28 C
Phnom Penh

ពលរដ្ឋ​ជាង​៨០០​នាក់​រួមគ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​ចំនួន​៧​និង​ក្រុម​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​រួម​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ​ក្នុង​ខេត្ត​កំពង់ស្ពឺ។​ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៧០​ក្នុង​ឆ្នាំ​នេះ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​រួមគ្នា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​

ក្រុម​ប្រជាពល​រដ្ឋ​និយាយ​ថា​ ជម្លោះ​ដីធ្លី​ដែល​ពួកគេ​ជួប​ប្រទះ​កន្លង​មក​គឺ​ដោយ​សារ​ការ​រំលោភ​​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​អ្នកមាន​លុយ ​និង​មាន​អំណាច ​ដែល​នាំឲ្យ​ពួក​គេ​រស់​នៅ​ទាំង​លំបាក​វេទនា​បាត់​បង់ផ្ទះ​សម្បែង​ និង​ធ្លាក់​ខ្លួន​ក្រីក្រ​តោក​យ៉ាក។​ ពួក​គេ​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព ​និង​យុត្តិ​ធម៌​ដែល​អាច​ទទួល​យក​បាន។​

ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ ​ដោយ​គ្មាន​ការ​រារាំង​ពី​សមត្ថ​កិច្ច​នៅ​ឆ្នាំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​កាលពី​ដើម​ខែ​ធ្នូ​នេះ ​បាន​អនុញ្ញាត​ឲ្យ​អង្គ​ការ​សង្គម​ស៊ីវិល​អាច​រៀបចំ​ការ​ជួប​ជុំ​ជាមួយ​ពលរដ្ឋ​ដោយ​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាមុន​នោះ​ឡើយ។​

លោក​​ថេង សាវឿន ​អគ្គ​លេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ដែល​ជា​អ្នក​រៀបចំ​កម្ម​វិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​នេះ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ​បើទោះ​សមត្ថ​កិច្ច​មូលដ្ឋាន​មិន​រារាំង​ការ​ជួប​ជុំ​ដើម្បី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ​នេះ​ក៏​ពិត​មែន​ប៉ុន្តែ​ សមត្ថ​កិច្ច​នៅតែ​តាម​ឃ្លាំ​មើល​ និង​តាម​ថត​គ្រប់​សកម្ម​ភាព​របស់​ក្រុម​លោក​ដដែល៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស