ក្រុងសៀមរាប-លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង កាលពីម្សិលមិញទទួលបានការស្វាគមន៍ ពីសំណាក់អ្នកគាំទ្រចំនួន១៥.០០០នាក់ នេះជាលើកដំបូងដែលបានធ្វើការជួបជុំនៅខេត្តសៀមរាប បន្ទាប់ពីព្រឹត្តិការណ៍បោះឆ្នោតជាតិបានកន្លងមក។ នៅទីនោះ ជាថ្មីម្តងទៀត លោកបានទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។

នៅពេលទៅដល់ខេត្តសៀមរាបតាមជើងយន្តហោះពីរាជធានីភ្នំពេញ តាមការគ្រោងទុកលោក សម រង្ស៊ី បានចុះនៅឧទ្យានអង្គរ ឃ្យុងយូ នៅជាយក្រុងសៀមរាប ដោយ មានសំឡេងអបអរសាទរយ៉ាងច្រើននៅម៉ោងប្រហែល៤រសៀល។
អ្នកដើរអមលោក សម រង្ស៊ី មិនមែនជាលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះ ជាតិទេ គឺលោកស្រី ជូឡុង សូមូរ៉ា ភរិយារបស់លោក ហើយនៅពេលនោះ លោកបានឡើងទៅលើឆាក និងបានសូមអភ័យទោសសម្រាប់ អវត្តមានគ្មានការពន្យល់មូលហេតុរបស់លោកអនុប្រធានគណបក្ស ក៏ប៉ុន្តែ លោកបានលើកសរសើរវត្តមានអ្នកចូលរួមដ៏ច្រើននៅឧទ្យាននោះ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “អ្នកខ្លះនិយាយថា នៅពេលយើងអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ការរៀបចំពិធីនៅទីនេះប្រហែលជាគ្មានប្រយោជន៍ទេពីព្រោះ មិនមានមនុស្សគ្រប់គ្រាន់មកចូលរួមទេ។ ដូច្នេះ ពិធីនេះគួរត្រូវបានរៀបចំនៅរាជធានីភ្នំពេញ ទើបមានអ្នកចូលរួមគ្រប់គ្រាន់”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ក៏ប៉ុន្តែ មើលចុះ អ្នកចូលរួមនៅទីនេះមានច្រើនដូចនៅភ្នំពេញដែរក្នុងថ្ងៃនេះ។ យើងបានជួបជុំគ្នានៅលើវាលស្រែក៏ប៉ុន្តែ អ្នកចូលរួមនៅទីនេះមានចំនួនដូចនៅទីក្រុងភ្នំពេញដែរ”។ លោក សម រង្ស៊ី បានសន្យាធ្វើបាតុកម្មនាពេលអនាគតទាំងនៅខេត្តសៀមរាប ទាំងនៅរាជធានីភ្នំពេញ ហើយលោកបានលើកឡើងថា សំឡេងប្រឆាំងនឹងលោក ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិយ៉ាងចម្រូងចម្រាសកាលពីខែកក្កដា ពិតជាមានគ្រប់គ្រាន់សម្រាប់រក្សាសកម្មភាពតវ៉ាទូទាំងប្រទេស។
ថ្លែងបន្តអំពីសាច់រឿងមួយ ដែលតែងតែ ត្រូវបានលើកឡើងនៅក្នុងកម្មវិធីជួបជុំរបស់គណបក្សប្រឆាំង លោក សម រង្ស៊ី បានបង្វែងការចាប់អារម្មណ៍ ទៅលើបញ្ហាទន្ទ្រានយកដី និងការធ្វើចំណូលស្រុករបស់ប្រជាជនវៀតណាម មកកាន់ប្រទេសកម្ពុជា។ លោកបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ ដោយប្រើពាក្យមួយសំដៅទៅលើប្រជាជនវៀតណាម ដែល ជារឿយៗត្រូវបានចាត់ទុកជាពាក្យមើលងាយថា “យួន និងជនបរទេសជាច្រើនមកយកការងារ ពីប្រជាជនខ្មែរ និងយកដីខ្មែរ”។ លោកបានបន្តថា “ពួកគេជំរុញឲ្យប្រជាជនខ្មែរទៅប្រទេសថៃជំនួសវិញ។ ប្រជាជនជាច្រើនបានទៅ ហើយពួកគេសប្បាយចិត្តណាស់ ហើយបន្ទាប់មកពួកគេយកយួនចូលមកជំនួសប្រជាជនខ្មែរ។ ដូច្នេះ យើងបោះឆ្នោតដើម្បីផ្លាស់ប្តូរ!”។
បន្ទាប់មកទៀត មេដឹកនាំគណបក្សប្រឆាំង រូបនេះបានអំពាវនាវឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ឬក៏បោះឆ្នោតឡើងវិញ ដោយលោកបានលើកឡើងអំពីព្រឹត្តិការណ៍ថ្មីៗនៅប្រទេសថៃ ដើម្បីធ្វើជាគំរូដែលគួរអនុវត្តតាម។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវ ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន អើយ កុំខ្សោយជាងមនុស្សស្រី”។ លោក សម រង្ស៊ី បានមានប្រសាសន៍ នៅពេលក្រុមអ្នកគាំទ្រសើចខ្លាំងៗថា “នាយករដ្ឋមន្ត្រីស្ត្រីនៅប្រទេសថៃឈ្មោះ យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ។
សូមកោតសរសើរលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ ប្រជាជនបានតវ៉ាទាមទារឲ្យលោក ស្រីចុះចេញពីតំណែង ហើយលោកស្រីយល់ព្រមឲ្យមានការរៀបចំការបោះឆ្នោតឡើងវិញ។ ហេតុអ្វីបានជាលោក ហ៊ុន សែន អន់ជាងមនុស្សស្រីអ៊ីចឹង?” នៅវេលាម៉ោង ៤និង៣០នាទីរសៀល លោក សម រង្ស៊ី បានអានបញ្ជីឈ្មោះតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ ដែលមានវត្តមាននៅក្នុងពិធីជួបជុំនេះ និងបានប្រកាសការចាប់ផ្តើមវគ្គទី២នៃការដើរក្បួន នាថ្ងៃម្សិលមិញ។
លោក សម រង្ស៊ី ដែលមានភរិយាដើរអមជាថ្មីម្តងទៀតនោះ បានដឹកនាំការដើរក្បួនសំដៅទៅកាន់ផ្លូវជាតិលេខ៦ ដែលមានកម្លាំងកងរាជអាវុធហត្ថកំពុងរង់ចាំ និងកម្លាំងនគរបាលក្រុងឈរជាជួរ នៅចំកណ្តាលផ្លូវ ដើម្បីគ្រប់គ្រងចរាចរណ៍ នៅជុំវិញក្រុមអ្នកដើរក្បួន។ ទាក់ទងទៅនឹងពិធីជួបជុំនេះ អាជ្ញាធរខេត្ត សៀមរាបបានលើកឡើងថា ពួកគេមិនអនុញ្ញាតឲ្យការដើរក្បួនទេ ក៏ប៉ុន្តែ ស្ថានភាពមានភាពស្ងប់ស្ងាត់រវាងភាគីទាំងពីរ ពោលគឺ ក្រុមអ្នកដើរក្បួនបានទះដៃតិចៗសម្តែងការពេញចិត្តចំពោះក្រុមមន្ត្រីនគរបាលដែលនៅពីក្រោយ និងបាននិយាយថា អរគុណ។
ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ជារឿយៗ បានស្រែកថា “ហ៊ុន សែន អន់ជាងស្ត្រី!” ខណៈដែលពួកគេដើរតាមផ្លូវវាងឆ្លងកាត់តំបន់ខាងលិចនៃក្រុងសៀមរាប ឆ្លងទន្លេតូច និងដើរចូលទៅកាន់តំបន់អ្នកទេសចរ។
ពេលដើរទៅដល់ផ្លូវ ស៊ីវុត្ថា ដែលជាផ្លូវមាន ភ្ញៀវទេសចរយ៉ាងច្រើនមួយលោក សម រង្ស៊ី ទទួលបានការស្វាគមន៍ពីសំណាក់បុគ្គលិកភោជនីយដ្ឋាន និងផ្ទះសំណាក់នានា ព្រមទាំងភ្ញៀវទេសចរ ដែលបង្ហាញប្រតិកម្មភាំង នៅពេលឃើញបែបនេះ។ លោកបានចាប់ដៃរបស់បុគ្គលិកដែលកំពុងឈររង់ចាំនៅតាមដងផ្លូវហើយមានស្ត្រីមួយក្រុមបានព្យាយាមឆ្លងកាត់ក្រុមអង្គរក្សរបស់លោក សម រង្ស៊ី ដើម្បីទាញលោករំលងកង់ចតជាជួរ យកមកឱប និងថើប។
នៅពេលឆ្លងផុតតំបន់ភ្ញៀវទេសចរដើរ ដែលមានភ្លើងភ្លឺចិញ្ចាំងចិញ្ចាច និងហាក់ដូចជាទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់ប្រជាជន ការដើរក្បួននេះបានទៅដល់សួនរាជា ដែលជាគោលដៅចុងក្រោយនៃការដើរក្បួននេះ នៅវេលាម៉ោង៦និង៣០នាទីល្ងាច ក្រោមផ្ទៃមេឃងងឹត។
លោក សម រង្ស៊ី បានអុជធូប បួងសួង និងបំពាក់កម្រងផ្កាលើរូបសំណាកទាំងពីរ រូបសំណាកព្រះអង្គចេក ព្រះអង្គចម ដែលស្ថិតនៅក្នុងទីធ្វើសក្ការបូជា ដើម្បីផ្សងសំណាង មុនពេលឡើងរថយន្ត SUV កំពុងរង់ចាំ និងធ្វើដំណើរចាកចេញទៅ។
លោក គួយ ប៊ុនរឿន តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា លោក សម រង្ស៊ី និងលោកស្រី សូមូរ៉ា បានធ្វើដំណើរទៅខេត្តកំពង់ធំ ដើម្បីចូលរួម ជាមួយសមាជិកគណបក្សប្រឆាំងទៀត នាថ្ងៃនេះក្នុងសកម្មភាពចុះទៅមើលព្រៃឡង់ដែល ត្រូវបានកាប់បំផ្លាញ៕ សុធា