សហគមន៍ជនជាតិដើមភាគតិច និងអង្គការសង្គមស៊ីវិលមួយចំនួននៅក្នុងខេត្តព្រះវិហារអះអាងថា អាជ្ញាធរខេត្តនេះបានរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគេដែលបានស្នើសុំប្រាព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូលើកទី៧០។
ពួកគេនិយាយថា អភិបាលខេត្តព្រះវិហារលោក អ៊ុន ចាន់ដា បានដាក់លក្ខខណ្ឌចំនួន៦ចំណុចដល់ពួកគេឲ្យអនុវត្តមុននឹងអនុញ្ញាតឲ្យ ពួកគេប្រារព្ធទិវាសិទ្ធិមនុស្សនេះ។
លក្ខខណ្ឌទាំង៦ចំណុចនោះរួមមានត្រូវរៀបចំកម្មវិធីប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ មិនត្រូវហែរក្បូន និងស្រែកឃោសនាតាមផ្លូវ មិនត្រូវធ្វើកម្មវិធីពិភាក្សាសំណួរ និងចម្លើយ និងត្រូវលុបពាក្យស្លោកដែលសរសេរថា សិទ្ធិយើង ដីយើង ស្បៀងយើង និង សហគមន៍មូលដ្ឋានជនជាតិដើមភាគតិចជាម្ចាស់លើដីធ្លី។
ក្រុមប្រជាពលរដ្ឋនិយាយថា លក្ខខណ្ឌដ៏ស្មុគស្មាញទាំងនេះនឹងបំផ្លាញដល់លំហសេរីភាពក្នុងការបញ្ចេញមតិ និងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលបានជំរុញឲ្យអាជ្ញាធរទាំងអស់ត្រូវបើកសិទ្ធិឲ្យក្រុមសហគមន៍ សមាគម និងអង្គការក្រៅរដ្ឋាភិបាលមានសិទ្ធិធ្វើសកម្មរបស់ខ្លួនដោយមិនចាំបាច់សុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាននោះ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមសង្គមស៊ីវិលក្នុងខេត្តព្រះវិហារអះអាងថា ពួកគេនៅតែបន្តការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូនេះដដែលបើទោះបីអាជ្ញាធរបានដាក់លក្ខខណ្ឌតឹងរ៉ឹងយ៉ាងណាក៏ដោយ៕