដឹង​​កាលពីម្សិលមិញ​ថា រដ្ឋាភិបាល​នឹង​ដាក់​ពង្រាយ​​​កម្លាំង​សន្តិ​សុខ​ប្រដាប់​អាវុធ​ច្រើន​ជា​ង​មុន​ទ្វេ​ដង​​នៅ​តាម​វិថី​នានា​ក្នុង​រាជ​ធានីភ្នំពេញ​នា​ថ្ងៃ​នេះ​ ដើម្បី​គ្រប់គ្រង​​សកម្មភាព​ប្រមូល​ផ្តុំ​គ្នា​ដែល​គ្រោង​​រៀប​ចំ​ឡើង​ដើម្បី​អប​អរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរ​ជាតិ​។ លោក​​ឧត្តម​សេនីយ៍​ ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធហត្ថ​ ​មាន​ប្រសាសន៍​ថា “យើង​​​មាន​កម្លាំង​  សម្រាប់​ព្រឹត្តិការណ៍​បែប​​នេះ​។ បាន​​ន័យ​ថា ប្រសិន​បើ​នៅ​ថ្ងៃ​ធម្មតា ​យើង​មាន​​កម្លាំង​ប្រដាប់​អាវុធ​១០០​នាក់​ អ៊ីចឹង​នៅ​​ថ្ងៃ​ពិសេសបែប​នេះ​​ ខពោល​គឺ​អំឡុង​ព្រឹត្តិការណ៍ នយោ​បាយ​ ឬ​ព្រឹត្តិការណ៍​​​ប្រហាក់​ប្រហែល​គ្នា​នេះ​ យើង​នឹង​បង្កើន​កម្លាំង​...​៥០​ភាគ​រយ​ ឬ​ក៏​១០០​ភាគ​រយ​”។ លោកឧត្តមសេនីយ៍ ខេង​ ទីតូ បាន​បន្ថែម​ថា ការ​ដាក់​ពង្រាយ​កម្លាំង​បន្ថែម​ តាំង​ពី​ខា​ង​ក្រៅ​រាជធានីភ្នំពេញ​នេះ​ នឹ​ង​ផ្ដោត​សំខាន់​ទៅ​លើ​តំបន់​នានា​នៅ​ក្នុងរាជធានី​​ដែល​​​មានកម្មវិធី​​ប្រមូល​ផ្តុំ​គ្នា​​នៅ​ក្នុង​​ថ្ងៃនេះ​ ដូច​ជា​នៅ​កោះពេជ្រ​ ទីលាន​ប្រជាធិបតេយ្យ​ និង​ពហុ​កីឡា​ដ្ឋាន​ជាតិ​អូឡាំពិក​ ជាដើម​។ ទាហាន​យ៉ាង​តិច​១០០​នាក់​មកពី​​អង្គភាព​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​បាន​ឈរ​ជើង​​នៅ​សាល​សន្និសីទ​ចតុ​​មុខ​ដែរ​កាលពីម្សិលមិញ​​នេះ​​។ ទាហាន​ម្នាក់​ក្នុង​ចំណោម​ទាហាន​ទំាង​នោះ​បាន​និយាយសំដៅ​ទៅ​លើ​មូល​ដ្ឋាន​អង្គ​ភាព​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្ថិត​ក្នុង​ភូមិគ្រឹះ​​របស់​លោក​​​​នៅ​ក្រៅ​រាជធានី​ថា “យើង​មក​ទីនេះ​ព្រឹក​មិញ​​នេះ​ឯង​ គឺ​​មកពី​តាខ្មៅ​”។ ទាហាន​រូប​នេះ​​​និយាយ​បន្ត​ថា “យើង​នឹង​ត្រឡប់ទៅវិញ​នៅពេល​ភារកិច្ច​របស់​យើង​​ចប់​​”។ គាត់​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ទេ​​ ដោយ​សារ​​ខ្លាច​មាន​បញ្ហា​​។ នៅ​ពេល​ត្រូវ​បាន​​សួរ​ថា តើ​មូល​ហេតុ​អ្វី​បាន​ជា​​មាន​ទាហាន​​មក​ពី​អង្គ​ភាព​កង​អង្គ​រក្ស​​នាយក​រដ្ឋមន្ត្រី​​នៅ​​រាជ​ធានីភ្នំពេញមុនការ​ប្រមូល​ផ្តុំ​គ្នា​អប​អរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​ ​នោះ​ លោក​ឧត្តម​សេនីយ ខេង​ ទីតូ បាន​លើក​​​​​ឡើង​ថា អង្គភាព​នេះ​​ត្រូវ​បាន​ហៅ​​មក​ជា​ទៀង​ទាត់​ឲ្យ​ផ្ដល់​កម្លាំង​បន្ថែម​​​អំឡុង​ព្រឹត្តិ​ការណ៍​ធំៗ​។ លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ណាដែល​មាន​ការ​រៀប​ចំ​​ព្រឹត្តិការណ៍​​ផ្សេងៗ​​ ពួក​គេ​តែង​តែ​មក​ជួយ​។ ពួកគេ​គឺជា​កម្លាំង​បន្ថែម​សម្រាប់​ជួយ​រក្សា​សន្តិ​សុខ​”។​ កាលពីថ្ងៃ​អាទិត្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ការ​​ប្រមូល​ផ្ដុំ​គ្នា​ដែល​គ្រោង​ធ្វើ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល សហជីព​កម្មករ​ និង​គណបក្ស​ប្រឆាំង​នេះ​នឹង​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ធ្វើ​តាម​ការ​គ្រោង​ទុក​ ក៏​ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ក្រុម​ណាមួយ​ធ្វើការ​ដង្ហែ​ក្បួន​នៅ​ក្នុង​រាជធានីទេ។ ទោះ​ជាយ៉ាង​ណា លោក យែម បុញ្ញឫទ្ធិ​ អ្នក​នាំពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​​​សារ​ជា​ថ្មី​ថា ការ​ដង្ហែ​ក្បួន​នេះ​នឹង​បន្ត​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​នេះ​ ដោយ​បាន​ប៉ាន់​ប្រមាណ​ថា អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​៣០.០០០​នាក់​ នឹង​បង្កើត​ជា​ក្រុម​ចំនួន​បី​ ដែល​នឹង​ដង្ហែ​តាម​លោក សម រង្ស៊ី លោក កឹម សុខា និង​អ្នកស្រី មូរ សុខហួរ ឆ្ពោះទៅ​កាន់​វិមាន​រដ្ឋសភា​ជា​តិ​ដើម្បីទាម​ទារ​ឲ្យ​មាន​ការ​គោរ​ព​សិទ្ធិមនុស្ស​ប្រសើរ​ជាង​មុន​។ លោក យែម បុញ្ញឫទ្ធិ បាន​លើក​ឡើង​ថា លោក​សង្ឃឹម​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​​​ត្រូវ​បាន​ដាក់​ពង្រាយ​​តាម​ដង​ផ្លូវក្នុង​ចំនួន​ច្រើន​ជាង​មុន​នេះ​ នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​សម្រួល​​ដល់​ការ​ប្រមូល​ផ្ដុំ​ក្នុង​បុព្វហេតុ​នយោ​បាយ​ ជាជាង​រារាំង​ពួកគេ​។ លោក​​មាន​ប្រសាសន៍​ថា “ វា​ជា​ភារ​កិច្ច​​របស់ពួកគេ​ក្នុង​ការ​​ធានា​សន្តិ​សុខ​នា​ថ្ងៃ​ស្អែក​នេះ​”។ តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃសៅរ៍ អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ (Amnesty International) បាន​អំពាវ​នាវ​ឲ្យ​អាជ្ញា​ធរ​កម្ពុជា​គោរព​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ប្រមូល​ផ្ដុំគ្នា​ដោយ​សន្តិ​វិធី​ ហើយ​បាន​ជំរុញ​ឲ្យ​ពួកគេ​បញ្ជៀស​ការ​បិទ​ផ្លូវ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ ឬ​ប្រើ​កម្លាំង​ជ្រុល​ហួស​ហេតុ​លើ​បាតុក​រ។ សេចក្ដី​ថ្លែង​ការ​ណ៍​នេះ​មា​ន​ខ្លឹម​សារ​ថា “ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​​មាន​ការ​​​ព្រួយ​បារម្ភ​ថា របាំង​បន្លាលួស​គឺ​ហាក់​ដូច​ជា​បាន​ត្រៀម​រួច​ហើយ​សម្រាប់​ការ​ប្រើ​ប្រាស​់​នៅ​តំបន់​មួយ​ចំនួន​​ក្នុង​រាជ​ធានី​ ហើយ​យើង​សូម​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើការ​សម្រប​សម្រួល​​ជា​ជាង​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ចូលរួម​ប្រមូល​ផ្ដុំ​គ្នា​ដោយ​សន្តិ​វិធី​ ”។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មាន​ផែន​ការ​រៀប​ចំ​ការ​ប្រមូល​​ផ្ដុំ​គ្នា និង​ដង្ហែ​ក្បួន​កាត់​ក្រុង​សៀម​រាប​នៅពេល​រសៀល​ផង​ដែរ​ ដោយ​គណបក្ស​នេះ​បាន​មានះ​ថា ខ្លួន​នឹង​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​ប្រសាទ​អង្គរ​វត្ត​។ អាជ្ញាធរ​ខេត្ត​សៀម​រាប​បានបញ្ជាក់​រួច​ហើយ​ថា ខ្លួន​នឹង​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បែប​នេះ​ទេ។ លោក កាន សម្បត្តិ ស្នង​ការ​រង​នគរ​បាល​ខេត្ត​សៀម​រាប​ បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​បន្ថែម​​​ក៏​នឹង​ត្រូវ​បាន​ដាក​់​ពង្រាយ​​​ក្នុង​តំបន់​ទេស-​​​ចរណ៍​នេះ​ដើម្បី​គ្រប់​គ្រង​កា​រតវ៉ា​​លើក​ដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​ខេត្ត​នេះ​។ លោក​​មាន​ប្រសាសន៍​ថា “សម្រាប់​ព្រឹត្តិ​-ការណ៍បែប​នេះ​ នឹង​មាន​មនុស្ស​ច្រើន​ជាង​ធម្មតា​ ដូច្នេះ​​យើង​នឹង​បង្កើន​ចំនួន​នគរ​បាល​​ឧទាហរណ៍​ពី​១០០​នាក់​ទៅ​២០០​នាក់​ដើម្បី​សម្រួល​ចរាចរណ៍​ និង​ធានា​ឲ្យ​បាន​ថា ពុំ​មាន​ហេតុការណ៍​អាក្រក់​អ្វី​កើតឡើង៕សេរីវុធ

ACU សហការ​ជា​មួយ​ក្រុម​ហ៊ុនកូកាកូឡា​ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ

អំឡុ​ង​ពេល​ប្រគំ​តន្ត្រី​ប្រជា​ប្រិយ​រយៈ​ពេល​បួន​ម៉ោង​នៅ​ក្នុង​រាជ​ធានីភ្នំពេញ ​កាល​ពីម្សិលមិញ​ដើម្បី​រំឭក​ទិវា​ប្រឆាំង​អំពើ​ពុក​រលួយ​អន្តរជាតិ​នោះ​ ក្រុម​ហ៊ុន​កូកាកូឡា និង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិ​បាល​​​ (ACU) កាលពីម្សិលមិញ​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​​​មិន​ឲ្យ​ក្រុម ហ៊ុន​ភេសជ្ជៈ​អន្តរ​ជាតិ​នេះ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក ឱម យិនទៀង ប្រធាន​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​មាន​ប្រសាសន៍​​នៅ​ក្នុង​ពិធី​នេះ​មុន​ពេល​អញ្ជើញ​លោក ប៉ូល ផបភីលលៀ ប្រធាន​ក្រុម​ហ៊ុន​កូកាកូឡា​ប្រចាំ​​​​កម្ពុជា​ឲ្យ​ឡើង​លើ​វេទិកា​ថា “អំពើ​ពុក​រលួយ​​​ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​ និង​​ការ​រីក​ចម្រើន​របស់​សេដ្ឋកិច្ច​ ហើយ​ក៏​ជា​ឧប​សគ្គ​ចំពោះ​​សង្គម​ស្អាត​ស្អំ និង​អភិបាល​កិច្ច​ល្អ​​​ដែរ។ លោក​ ផបភីលលៀ ដែល​បាន​​ក្រេប​កូកា​កូឡា​មួយ​កំប៉ុង​​​មុន​ពេល​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​​បាន​មាន​ប្រសាសន៍​នៅ​ពេល​ក្រោយ​មក​ថា ក្រុម​ហ៊ុន​សង្ឃឹម​ថា កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ទទួល​បាន​ផល​ប្រយោជ​ន៍​ធំធេង​​។ លោក ផបភីលលៀ បាន​មាន​ប្រសាសន៍​នៅ​ពេល​ធ្វើ​សន្និសីទ​កាសែត​ថា “ក្រុម​ហ៊ុន​មួយ​ចំនួន​គិត​ថា យើង​មិន​អាច​ធ្វើ​​អាជីវកម្ម​​ក្នុង​ប្រទេស​កម្ពុជា​បានទេ ប្រសិន​បើ​យើង​​មិន​សូក​ប៉ាន់​។ ក្រុម​ហ៊ុន​កូកាកូឡា​ប្រកាស​​​​ថា យើង​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ទី​នេះ ហើយ​យើង​​​គោរព​ច្បាប់​​មួយ​រយ​ភាគ​រយ”។ កិច្ច​ព្រម​ព្រៀ​ងសរសេ​រ​ជា​ភាសា​​​អង់​គ្លេស​ដែល​គេ​បានចែក​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នេះ​​​មាន​ខ្លឹម​សា​រថា ក្រុម​ហ៊ុន​កូកាកូឡា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ដើម្បី​បង្ហាញ​ពី​ការ​គោរព​របស់​ក្រុម​ហ៊ុន​​ចំពោះ​ការ​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​។ កិច្ច​ព្រម​ព្រៀង​នេះ​មាន​ខ្លឹម​សា​រថា “ក្រុម​​​ហ៊ុន​កូកា​កូឡា នឹង​មិន​ចូល​រួម​ក្នុង​ការ​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ​ឬសូក​ប៉ាន់​​ទេ ដើម្បីធ្វើ​ជា​គំរូ​សម្រាប់​វិស័យ​ឯកជន​​ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​”។ ក្រុមហ៊ុន​នេះ​ក៏​បាន​ព្រម​ព្រៀង​បន្ត​អប់​រំ​បុគ្គលិក​របស់​ខ្លួន​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​និង​ឲ្យ​រាយកា​រណ៍​​ប្រាប់​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នូវ​ការ​ប៉ុន​ប៉ង​​​​ណាមួយដើម្បី​ជំរុញ​ឲ្យ​​បុគ្គលិក​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។ កិច្ច​ព្រម​ព្រៀង​នេះ​លើក​ឡើង​ទៀត​ថា “ក្រុម​ហ៊ុ​ន​កូកាកូឡា អាច​ចាត់​វិធានការ​​ដោយ​​​ការរាយ​ការណ៍​ប្រាប់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ប្រសិន​បើ​មាន​មន្ត្រី​រដ្ឋាភិបាល អ្នក​ផ្គត់​ផ្គង់ អតិថិជន និង​ស្ថាប័ន​ផ្សេង​ទៀត ឬ​បុគ្គល​ណាមួយ​​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​កូកាកូឡា បង់​លុយ​មិ​ន​​ត្រឹម​ត្រូវ​”​។ នៅ​ពេល​ដែល​មាន​ការ​ប្រគំ​តន្ត្រី​ប្រជា​ប្រិយ​នេះ ​​អ្នក​ចម្រៀង​មួយ​គូរ​បានឡើង​លើ​ឆាក​ច្រៀង​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា “កុំ​ចង់​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​ កុំ​ពុក​រលួយ​ មិន​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​”។ ចម្រៀង​នេះ​មាន​ខ្លឹម​សា​ថា “សូម​កុំពុក​រលួយ​ និ​ង​ធ្វើ​ឲ្យ​​ព្រះ​មហាក្សត្រ ក៏​ដូច​ជា​​នាយក​រដ្ឋមន្ត្រីព្រួយ​បារម្ភ​”។ “សូម​បញ្ឈប់​អំពើ​ពុក​រលួយ​។ ប្រសិន​បើលោក​អ្នក​ពុក​រលួយ គ្មាន​នរណា​ម្នាក់អាច​ជួយ​លោក​អ្នក​បាន​ទេ​។ សូម​​​កុំ​ពុក​រលួយ​ យើង​ត្រូវ​តែ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​មិន​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ”។ នៅ​ឯសន្និសីទ​កាសែត​បន្ទាប់ពីពិធីនេះ​លោក ឱម យិន​ទៀង ​មាន​ប្រសាសន៍​ថា ក្រុម​​​​ហ៊ុន​កូកាកូឡា មាន​គោល​នយោ​បាយ​ប្រឆាំង​អំពើ​ពុក​រលួយ​ផ្ទៃ​ក្នុង​តឹ​ង​រ៉ឹង​ដែល​ធ្វើ​ឲ្យ​​មាន​ឥទ្ធិពល​ដល់​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​នៅ​ក្នុង​​ប្រទេស​កម្ពុជា​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​​​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ជាមួយ​​​​ក្រុម​ហ៊ុន​កូកាកូឡា ដោយ​សារ​ក្រុម​ហ៊ុន​កូកាកូឡា គឺ​ជា​ក្បាល​រទេះ​ភ្លើង​ដែល​អាច​ជំរុញ​​ឲ្យ​​ក្រុម​ហ៊ុន​ផ្សេង​ៗទៀត​​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​”។ កាលពី​សប្ដាហ៍​មុន​អង្គការ​តម្លាភាព​អន្តរ​ជាតិ​បាន​បង្ហាញ​ថា កម្ពុជា​បាន​ធ្លាក់​ដល់​ចំណាត់​ថ្នាក់​​ទាប​ទី​១៦០​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៧​នៅ​ក្នុង​សន្ទស្សន៍​យល់​ដឹង​ពី​អំពើ​ពុក​រលួយ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ រីឯ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រិះ​គន់​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ស្ថាប័ន​នេះ​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១០​ចំពោះ​ការ​អនុវត្ត​ ​ច្បាប់​មិន​បាន​តឹង​រ៉ឹង​។ អង្គភាព​នេះ​មិន​ទាន់​ស៊ើប​អង្កេត​ព័ត៌មាន​នៅ​ក្នុង​​របាយការណ៍​របស់​​មូល​និធិពិភព​លោក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ជំងឺ​របេង​ និង​ជំងឺ​គ្រុន​ចាញ់​ ដែល​ថា​ មាន​អំពើ​ពុក​រលួយ​ទ្រង់​ទ្រាយ​ធំ​នៅ​​ក្រសួង​សុខា​ភិបាល​​​នោះ​ទេ​។ មូ​ល​និធិ​​នេះ​បាន​លាត​ត្រដាង​​កាល​​​​ពី​ខែ​មុន​ថា មន្ត្រី​ក្រសួង​សុខា​ភិបាល​​បាន​យក​​​លុយ​ទុក​សម្រាប់​ជួយ​ជន​រង់​គ្រោះ​​​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​ និង​ជំងឺ​អេសដ៍​ ដាក់​ក្នុ​ង​ហោ​ប៉ៅ​​​ផ្ទាល់​ខ្លួន​។ ឆ្លើយ​តប​នឹង​សំណួរដែល​សួរ​​ថា តើ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​ស៊ើប​អង្កេត​ពីការ​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ​ឬយ៉ាង​ណា​នោះ​លោក ឱម យិន​ទៀង បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​ទទួល​របាយ​ការណ៍​របស់​​​មូល​និធិ​ពិភព​លោក​​នេះ​ហើយ​ ប៉ុន្តែ​យើង​នៅ​មិនទាន់​បានវាយ​តម្លៃ​របាយ​ការណ៍​នេះ​នៅឡើយ​ទេ​។ យើង​កំពុង​រង់​ចាំ​ទាក់​ទង​មូល​​​និធិ​ពិភព​លោក​ដើម្បីពិភាក្សា​ពី​រឿង​នេះ​ជាមុន​សិន​៕ គឹមហឿន

សកម្ម​ភាព​កាប់​ឈើ​​​ខុស​ច្បាប់​​​​កំពុង​កើត​​មាន​យ៉ាង​​​គគ្រឹក​​គគ្រេង​​​នៅ​ឧទ្យា​ន​ជាតិ​វីរជ័យ

ឧទ្យាន​ជាតិ​វីរជ័យ, ខេត្ត​រតនគិរី-​​​ធ្វើ​ដំណើរ​ពី​របី​ម៉ោង​ពីភូមិ​ប្រជា​ជន​រស់​នៅ​​ទៅ​កាន់​​តំបន់​ដាច់​ស្រយាល​មួយ​កន្លែង​​ដែល​មាន​ព្រៃ​ភ្នំ​ពណ៌​​ខៀវ​ស្រងាត់​ និង​ចំណោទ​ខ្ពស់ៗនោះ​ ​គេ​ឃើញ​មាន​ការ​លួច​កាប់​ឈើ​​ក្នុង​តំបន់​ការ​ពារ​យ៉ាង​គគ្រឹក​គគ្រេង​។ ចាប់​ពីអ្នក​កាប់​ឈើ​ដែល​​បាន​បោះ​ជំរំ​នៅ​ក្នុង​ឧទ្យាន​នេះ ​រហូត​ដល់​ក្មេង​ជំទង់​​ជិះ​​ម៉ូតូ​ដឹក​ឈើ​​ដុំ​តូច​ៗ​ និង​អ្នក​បើក​បរ​រថយន្ត​ដឹក​ឈើ​ធំៗ​ ព្រម​ទាំង​កម្មករ​ក្បូន​ដឹក​ឈើ​ឆ្លង​ទន្លេ​សេសាន​ក្រោយ​​ថ្ងៃ​លិច​ និងមាន​​អ្នក​បើក​បរ​រថ​យន្ត​​ធំៗ​រង់​ចាំ​ពួកគេ​នៅ​ត្រើយ​ម្ខាង​ទៀត​នោះ​ ​ការ​រក​ស៊ី​ដឹក​ឈើ​ធ្នង់​ខុស​ច្បាប់​ចេញ​​​ពី​ឧទ្យាន​​ជាតិ​នេះ​កំពុង​មាន​សកម្មភាព​​​យ៉ាង​រលូន​​។ នៅ​ពេល​សួ​រ​ថា​​ តើ​នរណា​ជា​អ្នក​ទិញ​ឈើ​ទាំង​អស់នេះ​ ពួកគេ​ទាំង​អស់​គ្នា​និយាយ​ថា មាន​​​មនុស្ស​ពីរ​នាក់​ គឺ​ឈ្មួញ​ក្នុង​មូល​ដ្ឋាន​ម្នាក់​​​ឈ្មោះ មេ​​​ គ្រី និង​ឧកញ៉ា​​ ទ្រី ភាព​។ កាលពី​ដើម​ឆ្នាំ​នេះ លោក​ ទ្រី ភាព ដែល​មាន​កាស៊ីណូ ចម្ការ​កៅស៊ូ និង​ដីសម្បទាន​រ៉ែ​នៅ​ទូទាំង​ប្រទេស ​​បាន​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​​ការ​ទិញ​យក​ឈើ​ទាំង​អស់​ ដែល​គេ​បាន​កាប់​នៅ​​ក្នុង​ដីសម្បទាន​សេដ្ឋកិច្ច​​ក្នុង​ខេត្ត​រតនគិរី។ ដោយ​​មាន​ដី​សម្ប​ទា​ន​សេដ្ឋកិច្ច​ជាង​១០​កន្លែង​នៅ​ក្នុង​ខេត្ត​នេះ​ ហើយ​​ភាគ​​​ច្រើន​នៃ​ដីសម្បទាន​សេដ្ឋ​កិច្ច​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​មាន​ព្រៃ​ក្រាស់​នោះ លោក ទ្រី ភាព ដែល​មាន​ដីសម្បទាន​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន​ពីរ​កន្លែង​នៅ​ក្នុង​ឧទ្យាន​វីរជ័យ មាន​ការ​មមា​ញឹក​ណាស់​។ ប៉ុន្តែ​ដោយ​ព្រៃ​ធំៗ​ទាំង​អស់​មាន​ការ​ការ​ពារ​​​​ពី​ច្បាប់​តិច​តួច​​មិន​ថា​ នៅ​​ក្រៅ​ ឬ​ក្នុង​ដី​សម្ប​​ទាន​សេដ្ឋកិច្ច​នោះ អង្គកា​​រផ្នែក​បរិស្ថាន​ និង​សិទ្ធិមនុស្ស​ និយាយ​ថា ការ​ផ្ដល់​ដីសម្បទាន​​ធ្វើ​ឲ្យ​បាន​បង់​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​នេះ​យ៉ាង​លឿន​។ អង្គការ​ទាំង​នេះ​ក៏​និយាយ​ដែរ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​​ធ្វើ​ឲ្យអ្នក​កាប់​​ឈើ​ខុស​ច្បាប់​កាប់​ឈើ​​​ដោយ​​សេរី​នៅ​ក្នុង​ដី​សម្ប​ទាន​​សេដ្ឋកិច្ច​នោះ​ និង​ស្ទើរ​តែ​គ្មាន​ការ​ត្រួត​ពិនិត្យ​​ ដើម្បី​កំណត់​ថា ​តើ​ឈើ​ដែល​គេ​កំពុង​លក់​ និង​ទិញ​នោះ បាន​មក​ដោយ​ស្រប​​​ច្បាប់​ ឬ​យ៉ាង​ណា​នោះទេ​។ អ្នក​នាំពាក្យ​ និង​អ្នក​គ្រប់​គ្រងក្រុម​ហ៊ុន​ អាហរ័ណ​ នីហរ័ណ ដែល​ដាក់​​ឈ្មោះ​តាម​ឈ្មោះលោក ទ្រី ភាព បាន​បដិសេធ​ថា មិន​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​រក​ស៊ី​​ឈើ​ខុស​ច្បាប់​នេះទេ​។ ពួកគេ​ចោទ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ថា ​បាន​​ទៅ​កាប់​ឈើ​ដោយ​ខ្លួន​ឯង​​ ហើយ​ប្រើ​​ប្រាស់​ឈ្មោះ​​ពាណិជ្ជករ​រូប​នេះ​ដើម្បី​លាក់​បាំង​ទង្វើ​របស់​ខ្លួន​។ ធ្វើ​ដំណើរ​តាម​រថយន្ត​ប្រហែល​មួយ​ម៉ោង​​ទៅ​ភាគ​ខាង​ជើង​​ក្រុង​បាន​លុង គឺ​ភូមិ​តាវែង​​​នៅជិត​​ចំណោទ​ច្រាំង​ទន្លេ​សេសាន​​ដែល​មាន​សុទ្ធតែ​ភក់​។ បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​​​អ៊ូអរ​​​តាម​​ទឹក​ល្អក់​ គឺ​​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​រយៈ​ពេល​​​​មួយ​ម៉ោង​ទៀត​ទើប​ទៅ​ដល់​ជាយ​ឧទ្យាន​​ដែល​​​មាន​ទំហំ​ ៣៣៣.០០០​ហិក​តា នៅភាគ​ឦសាន្ត​ខេត្ត​​នេះ​ ដែល​​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀត​ណាម និង​ប្រទេស​ឡាវ​។ ​នៅ​ទី​នោះ​គ្មាន​ប៉ុស្តិ៍​យាម គ្មាន​សញ្ញា​សម្គាល់​ពី​ព្រំប្រទល់​ឧទ្យាន​នេះ​ទេ។ អ្នក​នាំ​ផ្លូវ​របស់​យើង​ គឺ​អតី​ត​​ឧទ្យានុរក្ស​​វីរជ័យ ​ម្នាក់​ដែល​បាន​បដិសេធមិន​ប្រាប់​ឈ្មោះ​ដោយ​​​សារ​ខ្លាច​​មាន​ការ​ធ្វើបាប​ពីអ្នក​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន​់​នេះ ​បាន​ឈប់​ភ្លាម​នៅ​ត្រង់​ផ្លូវ​​​បំបែក​តូច​មួយ​។ អតីត​ឧទ្យានុរក្ស​រូប​នេះ បាន​និយាយ​មុន​ពេល​បន្ត​ដំណើរ​ទៀត​ថា “ឧទ្យាន​នេះ​ចាប់​ផ្ដើម​ពីនេះទៅ​”។ ពាក់​អាវ​ធំ​ដើម្បី​ការ​ពារ​សីតុណ្ហ​ភាព​ត្រជាក់​នៅ​ភ្នំនេះ គាត់​បាន​និយាយ​​​តិច​តួច​ និង​បើក​បរ​លឿន​ ហើយ​​អុជ​​បារី​ជក់​​ជាប់​ជានិច្ច​។ ធ្វើ​ដំណើរ​មិន​យូរ​ប៉ុន្មាន​ ​មាន​ព្រៃ​ក្រាស់​ទៅ​ៗ​ និង​មានដើម​ឈើ​ខ្ពស់​ទៅៗ​។ បុរស​វ័យ​ក្មេង​ៗ​ដឹក​ឈើ​ខ្លឹម​ជា​បន្ទះ​ៗ​​​តាម​ម៉ូតូ​យ៉ាង​លឿន​ចេញ​ពី​ឧទ្យាន​នេះ​។ នៅ​​​តាម​ផ្លូវ​នោះ មាន​ឈើ​ធ្នង់​ទើប​កាប់​ថ្មីៗ​ទុក​ចោល​នៅទី​នោះ ឈើ​ខ្លះ​ទើប​តែ​កាប់​ផ្ដួល​ ហើយ​ឈើ​ខ្លះទៀត​ត្រូវ​បាន​អារ​​ជា​ដុំ​វែង​ៗ​រាប់​ម៉ែត្រ​​រួច​ហើយ​ និង​​ប្រើ​ថ្នាំ​សរសេ​រ​ជាលេខ​ដើម្បី​ត្រៀម​ដឹក​ចេញ​។ ធ្វើ​ដំណើរ​បាន​ពីរ​បី​ម៉ោង​​នៅ​​​ក្នុង​ឧទ្យា​ន​​​នេះ​ មនុស្ស​មួយ​ក្រុម​មាន​គ្នា​បួន​នាក់​​​ស្ថិត​​នៅ​ជុំវិញ​ភ្នក់​ភ្លើង​តូច​មួយ​ ​ហើយ​សម្លៀក​បំពាក់​ និង​អង្រឹង​របស់​ពួកគេ​ ព្យួរ​​និង​ចង​ភ្ជាប់​ជា​មួយ​​ដើម​ឈើ​​ ហើយ​នេះ​គឺ​ជា​កន្លែង​បោះទីតាំង​សម្រាប់​កាប់​ឈើ​មួយ​ ​ក្នុង​ចំណោម​ទីតាំង​ជា​ច្រើននៅ​​ក្នុង​ឧទ្យាន​នេះ​។ នៅលើ​ដីជិ​ត​នោះ​​​គេ​ឃើញ​រណារយន្ត​មួយ និង​ពូថៅពីរ​។ ឌឿន រ៉ា អាយុ​១៩​ឆ្នាំ​​បាន​និយាយ​ដោ​យ​ទន់​ភ្លន់​ថា គាត់​បាន​មក​ដល់ទីនេះ​កាលពីមួយ​ថ្ងៃ​មុន​េនះ ហើយ​គ្រោង​ស្នាក់​នៅ​ទីនេះ​១០​ថ្ងៃ​ទៀត​។ បុរសវ័យ​ក្មេង​រូប​នេះ​និយាយ​ថា “ មាន​មេ​ម្នាក់​ឈ្មោះ ម៉ាប់។ គាត់​ទទួល​ខុស​ត្រូវ​ចំពោះឈើ​ទាំង​នេះ​ ហើយ​គាត់ឲ្យ​យើង​២០​០.០០០​រៀល​ក្នុង​មួយ​ម៉ែត្រ​គូប សម្រាប់​ក្រុម​ខ្ញុំដែល​មាន​គ្នា​បួន​នាក់។ មេខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា មេ​ភូមិ និង​មេឃុំ​អនុញ្ញាត​ឲ្យ​យើង​កាប់​ឈើ​នៅ​ទីនេះ​”។ នៅ​ក្នុង​ក្រុង​បាន​លុង​ឯណោះ​វិញ ឈើ​ធ្នង់​មួយ​ម៉ែត្រ​គូបអាច​មាន​តម្លៃ​​រហូត​ដល់​៨០០​ដុល្លារ​ ហើយ​កាន់​តែថ្លៃជាង​នេះ​ទៅ​ទៀត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ឬ​នៅ​​ប្រទេស​វៀត​ណាម​។ ប្អូន រ៉ា បាន​និយាយ​ថា ឈ្មោះ ម៉ាប់​ គឺ​ជា​ឈ្មួញ​កណ្ដាល​ក្នុង​ការ​រក​ស៊ី​ឈើ​ធំៗ។ គាត់​បាន​និយាយ​ថា “ខ្ញុំ​កាប់​ឈើ​ឲ្យ​មេ​ ​គ្រី ដែលជា​ឈ្មួញ​ម្នាក់​នៅ​ភូមិ​តាវែង។ ខ្ញុំ​ធ្វើ​ការ​ងារ​នេះ​ ពីព្រោះ​ខ្ញុំ​ត្រូវ​ការ​លុយ​”​។ នៅ​តាម​បណ្ដោយ​ផ្លូវ​លំទៅ​កាន់​ទន្លេ​នោះ​ រថយន្ត​បែក​កង់​មួយ​គ្រឿង​​បាន​ជាប់​នៅ​កណ្ដាល​ផ្លូវ​ជិត​កន្លែង​កាប់​ឈើ​នោះ។ អ្នក​បើក​បរ​វ័យ​ក្មេង​ឈ្មោះ អាន ឌី បាន​ចង​អង្រឹង​​ដេកភ្ជាប់​ពី​រថយន្ត​នោះ​ទៅ​នឹង​​​​មែក​ឈើ​មួយ​។ នៅ​ពីក្រោ​យ​រថយន្ត​​មាន​ឈើ​ធ្នង់​ធំៗ​ប្រាំមួយ​កង់​ដឹកឆ្ពោះទៅ​ទន្លេ​នោះ​។ នៅពេល​ថ្ងៃ​ជិត​លិច​ អាន ឌី កំពុង​រង់​ចាំ​​ឲ្យ​គេ​មក​ជួយ​។នៅពេល​សួរ​ថា តើ​ឈើ​ទំាង​នេះ​យក​ចេញ​​ពីណា គាត់​បាន​និយាយ​ថា “យក​ចេញ​​ពីឧទ្យាន​វីរជ័យ។ ខ្ញុំ​ដឹក​ឈើ​នេះ​ឲ្យមេ គ្រី។ គាត់ឲ្យ​ខ្ញុំ​២០០​ដុល្លារ​សម្រាប់​​​ដឹក​ឈើ​ពីរ​ម៉ែត្រគូប​ ​ហើយ​ឈើទាំង​អស់​នេះ​​យក​ទៅ​ដាក់​នៅ​មាត់​ទន្លេសេសាន”។ គាត់​បាន​និយាយ​ទៀត​ថា “ មេខ្ញុំ​បាន​ប្រាប់​​​ខ្ញុំ​ឲ្យ​ដឹក​ឈើ​នេះ​​ឲ្យ​ក្រុម​ហ៊ុន​ ទ្រី ភាព។ ខ្ញុំ​ដាក់​​​ឈើ​នេះ​នៅ​មាត់​ទន្លេ​ ហើយ​បន្ទាប់​មក​គេ​ដឹក​ឈើ​នេះ​តាម​​ក្បូន​​ទៅ​ត្រើយ​ម្ខាង​ទៀត​។​បន្ទាប់​មក​គេ​ដឹក​តាម​រថយន្ត​ទៅ​កាន់​ឃ្លាំង​មួយ​នៅ​ភូមិ​តាវែង​”។ មាន​ឈើ​ធំៗ​គរ​នៅ​តាម​មាត់​ទន្លេ​នេះ​នៅ​​​​កន្លែង​ឆ្លង​ទន្លេ​ពីរ​កន្លែង​ផ្សេង​គ្នា​​។ នៅ​កន្លែង​ឆ្លង​​មួ​យ​កន្លែង ​​​គេ​បាន​​យក​ម៉ាស៊ីន​ភ្លើង​តូច​មួយ​បញ្ឆេះ​​បំភ្លឺ​ភ្លើង​ពេល​រៀប​​​ចំ​ដឹក​ឈើ​។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង​ ១០​នាក់​ ​ដែល​មាន​វ័យ​ចំណាស់​ជាងអ្នក​កាប់​ឈើ​ និង​អ្នក​ដឹក​ឈើ​តូចៗ​តាម​ម៉ូតូ​ កំពុង​វាស់​ឈើ​ធំៗ​ ហើយ​​រមៀល​ចុះ​​ច្រាំង​​​ទន្លេ​​ដែល​មាន​​ក្បូន​រង់​ចាំ​​នៅ​ទីនោះ​។ បុរសទាំង​នោះ​បាន​និយាយ​​ដោយ​គ្រវី​ដៃ​ដាក់​កាមេរ៉ា​របស់​អ្នក​យក​ព័ត៌មាន​ និង​មិន​ព្រម​ប្រាប់​ឈ្មោះ​ថា “កុំ​ថត​” ។ ពួកគេ​និយាយ​​​​ថា ​ឈើ​ទាំង​នេះ​គឺ​ជា​ឈើ​ធ្នង់​មក​ពី​ឧទ្យាន​វីរជ័យ។ បុរស​ម្នាក់​និយាយ​ថា “ ឈើ​នេះ​មាន​ម្ចាស់​ពីរ​។ ឈើ​ខ្លះ​ដឹក​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ ទ្រី ភាព និង​​​ឈើ​ខ្លះទៀត​ដឹក​ទៅ​ឲ្យ​ឧកញ៉ា ខ្ញា”។ បុរស​រូប​នេះ​និយាយ​ថា ឧកញ៉ា​​នោះ​​លក់​​ឈើ​ទាំង​នេះ​ទៅ​ឲ្យ​​​ដី​សម្បទាន​មួយ​កន្លែង​ក្នុង​ចំណោម​ដីសម្បទាន​ជាង​២៤​កន្លែង​ដែល​​​លោក​ ទ្រី ភាព មាន​សិទ្ធិផ្ដាច់​មុខ​ទិញ​ឈើ​។ ងា​ក​មក​ភូមិ​តាវែងវិញ មាន​រថយន្ត​ជា​ច្រើន​​​គ្រឿង​ដឹក​ឈើ​ធំ​ៗ​តាម​ផ្លូវ​ជាតិ។ អតីត​ឧទ្យានុរក្ស​រូប​នេះ​បាន​​និយាយ​ថា ចាប់​ពី​ទីនេះទៅ​ឈើ​ភាគ​ច្រើន​ត្រូវ​ដឹក​ទៅ​ប្រទេស​វៀតណាម​​តាម​ច្រក​ទ្វារ​ព្រំ​ដែន​នៅ​ក្នុង​ស្រុក​អូរយ៉ាដាវ​។ លោក បាន​និយាយថា លោក​ធ្លាប់​ល្បាត​នៅ​តំបន់ឧទ្យាន​នេះ​​សម្រាប់​គម្រោងមួយ​ដែ​ល​ផ្តល់​មូលនិធិ​ដោយ​ធនាគារ​ពិភព​លោក​​​​ ហើយ​​​គម្រោងនេះ​​​​បាន​បញ្ចប់​កាលពី​ឆ្នាំ​​​​​​​ ២០​​​០៨​​​​។​​​បន្ទាប់​មក​លោក​បាន​បន្ត​ល្បាត​ឧទ្យាន​នេះ​ទៀត​ ប៉ុន្តែ​​​ធ្វើ​​​ការ​​​ឲ្យ​​​​ស្រុក​នេះ​ ហើយ​​​មុន​​​ពេល​​​ឈប់​​​ពី​​​ការ​​​ងារ​​​នោះ ​​​​​​នៅ​​​សល់​​​​ប្រាក់​​​​ខែជិត​ពាក់​កណ្តាល​​​ សម្រាប់​​​​បើក​​​​ហាង​លក់​គ្រឿង​ទេស​មួយកន្លែង​​​​នៅ​ក្នុង​​​ទី​​​ប្រជុំ​ជន​ខេត្តនេះ។ លោក​បាន​និយាយថា សកម្មភាព​កាប់​ឈើ​​​​បាន​កើនឡើង​ បន្ទាប់​ពី​ធនាគារ​ពិភពលោក​បាន​បញ្ចប់​​​គម្រោង​របស់​ខ្លួន។ធនាគារ​ពិភព​​​លោក​ម៉ត់​ចត់​ខ្លាំង​ណាស់​។ មុន​ឆ្នាំ​២០០៨​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ខ្លះ​ ប៉ុន្តែ​វា​​​គ្រាន់​​​តែ​ជា​បញ្ហា​តូចតាចប៉ុណ្ណោះ​នៅ​ទីនេះ​។វា​មិន​មែន​ជា​បញ្ហា​ធំ​ដូច​សព្វថ្ងៃ​នេះទេ។ លោក​បាន​និយាយថា ចាប់​ពី​ពេ​ល​នោះ​​​​មក អ្នក​កាប់​ឈើបានកាប់​​​ឈើ​​​​​​ជា​លក្ខណៈ​​​ប្រព័ន្ធ​ ដោយ​កាប់​ឈើដែល​មាន​តម្លៃ​​​​ខ្ពស់​​​​ជាមុន​ហើយ​បន្ត​កាប់​ឈើ​ផ្សេងៗតាម​ក្រោយ​​​​។​​​​​​​​​លោកបាន​និយាយថា “ពួកគេ​បំផ្លាញ​ឈើ​គ្រប់​ប្រភេទ​ទាំង​អស់​។ដំបូង​...

ក្រសួង​មហាផ្ទៃ ​​មិន​អនុញ្ញាតឲ្យ​​​គ​ណ​បក្ស​សង្គ្រោះ​​​ជាតិ​​ដើរ​ក្បួ​ន​​​ ​ប៉ុន្តែ​​អា​ច​​​ជួ​ប​​​ជុំ​​គ្នា​​​បា​ន​

កា​ល​​ពីម្សិល​មិញ ​ក្រ​សួ​ង​មហា​ផ្ទៃ​​​បា​ន​​ចេញ​​​សេចក្តី​ប្រកាស​ចំនួន​៣​ដែលមាន​ខ្លឹម​សារ​ថា សមាជីព​កម្ម​ករ​ អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើការ​ជួប​ជុំ​គ្នា​ និង​ធ្វើការ​តវ៉ា​នៅ​ថ្ងៃ​អង្គារ​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​ប៉ុន្តែ​​​​ នឹង​មិន​អនុញ្ញាត​ឲ្យ​ដើរ​ក្បួន​ឡើយ​។ គណបក្ស​សង្គ្រោះ​ជាតិ​មាន​ផែនការ​ដើរ​ក្បួន​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​សៀម​រាប ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ខណៈដែល​អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋា​ភិបាល​ និង​សមាជីព​មាន​ផែនការ​ជួប​ជុំ​របស់​ខ្លួន និង​ដើរ​ក្បួន​ក្នុង​រាជធានី​ភ្នំពេញ។ សេចក្តីប្រ​កាស​ដំបូង​ក្នុង​ចំណោមសេចក្តី​ប្រកាសទាំង​បី​នេះ រំឭក​ដល់​គណបក្ស​នយោ​បាយ​ ​ស្ថាប័ន​រដ្ឋា​ភិបាល​ អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ និង​មន្ត្រី​រាជការ​ទាំង​ឡាយដែល​មាន​ផែនការ​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​នៅ​ថ្ងៃ​អង្គារ​នោះ​ថា ពួកគេ​ត្រូវ​តែ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​រាជ​ធានី​អំពី​គោល​បំណង​របស់ខ្លួនក្នុង​ការ​​ជួប​ជុំនេះ។ សេចក្តីប្រកាស​ផ្សេង​ទៀត​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បានចេញ​បញ្ជា​ដល់​អាជ្ញាធរ​​អនុ​ញ្ញាត​​ឲ្យ​មាន​ការ​តវ៉ា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។ សេចក្តីប្រ​កាស​ទី​២មាន​ខ្លឹម​សារ​ថា “អនុ​ញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើការ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់​ពី​ម៉ោង​៧ព្រឹក ដល់​ម៉ោង​១២ថ្ងៃ​ត្រង់ ដោយ​ឲ្យ​មាន​ការ​ចូល​រួមមិនឲ្យ​លើស​ពី​១០.០០០នាក់​ឡើយ​ ​​​​ប៉ុន្តែ មិនឲ្យ​ដើរ​ក្បួន​ទេ​ បើ​ទោះ​ជា​តំណាង​១០​​​រូបអាច​ត្រូវ​បានចាត់​តំាង​​​ឲ្យ​នាំ​យក​ញត្តិ​មួយ​ដាក់​ជូន​រដ្ឋសភា​ក៏​ដោយ​”។ សេចក្តី​ប្រកាស​នេះក៏​អនុញ្ញាតឲ្យ​សមាជីព​ជួប​ជុំ​គ្នា​ដែរ​។ សេចក្តី​ប្រកាស​នេះ​ឲ្យ​ដឹង​ថា “​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍ សមាគម​ និង​បណ្តាញ​សហជីព​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ទីលាន​ទល់​មុខ​ក្រុម​ប្រឹក្សា​អភិឌ្ឍន៍​ចាប់​ពី​ម៉ោង​​​៩ព្រឹក​ដល់​ម៉ោង​១២ថ្ងៃ​ត្រង់​”។ សេចក្តីប្រកាស​ទី​៣ បញ្ជា​ឲ្យ​អាជ្ញាធរ​អនុ​ញ្ញាត​ឲ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ធ្វើ​ការ​ជួប​ជុំ​គ្នា​ដែល​មាន​មនុស្ស​ចូល​រួ​ម​៥.០០០​នាក់​នៅ​ទល់​មុខ​វត្ត​ភ្នំ​ ចាប់​ពី​ម៉ោង​៨ព្រឹក​ដល់​​២រសៀល​ ក៏​ប៉ុន្តែ​ “ មិន​ឲ្យ​មាន​ការ​ដើរ​ក្បួន​ឬចែក​ចាយ​ខិតប័ណ្ណ​ឡើយ​”។ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ទោះ​ជា​យ៉ាង​ណា គណបក្ស​ប្រឆាំង​នឹង​ដឹក​នាំ​មនុស្ស​បី​ក្រុម​នៅ​ទូ​ទាំង​រាជធានី​ទៅ​កាន់​រដ្ឋសភានៅ​ថ្ងៃ​អង្គារ​។ លិខិត​ទាំង​នេះ​មិន​លើក​ឡើង​អំពី​ផែន​ការ​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ដើរ​ក្បួន​នៅ​ក្រុង​សៀមរាប នៅ​ពេល​រសៀល​ទេ។ អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា គណបក្ស​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដើរ​ក្បួន​​ ឬហែ​ក្បួ​ន​ទៅ​អង្គរ​វត្ត​ឡើយ។ លោកស្រី កែ សុវណ្ណារ័ត្ន​ ប្រធាន​គណៈ​កម្មាធិការដឹកនាំ​​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​នៅ​ក្នុងខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា គណបក្ស​នេះ​នឹង​មិន​លប់​ចោល​ផែនការ​​របស់​ខ្លួន​ឡើយ​ ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​​បាន​ជូន​ដំណឹង​ប្រាប់​អាជ្ញាធរ​អំពី​ផែន​ការ​ដើរ​តា​ម​​​ផ្លូ​វ​ដូច​ដែល​បាន​គ្រោង​ទុក​របស់​ខ្លួន​នៅ​ថ្ងៃអង្គារ​។ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ម្តង​ទៀត​ថា តាម​ច្បាប់​ បាតុករ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុ​កម្ម​នៅ​អង្គរ​វត្ត​ទេ ហើយ​រដ្ឋាភិបាល​មិន​បារម្ភ​​ថាតើ​នគរបាលរារាំង​​​ដោ​យប្រើកម្លាំ​ង​​​ចំ​​ពោះ​​បាតុករមិន​ឲ្យ​ចូល​ដល់​ប្រាសាទ​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទេសចរ​រាប់មុឺន​នាក់ដែល​​ទស្សនា​​នោះ​ឡើយ​។ លោក ផៃ ស៊ីផាន​ បាន​​​​ថ្លែង​បន្ត​​​ទៀត​​ថា “នគរបាល​នឹង​​បំពេញ​ភារកិច្ច​របស់​ខ្លួន​ យើង​មិនខ្វល់​អ្វី​​មើល​​ទៅ​ល្អ និងអ្វី​មើល​ទៅអា​ក្រក់​នោះ​ទេ។​​យើង​​​​​​​​រ​ក្សា​កា​រ​​​ពា​រនី​តិ​រដ្ឋ​ និង​បេតិ​កភណ្ឌ​ពិភព​លោក​របស់​យើង”។​ប៊ុននី

រដ្ឋាភិបាល​ទទួល​បាន​ជំនួយ​ពី​អាល្លឺម៉ង់ ថ្វីបើ​​បក្ស​ប្រឆាំង​​​ស្នើ​សុំ​ឲ្យ​​ផ្អាក​​កិច្ច​ព្រម​ព្រៀង​

ស្ថានទូត​អាល្លឺម៉ង់​បាន​​ប្រកាស​កាលពី​ថ្ងៃ​ពុធថា អាល្លឺម៉ងបាន​​សន្យា​ផ្ដល់​ជំនួយ​ចំនួន​៦៤​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំក្រោយ​ ​ដែល​ធ្វើ​ឲ្យ​ជំនួយ​ផ្លូវ​ការ​របស់​អាល្លឺម៉ង់​​ដល់​ប្រទេស​កម្ពុជា​​កើន​ឡើង​​​​ច្រើន​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​នេះ​​​។ កញ្ចប់​ជំនួយ​ថ្មី​របស់​អាល្លឺម៉ង់​ដែល​ភាគ​ច្រើន​នៃ​កញ្ចប់​ថវិកា​​នេះ​ គឺ​ចំនួន​​៥៤​លាន​ដុល្លារ​​ នឹង​ចំណាយ​ទៅ​​លើ​វិស័យ​សុខា​ភិបាល និង​អភិវឌ្ឍន៍​ជន​បទ ​ត្រូវ​បាន​សន្យា​ផ្ដល់​​ឲ្យ​កាលពី​ថ្ងៃ​ពុធ ថ្វីបើ​មាន​ការ​អំពាវ​នាវ​ពី​គណ​​​បក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ​ពន្យា​រពេល​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្លូវ​ការ​ជាមួយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន រហូត​ដល់​មាន​ការ​ដោះ​ស្រាយ​ជម្លោះ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​​ពី​ខែ​កក្កដា នេះសិន​ក៏​ដោយ​។ ធនាគារ​ពិភព​លោក​បាន​និយាយ​កាលពី​ខែ​មុន​ថា ខ្លួន​ក៏​កំពុង​រៀបចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​រយៈ​ពេល​ពីរ​ឆ្នាំ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ​ ហើយ​ក៏ទំនង​ជា​មាន​កញ្ចប់​ជំនួយ​​ថែម​ទៀត​សម្រាប់​រដ្ឋាភិបាល​​។ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​៥៥​រូប​របស់​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ពហិការ​មិន​ចូល​រដ្ឋសភា​​ដើម្បី​តវ៉ា​នឹង​ភាព​មិន​ប្រក្រតី​ជាច្រើន​ដែល​​បាន​កើតមាន​ឡើង​នៅ​ពេល​បោះ​ឆ្នោត ​ហើយ​អ្នក​សង្កេត​ការ​ណ៍​ឯក​រាជ្យ​​​​និយាយ​​​ថា​​ ភាព​មិន​ប្រក្រតី​នេះ​ផ្ដល់​ផល​ប្រយោជន៍​ដល់​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ដែលបាន​​ប្រកាស​អំពី​ការ​សន្យា​ផ្ដល់​ជំនួយ​ថ្មី​នេះ​ លោក ចូឃីម​​​ បារ៉ុន​ វ៉ុន​ ម៉ាសល (Joachim Baron von Marschall) ឯក​អគ្គ​រដ្ឋទូត​​​​អាល្លឺម៉ង់ បាន​ជំរុញ​រដ្ឋាភិបាល​ “ឲ្យយក​ចិ​ត្ត​ទុក​ដាក់​​លើ​សំណើ​ឲ្យ​មាន​​កំណែ​ទម្រង់​​ដែល​​​​​​​កើត​ពីការ​បោះ​ឆ្នោត​ពេល​ថ្មីៗ​នេះ​”។ សេចក្ដី​ប្រកាស​នេះ​ក៏​បានលើក​ឡើង​ពី​ប្រសាសន៍​របស់​លោក ឈៀង  យ៉ាណារ៉ា ​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​​ជួយ​ដល់​ទំនាក់​ទំនង​​របស់​រដ្ឋាភិ​បាល​ជាមួយ​​ប្រទេស​ផ្ដល់​ជំនួយដែល​ថា ការ​ប្រឹង​ប្រែង​កែទម្រង់​របស់​រដ្ឋាភិបាល​ផ្ដោត​លើ​អភិបាល​កិច្ច​ល្អ “ជា​ពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​អំពើ​ពុក​រលួយ​”។ កាលពីថ្ងៃអង្គារ មួយ​ថ្ងៃ​មុនពេល​អាល្លឺម៉ង់ និង​កម្ពុជា​​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្ដល់​ជំនួយ​នេះ​ អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​បែរ​​​ឡាំង បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ម្ដង​ទៀត​​​​មក​នៅ​ជិត​បាត​ក្រោម​គេ​ក្នុង​សន្ទស្សន៍​ស្វែង​យល់​ពីអំពើ​ពុក​រលួយ​ប្រចាំឆ្នាំ​របស់​ខ្លួន​ ជា​ចំណាត់​​ថ្នាក់​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ជាច្រើន​​ឆ្នាំ​​មក​ហើយ ដោយ​មិន​មាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ឡើយ​។ លោក​ សុខ ចិន្តា និង​លោក សួន សុធី ដែល​​​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​​ដែរ​នោះ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​នៅ​ពេល​ទាក់​ទង​កាលពីម្សិល​មិញ។ គណបក្ស​ប្រឆាំង​បាន​ស្នើ​សុំ​កុំ​ឲ្យ​​ម្ចាស់​​ជំនួយ​បរទេស​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ណាមួយ​ជាមួយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន  សូម្បី​តែ​នៅ​មុន​ការ​បោះ​ឆ្នោត​ បន្ទាប់​ពី​រដ្ឋសភា​​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជា​​​ជន​កម្ពុជា​​បាន​បណ្ដេញ​តំណាង​​​​​​​រាស្ត្រ​របស់​គណ​បក្ស​ប្រឆាំង​ចេញពី​រដ្ឋសភា​កាលពី​ខែ​មិថុនា។ គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​មួយ​ចេញ​កាលពី​ថ្ងៃទី​២០ ខែ​មិថុនា​ថា “សូម​កុំ​ឲ្យ​​ស្ថាន​ទូត​ បេសកកម្ម​ការ​ទូត និង​​ម្ចាស់​​ជំនួយ​ចម្រុះ​ភាគី​ទាំង​អស់​នៅ​ក្នុង​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ឬ​នៅ​ក្រៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ចុះ​ហត្ថ​លេខា​លើ​កិច្ច​​ព្រម​ព្រៀ​ង​ណាមួយ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ រហូត​ដល់​មាន​ការ​បង្កើត​រដ្ឋ​សភា​ស្រប​ច្បាប់​ថ្មី​ និង​មាន​ការ​បង្កើត​រដ្ឋា​ភិបាលថ្មី​សិន​​”។ បន្ទាប់​ពី​បាន​ចាប់​ផ្ដើម​​កាលពី​ទសវត្ស​រ៍​ឆ្នាំ​១៩៩០​ រដ្ឋាភិបាល​ និង​​ម្ចាស់​​ជំនួយ​ធំៗ​របស់​ខ្លួន​បាន​បើក​កិច្ច​ប្រជុំ​កំពូល​រៀង​រាល់​១៨​ខែ​ម្ដង​។ ដោយ​ពីដំបូង​មាន​ឈ្មោះ​ថា ជា​កិច្ច​ប្រជុំ​របស់​ក្រុមពិគ្រោះ​យោបល់​នោះ រដ្ឋា​ភិបាល​បាន​ប្ដូរ​ឈ្មោះ​កិច្ច​ប្រជុំ​នេះ​ទៅ​ជា​វេទិកា​នៃ​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​សហ​គមន៍​ វិញ ដែល​នៅ​ពេល​នោះ​​ម្ចាស់​ជំនួយ​បាន​សន្យា​ផ្ដល់​ជំនួយ​សម្រាប់​ឆ្នាំ​បន្ទាប់​​ហើយ​រដ្ឋាភិបាល​ព្រម​ព្រៀង​លើ​គោល​ដៅ​កែទម្រង់​​អភិបាល​កិច្ច​ និង​ផ្ដល់​​ព័ត៌មាន​ថ្មីៗ​ដល់​​ម្ចាស់​ជំនួយ​អំពីការ​វិវឌ្ឍ​​ដែល​ខ្លួន​បាន​ធ្វើ​។ កិច្ច​ប្រជុំ​​ថ្នាក់​​ក្រោម​​ស្រដៀង​គ្នា​នេះ​រវាង​​​​តំណាង​​​​​​​​​​​ម្ចាស់​​ជំនួយ​ និង​មន្ត្រី​​រដ្ឋាភិបាល​បាន​ប្រារព្ធ​ធ្វើ​រៀ​ង​រាល​់​ប្រាំមួយ​ខែ​ម្ដង​។ ប៉ុន្តែ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា​មិន​បាន​កោះ​ប្រជុំ​វេទិកា​​នៃ​កិច្ច​សហ​ប្រតិបត្តិការ​នេះ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១០​មក​ ​និង​មិន​បាន​បើក​​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​​ថ្នាក់​ក្រោម​ដើម្បី​សម្រប​សម្រួល​ដៃ​គូ​អភិវឌ្ឍន៍​ ​របស់​រដ្ឋាភិបាល​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​។ រដ្ឋាភិបាល​បាន​អះអាង​ពីដំបូង​ថា ខ្លួន​បាន​​​​លុបចោល​​កិច្ច​ប្រជុំ​របស់​​​ម្ចាស់​​ជំនួយ​​​នេះ​ដោយសារ​​ប្រទេស​ផ្ដល់​ជំនួយ​មាន​​​ការ​លំ​បាក​ផ្នែក​ហិរញ្ញវត្ថុ​ ដោយ​សារ​តែ​វិបត្តិ​ហិរញ្ញ​វត្ថុ​ពិភពលោកដែល​បាន​កើត​ឡើង​ចន្លោះ​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០០៩។ មិន​មាន​ការ​បញ្ជាក់​ប្រាប់​ពីមូល​ហេតុ​​​ក្នុង​ការ​មិន​រៀប​​ចំ​កិច្ច​ប្រជុំ​របស់​​ម្ចាស់​​ជំនួ​យ​នេះ​ទេ ប៉ុន្តែ​ម្ចាស់​​ជំនួយ​បាន​បន្ត​សន្យា​ផ្ដល់​ជំនួយ​កាន់​តែ​ច្រើន​ដោយ​មិនគិត​ពី​​ការ​ដែល​រដ្ឋា​​​ភិបាល​លុប​ចោល​វេទិកា​​នេះឡើយ​។ ការ​ពន្យារពេល​កិច្ច​ប្រជុំ​របស់​ម្ចាស់​ជំនួយ​នេះ​​​កើត​ឡើងស្រប​ពេល​ដែល​មាន​ការ​ផ្ដល់​ជំនួយ​ច្រើន​ពី​ប្រទេស​ចិន​ដល់​ប្រទេស​កម្ពុជា​ និង​មាន​ការ​រិះគន់​ជា​ប្រចាំពី​លោក​ ហ៊ុន សែន ថា ​ម្ចាស់​ជំនួយ​ចាស់​បាន​ដាក់​លក្ខខណ្ឌ​ច្រើន​ពេក​​សម្រាប់​​ជំនួយ​របស់​ខ្លួន​​ ចំណែក​ប្រទេស​​​​​​​ចិន​បាន​ឲ្យ​លុយ​ដោយ​មិន​ទាម​ទារ​ឲ្យ​មាន​​កំណែ​ទម្រង់​ណាមួយឡើយ​។ ស្ថាន​ទូត​អាល្លឺម៉ង់​មិនបាន​​ឆ្លើយ​តប​តាម​សំណើសុំ​ធ្វើ​អត្ថាធិប្បាយ​អំពីកញ្ចប់​ជំនួយ​របស់​ខ្លួន​នេះទេ​។ លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា ម្ចាស់​​ជំនួយ​បរទេស​គួរ​តែ​ប្រុង​ប្រយ័ត្ន​​ក្នុងការ​សន្យា​ផ្ដល់​ជំនួយ​ដោយ​ផ្ទាល់​ដល់​រដ្ឋា​​​ភិបាល​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​​សូម​​ស្នើ​សុំកុំ​ឲ្យ​មាន​ការ​ផ្ដល់​លុយ​ដោយ​ផ្ទាល់​​ទៅ​ឲ្យ​រដ្ឋាភិបាល​ពុក​រលួយ​។ យើង​មិន​ហាម​ឃាត់​ជំនួយ​​សម្រាប់​គាំទ្រ​​ប្រជាពល​រដ្ឋ​ក្រីក្រ​​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​គាំពារ​សុខភាព​ ឬ​ការ​អប់​រំ​ ឬការ​អភិវឌ្ឍ​សង្គម​ឡើយ។ លុយ​ដែល​​​​ចូល​ក្នុង​ហោប៉ៅ​​របស់​​រដ្ឋាភិបាល​ពុក​រលួយ​​មិនអាច​ទទួល​យក​បានទេ​។ យើង​សង្ឃឹម​ថា ប្រជា​ជន​អាល្លឺម៉ង់ដឹង​អំពីរឿង​នេះ​”។ លោក  សុន  ឆ័យ  ​មាន​ប្រសាសន៍​​បន្ត​ទៀ​ត​ថា “លោក​​​​​​​គិតថា ការ​កាត់​ផ្ដាច់​ជំនួយ​ដល់​​ប្រទេស​កម្ពុជា​អាច​​ជួយ​​​​​​​បាន​តិច​តួច​ក្នុង​ការ​ជំរុញ​​ឲ្យ​រដ្ឋា​​​ភិបាល​​កែ​ទម្រង់​​​​អភិបាល​​កិច្ច​មិន​ល្អ​របស់​ខ្លួន​ ហើយ​ផ្ទុយ​ទៅ​​​វិញ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំងទៅ​​ដល់​ប្រជា​ពល​រដ្ឋខ្មែរ​ក្រីក្រ​”។ លោក ភីធើ ព្រីមបល សេដ្ឋវិទូ​ជាន់​ខ្ពស់​នៅ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ដែល​ជាដៃ​គូរ​ផ្ដល់​ជំនួយ​ដ៏ធំនាពេល​បច្ចុប្បន្ន​របស់​កម្ពុជា​ បាន​មាន​ប្រសាសន៍​កាលពី​​ម្សិលមិញ​ថា គោល​​​ការ​របស់​ធនាគារ​នេះ​មិន​​អនុញ្ញាត​ឲ្យ​ខ្លួន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​កិច្ច​ការ​នយោបាយ​របស់​ប្រទេស​ជា​សមាជិក​ណាមួយ​ឡើយ​។ លោក ព្រីម​បល បាន​មាន​ប្រសាសន៍​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី នឹង​ផ្ដល់​ជំនួយ​ចំនួន​៥២៥​លាន​ដុល្លារ​សម្រាប់​គម្រោង​ថ្នាក់​ជាតិ​ និង​ក្នុង​តំបន់​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៥​។ លោក​ ភិធើ ព្រីមបល បាន​​​ប្រសាសន៍​​​​បន្ថែ​ម​​​​​​​ថា តាម​រយៈ​ក្រុម​ការ​ងារ​​​​ដោះស្រាយ​បញ្ហា​ថ្នាក់​ក្រោម​ ឥឡូវ​នេះ​ ម្ចាស់​​​ជំនួយ​កំពុង​​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល​​នៅ​ក្នុង​ផែន​ការ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​លើក​ក្រោយ​របស់​ខ្លួន​៕​គឹមហឿន (រាយការណ៍​បន្ថែម​ដោយ​ អូន ភាព​)

Latest news