33 C
Phnom Penh

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិអះអាងថាក្រសួង យុត្តិធម៌បានព្រមព្រៀងលើអ្វីដែលភាគីទាំងពីរបានជជែកកាលពីពេលមុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា កាលពីម្សិលម៉ិញដើម្បីពិភាក្សាអំពីការលើកកម្ពស់ដល់ការកែលំអប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

អ្នកស្រី រ៉ូណា ស្មីត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភាគីទាំងពីរបានជជែកអំពីការស្វែងរកលទ្ធភាពក្នុងការកែលំអប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។

នៅក្នុងជំនួបនោះអ្នកស្រីបានបង្ហាញពីក្តីបារម្ភនៃវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលធ្វើឡើងកាលពីពេលថ្មីៗនេះ។ អ្នកស្រីបន្តថា ការកែប្រែរដ្ឋធម្មនុញ្ញ ឬក៏ច្បាប់ផ្សេងៗទៀតនោះ គួរតែមានការវិភាគយ៉ាងប្រយុងប្រយ័ត្ន និងមានការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ។ ជាងនេះទៅទៀតអ្នកស្រី រ៉ូណា ស្មីត បានសម្តែងក្តីបារម្ភជាខ្លាំងអំពីវិបត្តិស្ថានការណ៍នយោបាយនៅកម្ពុជា ខណៈការបោះឆ្នោតជាតិដ៏ធំមួយ កំពុងខិតជិតចូលមកដល់។

ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ច ប្រជុំបិទទ្វារអស់ជាច្រើនម៉ោងនៅក្រសួងយុត្តិធម៌ថា ជំនួបលើកនេះមានភាពវិជ្ជមានច្រើន និងបានពិនិត្យមើលឡើងវិញនៅអ្វីដែលបានព្រមព្រៀងកាលពីកិចុ្ចប្រជុំលើកទី៤ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៧ ក្នុងនោះមានដូចជាការរៀបចំច្បាប់ស្ដីពីការពពោះជំនួស ជំនួយផ្នែកច្បាប់ ការអនុវត្តយុត្តិធម៌ និងបញ្ហាច្បាប់។

ដំណើរទសស្សកិច្ចរយៈពេល១០ថ្ងៃដែលបានចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៨ របស់អ្នកស្រី រ៉ូណា ស្មីត លើកនេះ អ្នកស្រីក៏បានស្នើទៅក្រសួងមហាផ្ទៃដើម្បីសុំចូលជួបនឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារត្រពាំងផ្លុងផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស