34 C
Phnom Penh

លោកហ៊ុន សែនប្រកាសមិនចរចាជាមួយមេដឹកនាំបក្សប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែន បានប្រកាសជាថ្មីទៀតថាលោកនឹងមិនចរចាជាដាច់ខាតជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនោះទេ ដោយសារលោកចង់នៅបន្តកាន់អំណាច១០ឆ្នាំទៅមុខទៀត។

ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងនៅក្នុងវត្តឈូកវ៉ាសង្កាត់គោករកា ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ។

លោកហ៊ុន សែន ចាត់ទុកក្រុមមេដឹកនាំបក្សប្រឆាំងថាមានសតិមិននឹងនរ ដែលចង់មកចរចា ជាមួយលោកដើម្បីរកដំណោះស្រាយនយោបាយ។

អតីតកម្មាភិបាលខ្មែរក្រហមរូបនេះបានចាត់ទុកសកម្មភាពរបស់ក្រុមមន្រ្តីគណបក្សសង្គ្រោះជាតិថាតែងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើរូបដូចជាការទាមទារឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធមកលើរដ្ឋាភិបាលរបស់លោកនិង អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងកាំភ្លើងប្រឆាំងជាមួយលោកជាដើម។

ប្រតិកម្មរបស់លោកហ៊ុន សែន ធ្វើឡើងក្រោយពីអតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ីកាលពីថ្ងៃអាទិត្យបានប្រកាសជំហរចង់ចរចារកដំណោះស្រាយលើវិបត្តិនយោបាយនៅកម្ពុជាដែលមានការចូលរួមពីសហគមន៍អន្តរជាតិដើម្បីចៀសវាងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយលោក ហ៊ុន សែនបានបដិសេធថា ការចរចាតាមគំរូកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺមិនអាចទៅរួចជាដាច់ខាត។

ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកឃ្លាំមើលនិយាយថា លោក ហ៊ុន សែន នៅមានពេលដែលអាចធ្វើឲ្យស្ថានការនយោបាយវិលមករកភាពប្រក្រតីវិញ ហើយថាប្រសិនបើសហគមន៍អឺរ៉ុបសំរេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាហើយពេលនោះ កម្ពុជានឹងលំបាកក្នុងការទាមទារឲ្យមានការលើកលែងទណ្ឌកម្មនេះ វិញណាស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស