27 C
Phnom Penh

រដ្ឋាភិបាល​បង្កើន​កម្លាំង​សន្តិ​សុខ​​​សម្រាប់​​គ្រប់​គ្រង​ការ​ប្រមូល​​​ផ្ដុំ​គ្នា​អំឡុង​​ទិវា​​សិទ្ធិមនុស្ស​អន្តរ​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​មួយ​រូប​បាន​ឲ្យ​ដឹង​​កាលពីម្សិលមិញ​ថា រដ្ឋាភិបាល​នឹង​ដាក់​ពង្រាយ​​​កម្លាំង​សន្តិ​សុខ​ប្រដាប់​អាវុធ​ច្រើន​ជា​ង​មុន​ទ្វេ​ដង​​នៅ​តាម​វិថី​នានា​ក្នុង​រាជ​ធានីភ្នំពេញ​នា​ថ្ងៃ​នេះ​ ដើម្បី​គ្រប់គ្រង​​សកម្មភាព​ប្រមូល​ផ្តុំ​គ្នា​ដែល​គ្រោង​​រៀប​ចំ​ឡើង​ដើម្បី​អប​អរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរ​ជាតិ​។

ព្រះសង្ឃ និង​សកម្មជន​សិទ្ធិមនុស្ស​ដង្ហែ​ក្បួន​ឆ្ពោះទៅកាន់វិមានរដ្ឋសភា ដើម្បីអប​អរ​សាទរទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ និងដាក់​ញត្តិ​ទៅ​តំណាង​រាស្ត្រ​ បង្ហាញ​ពីការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ពួក​គេ​បាន​គាត់​រងគ្រោះ។ ភោគ ដន/The Camboiadaily ព្រះសង្ឃ និង​សកម្មជន​សិទ្ធិមនុស្ស​ដង្ហែ​ក្បួន​ឆ្ពោះទៅកាន់វិមានរដ្ឋសភា ដើម្បីអប​អរ​សាទរទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ និងដាក់​ញត្តិ​ទៅ​តំណាង​រាស្ត្រ​ បង្ហាញ​ពីការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ពួក​គេ​បាន​គាត់ទទួល​រងគ្រោះកន្លងមក។ ភោគ ដន/The Cambodiadaily
ព្រះសង្ឃ និង​ក្រុមអ្នកហែរក្បួនសិទ្ធិមនុស្ស​ដង្ហែ​ក្បួន​ឆ្ពោះទៅកាន់វិមានរដ្ឋសភា ដើម្បីអប​អរ​សាទរទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ និងដាក់​ញត្តិ​ទៅ​តំណាង​រាស្ត្រ​ បង្ហាញ​ពីការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ពួក​គេ​បាន​គាត់​រងគ្រោះកន្លងមក។ ភោគ ដន/The Cambodiadaily

លោក​​ឧត្តម​សេនីយ៍​ ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធហត្ថ​ ​មាន​ប្រសាសន៍​ថា “យើង​​​មាន​កម្លាំង​ [បន្ថែម​] សម្រាប់​ព្រឹត្តិការណ៍​បែប​​នេះ​។ បាន​​ន័យ​ថា ប្រសិន​បើ​នៅ​ថ្ងៃ​ធម្មតា ​យើង​មាន​​កម្លាំង​ប្រដាប់​អាវុធ​១០០​នាក់​ អ៊ីចឹង​នៅ​​ថ្ងៃ​ពិសេសបែប​នេះ​​ ខពោល​គឺ​អំឡុង​ព្រឹត្តិការណ៍ នយោ​បាយ​ ឬ​ព្រឹត្តិការណ៍​​​ប្រហាក់​ប្រហែល​គ្នា​នេះ​ យើង​នឹង​បង្កើន​កម្លាំង​…​៥០​ភាគ​រយ​ ឬ​ក៏​១០០​ភាគ​រយ​”។

លោកឧត្តមសេនីយ៍ ខេង​ ទីតូ បាន​បន្ថែម​ថា ការ​ដាក់​ពង្រាយ​កម្លាំង​បន្ថែម​ តាំង​ពី​ខា​ង​ក្រៅ​រាជធានីភ្នំពេញ​នេះ​ នឹ​ង​ផ្ដោត​សំខាន់​ទៅ​លើ​តំបន់​នានា​នៅ​ក្នុងរាជធានី​​ដែល​​​មានកម្មវិធី​​ប្រមូល​ផ្តុំ​គ្នា​​នៅ​ក្នុង​​ថ្ងៃនេះ​ ដូច​ជា​នៅ​កោះពេជ្រ​ ទីលាន​ប្រជាធិបតេយ្យ​ និង​ពហុ​កីឡា​ដ្ឋាន​ជាតិ​អូឡាំពិក​ ជាដើម​។

ទាហាន​យ៉ាង​តិច​១០០​នាក់​មកពី​​អង្គភាព​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​បាន​ឈរ​ជើង​​នៅ​សាល​សន្និសីទ​ចតុ​​មុខ​ដែរ​កាលពីម្សិលមិញ​​នេះ​​។

ទាហាន​ម្នាក់​ក្នុង​ចំណោម​ទាហាន​ទំាង​នោះ​បាន​និយាយសំដៅ​ទៅ​លើ​មូល​ដ្ឋាន​អង្គ​ភាព​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្ថិត​ក្នុង​ភូមិគ្រឹះ​​របស់​លោក​​​​នៅ​ក្រៅ​រាជធានី​ថា “យើង​មក​ទីនេះ​ព្រឹក​មិញ​​នេះ​ឯង​ គឺ​​មកពី​តាខ្មៅ​”។ ទាហាន​រូប​នេះ​​​និយាយ​បន្ត​ថា “យើង​នឹង​ត្រឡប់ទៅវិញ​នៅពេល​ភារកិច្ច​របស់​យើង​​ចប់​​”។ គាត់​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ទេ​​ ដោយ​សារ​​ខ្លាច​មាន​បញ្ហា​​។

នៅ​ពេល​ត្រូវ​បាន​​សួរ​ថា តើ​មូល​ហេតុ​អ្វី​បាន​ជា​​មាន​ទាហាន​​មក​ពី​អង្គ​ភាព​កង​អង្គ​រក្ស​​នាយក​រដ្ឋមន្ត្រី​​នៅ​​រាជ​ធានីភ្នំពេញមុនការ​ប្រមូល​ផ្តុំ​គ្នា​អប​អរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​ ​នោះ​ លោក​ឧត្តម​សេនីយ ខេង​ ទីតូ បាន​លើក​​​​​ឡើង​ថា អង្គភាព​នេះ​​ត្រូវ​បាន​ហៅ​​មក​ជា​ទៀង​ទាត់​ឲ្យ​ផ្ដល់​កម្លាំង​បន្ថែម​​​អំឡុង​ព្រឹត្តិ​ការណ៍​ធំៗ​។ លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ណាដែល​មាន​ការ​រៀប​ចំ​​ព្រឹត្តិការណ៍​​ផ្សេងៗ​​ ពួក​គេ​តែង​តែ​មក​ជួយ​។ ពួកគេ​គឺជា​កម្លាំង​បន្ថែម​សម្រាប់​ជួយ​រក្សា​សន្តិ​សុខ​”។​

កាលពីថ្ងៃ​អាទិត្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ការ​​ប្រមូល​ផ្ដុំ​គ្នា​ដែល​គ្រោង​ធ្វើ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល សហជីព​កម្មករ​ និង​គណបក្ស​ប្រឆាំង​នេះ​នឹង​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ធ្វើ​តាម​ការ​គ្រោង​ទុក​ ក៏​ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ក្រុម​ណាមួយ​ធ្វើការ​ដង្ហែ​ក្បួន​នៅ​ក្នុង​រាជធានីទេ។

ទោះ​ជាយ៉ាង​ណា លោក យែម បុញ្ញឫទ្ធិ​ អ្នក​នាំពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​​​សារ​ជា​ថ្មី​ថា ការ​ដង្ហែ​ក្បួន​នេះ​នឹង​បន្ត​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​នេះ​ ដោយ​បាន​ប៉ាន់​ប្រមាណ​ថា អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​៣០.០០០​នាក់​ នឹង​បង្កើត​ជា​ក្រុម​ចំនួន​បី​ ដែល​នឹង​ដង្ហែ​តាម​លោក សម រង្ស៊ី លោក កឹម សុខា និង​អ្នកស្រី មូរ សុខហួរ ឆ្ពោះទៅ​កាន់​វិមាន​រដ្ឋសភា​ជា​តិ​ដើម្បីទាម​ទារ​ឲ្យ​មាន​ការ​គោរ​ព​សិទ្ធិមនុស្ស​ប្រសើរ​ជាង​មុន​។

លោក យែម បុញ្ញឫទ្ធិ បាន​លើក​ឡើង​ថា លោក​សង្ឃឹម​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​​​ត្រូវ​បាន​ដាក់​ពង្រាយ​​តាម​ដង​ផ្លូវក្នុង​ចំនួន​ច្រើន​ជាង​មុន​នេះ​ នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​សម្រួល​​ដល់​ការ​ប្រមូល​ផ្ដុំ​ក្នុង​បុព្វហេតុ​នយោ​បាយ​ ជាជាង​រារាំង​ពួកគេ​។ លោក​​មាន​ប្រសាសន៍​ថា “ វា​ជា​ភារ​កិច្ច​​របស់ពួកគេ​ក្នុង​ការ​​ធានា​សន្តិ​សុខ​នា​ថ្ងៃ​ស្អែក​នេះ​”។

តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃសៅរ៍ អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ (Amnesty International) បាន​អំពាវ​នាវ​ឲ្យ​អាជ្ញា​ធរ​កម្ពុជា​គោរព​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ប្រមូល​ផ្ដុំគ្នា​ដោយ​សន្តិ​វិធី​ ហើយ​បាន​ជំរុញ​ឲ្យ​ពួកគេ​បញ្ជៀស​ការ​បិទ​ផ្លូវ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ ឬ​ប្រើ​កម្លាំង​ជ្រុល​ហួស​ហេតុ​លើ​បាតុក​រ។

សេចក្ដី​ថ្លែង​ការ​ណ៍​នេះ​មា​ន​ខ្លឹម​សារ​ថា “ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​​មាន​ការ​​​ព្រួយ​បារម្ភ​ថា របាំង​បន្លាលួស​គឺ​ហាក់​ដូច​ជា​បាន​ត្រៀម​រួច​ហើយ​សម្រាប់​ការ​ប្រើ​ប្រាស​់​នៅ​តំបន់​មួយ​ចំនួន​​ក្នុង​រាជ​ធានី​ ហើយ​យើង​សូម​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើការ​សម្រប​សម្រួល​​ជា​ជាង​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ចូលរួម​ប្រមូល​ផ្ដុំ​គ្នា​ដោយ​សន្តិ​វិធី​ [ក្នុង​ទិវា​សិទ្ធិ​មនុស្ស​]”។

គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មាន​ផែន​ការ​រៀប​ចំ​ការ​ប្រមូល​​ផ្ដុំ​គ្នា និង​ដង្ហែ​ក្បួន​កាត់​ក្រុង​សៀម​រាប​នៅពេល​រសៀល​ផង​ដែរ​ ដោយ​គណបក្ស​នេះ​បាន​មានះ​ថា ខ្លួន​នឹង​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​ប្រសាទ​អង្គរ​វត្ត​។ អាជ្ញាធរ​ខេត្ត​សៀម​រាប​បានបញ្ជាក់​រួច​ហើយ​ថា ខ្លួន​នឹង​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បែប​នេះ​ទេ។

លោក កាន សម្បត្តិ ស្នង​ការ​រង​នគរ​បាល​ខេត្ត​សៀម​រាប​ បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​បន្ថែម​​​ក៏​នឹង​ត្រូវ​បាន​ដាក​់​ពង្រាយ​​​ក្នុង​តំបន់​ទេស-​​​ចរណ៍​នេះ​ដើម្បី​គ្រប់​គ្រង​កា​រតវ៉ា​​លើក​ដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​ខេត្ត​នេះ​។ លោក​​មាន​ប្រសាសន៍​ថា “សម្រាប់​ព្រឹត្តិ​-ការណ៍បែប​នេះ​ នឹង​មាន​មនុស្ស​ច្រើន​ជាង​ធម្មតា​ ដូច្នេះ​​យើង​នឹង​បង្កើន​ចំនួន​នគរ​បាល​​ឧទាហរណ៍​ពី​១០០​នាក់​ទៅ​២០០​នាក់​ដើម្បី​សម្រួល​ចរាចរណ៍​ និង​ធានា​ឲ្យ​បាន​ថា ពុំ​មាន​ហេតុការណ៍​អាក្រក់​អ្វី​កើតឡើង៕សេរីវុធ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស