កាលពីម្សិលមិញអង្គការសិទ្ធិមនុស្សបានស្នើឲ្យរដ្ឋាភិបាលបង្កើនល្បឿនកែទម្រង់ប្រព័ន្ធតុលាការ បញ្ចប់ការទន្ទ្រានយកដី ធានាឲ្យមានសិទ្ធិការងារជាមូលដ្ឋាន និងដោះស្រាយកង្វល់ជាច្រើនទៀត នៅពេលពិភពលោកប្រារព្ធខួបលើកទី៦៥ចាប់តាំងពីមានការបង្កើតសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្សនេះមក។

ប៉ុន្តែការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិដោយសន្តិវិធីបានបញ្ចប់ដោយភាពជូរចត់កាលពីយប់មិញ នៅពេលដែលមានការបិទផ្លូវចន្លោះពីមហាវិថីព្រះមុនីវង្ស និងវត្តភ្នំ ហើយកងរាជអាវុធហត្ថ និងនគរបាលប្រឆាំងកុបកម្មរាប់រយនាក់បានបំបែកក្រុមអ្នកដេកតវ៉ាមួយក្រុមតូចនៅក្រៅស្ថានទូតអាមេរិក ហើយការបង្ក្រាបនេះបណ្ដាលឲ្យយុវជនមួយក្រុមទៀតគប់ដុំថ្ម និងដបសាំង។
កាលពីពេលព្រឹកម្សិលមិញ ក្រុមអ្នកតវ៉ាមួយក្រុមតូចបានប្រមូលផ្ដុំគ្នាដោតទង់គណបក្សសង្គ្រោះជាតិនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក នៅជិតវត្ថភ្នំ ដែលនៅទីនោះក៏មានការជួបជុំគ្នាធំមួយដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សដែរ។ តំណាងអ្នកតវ៉ាម្នាក់ដែលបានជួបជុំគ្នានៅជិតស្ថានទូតអាមេរិកបាននិយាយថា ពួកគេនឹងមិនចាកចេញទេ រហូតដល់នាយករដ្ឋមន្ត្រីហ៊ុន សែន ចុះចេញពីតំណែង។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានទៅទីនោះ និងបានប្រាប់ឲ្យពួកគេបំបែកគ្នា ហើយបានមានប្រសាសន៍ថា ពួកគេមិនជាប់ពាក់ព័ន្ធនឹងការតវ៉ារបស់គណបក្សសង្គ្រោះជាតិទេ ប៉ុន្តែក្រោយមកលោកស្រីបានចាកចេញវិញនៅពេលដែលក្រុមអ្នកតវ៉ាទាំងនោះមិនធ្វើតាមសំណើរបស់លោកស្រី។
អ្នកតវ៉ាម្នាក់បាននិយាយអំពីលោកស្រី មូរ សុខហួរ ថា គាត់មកទីនេះដើម្បីបំភិតបំភ័យយើង” ។ អ្នកតវ៉ារូបនេះបានបញ្ជាក់ថា ក្រុមខ្លួននឹងស្ថិតនៅក្រៅស្ថានទូតនេះមួយយប់។ ប៉ុន្តែនៅពេលយប់ចូលមកដល់ ក្រុមអ្នកតវ៉ាដែលស្បើយទៅៗមកនៅប្រហែល១២នាក់អង្គុយកាន់ទៀនលើកន្ទេលនេះត្រូវបានកងកម្លាំងសន្តិសុខខណ្ឌដូនពេញ ប្រាប់ឲ្យចាកចេញ ខណៈដែលនៅជិតវត្តភ្នំមាននគរបាលប្រឆាំងកុបកម្ម និងកងរាជអាវុធហត្ថរាប់រយនាក់កំពុងឈររង់ចាំបទបញ្ជា។
បន្ទាប់មកក្រុមសន្តិសុខទាំងនោះបានរុញអ្នកតវ៉ាមួយក្រុមតូចនេះឡើងលើរថយន្ត។ អង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយថា អ្នកតវ៉ាទាំងនោះត្រូវបានដឹកយកទៅដាក់នៅវត្តមួយក្នុងខណ្ឌឫស្សីកែវដោយសុវត្ថិភាព។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានមានប្រសាសន៍ថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់អាជ្ញាធរកាលពីម្សិលមិញឲ្យមានការប្រុងប្រយ័ត្ននៅក្នុងការដោះស្រាយបញ្ហាសន្តិសុខនៅខាងក្រៅស្ថានទូតនេះ។
នៅទូទាំងរាជធានីភ្នំពេញកាលពីម្សិលមិញមានក្រុមតវ៉ាផ្សេងៗគ្នា ដូចជាគណបក្សនយោបាយ និងព្រះសង្ឃ ដែលបានហែក្បួន ឬជួបជុំគ្នាដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស និងបង្ហាញពីការរំលោភបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ។
គណៈកម្មាធិការប្រព្រឹត្តិកម្ម អង្គការសមាគមការពារសិទ្ធិមនុស្សបានចេញសេចក្ដីថ្លែងការណ៍រួមមួយដែលបានលើកឡើងថា រដ្ឋាភិបាល “ មានកាតព្វកិច្ចលើកស្ទួយ គោរព និងអនុវត្តសិទ្ធិមនុស្ស ដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយបានអំពាវនាវឲ្យបញ្ចប់ការបណ្ដេញប្រជាជនទាំងបង្ខំចេញពីដី និងស្នើឲ្យបើកកន្លែងសាធារណៈជាច្រើនទៀតសម្រាប់ប្រជាជនជួបជុំគ្នា។
ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានស្នើឲ្យមានយន្តការទទួលខុសត្រូវ ការគោរពសិទ្ធិមនុស្សឲ្យមានតម្លាភាព និងការចូលរួមទូលំទូលាយក្នុងការធ្វើសេចក្តីសម្រេច ដើម្បីបង្កើនឪកាសកែទម្រង់ឲ្យបានជោគជ័យ។
ព្រឹត្តិការណ៍កាលពីម្សិលមិញនេះបានចាប់ផ្តើមដោយមានការចូលរួមពីព្រះសង្ឃនិងជនសីុវិលរាប់រយអង្គនិងនាក់ ដែលភាគច្រើនបានដើរមកពីតាមខេត្តនានាអស់រយៈពេល១០ថ្ងៃ ហើយបានប្រឆាំងនឹងបទបញ្ជារបស់សាលារាជធានីដោយការហែក្បួនទៅកាន់រដ្ឋសភាដើម្បីដាក់ញត្តិទាមទារឲ្យបញ្ចប់ការរំលោភសិទ្ធិមនុស្ស។
កងរាជអាវុធហត្ថនិងនគរបាលប្រដាប់អាវុធបានឈរនៅក្បែរនោះ ប៉ុន្តែក្រុមអ្នកតវ៉ាបានបែកគ្នាវិញនៅពេលថ្ងៃត្រង់ដោយមិនបានដាក់ញត្តិឡើយ ព្រោះគ្មានអ្នកធ្វើការនៅរដ្ឋសភាដើម្បីទទួលញត្តិនោះឡើយ កាលពីម្សិលមិញ ព្រោះជាថ្ងៃឈប់សម្រាក។
ព្រះតេជគុណ ប៊ុន ប៊ុនទិញ ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងជាអ្នកដឹកនាំធម្មយាត្រារបស់ព្រះសង្ឃ បានមានសង្ឃដីកាថា ថ្វីបើមិនបានប្រគល់ញត្តិដោយផ្ទាល់ជូនរដ្ឋសភាក៏ដោយ ក៏ព្រះអង្គជឿជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជានឹងឮពីសាររបស់ក្រុមអ្នកតវ៉ាដែរ។
ព្រះអង្គបានមានសង្ឃដីកាថា “ពួកគេនឹងឮ ពីព្រោះឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយខ្លាំងណាស់។ អាត្មាជឿថា ប្រសិនបើយើងនិយាយអាក្រក់ជាមួយលោក ហ៊ុន សែន គាត់មានប្រតិកម្មភ្លាម។ អាត្មាជឿថា គាត់ស្ដាប់គ្រប់ពេលទាំងអស់”។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍មានប្រសាសន៍ថា ពាក្យបណ្ដឹងដែលអ្នកធ្វើធម្មយាត្រាប្រមូលបាននឹងត្រូវប្រគល់ទៅឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនៅពេលខាងមុខនេះ។
កាលពីព្រឹកម្សិលមិញនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានដើរពីទីស្នាក់ការគណបក្សរបស់លោកក្នុងសង្កាត់ចាក់អង្រែលើនៅម៉ោង៨ព្រឹក។ លោក សម រង្ស៊ី ដែលអមដោយតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំង និងអ្នកគាំទ្របានដឹកនាំអ្នកគាំទ្ររាប់រយនាក់ដើរមកកាន់ទីលានប្រជាធិបតេយ្យតាមមហាវិថីព្រះមុនីវង្ស។ លោកបានមានប្រសាសន៍នៅពេលចាកចេញពីទីស្នាក់ការគណបក្សរបស់លោកថា “យើងដើរដើម្បីទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ យើងដើរដោយសន្តិវិធី និងគ្មានអំពើហិង្សា”។
ការហែក្បួនរបស់លោក សម រង្ស៊ី ក៏បានធ្វើឡើងដោយរលូនផងដែរ ថ្វីបើក្រសួងមហាផ្ទៃបានហាមកាលពីថ្ងៃអាទិត្យមិនឲ្យមានការហែក្បួននៅក្នុងទីក្រុងក៏ដោយ។ ការហែក្បួនរបស់លោក សម រង្ស៊ី បានជួបគ្នានៅត្រង់ចំណុចប្រសព្វនៃមហាព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងការហែក្បួនមួយទៀតដែលដឹកនាំដោយលោក កឹម សុខា អនុប្រធានគណបក្សដែលបានចាប់ផ្ដើមនៅក្នុងខណ្ឌទួលគោក។
ពេលថ្លែងទៅកាន់អ្នកគាំទ្រប្រហែល៥.០០០នាក់នៅក្នុងទីលានប្រជាធិបតេយ្យ លោក សម រង្ស៊ី បានអះអាងថា គណបក្សសង្គ្រោះជាតិ គឺជាអ្នកឈ្នះពិតប្រាកដនៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដា។ លោកក៏បានប្រាប់ក្រុមអ្នកតវ៉ាផងដែរថា សិទ្ធិបោះឆ្នោតរបស់ពួកគេត្រូវបានបំពានដោយការលួចបន្លំសន្លឹកឆ្នោត។
ពេលថ្លែងម្ដងទៀតទៅកាន់មនុស្សរាប់ពាន់នាក់ដែលបានជួបជុំគ្នានៅជិតវត្តភ្នំ លោក សម រង្ស៊ី បានទទួលការអបអរសាទរពីមនុស្សជាច្រើននៅពេលដែលលោកទាមទារឲ្យមានការតម្លើងប្រាក់ខែរបស់កម្មករ។ លោកបានមានប្រសាសន៍ថា “នៅថ្ងៃនេះមានព្រឹត្តិការណ៍បីផ្សេងគ្នា ប៉ុន្តែព្រឹត្តិការណ៍ទាំងអស់មានគោលដៅដូចគ្នា គឺសិទ្ធិមនុស្ស” ។លោកបានបន្ថែមថា “យើងត្រូវគោរពសិទ្ធិសហជីព និងសិទ្ធិរបស់កម្មកររោងចក្រ”។
នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកឯណោះវិញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានប្រាប់ប្រជាពលរដ្ឋ និងតំណាងអង្គការក្រៅរដ្ឋាភិបាលប្រហែល៦០០នាក់ថា គោលបំណងរបស់លោក គឺចង់ឲ្យមានការពង្រឹងទំនាក់ទំនងរវាងសាលារាជធានី និងអង្គការសង្គមស៊ីវិល ហើយលោកបាននិយាយការពារសេចក្ដីសម្រេចរបស់លោកក្នុងការមិនអនុញ្ញាតឲ្យព្រះសង្ឃ និងគណបក្សសង្គ្រោះជាតិហែក្បួននៅក្នុងទីក្រុង។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា “ក្នុងរយៈពេលពីរបីថ្ងៃមកនេះ យើងបានទទួលការរិះគន់ពីមតិសាធារណៈ។ ការហែក្បួនធ្វើឡើងដើម្បីទាមទារសិទ្ធិជាមូលដ្ឋាន។ ប៉ុន្តែអ្នកហែក្បួនបានបំពានសិទ្ធិអ្នកដទៃ”។ លោកបន្ថែមថា ការកកស្ទះចរាចរណ៍ដែលបង្កឡើងដោយអ្នកហែក្បួនគឺជាការបំពានសិទ្ធិបែបនេះ៕ គឹមហឿន
(រាយការណ៍បន្ថែម ដោយ ផន បុប្ផា ម៉ិច ដារ៉ា Lauren Crothers ឃី សុវុឌ្ឍី Matt Blomberg និង គុច ណារ៉េន)

