អំឡុងពេលប្រគំតន្ត្រីប្រជាប្រិយរយៈពេលបួនម៉ោងនៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញដើម្បីរំឭកទិវាប្រឆាំងអំពើពុករលួយអន្តរជាតិនោះ ក្រុមហ៊ុនកូកាកូឡា និងអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល (ACU) កាលពីម្សិលមិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមិនឲ្យក្រុម ហ៊ុនភេសជ្ជៈអន្តរជាតិនេះប្រព្រឹត្តអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍នៅក្នុងពិធីនេះមុនពេលអញ្ជើញលោក ប៉ូល ផបភីលលៀ ប្រធានក្រុមហ៊ុនកូកាកូឡាប្រចាំកម្ពុជាឲ្យឡើងលើវេទិកាថា “អំពើពុករលួយជាឧបសគ្គដល់ការអភិវឌ្ឍ និងការរីកចម្រើនរបស់សេដ្ឋកិច្ច ហើយក៏ជាឧបសគ្គចំពោះសង្គមស្អាតស្អំ និងអភិបាលកិច្ចល្អដែរ។
លោក ផបភីលលៀ ដែលបានក្រេបកូកាកូឡាមួយកំប៉ុងមុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបានមានប្រសាសន៍នៅពេលក្រោយមកថា ក្រុមហ៊ុនសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងទទួលបានផលប្រយោជន៍ធំធេង។ លោក ផបភីលលៀ បានមានប្រសាសន៍នៅពេលធ្វើសន្និសីទកាសែតថា “ក្រុមហ៊ុនមួយចំនួនគិតថា យើងមិនអាចធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជាបានទេ ប្រសិនបើយើងមិនសូកប៉ាន់។ ក្រុមហ៊ុនកូកាកូឡាប្រកាសថា យើងកំពុងធ្វើអាជីវកម្មនៅទីនេះ ហើយយើងគោរពច្បាប់មួយរយភាគរយ”។
កិច្ចព្រមព្រៀងសរសេរជាភាសាអង់គ្លេសដែលគេបានចែកឲ្យប្រព័ន្ធផ្សព្វផ្សាយនេះមានខ្លឹមសារថា ក្រុមហ៊ុនកូកាកូឡា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដើម្បីបង្ហាញពីការគោរពរបស់ក្រុមហ៊ុនចំពោះការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ កិច្ចព្រមព្រៀងនេះមានខ្លឹមសារថា “ក្រុមហ៊ុនកូកាកូឡា នឹងមិនចូលរួមក្នុងការប្រព្រឹត្តអំពើពុករលួយឬសូកប៉ាន់ទេ ដើម្បីធ្វើជាគំរូសម្រាប់វិស័យឯកជនក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ”។
ក្រុមហ៊ុននេះក៏បានព្រមព្រៀងបន្តអប់រំបុគ្គលិករបស់ខ្លួនមិនឲ្យប្រព្រឹត្តអំពើពុករលួយនិងឲ្យរាយការណ៍ប្រាប់អង្គភាពប្រឆាំងអំពើពុករលួយនូវការប៉ុនប៉ងណាមួយដើម្បីជំរុញឲ្យបុគ្គលិកប្រព្រឹត្តអំពើពុករលួយ។ កិច្ចព្រមព្រៀងនេះលើកឡើងទៀតថា “ក្រុមហ៊ុនកូកាកូឡា អាចចាត់វិធានការដោយការរាយការណ៍ប្រាប់អង្គភាពប្រឆាំងអំពើពុករលួយប្រសិនបើមានមន្ត្រីរដ្ឋាភិបាល អ្នកផ្គត់ផ្គង់ អតិថិជន និងស្ថាប័នផ្សេងទៀត ឬបុគ្គលណាមួយទាមទារឲ្យក្រុមហ៊ុនកូកាកូឡា បង់លុយមិនត្រឹមត្រូវ”។
នៅពេលដែលមានការប្រគំតន្ត្រីប្រជាប្រិយនេះ អ្នកចម្រៀងមួយគូរបានឡើងលើឆាកច្រៀងចម្រៀងដែលមានចំណងជើងថា “កុំចង់ប្រព្រឹត្តអំពើពុករលួយ កុំពុករលួយ មិនហ៊ានប្រព្រឹត្តអំពើពុករលួយ”។ ចម្រៀងនេះមានខ្លឹមសាថា “សូមកុំពុករលួយ និងធ្វើឲ្យព្រះមហាក្សត្រ ក៏ដូចជានាយករដ្ឋមន្ត្រីព្រួយបារម្ភ”។ “សូមបញ្ឈប់អំពើពុករលួយ។ ប្រសិនបើលោកអ្នកពុករលួយ គ្មាននរណាម្នាក់អាចជួយលោកអ្នកបានទេ។ សូមកុំពុករលួយ យើងត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពមិនប្រព្រឹត្តអំពើពុករលួយ”។
នៅឯសន្និសីទកាសែតបន្ទាប់ពីពិធីនេះលោក ឱម យិនទៀង មានប្រសាសន៍ថា ក្រុមហ៊ុនកូកាកូឡា មានគោលនយោបាយប្រឆាំងអំពើពុករលួយផ្ទៃក្នុងតឹងរ៉ឹងដែលធ្វើឲ្យមានឥទ្ធិពលដល់ក្រុមហ៊ុនផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថា “យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយក្រុមហ៊ុនកូកាកូឡា ដោយសារក្រុមហ៊ុនកូកាកូឡា គឺជាក្បាលរទេះភ្លើងដែលអាចជំរុញឲ្យក្រុមហ៊ុនផ្សេងៗទៀតប្រឆាំងនឹងអំពើពុករលួយ”។
កាលពីសប្ដាហ៍មុនអង្គការតម្លាភាពអន្តរជាតិបានបង្ហាញថា កម្ពុជាបានធ្លាក់ដល់ចំណាត់ថ្នាក់ទាបទី១៦០ក្នុងចំណោមប្រទេសចំនួន១៧៧នៅក្នុងសន្ទស្សន៍យល់ដឹងពីអំពើពុករលួយប្រចាំឆ្នាំរបស់ខ្លួន រីឯអង្គភាពប្រឆាំងអំពើពុករលួយត្រូវបានអង្គការសង្គមស៊ីវិលរិះគន់យ៉ាងខ្លាំងចាប់តាំងពីស្ថាប័ននេះបង្កើតឡើងនៅក្នុងឆ្នាំ២០១០ចំពោះការអនុវត្ត ច្បាប់មិនបានតឹងរ៉ឹង។
អង្គភាពនេះមិនទាន់ស៊ើបអង្កេតព័ត៌មាននៅក្នុងរបាយការណ៍របស់មូលនិធិពិភពលោកដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ដែលថា មានអំពើពុករលួយទ្រង់ទ្រាយធំនៅក្រសួងសុខាភិបាលនោះទេ។ មូលនិធិនេះបានលាតត្រដាងកាលពីខែមុនថា មន្ត្រីក្រសួងសុខាភិបាលបានយកលុយទុកសម្រាប់ជួយជនរង់គ្រោះដោយសារជំងឺគ្រុនចាញ់ និងជំងឺអេសដ៍ ដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន។
ឆ្លើយតបនឹងសំណួរដែលសួរថា តើអង្គភាពប្រឆាំងអំពើពុករលួយបានស៊ើបអង្កេតពីការលើកឡើងនៅក្នុងរបាយការណ៍នេះឬយ៉ាងណានោះលោក ឱម យិនទៀង បានមានប្រសាសន៍ថា “ យើងបានទទួលរបាយការណ៍របស់មូលនិធិពិភពលោកនេះហើយ ប៉ុន្តែយើងនៅមិនទាន់បានវាយតម្លៃរបាយការណ៍នេះនៅឡើយទេ។ យើងកំពុងរង់ចាំទាក់ទងមូលនិធិពិភពលោកដើម្បីពិភាក្សាពីរឿងនេះជាមុនសិន៕ គឹមហឿន